ខ្មែរប៉ុស្ដិ៍ Close

ប្រទេសចិនសាងសង់មូលដ្ឋានខ្សែកាបក្រោមសមុទ្រ ចំពេលមានការប្រកួតប្រជែងនៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានអន្តរជាតិ 114
ប្រទេសចិនសាងសង់មូលដ្ឋានខ្សែកាបក្រោមសមុទ្រ ចំពេលមានការប្រកួតប្រជែងនៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រទេសចិនសាងសង់មូលដ្ឋានខ្សែកាបក្រោមសមុទ្រ ចំពេលមានការប្រកួតប្រជែងនៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល

ប្រទេសចិននឹងធ្វើការសាងសង់មូលដ្ឋានចំនួន២ទីតាំងដើម្បីធ្វើការថែរក្សាខ្សែកាបនៅបាតសមុទ្រ ក្នុងសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង ដែលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល នៅក្នុងសមរភូមិនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។

នៅក្នុងផែនការរយៈពេល៥ឆ្នាំ របស់រដ្ឋាភិបាលចិនសម្រាប់វិស័យឧស្សាហកម្មព័ត៌មាន និងទំនាក់ទំនង ប្រទេសចិនក៏កំពុងតែធ្វើការសាងសង់នាវាចំនួន២គ្រឿងបន្ថែម ទៀតដើម្បីបម្រើដល់ការថែទាំខ្សែកាបក្រោមសមុទ្រ សម្រាប់រយៈពេល៥ឆ្នាំខាងមុខ និងដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងជាលក្ខណៈអន្តរជាតិក្នុងការសាងសង់ និងការថែទាំខ្សែកាបក្រោមសមុទ្រ។

គេមិនបានផ្តល់ព័ត៌មានលំអិតពាក់ព័ន្ធនឹងការសាងសង់មូលដ្ឋានទាំង២នេះទេ ដោយគ្រាន់តែដឹងថា មូលដ្ឋានទាំង២មានទីតាំងនៅក្នុងសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង។

ជាងនេះទៅទៀត ប្រទេសចិនក៏កំពុងតែ ព្រាងផែនការដើម្បីសាងសង់ខ្សែកាបក្រោមបាតសមុទ្រថ្មី ដើម្បីតភ្ជាប់ជាមួយទ្វីបអាមេរិកខាងជើងនិងអឺរ៉ុបផងដែរ ដែលបានធ្វើឱ្យការវិនិយោគសរុបនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ឌីជីថលរវាងឆ្នាំ២០២១ និងឆ្នាំ២០២៥ បានកើន ឡើងដល់ ៣,៧ទ្រីលាន យន់ (៥៧០ ពាន់លានដុល្លារ) កើនឡើងចំនួន ១,២ ទ្រីពាន់លានយន់ ធៀបនឹងរយៈ ពេល៥ឆ្នាំមុន នេះបើ យោងតាមការឱ្យដឹងពីសំណាក់ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានកាលពីខែមុន។

កាលពីថ្ងៃពុធ រដ្ធបាលនៃកោះ Hainan ភាគខាងត្បូងបានប្រកាសថា ការសាងសង់មូលដ្ឋាននៅសមុទ្រចិនខាងត្បូង នឹងចាប់ផ្តើមដំណើរការនៅមុនដំណាច់ឆ្នាំនេះនៅត្រង់តំបន់ Sanya ដែលស្ថិតនៅចុងខាងត្បូងបំផុតនៃកោះនេះ។

យោងតាមផែនការ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលរយៈពេល ៥ឆ្នាំរបស់ខេត្តនេះបានឱ្យដឹងថា មូលដ្ឋានខាងលើមានសមត្ថភាពក្នុងការធានានូវសុវត្ថិភាពសម្រាប់ខ្សែកាបក្រោមសមុទ្រនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយវានឹងត្រូវចាប់ផ្តើមដាក់ឱ្យប្រើប្រាស់នៅឆ្នាំ2023។

ផែនការចុងក្រោយបំផុតនេះត្រូវបានបង្ហាញជាសាធារណៈ នៅពេលដែលប្រទេសចិនក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថលធំជាងគេទី២ បន្ទាប់ពីសហរដ្ឋអាមេរិក ហើយកំពុងតែបង្កើនការវិនិយោគទៅលើ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលនេះគឺជាផ្នែកមួយនៃផែនការដើម្បីប្រឆាំងនឹងការដាក់សម្ពាធពីសំណាក់សហរដ្ឋអាមេរិក ដែលកំពុងតែសម្តែងការព្រួយបារម្ភម្តងហើយម្តងទៀតអំពីតួនាទីរបស់ប្រទេសចិននៅក្នុងការគ្រប់គ្រងមកលើចរាចរណ៍បណ្តាញ និងសក្តានុពលសម្រាប់ការធ្វើចារកម្ម។

យោងតាមក្រុមហ៊ុនស្រាវជ្រាវទូរគមនាគមន៍ TeleGeography បានឱ្យដឹងថា មានខ្សែកាបអុបទិកកំពុងដំណើរការចំនួន ៤៣៦ខ្សែត្រូវបានគេដាក់ពង្រាយនៅបាតសមុទ្រជុំវិញពិភពលោកដើម្បីបម្រើដល់ដំណើរការ នៃការបញ្ជូនទិន្នន័យ ដោយរាប់បញ្ចូលទាំងឯកសាររដ្ឋាភិបាល ទំនាក់ទំនងយោធា និងការធ្វើប្រតិបត្តិការសេដ្ឋកិច្ចក្នុងវិស័យឯកជនរហូតដល់ទៅ៩៥%។ ចំណុចនេះហើយដែលបានបង្ហាញថា ខ្សែកាបនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ច និងសន្តិសុខរបស់ប្រទេសជាច្រើន។

