ខ្មែរប៉ុស្ដិ៍ Close

តើប្រទេសចំនួន ៨ ណាខ្លះកំពុងប្រើប្រាក់យ័នចិនច្រើនជាងគេ ហើយតើរឿងនេះនឹងមានន័យយ៉ាងដូចម្តេចសម្រាប់ប្រាក់ដុល្លារអាមេរិក?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 44
តើប្រទេសចំនួន ៨ ណាខ្លះកំពុងប្រើប្រាក់យ័នចិនច្រើនជាងគេ ហើយតើរឿងនេះនឹងមានន័យយ៉ាងដូចម្តេចសម្រាប់ប្រាក់ដុល្លារអាមេរិក? តើប្រទេសចំនួន ៨ ណាខ្លះកំពុងប្រើប្រាក់យ័នចិនច្រើនជាងគេ ហើយតើរឿងនេះនឹងមានន័យយ៉ាងដូចម្តេចសម្រាប់ប្រាក់ដុល្លារអាមេរិក?

ចិនបានបន្តផ្ញើសារយ៉ាងច្បាស់ (ដូចដែលខ្លួនបានធ្វើអស់រយៈពេលជាច្រើនឆ្នាំមកហើយ) ថា «ការបង្កើនការប្រើប្រាស់រូបិយបណ្ណរបស់ខ្លួននៅបរទេស (ប្រាក់យ័ន) គឺជាចំណុចអាទិភាព ជាពិសេសនៅចំពោះមុខអនុត្តរភាពនៃប្រាក់ដុល្លារអាមេរិក»។ ការជំរុញនេះគឺមានជាប់ពាក់ព័ន្ធនឹងចេតនាក្នុងការបង្កើនភាពទាក់ទាញរបស់ប្រាក់យ័នក្នុងនាមជាជម្រើសនៅក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ និងជារូបិយបណ្ណបម្រុង។

ជាលទ្ធផល ចិនបានទទួលនូវការកើនឡើងនៃចំណែករូបិយបណ្ណរបស់ខ្លួននៅក្នុងការធ្វើពាណិជ្ជកម្ម, ការទូទាត់ជាអន្តរជាតិ ប្រតិបត្តិការប្តូរប្រាក់បរទេស និងជាទុនបម្រុងរបស់ធនាគារកណ្តាល។ ទោះជាយ៉ាងណាក៏ ដោយ ការបោះជំហានទាំងនេះនៅតែមានកម្រិតតិចតួច បើប្រៀបធៀបទៅនឹងវត្តមាននៅគ្រប់ទិសទីរបស់ប្រាក់ដុល្លារអាមេរិកដែលត្រូវបានប្រើនៅក្នុងរង្វង់ប្រមាណ ៩០% នៃប្រតិបត្តិការផ្ដោះប្តូរប្រាក់បរទេសនៅជុំវិញពិភពលោក (យោងតាមធនាគារសម្រាប់ការទូទាត់អន្តរជាតិ – Bank for International Settlements)។

ប៉ុន្តែប្រទេសកាន់តែច្រើនបាននិងកំពុងងាកចេញពីបណ្ណរតនាគារអាមេរិក, បង្កើនទុនបម្រុងជាមាស និងទូទាត់ពាណិជ្ជកម្មទ្វេភាគីជារូបិយបណ្ណក្នុងស្រុក។ នៅខែមីនា ប្រាក់យ័នចិនបានក្លាយជារូបិយបណ្ណដែលត្រូវគេប្រើប្រាស់យ៉ាងទូលំទូលាយបំផុតសម្រាប់ប្រតិបត្តិការឆ្លងព្រំដែន ដោយបានវ៉ាដាច់ប្រាក់ដុល្លារអាមេរិកជាលើកដំបូង។ ទិន្នន័យផ្លូវការបានឆ្លុះបញ្ចាំងនូវផ្លែផ្កានៃការខិតខំប្រឹងប្រែងរបស់ចិន ក៏ប៉ុន្តែតើប្រទេសណាដែលកំពុងនាំមុខគេនៅក្នុងការប្រើប្រាស់ប្រាក់យ័នដើម្បីទូទាត់លើការបញ្ជាទិញប្រេង, ឧស្ម័ន និងសូម្បីតែ ទាក់ទងនឹងរោងចក្រនុយក្លេអ៊ែរ?

