ហេតុអ្វីបានជាការផ្តល់សច្ចាប័នរបស់អាមេរិកចំពោះ UNCLOS នឹងជួយដល់គោលដៅសមុទ្រចិនខាងត្បូងរបស់អាស៊ាន?
ថ្ងៃទី ១០ ខែធ្នូ គឺជាថ្ងៃគម្រប់ខួប ១០ ឆ្នាំ ចាប់តាំងពីពេលដែលគណៈប្រតិភូចំនួន ១១៩ បានក្លាយជាប្រទេសហត្ថលេខីដំបូងគេនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលជាក្របខណ្ឌដ៏ទូលំទូលាយសម្រាប់អភិបាលកិច្ច នៃមហាសមុទ្រនិងសមុទ្ររបស់ពិភពលោក។
ទោះយ៉ាងណាក៏ដោយ គេមានពេលវេលាតិចតួចណាស់សម្រាប់ការប្រារព្ធពិធីអបអរ ខណៈដែលភពផែនដីកំពុងត្រូវការកម្លាំងរុញច្រានកាន់តែខ្លាំងសម្រាប់សណ្តាប់ធ្នាប់ដែលពឹងផ្អែកលើច្បាប់ និងការពិចារណាឡើងវិញអំពីសន្ធិសញ្ញាដែលពោរពេញទៅដោយបញ្ហា ដោយសារតែការកើនឡើងនៃបញ្ហាប្រឈមទាក់ទងនឹងការប្រែប្រួលអាកាសធាតុ, ការដួលរលំផ្នែកជលផល, បច្ចេកវិទ្យាថ្មីៗ, សន្តិសុខដែនសមុទ្រ និងការជីកយករ៉ែ និងធនធាននៅបាតសមុទ្រជ្រៅៗ។
នៅក្នុងសន្និសីទ ប្រចាំឆ្នាំលើកទី ១៤ ស្តីពីសមុទ្រចិនខាងត្បូងដែលបានធ្វើឡើងនៅទីក្រុង Da Nang កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា និងដែលត្រូវបានធ្វើជាម្ចាស់ផ្ទះដោយបណ្ឌិតសភាការទូតរបស់វៀតណាម លោក Kriangsak Kittichaisaree ដែលមកពីតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្របានលើកឡើងថា «វាពិតជាអាចទៅរួចដែលកម្ពស់ទឹកសមុទ្រអាចនឹងពន្លិចទីតាំងភូមិសាស្ត្រសំខាន់ៗជាច្រើននៅសមុទ្រចិនខាងត្បូង»។
វិទ្យាសាស្ត្រគឺមានភាពច្បាស់លាស់ណាស់។ របាយការណ៍វាយតម្លៃទី៦ របស់ក្រុមអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុបានរកឃើញថា «កម្រិតមធ្យមនៃទឹកសមុទ្រសកលបានកើនឡើងលឿនជាងមុនចាប់តាំងពីឆ្នាំ ១៩០០»។ គ្មានច្បាប់មហាសមុទ្រណាអាចបញ្ឈប់ជំនោរទឹកឡើងបានទេ។
ទោះជាយ៉ាងណាក៏ដោយ អនុសញ្ញា UNCLOS បានកំណត់គោលការណ៍ជាមូលដ្ឋានស្តីពីសេរីភាពនៃការធ្វើនាវាចរណ៍ បូករួមនឹងការតម្រូវឱ្យរដ្ឋនានាធានាថា «ការធ្វើនាវាចរណ៍នឹងត្រូវបានធ្វើឡើងដោយសុវត្ថិភាពនិងអនុលោមតាមបទប្បញ្ញត្តិ និងការអនុវត្តជាអន្តរជាតិ»។ ពីដំបូងឡើយ កិច្ចព្រមព្រៀងនេះមិនបានប្រមើលមើលការមកដល់នៃការប្រែប្រួលអាកាសធាតុទេ។
ប៉ុន្តែចាប់តាំងពីពេលនោះមក គេបានផ្តល់នូវការអនុម័តយ៉ាងឆាប់រហ័សដល់កិច្ចព្រមព្រៀងឆ្នាំ ១៩៩៤ ស្តីពីការអនុវត្តផ្នែកទី៦ នៃអនុសញ្ញា UNCLOS និងកិច្ចព្រមព្រៀងស្តុកត្រីឆ្នាំ ១៩៩៥ របស់អង្គការសហប្រជាជាតិ (UN Fish Stocks Agreement)។ អាស៊ាននិងជាពិសេសវៀតណាម ស្ថិតក្នុងជំហរដឹកនាំដ៏គួរឱ្យកោតសរសើរ ពាក់ព័ន្ធនឹងការជំរុញវិធីសាស្រ្តដែនសមុទ្រ ប្រកបដោយប្រសិទ្ធភាពក្នុងគោលបំណងការពារបរិស្ថានសមុទ្រឱ្យកាន់តែប្រសើរឡើងពីហានិភ័យនៃជាតិនិយម និងការកេងប្រវ័ញ្ចលើសមុទ្រ។
