ខ្មែរប៉ុស្ដិ៍ Close

ជំហានបន្ទាប់នៃសង្គ្រាមត្រជាក់ដ៏ក្តៅគគុក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 59
ជំហានបន្ទាប់នៃសង្គ្រាមត្រជាក់ដ៏ក្តៅគគុក ជំហានបន្ទាប់នៃសង្គ្រាមត្រជាក់ដ៏ក្តៅគគុក

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃភាពភ្ញាក់ផ្អើលដ៏ធំៗដែលបង្កឡើយដោយការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែន, ការហក់ឡើងជាសកលនៃអត្រាអតិផរណា និងការដួលរលំនៃរូបិយបណ្ណ Crypto នោះ តើឆ្នាំ ២០២៣ នឹងមានរឿងអ្វីកើតឡើងទៀត? សំណួរដ៏ខ្លីនេះគឺពិតជាពិបាកក្នុងការស្វែងរកចម្លើយ ដោយហេតុតែផលវិបាកនៃព្រឹត្តិការណ៍នានាបានរីកសាយយ៉ាងលឿន និងមិនអាចប៉ាន់ស្មានបាននៅទូទាំងពិភពលោកទាំងមូល ។

ប៉ុន្តែព្រឹត្តិការណ៍នៅក្នុងរយៈពេល ១២ ខែកន្លងមកនេះ ពិតជាបានឆ្លុះបញ្ចាំងនូវចរន្តដ៏ធំមួយដែលនឹងកំណត់នូវអ្វីដែលនឹងកើតឡើងនៅក្នុងឆ្នាំ ២០២៣ និងនៅឆ្នាំខាងមុខទៀត នោះគឺការធ្លាក់ចុះរបស់ប្រទេសរុស្ស៊ី។

សកម្មភាពដ៏កម្រោលរបស់រុស្ស៊ី គឺមិនមែនជារឿងថ្មីនោះទេ។ ទីក្រុងម៉ូស្គូបាននិងកំពុងឈ្លានពានចូលប្រទេសផ្សេងៗ ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ មក និងបានធ្វើការគ្រប់គ្រងផ្នែកខ្លះនៃទឹកដីអ៊ុយក្រែន ចាប់តាំងពីឆ្នាំ ២០១៤ មកម្លេះ។ ប៉ុន្តែសកម្មភាពឃោរឃៅនៃការវាយប្រហាររបស់រុស្ស៊ីតាំងពីចុងខែកុម្ភៈមកនោះ គឺហួសឆ្ងាយពីអ្វីដែលបណ្តាប្រទេសភាគច្រើនអាចទទួលយកបាន។

សកម្មភាពបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលស៊ីវិលរបស់អ៊ុយក្រែននៅពេលថ្មីៗនេះ ត្រូវបានគេមើលឃើញយ៉ាងទូលាយថាជាសកម្មភាពឧក្រិដ្ឋកម្មនៃសង្គ្រាម ហើយវាមិនអាចផ្លាស់ប្តូរដំណើរនៃសង្គ្រាមដែលរុស្ស៊ីកំពុងតែចាញ់នោះបានទេ។

នៅក្នុងបរិការណ៍កាន់តែទូលាយជាថ្មីម្តងទៀត រុស្ស៊ីបានឈានចូលក្នុងសម័យកាលនៃការធ្លាក់ចុះដោយសន្សឹមៗ ដោយសារតែភាពមានកម្រិតក្នុងការទទួលបាននូវការវិនិយោគ, បច្ចេកវិទ្យា ឬមុខទំនិញប្រើប្រាស់របស់លោកខាងលិច។

អាណាចក្ររបស់រុស្ស៊ីធ្លាប់បានដួលរលំកាលពីពេលមុន នៅឆ្នាំ ១៩១៧-១៩១៨ និងម្តងទៀតនៅពេលសហភាពសូវៀតបានផ្ទុះបែកនៅឆ្នាំ ១៩៨៩-១៩៩១។ នៅក្នុងករណីទាំង ២ ខាងលើ ការដួលរលំនោះត្រូវការរយៈពេលដំណើរការមួយរយៈ ហើយក្រោយមកទើបឈានដល់ទីបញ្ចប់ទាំងស្រុងតែម្តង។

តាមពិត តាមប្រវត្តិសាស្ត្រ ប្រទេសរុស្ស៊ីក៏អាចបង្កើនឥទ្ធិពលតាមរយៈការប្រើប្រាស់ធនធានផ្ទាល់របស់ខ្លួន នៅក្នុងអំឡុងពេលសង្គ្រាមស៊ីវិលឆ្នាំ ១៩១៧-១៩២២ និងទទួលបានការជួយយ៉ាងច្រើនពីបណ្តាក្រុមហ៊ុន លោកខាងលិចនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៩០ ផងដែរ។