ក្រុមហ៊ុនទូរគមនាគមន៍របស់ប្រទេសចិនចំនួន ៣ គឺ China Mobile, China Telecom និង China Unicom សុទ្ធតែមានភាគហ៊ុនកម្មសិទ្ធិនៅលើខ្សែកាបចំនួន ៣១ ខ្សែ ដែលទើបនឹងត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំនេះ។

លោក Justin Sherman អ្នករួមការងារនៅក្នុងផែនការ Cyber Statecraft Initiative របស់ក្រុមប្រឹក្សាអាត្លង់ទិកបានលើកឡើងថា «មូលដ្ឋានថ្មីនេះនឹងគាំទ្រដល់ប្រតិបត្តិការអ៊ីនធឺណិតជាសកល ដែលមានន័យថា ការគ្រប់គ្រងមកលើខ្សែកាបក្រោមសមុទ្រអាចនឹងផ្តល់អនុភាពបន្ថែមដល់ប្រទេសចិន នៅក្នុងជម្លោះយោធា នៅក្នុងអត្ថប្រយោជន៍សេដ្ឋកិច្ច និងនៅក្នុងការធ្វើចារកម្ម តាមរយៈការចូលទៅក្នុងចរាចរណ៍ខ្សែកាប»។

លោកបានបន្ថែមទៀតថា ដូចនឹងប្រទេសដទៃទៀតដែរ ប្រជាពលរដ្ឋ ទីភ្នាក់ងាររដ្ឋាភិបាល និងក្រុមហ៊ុនរបស់ប្រទេសចិនត្រូវពឹងផ្អែកទៅលើខ្សែកាបក្រោមបាតសមុទ្រដើម្បីបញ្ជូនទិន្នន័យអ៊ីនធឺណិត។ ហេតុនេះហើយ ទើបការជួសជុល និងការថែទាំខ្សែទាំងនោះពិតជាមានសារៈសំខាន់។

ការយកចិត្តទុកដាក់ទៅលើការថែរក្សា និងជួសជុលខ្សែកាបនៅបាតសមុទ្រ អាចជួយធានាសុវត្ថិភាពរបស់ខ្សែកាបទាំងនោះ ព្រោះពួកវាងាយនឹងរងការខូចខាតខ្លាំង ដោយសារតែគ្រោះមហន្តរាយធម្មជាតិ និងជម្លោះប្រដាប់អាវុធ ហើយអ្វីដែលសំខាន់ជាងគេនោះ គឺចេតនាក្នុងការធ្វើចារកម្មតែម្តង។

លោក Sherman បានលើកឡើងទៀតថា «គ្រប់ប្រទេសនៅក្នុងពិភពលោកតែងតែធ្វើសកម្មភាពចារកម្ម ហើយទីក្រុងប៉េកាំងក៏មិនខុសគ្នានោះដែរ។ ដូច្នេះហើយ ការបង្កើនសមត្ថភាពក្នុងការថែរក្សាខ្សែកាប នៅក្រោមសមុទ្រពិតជា មានអត្ថប្រយោជន៍ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកចារកម្ម»។

ក្រុមហ៊ុនចិនស្ថិតនៅក្នុងចំណោមក្រុមហ៊ុនធំៗនានានៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត ហើយយោងតាមការឱ្យដឹងពីសំណាក់គណៈកម្មការទំនាក់ទំនងសហព័ន្ធរបស់អាមេរិកបានឱ្យដឹងថា ក្រុមហ៊ុន Huawei Marine បានសាងសង់ និងជួសជុលខ្សែកាបប្រហែល ១/៤ នៃខ្សែកាបក្រោមសមុទ្ររបស់ពិភពលោក។ ប៉ុន្តែដោយមានការសង្ស័យចំពោះការ បង្កើនឥទ្ធិពលរបស់ក្រុមហ៊ុនចិន អាមេរិកបានបង្កើតយុទ្ធនាការក្នុងការដាក់កំណត់ចំពោះការប្រើប្រាស់លើហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត ដែលត្រូវបានបង្កើតឡើងដោយប្រទេសចិន ។

កាលពីខែកញ្ញា ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា សហព័ន្ធរដ្ឋមីក្រូនេស៊ី នឹងប្រើប្រាស់មូលនិធិរបស់សហរដ្ឋអាមេរិកដើម្បីសាងសង់ខ្សែកាបទំនាក់ទំនងក្រោមសមុទ្រប៉ាស៊ីហ្វិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានលើកឡើងអំពីការព្រួយបារម្ភថា កិច្ចសន្យាដែលទទួលបានការគាំទ្រដោយធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ីដែលមានតម្លៃ ៧២,៦លានដុល្លារ នឹងត្រូវធ្លាក់ចូលទៅក្នុងដៃរបស់ក្រុមហ៊ុន Huawei Marine ដែលឥឡូវនេះបានប្តូរឈ្មោះមកជាក្រុមហ៊ុន HMN Technologies ក្រោយត្រូវបានរដ្ឋាភិបាលអាមេរិកដាក់ចូលក្នុងបញ្ជីខ្មៅ។

កាលពីឆ្នាំមុន ខ្សែកាបឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកមួយផ្នែក ដែលស្ថិតក្រោមការផ្តល់មូលនិធិដោយក្រុមហ៊ុន Google និង Facebook ត្រូវបានធ្វើការផ្លាស់ប្តូរទីតាំងដើម្បីតភ្ជាប់ បន្ទាប់ពីមន្ត្រីសន្តិសុខជាតិអាមេរិកបានរារាំងផែនការមិនឱ្យមានការតភ្ជាប់ខ្សែកាប នេះទៅកាន់ទីក្រុងហុងកុង៕

South China Morning Post