ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តពោធិ៍សាត់៖ អាជ្ញាធរមូលដ្ឋានមានការព្រួយបារម្ភអំពីសកម្មភាពរបស់យុវជនដែលរើបន្លាលួសអាចបង្កើនកម្តៅនៃជម្លោះ

ដោយ៖Sreyleak | ថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ព័ត៌មានទូទៅ 178
រដ្ឋបាលខេត្តពោធិ៍សាត់៖ អាជ្ញាធរមូលដ្ឋានមានការព្រួយបារម្ភអំពីសកម្មភាពរបស់យុវជនដែលរើបន្លាលួសអាចបង្កើនកម្តៅនៃជម្លោះ រដ្ឋបាលខេត្តពោធិ៍សាត់៖ អាជ្ញាធរមូលដ្ឋានមានការព្រួយបារម្ភអំពីសកម្មភាពរបស់យុវជនដែលរើបន្លាលួសអាចបង្កើនកម្តៅនៃជម្លោះ

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីបំភ្លឺពាក់ព័ន្ធគណនីហ្វេសប៊ុកផេកឈ្មោះ CCZ បានចុះផ្សាយលើគណនីហ្វេសប៊ុកផេករបស់ខ្លួនថា «ស្នេហាជាតិជាកំហុសឬ? យុវជនតំបន់ថ្មដាដកបន្លាលួសការពារដីខ្មែរតែបែរជាត្រូវម ន្ត្រីហៅអប់រំ…»។

រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ប៉ុន្មានថ្ងៃមុននេះ នៅទីតាំងផ្លូវបំបែកទៅខេត្តកោះកុងស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ពិតជាមានភាគីថៃបានរាយបន្លាលួសប្រាកដមែន។ ដោយប្រកាន់ភ្ជាប់នូវគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី សមត្ថកិច្ចរបស់ភាគីកម្ពុជា បានធ្វើការជួបពិភាក្សាជាមួយសមត្ថកិច្ចរបស់ភាគីថៃកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីរកដំណោះស្រាយហើយជាលទ្ធផលសមត្ថកិច្ចរបស់ភាគីថៃយល់ព្រម នឹងរុះរើបន្លាលួសនោះចេញវិញនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។ ស្របពេលដែលសមត្ថកិច្ចរបស់ភាគីថៃរៀបចំចាត់ចែងក្នុងការរុះរើស្របតាមស្មារតី នៃការពិភាក្សា ខាងលើ ក៏មានពួកយុវជនមកធ្វើការរុះរើដែលមានចរិតជាការសម្តែងយករូបភាពផ្សព្វផ្សាយមួយភ្លែត ក្នុងគោលដៅណាមួយតែប៉ុណ្ណោះ។

រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់បន្ថែមថា ក្នុងស្មារតីប្រកាន់ភ្ជាប់នូវគោលការណ៍ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី អាជ្ញាធរមូលដ្ឋានកម្ពុជាយើង មានការព្រួយបារម្ភនូវសកម្មភាពដែលឆ្គាំឆ្គងរបស់យុវជនទាំងនោះ ដោយហេតុថាកិច្ចការងារនេះ នៅតែដំណើរការអនុវត្តជាក់ស្តែងតែប៉ុណ្ណោះ ព្រោះសមត្ថកិច្ចរបស់ភាគីកម្ពុជាយើងបានជួបធ្វើការងារ ជាមួយសមត្ថកិច្ចរបស់ភាគីថៃរួចរាល់ហើយ។

ទោះជាយ៉ាងណាអាជ្ញាធរមូលដ្ឋាន នៅតែមានការកោតសរសើរចំពោះសកម្មភាពស្នេហាជាតិ មាតុភូមិ របស់ប្រជាពលរដ្ឋកម្ពុជាយើង ប៉ុន្តែពុំត្រូវបញ្ចេញសកម្មភាពក្នុងកាយវិការណាមួយដែលតាំងខ្លួនជាតួឯក ហើយអាចក្លាយជាកម្លាំងចលករក្នុងការបង្កើនកម្ដៅនៃជម្លោះព្រំដែននោះទេ ហើយរដ្ឋបាលខេត្តពោធិ៍សាត់ពិតជាមានការសោកស្តាយចំពោះសកម្មភាពរបស់ប្អូនៗយុវជន ដែលចង់បង្ហាញពីទឹកចិត្តស្នេហាជាតិហួសហេតុ និងខុសពេលវេលា៕