ខ្មែរប៉ុស្ដិ៍ Close

ការផ្លាស់ប្តូររបស់កម្ពុជាបានបង្កនូវការភ្ញាក់ផ្អើលជុំវិញគម្រោងហេដ្ឋារចនាសម្ព័ន្ធ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 105
ការផ្លាស់ប្តូររបស់កម្ពុជាបានបង្កនូវការភ្ញាក់ផ្អើលជុំវិញគម្រោងហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូររបស់កម្ពុជាបានបង្កនូវការភ្ញាក់ផ្អើលជុំវិញគម្រោងហេដ្ឋារចនាសម្ព័ន្ធ

កម្ពុជាបានផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងឆាប់រហ័ស ចាប់តាំងពីការបញ្ចប់សង្គ្រាមស៊ីវិលកាលពី ២៥ ឆ្នាំមុន ក៏ប៉ុន្តែគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗដែលបានប្រកាសនៅពេលថ្មីៗនេះ និងដែលត្រូវសាងសង់ដោយប្រើប្រាស់ប្រាក់របស់ចិនបានបង្កើនហានិភ័យ និងការភ្ញាក់ផ្អើលកាន់តែខ្លាំង។

គម្រោងដែលមានតម្លៃដ៏អស្ចារ្យគឺគម្រោងអភិវឌ្ឍន៍អចលនទ្រព្យតម្លៃ ១៦ ពាន់លានដុល្លារនៅរាម ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុន Canopy Sands Development ដែលជាសមាជិកនៃក្រុមហ៊ុន Prince Holding Group ដែលដឹកនាំដោយអ្នកអភិវឌ្ឍចិន Chen Zhi។ គម្រោងនេះត្រូវគេរំពឹងថានឹងបញ្ចប់នៅត្រឹមឆ្នាំ ២០២៨។

កម្ពុជាក៏មានគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៤ ពាន់លានដុល្លារផងដែរ ដែលមានគោលបំណងធ្វើទំនើបកម្មផ្លូវប្រវែង ៣៨២ គ.ម.ដែលនឹងតភ្ជាប់រវាងទីក្រុងភ្នំពេញនិងប៉ោយប៉ែត។ ការតភ្ជាប់ផ្លូវដែកល្បឿនលឿនក៏ត្រូវបានគ្រោងទុកផងដែរ ពីភ្នំពេញទៅកាន់បាវិត និងពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ។

ផ្លូវល្បឿនលឿនតម្លៃ ១,៤ ពាន់លានដុល្លារនឹងត្រូវសាងសង់ដោយក្រុមហ៊ុន China Road and Bridge Construction (CBRC) ពីទីក្រុងភ្នំពេញទៅកាន់បាវិត បន្ទាប់ពីក្រុមហ៊ុននេះបានបញ្ចប់ដោយជោគជ័យនូវផ្លូវល្បឿនលឿនតម្លៃ ២ ពាន់លានដុល្លារ ដែលមានប្រវែង ១៩០ គ.ម. និងដែលតភ្ជាប់ទីក្រុងភ្នំពេញទៅកាន់ខេត្តព្រះសីហនុដែលបានបើកដំណើរការកាលពីចុងឆ្នាំមុន។

អាកាសយានដ្ឋានថ្មីតម្លៃ ១,៥ ពាន់លានដុល្លារនៅទីក្រុងភ្នំពេញដែលផ្តល់មូលនិធិទាំងស្រុងដោយកម្ពុជាខ្លួនឯង ត្រូវបានគេរំពឹងថា នឹងបើកដំណើរការនៅឆ្នាំ ២០២៥។ អាកាសយានដ្ឋាន ដែលមានតម្លៃ ៨៨០ លានដុល្លារក៏គ្រោងនឹងបើកដំណើការនៅខេត្តសៀមរាបក្នុងខែតុលាឆ្នាំនេះផងដែរ ហើយអាកាសយានដ្ឋានអន្តរជាតិតម្លៃ ៣០០ លានដុល្លារមួយផ្សេងទៀតនឹងត្រូវសាងសង់នៅលើកោះរ៉ុង។

បន្ទាប់មកក៏មាន «ផែនការសកម្មភាព» ដែលត្រូវបានរៀបចំឡើងដើម្បីដោះស្រាយអគារដែលមិនទាន់បានសាងសង់រួចរាល់ជាង ១ ១០០ អគារនៅក្នុងក្រុងព្រះសីហនុដែលត្រូវបានទុកចោលអស់រយៈពេល ៣ ឆ្នាំ ដោយក្នុងនោះ ប្រព័ន្ធផ្សព្វផ្សាយគាំទ្ររដ្ឋាភិបាលមួយបានលើកឡើងថា «វាគឺជារឿងដ៏គួរឱ្យកត់សម្គាល់ពាក់ព័ន្ធនឹងការវិនិយោគដ៏បរាជ័យដែលភាគច្រើនជារបស់ជនជាតិចិន»។

គម្រោងទាំងនេះ មានទំហំធំសម្បើម និងច្រើន ហើយវាក៏បានបង្កឱ្យមានមន្ទិលសង្ស័យផងដែរ។ GDP របស់កម្ពុជាមានចំនួនប្រហែល ២៧ ពាន់លានដុល្លារ ខណៈដែលកម្រិតបំណុលដែលបានចុះក្នុងបញ្ជីមានចំនួនប្រហែល ១០ ពាន់លានដុល្លារ ដោយក្នុងនោះប្រទេសចិនមានចំណែកប្រហែល ៤៣%។