១. ប្រទេសរុស្ស៊ី

សេដ្ឋកិច្ចរុស្ស៊ីបានរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារទណ្ឌកម្មរបស់លោកខាងលិច ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានចូលអ៊ុយក្រែន។ បញ្ហានេះបានបង្ខំឱ្យរុស្ស៊ីទទួលយកការប្រើប្រាស់ប្រាក់យ័នកាន់តែទូលំទូលាយ នៅពេលទណ្ឌកម្មដែលដឹកនាំដោយអាមេរិកបានរឹតត្បិតលើលទ្ធភាពប្រើប្រាស់ប្រាក់ដុល្លារអាមេរិក។

កាលពីឆ្នាំមុន រុស្ស៊ីបានប្រើប្រាស់ប្រាក់យ័នយ៉ាងគួរឱ្យកត់សម្គាល់នៅក្រោយរលកនៃទណ្ឌកម្មហិរញ្ញវត្ថុ ដែលនៅពេលនោះប្រាក់បម្រុងជារូបិយបណ្ណបរទេសជិតពាក់កណ្តាលរបស់រុស្ស៊ី ត្រូវបានបង្កកហើយបណ្តាធនាគារធំៗរបស់រុស្ស៊ីក៏ត្រូវបានគេដកចេញពីប្រព័ន្ធទូទាត់អន្តរជាតិ SWIFT។

លោក Rory Green ដែលជាប្រធានសេដ្ឋវិទូនៅក្រុមហ៊ុនស្រាវជ្រាវ «TS Lombard» ដែលមានមូលដ្ឋាននៅទីក្រុង London បានព្យាករថា «ការប្រើប្រាស់ប្រាក់យ័ននៅរុស្ស៊ីបានកើនឡើងពី ០,២៦% នៅឆ្នាំ ២០២០ ដល់ចំនួន ២,៥៧% នៅត្រឹមខែមករានេះ ដែលបានធ្វើឱ្យរុស្ស៊ីក្លាយជាមជ្ឈមណ្ឌលជួញដូររូបិយបណ្ណបរទេសធំជាងគេបំផុតលំដាប់ទី៥ បន្ទាប់ពីទីក្រុងហុងកុង, ចក្រភពអង់គ្លេស, សិង្ហបុរីនិងអាមេរិក»។

ក្រុមហ៊ុនឧស្ម័នរដ្ឋរុស្ស៊ី «Gazprom» បាននិយាយនៅខែកញ្ញាថា «ខ្លួនបានចុះកិច្ចព្រមព្រៀងជាមួយសាជីវកម្មប្រេងជាតិចិន (China National Petroleum Corporation) ដើម្បីទូទាត់ការផ្គត់ផ្គង់ឧស្ម័នរុស្ស៊ីទៅឱ្យចិនជាប្រាក់ Roubles និងជាប្រាក់យ័នចិន»។ ក្រុមហ៊ុនរុស្ស៊ីដទៃៗទៀត បូករួមទាំងក្រុមហ៊ុនផលិតមាសធំជាងគេគឺ «Polyus» ក៏បានចាប់ផ្តើមខ្ចីប្រាក់ជាប្រាក់យ័ននៅក្នុងទីផ្សារសញ្ញាបណ្ណ (Bond Market) ផងដែរ។