នៅពេលនេះ យើងរំពឹងថានឹងមានការដណ្តើមអំណាចរយៈពេលវែង និងការដណ្តើមដើម្បីកាន់កាប់ទៅលើអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសរុស្ស៊ី ហើយវានឹងបង្កជាហានិភ័យយ៉ាងធ្ងន់ធ្ងរសម្រាប់ពិភពលោក។ ហើយបញ្ហាដែលជាផលប៉ះពាល់ផ្ទាល់ដល់វិស័យសេដ្ឋកិច្ចនោះ គឺនឹងត្រូវលេចឡើងនៅក្នុងទីផ្សារថាមពលពិភពលោក។

តម្រូវការសម្រាប់ឥន្ធនៈហ្វូស៊ីលរបស់ប្រទេសរុស្ស៊ីបានធ្លាក់ចុះ។ នៅមុនការឈ្លានពានចូលអ៊ុយក្រែន រុស្ស៊ីបានផលិតប្រេងប្រមាណ ១០,៨ លានធុងបារែលក្នុងមួយថ្ងៃ ហើយមានប្រេងប្រមាណ ៨ លានធុងបារែលត្រូវបាននាំចេញជាប្រេងឆៅ ឬជាផលិតផលចំរាញ់រួច។

ការធ្លាក់ចុះយ៉ាងគំហុកនៃសកម្មភាពសេដ្ឋកិច្ចរបស់រុស្ស៊ីមានន័យថា ប្រេងកាន់តែច្រើនត្រូវការនាំចេញ ខណៈដែលសហភាពអឺរ៉ុប, សហរដ្ឋអាមេរិក និងបណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់គេ ពេលនេះកំពុងទិញប្រេងឆៅពីអ្នកផ្គត់ផ្គង់ផ្សេង ហើយផលិតផលប្រេងចំរាញ់របស់រុស្ស៊ីក៏នឹងត្រូវជួបប្រទះនឹងស្ថានភាពដូចគ្នានេះដែរ ចាប់ពីខែកុម្ភៈ ឆ្នាំ ២០២៣ តទៅ។

ទីភ្នាក់ងារថាមពលអន្តរជាតិបានព្យាករថា ការនាំចេញប្រេងរុស្ស៊ីនឹងធ្លាក់ចុះមកនៅត្រឹមប្រមាណ ៦ លានធុងបារីលក្នុងមួយថ្ងៃនៅឆ្នាំ ២០២៣-២០២៤។ នៅក្នុងរយៈពេលមធ្យម ប្រទេសឥណ្ឌាប្រហែលជាអាចជួយទិញបន្ថែមក្នុងចំនួន ១ ទៅ ២ លានធុងបារែល ហើយប្រទេសចិនអាចប្រមូលយកប្រេងដែលនៅសេសសល់ នេះបើគេសន្មត់ថាប្រទេសទាំង ២ នោះចង់ពឹងផ្អែកបន្ថែមទៀតមកលើប្រទេសជាដៃគូមួយដែលមិនគួរឱ្យទុកចិត្ត និងមានភាពឃោរឃៅ។

ការទិញប្រេងពីសំណាក់ប្រទេសឥណ្ឌា, ចិន និងប្រទេសផ្សេងៗខ្លះទៀតនឹងធ្វើឱ្យរុស្ស៊ីមានលំហូរសាច់ប្រាក់និងថវិកាពន្ធជាច្រើន។ មិនថានរណាជាអ្នកដឹកនាំប្រទេសរុស្ស៊ីនោះឡើយ គេនឹងប្រើប្រាស់ចំណែកភាគច្រើននៃថវិកាទាំងនោះដើម្បីយកទៅកសាង និងទិញសព្វាវុធដែលរួមមានទាំងគ្រាប់មីស៊ីលដែលអាចឱ្យរុស្ស៊ីធ្វើការវាយប្រហារប្រទេសជាច្រើននៅក្នុងរយៈចម្ងាយឆ្ងាយផងដែរ។

គេសង្ឃឹមថា បណ្តាប្រទេសជាសមាជិក NATO នឹងទទួលបានការការពារនៅក្នុងកម្រិតមួយពីការគំរាមសងសឹក ខណៈរុស្ស៊ីក៏នឹងធ្វើវិទ្ធង្សនា និងចូលរួមធ្វើការវាយប្រហារជាយថាហេតុផ្សេងៗទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់លោកខាងលិចដូចគ្នា។ រុស្ស៊ីកំពុងស្ថិតនៅក្នុងដំណើរឆ្ពោះទៅជារដ្ឋដែលផ្តាច់ការឃោរឃៅ (Pariah State) ហើយនៅតែអាចទទួលបានហិរញ្ញប្បទានយ៉ាងល្អបំផុតដែលគេមិនធ្លាប់បានឃើញមាននៅពេលកន្លងមក។

កាលពីអំឡុងពេលនៃសង្គ្រាមត្រជាក់ អតីតសហភាពសូវៀតមានភាពប្រយ័ត្នប្រយែង មិនវាយប្រហារអឺរ៉ុបខាងលិចនិងអាមេរិកដោយផ្ទាល់នោះទេ ហើយអឺរ៉ុបខាងលិចនិងអាមេរិកក៏បានធ្វើដូចគ្នានេះដែរ។ ជាជំនួសវិញ ភាគីទាំង២ បានប្រើប្រាស់សង្គ្រាមកូនជឹង និងទម្រង់នៃសម្ពាធផ្សេងៗទៀត។