អនុសញ្ញា UNCLOS បានបន្តជាប់ផុងនៅក្នុងបញ្ហាប្រឈមមួយចំនួនទាក់ទងនឹងដែនសមុទ្រ។ ទូកនេសាទបាននិងកំពុងធ្វើដំណើរចេញឆ្ងាយពីតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ពួកគេដើម្បីស្វែងរកត្រីដែលបានបង្កឱ្យមានជម្លោះឆ្លងដែនទឹកយ៉ាងហិង្សា។ ភស្តុតាងមួយចំនួនបានបង្ហាញថា «សកម្មភាពដែនសមុទ្ររបស់ចិនបានបន្តបង្កផលប៉ះពាល់ និងបានដើរផ្ទុយនឹងគោលការណ៍ស្តីពីសេរីភាពនៃការធ្វើនាវាចរណ៍ដូចដែលមានចែងនៅក្នុងអនុសញ្ញា UNCLOS»។
ជំហររបស់ទីក្រុងប៉េកាំងបានបង្កបញ្ហាប្រឈមចំពោះច្បាប់អន្តរជាតិ។ ហេតុដូច្នេះហើយ វាកាន់តែមានសារៈសំខាន់សម្រាប់អាស៊ានក្នុងការលើកទឹកចិត្តសហរដ្ឋអាមេរិកនិងសភាអាមេរិកឱ្យក្លាយជាសមាជិកសកម្មនៃអនុសញ្ញា UNCLOS ដើម្បីការពារនិងពង្រឹងច្បាប់សមុទ្រឱ្យបានកាន់តែប្រសើរឡើង។
សភាអាមេរិកបានបង្ហាញឱ្យគ្រប់គ្នាបានឃើញហើយថា «ខ្លួនអាចចាត់វិធានការបានយ៉ាងឆាប់រហ័ស ក្នុងការប្រមូលផ្តុំការគាំទ្រសម្រាប់ប្រទេសអ៊ុយក្រែននៅក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៊ី»។ ដូច្នេះ ទីក្រុងវ៉ាស៊ីនតោនគួរតែបោះឆ្នោតផ្តល់សច្ចាប័នដល់អនុសញ្ញា UNCLOS ដែលជាឧបករណ៍ច្បាប់ ដែលមានការទទួលស្គាល់ និងដែលត្រូវបានប្រើដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងអធិបតេយ្យភាពដែនទឹកនិងសិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋសមុទ្រមួយ។
ពេលនេះគឺជាពេលវរលាដ៏ល្អបំផុតសម្រាប់ការអំពាវនាវឲ្យអាមេរិកក្លាយជាហត្ថលេខីនៃសន្ធិសញ្ញាសមុទ្រនេះ។ លោក Raul Pedrozo ដែលជាសាស្ត្រាចារ្យផ្នែកច្បាប់អន្តរជាតិនៅមជ្ឈមណ្ឌល Stockton នៃមហាវិទ្យាល័យ Naval War College បាននិយាយថា «UNCLOS នឹងបង្កើនផលប្រយោជន៍របស់សហរដ្ឋអាមេរិកក្នុងនាមជាមហាអំណាចដែនសមុទ្រអន្តរជាតិ តាមរយៈការរក្សាសិទ្ធិរបស់កងទ័ពជើងទឹក និងកងទ័ពអាកាស និងនាវាពាណិជ្ជកម្ម ក្នុងការអាចចូលទៅកាន់មហាសមុទ្រនានារបស់ពិភពលោកដែលអាចនាំមកនូវការពង្រឹងផលប្រយោជន៍សន្តិសុខជាតិ និងសេដ្ឋកិច្ចរបស់អាមេរិក»។
ជាមួយនឹងការផ្តល់សច្ចាប័នដល់អនុសញ្ញា UNCLOS សហរដ្ឋអាមេរិកនឹងមានជំហរផ្លូវច្បាប់ក្នុងការនាំយកពាក្យបណ្តឹងណាមួយទៅកាន់ស្ថាប័នដោះស្រាយវិវាទអន្តរជាតិ ដែលអាចជួយបញ្ចៀសការប្រឈមមុខដាក់គ្នាជាមួយកងកម្លាំងជើងទឹករបស់ចិន និងនាវានេសាទយោធានៅកោះ Spratly។ វៀតណាមដែលជាអតីតប្រធានអាស៊ាន និងជាដៃគូគ្រប់ជ្រុងជ្រោយរបស់សហរដ្ឋអាមេរិក គឺជាអ្នករិះគន់ដ៏ខ្លាំងបំផុតចំពោះសកម្មភាពឈ្លានពានរបស់ចិននៅសមុទ្រចិនខាងត្បូង។