នៅខែតុលា ប្រាក់យ័នបានវ៉ាដាច់ប្រាក់ដុល្លារអាមេរិកជាលើកដំបូងក្នុងការក្លាយជារូបិយបណ្ណបរទេសដែលត្រូវបានជួញដូរច្រើនជាងគេនៅលើផ្សារភាគហ៊ុនរុស្ស៊ី។ នៅខែមេសា ការនាំចេញទំនិញរបស់ចិនទៅកាន់រុស្ស៊ីបានកើនឡើងចំនួន ១៥៣,០៩% ខណៈដែលការនាំចូលបានកើនឡើងចំនួន ៨,០៦%។ រុស្ស៊ីអាចនឹងចាប់ផ្តើមទិញរូបិយបណ្ណបរទេសបូករួមទាំងប្រាក់យ័នចិន ដើម្បីបំពេញទុនបម្រុងបរទេសរបស់ខ្លួននៅខែនេះ ដែលវាអាចនឹងក្លាយជាលើកទី ១ ហើយ ដែលរុស្ស៊ីធ្វើបែបនេះ បើគិតចាប់តាំងពីការឈ្លានពានអ៊ុយក្រែននៅខែកុម្ភៈ ឆ្នាំ ២០២២។

២. ប្រទេសអារ៉ាប៊ីសាអូឌីត

របាយការណ៍នានានៅខែមីនាបានបង្ហាញថា «អារ៉ាប៊ីសាអូឌីតកំពុងពិចារណាអំពីការប្រើប្រាក់យ័នជំនួសឱ្យប្រាក់ដុល្លារសម្រាប់ការលក់ប្រេង»។ រឿងនេះបានកើតឡើងនៅក្រោយប្រធានាធិបតី Xi Jinping បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតនៅខែធ្នូថា «វាគួរតែមានយន្តការថ្មីសម្រាប់កិច្ចសហប្រតិបត្តិការថាមពល» ហើយលោកក៏បានអំពាវនាវឱ្យបង្កើនតួនាទីប្រាក់យ័នឱ្យក្លាយជារូបិយបណ្ណមួយសម្រាប់ការជួញដូរប្រេងនិងឧស្ម័ន។

៣. ប្រទេសអាហ្សង់ទីន

ប្រទេសនេះបាននិយាយនៅចុងខែមេសាថា «ខ្លួននឹងចាប់ផ្តើមទូទាត់លើទំនិញនាំចូលរបស់ចិនជាប្រាក់យ័នជាជាងប្រាក់ដុល្លារអាមេរិក»។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច Sergio Massa បានអះអាងថា «អាហ្សង់ទីន នៅក្រោយជំនួបជាមួយអគ្គរដ្ឋទូតចិន Zou Ziaoli និងបណ្តាក្រុមហ៊ុនមកពីវិស័យផ្សេងៗ បានផ្តល់ការអនុម័តលើការផ្តោះប្តូរបែបនេះជាមួយចិន»។

លោកបានបន្ថែមទៀតថា «ប្រទេសអាហ្សង់ទីនកំពុងប្រើប្រាស់ប្រាក់យ័នដើម្បីទូទាត់ការនាំចូលទំនិញចិន ក្នុងរង្វង់ទឹកប្រាក់ ១,០៤ ពាន់លានដុល្លារនៅខែមេសា និងកំពុងកំណត់គោលដៅលើមុខទំនិញនាំចូលដែលមានទំហំប្រមាណ ៧៩០ លានដុល្លារក្នុងមួយខែ ដោយគិតចាប់ពីខែឧសភាតទៅ»។ បណ្តាសេដ្ឋវិទូនៅក្រុមហ៊ុន Natixis បាននិយាយនៅចុងខែមេសាថា «ការសម្រេចងាកទៅរកប្រាក់យ័នដែលជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី៣ នៅអាមេរិកឡាទីននេះ ច្បាស់ណាស់នឹងបង្កើតជាកម្លាំងរុញច្រានយ៉ាងខ្លាំងដល់ការធ្វើអន្តរជាតូបនីយកម្មនៃប្រាក់យ័ន»។

សកម្មភាពនេះអាចត្រូវបានជំរុញដោយការផ្លាស់ប្តូរនៅក្នុងតារាងតុល្យការរបស់ធនាគារកណ្តាលអាហ្សង់ទីន ដែលប្រាក់ដុល្លារមានការផ្គត់ផ្គង់តិចតួចជាងមុន ខណៈការ ប្រើប្រាស់ប្រាក់យ័នមានភាពទូលំទូលាយជាងមុន។ នៅខែមករា, ធនាគារប្រជាជនចិនបានពង្រីកកិច្ចព្រមព្រៀងដោះដូររូបិយបណ្ណរបស់ខ្លួនជាមួយប្រទេសអាហ្សង់ទីនពីចំនួន ៣៥ ពាន់លានយ័ន (៥ ពាន់លានដុល្លារ) ដល់ចំនួន ១៦៥ ពាន់លានយ័ន។