ទោះជាបែបនោះក្តី នៅពេលនេះយើងរំពឹងថានឹងមានការប្រឈមមុខដាក់គ្នាដោយផ្ទាល់។ ពួកឥស្សរជនរុស្ស៊ី បានបង្កើតបញ្ហាសម្រាប់ខ្លួនឯង ហើយពួកគេមានជំនឿយ៉ាងចម្លែកជាច្រើនអំពីជាតិនិយមបែបស្តាំនិយមជ្រុល និងសព្វាវុធរយៈចម្ងាយឆ្ងាយ។ ការផ្តល់កម្លាំងដល់ពួកជ្រុលនិយមទាំងនេះនឹងក្លាយជាការផ្តល់សន្ទុះកាន់តែច្រើនបន្ថែមទៀតដល់ពួកគេ។

ការកំណត់តម្លៃនាំចេញប្រេងរុស្ស៊ី គឺមានភាពចាំបាច់ក្នុងការកាត់បន្ថយចំនួនសាច់ប្រាក់ដែលរុស្ស៊ីអាចយកទៅចំណាយលើសកម្មភាពកម្រោលទាំងនេះបាន។ ភស្តុតាងនៅពេលកន្លងមកនេះបានបង្ហាញថា អ្វីៗទាំងអស់បានដំណើរការដូចមានការគ្រោងទុក ដោយប្រទេសឥណ្ឌានិងចិនអាចទិញប្រេងពីរុស្ស៊ីក្នុងតម្លៃទាបខ្លាំង បើប្រៀបធៀបទៅនឹងតម្លៃលើទីផ្សារពិភពលោក។

គេចាំបាច់ត្រូវមានការដាក់ចេញនូវវិធានការបន្ថែមទៀតដែលរួមមានទាំងការពន្លឿនការវិនិយោគលើថាមពលកកើតឡើងវិញ ដើម្បីកាត់បន្ថយតម្រូវការប្រេងពិភពលោក។ ប្រសិនបើយើងបន្តពឹងផ្អែកទៅលើរុស្ស៊ីនិងសម្ព័ន្ធមិត្តរបស់ពួកគេនៅក្នុងក្រុមប្រទេស OPEC+ នោះសមត្ថភាព និងចេតនាក្នុងការបន្ទច់បង្អាក់ដល់សេដ្ឋកិច្ចរបស់យើងនឹងនៅតែកើតមានឡើង។ នៅពេលនេះ វាពិតជាមានតម្រូវការក្នុងការបង្វែការយកចិត្តទុកដាក់ផ្នែកសន្តិសុខជាតិកាន់តែខ្លាំងឆ្ពោះទៅរកអន្តរកាលថាមពល។

អត្រាអតិផរណាខ្ពស់នៅទសវត្សរ៍ឆ្នាំ ១៩៧០ បណ្តាលមកពីមូលហេតុជាច្រើន ដោយរាប់ចាប់តាំងពីភាពតានតឹងផ្នែកសេដ្ឋកិច្ចនៅទសវត្សរ៍ឆ្នាំ ១៩៦០ និងសង្គ្រាមនៅវៀតណាម។ ប៉ុន្តែកត្តាដែលធ្វើឱ្យបញ្ហានោះកាន់តែមានសភាពអាក្រក់បន្ថែមទៀតនោះ គឺដោយសារតែវិបត្តិតម្លៃប្រេងចំនួន ២ លើក គឺនៅឆ្នាំ ១៩៧៣ ម្តង និងនៅឆ្នាំ ១៩៧៩ ម្តង។

សមាជិកក្រុមប្រទេស OPEC+ យល់ថា ពួកគេអាចមានអំណាចក្នុងការបង្កើតរឿងនេះម្តងទៀត ទៅតាមពេលវេលាដែលពួកគេជ្រើសរើស ឬនៅពេលក្រោយដែលរុស្ស៊ីស្នើសុំឱ្យជួយ។

តម្រូវការនិងការផ្គត់ផ្គង់ប្រេង ពិតជាមិនអាចឆ្លើយតបទៅនឹងតម្លៃប្រេងនៅក្នុងរយៈពេលខ្លីទេ ប៉ុន្តែតាមប្រវត្តិសាស្ត្រ វាពិតជាមានលក្ខណៈសម្បត្តិឆ្លើយតបក្នុងរយៈពេលចន្លោះពី ៥ ទៅ ១០ ឆ្នាំ។ នៅឆ្នាំ ២០២៣ និងឆ្នាំខាងមុខ លោកខាងលិចចាំបាច់ត្រូវផ្តោតកាន់តែខ្លាំងបន្ថែមទៀតលើការកាត់បន្ថយតម្រូវការឥន្ធនៈហ្វូស៊ីល ជាពិសេសគឺប្រេង ហើយត្រូវបង្កើនការផ្គត់ផ្គង់ប្រភពថាមពលផ្សេងដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី និង OPEC៕

Project Syndicate

អត្ថបទទាក់ទង