វៀតណាមជាដំបូង បានផ្តួចផ្តើមបង្កើតក្រុមមិត្ត UNCLOS។ វៀតណាម រួមជាមួយនឹងហ្វីលីពីន និងម៉ាឡេស៊ី កាន់តែមានភាពអន្ទះអន្ទែងក្នុងការរង់ចាំការអនុម័តពីសភាអាមេរិកដែលអាចនឹងជួយដោះស្រាយ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព លើសកម្មភាពឈ្លានពានរបស់ចិន ដែលមានបំណងពង្រីកអំណាច និងឥទ្ធិពលរបស់ខ្លួននៅដែនសមុទ្រដែលមានជម្លោះ។
បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកបានទទួលស្គាល់ផ្នែកភាគច្រើននៃអនុសញ្ញា UNCLOS ដោយបានចាត់ទុកវាជាច្បាប់ទម្លាប់អន្តរជាតិ ក៏ប៉ុន្តែវាមិនមានទម្ងន់ខ្លាំងដូចការផ្តល់សច្ចាប័ននោះទេ ហើយជំហរបែបនេះអាចធ្វើឱ្យសហរដ្ឋអាមេរិកទទួលរងនូវការរិះគន់ពីប្រទេសចិន ដែលជាហត្ថលេខីនៃសន្ធិសញ្ញានេះ។ សម្រាប់មេដឹកនាំអាស៊ានជាច្រើន «ការដែលអាមេរិកមិនព្រមចុះហត្ថលេខាលើអនុសញ្ញានេះ បានធ្វើឱ្យការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មិនសូវមានឥទ្ធិពល»។
ប្រតិបត្តិការរបស់សហរដ្ឋអាមេរិកទាក់ទងនឹងសេរីភាព នៃការធ្វើនាវាចរណ៍ និងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ ដែលសុទ្ធតែជាបញ្ហាប្រឈមចំពោះច្បាប់អន្តរជាតិបានបន្តរងនូវការរំខានដោយសារការមិនព្រមផ្តល់សច្ចាប័នដល់អនុសញ្ញា UNCLOS ។ គោលនយោបាយការបរទេសរបស់អាមេរិកបានសង្កត់ធ្ងន់លើតួនាទីរបស់ពហុភាគីនិយម និងការច្រានចោលកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយចិនក្នុងការដោះស្រាយបញ្ហាជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ជាពិសេសគឺការឆ្លើយតបទៅនឹងបញ្ហាទឹកដីនៅសមុទ្រចិនខាងត្បូង។
ប្រាកដណាស់ សហរដ្ឋអាមេរិកនឹងរងនូវការខាតបង់ ប្រសិនបើខ្លួនបរាជ័យក្នុងការផ្តល់សច្ចាប័នលើយន្តការដ៏ទូលំទូលាយបំផុតសម្រាប់ដំណោះស្រាយពហុភាគីនៃជម្លោះដែនសមុទ្រ។ ដោយមានការយល់ព្រមពីសភា សហរដ្ឋអាមេរិកអាចធានាបាននូវសេរីភាពនៃការធ្វើនាវាចរណ៍របស់ខ្លួន ប្រកបដោយទំនុកចិត្ត បូករួមនឹងសិទ្ធិចូលប្រើជាសកលសម្រាប់នាវាយោធា និងនាវាពាណិជ្ជកម្ម, យន្តហោះ និងខ្សែកាបអុបទិកក្រោមសមុទ្រ។
ការផ្តល់សច្ចាប័នដល់ UNCLOS នឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកអាចទទួលបានទីតាំងយុទ្ធសាស្ត្រដ៏សមស្របនៅតំបន់ប៉ាស៊ីហ្វិក និងអាចផ្លាស់ប្តូរវោហាសាស្ត្រឱ្យចេញជាសកម្មភាពជាក់ស្តែង៕
South China Morning Post