៤. ប្រទេសប្រេស៊ីល

ប្រទេសនេះបានចាប់ផ្តើមទទួលយកការទូទាត់នៅក្នុងការធ្វើពាណិជ្ជកម្ម និងការវិនិយោគជាប្រាក់យ័ន ដោយក្នុងនោះកិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងរវាងធនាគារកណ្តាលនៃប្រទេសទាំងពីរ នៅខែកុម្ភៈ បូករួមនឹងការកំណត់យកធនាគារមួយសម្រាប់ការទូទាត់ជាប្រាក់យ័ន និងការបង្កើតប្រព័ន្ធទូទាត់ឆ្លងកាត់ព្រំដែន (Cross-border Interbank Payment System) នៅខែមេសាដែលជាប្រព័ន្ធទូទាត់របស់ចិនដែលមានតម្លៃស្មើនឹងប្រព័ន្ធ SWIFT។

ទ្រព្យសកម្មបរទេសជាប្រាក់យ័នរបស់ប្រទេសប្រេស៊ីលបានឈានដល់កម្រិតខ្ពស់ក្នុងចំនួន ៥,៣៧% នៃចំនួនសរុបនៅត្រឹមចុងឆ្នាំ ២០២២ ដោយមានចំនួនលើសទ្រព្យសកម្មជាប្រាក់អឺរ៉ូទៅទៀត។ នៅក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅខែមេសា ប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula Da Silva បានអំពាវនាវឱ្យក្រុមប្រទេស BRICS ធ្វើការទូទាត់លើការធ្វើពាណិជ្ជកម្មទ្វេភាគីនិងការវិនិយោគ ដោយប្រើរូបិយបណ្ណផ្ទាល់របស់ពួកគេ។

ប្រទេសប្រេស៊ីលគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ១០ របស់ចិន ដោយក្នុងនោះតម្លៃនៃការធ្វើពាណិជ្ជកម្មទ្វេភាគីបានកើនឡើងចំនួន ៤,៩% ក្នុងចំនួនទឹកប្រាក់ ១៧១,៥ ពាន់លានដុល្លារអាមេរិក (យោងតាមទិន្នន័យគយចិន)។ នាយកប្រតិបត្តិក្រុមហ៊ុនប្រេស៊ីល «Suzano» លោក Walter Schalka បាននិយាយនៅដើមខែឧសភាថា «ក្រុមហ៊ុនផលិតក្តារបន្ទះធំជាងគេមួយនេះកំពុងពិចារណាអំពីការលក់ផលិតផលខ្លួនទៅឱ្យចិន ដោយទូទាត់ជាប្រាក់យ័ន។ រូបិយបណ្ណចិនកំពុងតែកើនឡើងនូវសារៈសំខាន់ ហើយក្រុមហ៊ុនតូចៗនៅទីនេះក៏កំពុងទាមទារឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រាក់យ័នផងដែរ»។

៥. ប្រទេសបង់ក្លាដែស

បង់ក្លាដែសនិងរុស្ស៊ីបានយល់ព្រមប្រើប្រាស់ប្រាក់យ័នដើម្បីធ្វើការទូទាត់សម្រាប់រោងចក្រនុយក្លេអ៊ែរមួយ ដែលរុស្ស៊ីកំពុងសាងសង់ (យោងតាមមន្ត្រីរដ្ឋាភិបាល បង់ក្លាដែសដែលបាននិយាយនៅខែមេសា)។ លោក Uttam Kumar Karmaker ដែលជាមន្ត្រីជាន់ខ្ពស់នៅក្រសួងហិរញ្ញវត្ថុបាននិយាយថា «រុស្ស៊ីចង់ឱ្យមានការទូទាត់ជាប្រាក់ Roubles ក៏ប៉ុន្តែរឿងនេះ គឺមិនអាចធ្វើទៅរួចទេសម្រាប់ពួកយើង»។ ប្រតិបត្តិការទូទាត់នឹងត្រូវធ្វើឡើងជាប្រាក់យ័នតែមួយគត់តាមរយៈប្រព័ន្ធទូទាត់ឆ្លងកាត់ព្រំដែនដែលត្រូវបានបង្កើតឡើងដោយចិននៅឆ្នាំ ២០១៥។

