ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល

ដោយ៖ Sreyleak ​​ | ថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 252
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល

 

(ភ្នំពេញ)៖ ព្រឹកថ្ងៃច័ន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធនៃទីស្តីការគណៈរដ្ឋមន្រ្តី។
សេចក្តីព្រាងច្បាប់ស្តីពីជលផលនេះ ត្រូវបានរៀបចំឡើងឱ្យស្របតាមសភាពការណ៍វិវត្តន៍ឈានឡើងនៃសង្គម-សេដ្ឋកិច្ចកម្ពុជាពិសេសការគ្រប់គ្រង និងអភិវឌ្ឍវិស័យជលផល។ សេចក្តីព្រាងច្បាប់នេះ នឹងរួមចំណែកផ្តល់នូវសារៈប្រយោជន៍ដូចជា៖ ១.គ្រប់គ្រង ការពារ អភិរក្ស និងអភិវឌ្ឍធនធានជលផល ឱ្យមាននិរន្តភាព ២.ការពារផលប្រយោជន៍ប្រជានេសាទ សហគមន៍នេសាទ វារីវប្បករ និងអាជីវករដែលធ្វើអាជីវកម្មផលផលិតផលតជលផល ៣.គាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្រ្តវិស័យជលផល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និង ៤.បំពេញបាននូវលក្ខខណ្ឌតម្រូវនិងស្តង់ដារឱ្យមានសង្គិតភាពទៅនឹងបទដ្ឋានគតិយុត្តអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងបរិបទថ្មី ក្នុងការធ្វើសកលភាវូបនីយកម្ម និងសមាហរណកម្មទៅក្នុងតំបន់និងអន្តរជាតិ។
សេចក្តីព្រាងច្បាប់នេះ កំណត់អំពីការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផលប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព សំដៅលើកកម្ពស់សន្តិសុខស្បៀងនិងសេដ្ឋកិច្ចជាតិ ព្រមទាំងធានាដល់ការការពារសិទ្ធិនិងផលប្រយោជន៍របស់ប្រជានេសាទ សហគមន៍នេសាទ វារីវប្បករ និងអាជីវករដែលធ្វើអាជីវកម្មផល ផលិតផលជលផល។
អង្គប្រជុំបានធ្វើការពិភាក្សា និងពិនិត្យឡើងវិញនូវរបាយការណ៍ផលប៉ះពាល់គតិយុត្ត (Regulatory Impact Assessment) នៃសេចក្តីព្រាងច្បាប់នេះ មកលើសង្គម និងសេដ្ឋកិច្ចកម្ពុជា និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនប្រជានេសាទ។ អង្គប្រជុំក៏បានពិភាក្សាផងដែរ អំពីការផ្ទេរ និងបែងចែកមុខងារនិងការទទួលខុសត្រូវ ពាក់ព័ន្ធការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍជលផលទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទន្ទឹមនេះ អង្គប្រជុំក៏បានពិភាក្សាផងដែរពាក់ព័ន្ធនឹងការជំរុញការធ្វើវារីវប្បកម្ម ពិសេសសម្រាប់ការនាំចេញ និងការកំណត់ប្រភេទឧបករណ៍នេសាទ ដោយម្ខាងដើម្បីកុំឱ្យមានការប៉ះពាល់ដល់ការនេសាទជាប្រពៃណីរបស់ប្រជានេសាទផង និងម្ខាងទៀតដើម្បីការពារនិងអភិរក្សធនធានជលផលឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពផងដែរ។ ក្រៅពីនេះ អង្គប្រជុំក៏បានពិភាក្សាអំពីវិធានពាក់ព័ន្ធនឹងការនាំចូលផល ផលិតផលជលផលជាលក្ខណៈពាណិជ្ជកម្ម។
អង្គប្រជុំបានធ្វើការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់នេះដែលមាន ១៥ ជំពូក និង ១០៥មាត្រា ព្រមទាំងឧបសម្ព័ន្ធចំនួន ២ យ៉ាងផុលផុស ដើម្បីត្រៀមដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាពេលខាងមុខ។  

អត្ថបទទាក់ទង