ការរំពឹងទុកខ្ពស់ចំពោះការវិលត្រឡប់មកវិញរបស់ជនជាតិចិន ជាមួយនឹងការមិនតម្រូវឱ្យធ្វើតេស្តរកវីរុសកូវីដ-១៩ បានចាប់ផ្តើមកើតមាននៅដើមខែមករា ដោយក្នុងនោះ ភ្ញៀវទេសចរចិនចំនួន ២ លាននាក់ត្រូវបានគេរំពឹងថានឹងមកដល់កម្ពុជានៅក្នុងពេលឆាប់ៗនេះ។ គេក៏មានការរំពឹងទុកផងដែរថា «មនុស្សជាច្រើននឹងត្រូវបានអនុញ្ញាតឱ្យធ្វើចំណាកស្រុក និងមកធ្វើការនៅកម្ពុជា»។

សេចក្តីថ្លែងការណ៍របស់ក្រសួងទេសចរណ៍បានកត់សម្គាល់ថា «កម្ពុជាទទួលបានភ្ញៀវទេសចរចិនចំនួន ២,៣៦ លាននាក់ក្នុងឆ្នាំ ២០១៩ ដែលបានរួមចំណែកបង្កើតប្រាក់ចំណូលបានប្រមាណ ១,៨ ពាន់លានដុល្លារ» ខណៈដែលការវិនិយោគរបស់ចិននៅក្នុងវិស័យមួយចំនួនដែលមានជាប់ទាក់ទងនឹងទេសចរណ៍ មានចំណែកជាង ៥០% នៃការវិនិយោគផ្ទាល់ពីបរទេសសរុប។

វាគឺជាអាជីវកម្មដែលបាននាំមកនូវប្រាក់ចំណេញដ៏ច្រើន ក៏ប៉ុន្តែបណ្តាប្រទេសដែលបានខ្ចីប្រាក់យ៉ាងច្រើន បច្ចុប្បន្នកំពុងជួបប្រទះនឹងការលំបាកដូចជាឡាវជាដើម។ នៅឆ្នាំ ២០១២ ទីក្រុងវៀងចន្ទន៍បានចាប់ផ្តើមចំណាយប្រាក់យ៉ាងខ្ជះខ្ជាយ។

គម្រោងដែលមានតម្លៃរាប់ពាន់លានដុល្លារដែលមានចំនួនច្រើនជាង GDP របស់ប្រទេសត្រូវបានប្រកាស ហើយបើទោះបីជាមានការព្រមានជាច្រើនក៏ដោយ ក៏ឥឡូវនេះប្រទេសឡាវបានក្លាយជាប្រទេសដែលក្ស័យធន ដោយសារការពឹងផ្អែកលើចិន។ រូបិយបណ្ណរបស់ឡាវគឺប្រាក់គីប បានដួលរលំ ហើយអតិផរណាគឺមានចំនួនជិត ៤០% នៅចំពេលកំពុងកើតមានកង្វះខាតប្រេងឥន្ធនៈដ៏រ៉ាំរ៉ៃ។

វាគឺជាជោគវាសនាដែលមិនខុសគ្នាពីប្រទេសស្រីលង្កានោះទេ។ គេនឹងបន្តរង់ចាំមើលថា «តើទីក្រុងភ្នំពេញអាចដោះស្រាយបញ្ហាប្រឈមបានដែរឬទេ»។ គម្រោងភាគច្រើននឹងត្រូវបានសាងសង់ឡើងដោយវិនិយោគិនចិន ឬដោយមូលនិធិរបស់ចិនដែលមានលក្ខណៈស៊ីគ្នាខ្លាំងទៅនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិនដែលកំពុងលេចត្រដែតឡើងជាថ្មីនៅក្នុងពិភពលោកក្រោយការរាតត្បាតនៃវីរុស។

ទោះជាយ៉ាងណាក៏ដោយ អ្នកការទូតបានត្អូញត្អែរអស់រយៈពេលជាយូរមកហើយអំពីភាពមិនច្បាស់លាស់នៃគម្រោងរបស់ចិន ក៏ដូចជាការផ្តល់ហិរញ្ញប្បទានរបស់ពួកគេ។ នៅក្នុងមហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឡើងកាលពីចុងសប្តាហ៍មុន គណបក្សនេះបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ ២០៣០។

វាគឺជាគោលដៅប្រកបដោយមហិច្ឆតា។ ប្រទេសចិនមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី២ នៅក្នុងពិភពលោក ក៏ប៉ុន្តែបើយោងទៅតាម IMF «ប្រទេសចិនបានជាប់ចំណាត់ថ្នាក់លេខ ៧៧ ក្នុងចំណោមប្រទេស ១៩៤ នៅពេលនិយាយដល់ GDP សម្រាប់មនុស្សម្នាក់ៗ»។

ឡាវ​ដែល​ទទួលបាន​ការ​កើនឡើង​យ៉ាងគំហុក​នៃ​ GDP ដោយ​សារ​បំណុល​ដ៏លើសលុប ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ ១២៤ ខណៈដែលកម្ពុជាស្ថិតនៅលេខរៀងទី ១៤៨។ ឡាវ​​កំពុង​ជាប់​ជំពាក់​បំណុល​គេ, ប្រជាជន​របស់​ខ្លួន​កំពុងស្រេក​ឃ្លាន ហើយ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ក៏​កំពុងធ្លាក់​ចុះ។ យើងសង្ឃឹមថា​ «កម្ពុជា​មិន​ធ្លាក់ចូលក្នុងគន្លងដូចគ្នានេះទេ»៕

The Diplomat