៦. ប្រទេសប៉ាគីស្ថាន

ប្រទេសនេះប្រហែលជាបានប្រើប្រាស់ប្រាក់យ័នដើម្បីទិញប្រេងឆៅរុស្ស៊ី ដោយក្នុងនោះនាវាដឹកប្រេងសាកល្បងចំនួន ៧៥០ ០០០ បារ៉ែល គ្រោងនឹងមកដល់នៅសប្តាហ៍ទី១ នៃ ខែមិថុនា។ កាសែត News International ដែលមានមូលដ្ឋាននៅប៉ាគីស្ថាន កាលពីថ្ងៃទី ០៥ ខែឧសភា បានដកស្រង់សម្តីរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងថាមពល ដែលសុំមិនបញ្ចេញឈ្មោះ ដែលបាននិយាយថា «ប៉ាគីស្ថាននឹងទូទាត់តម្លៃប្រេងឆៅជាប្រាក់យ័ន ហើយធនាគារចិន (Bank of China) អាចទទួលខុសត្រូវលើការទូទាត់នេះ»។

៧. ប្រទេសអ៊ីរ៉ាក់

ធនាគារកណ្តាលអ៊ីរ៉ាក់បាននិយាយនៅខែកុម្ភៈថា «ខ្លួននឹងអនុញ្ញាតឱ្យការនាំចូលរបស់វិស័យឯកជនអាចទូទាត់ជាប្រាក់យ័នបាន ហើយធនាគារកណ្តាលនឹងផ្តល់រូបិយបណ្ណរបស់ចិនទៅឱ្យស្ថាប័នផ្តល់ប្រាក់កម្ចីរបស់អ៊ីរ៉ាក់ ដើម្បីយកទៅទូទាត់សងសមភាគីចិន»។ ទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាល លោក Mudhir Salih បាននិយាយថា «វាគឺជាលើកដំបូងហើយដែលការនាំចូលទំនិញនឹងត្រូវបានផ្តល់ហិរញ្ញប្បទានពីចិនជាប្រាក់យ័ន ខណៈដែលកាលពីមុន វាបានពឹងផ្អែកតែទៅលើប្រាក់ដុល្លារអាមេរិក»។ ប៉ុន្តែវិធានការរបស់ធនាគារកណ្តាលអ៊ីរ៉ាក់ នឹងមិនរួមបញ្ចូលការជួញដូរប្រេងរបស់ខ្លួននោះទេ។

៨. ប្រទេសថៃ

កាសែត Bangkok Post បានរាយការណ៍នៅចុងខែមេសាថា «យោងតាមទេសាភិបាលធនាគារកណ្តាល លោក Sethaput Suthiwart Narueput ធនាគារកណ្តាលថៃ និងធនាគារប្រជាជនចិន បានបើកកិច្ចចរចាលើកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីលើកទឹកចិត្តបណ្តាធុរកិច្ចនានាឱ្យបង្កើនការទូទាត់រវាងប្រាក់យ័ននិងប្រាក់បាត សម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ»។

ប្រទេសចិននិងថៃបានបន្តកិច្ចព្រមព្រៀងផ្តោះប្តូររូបិយបណ្ណទ្វេភាគីរបស់ពួកគេនៅខែមករា ឆ្នាំ ២០២១។ កិច្ចព្រមព្រៀងនោះមានគោលដៅជំរុញការធ្វើពាណិជ្ជកម្មនិងការវិនិយោគ ដោយប្រើរូបិយបណ្ណក្នុងស្រុក បូករួមនឹងការពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ៕

South China Morning Post