កេរ្ដិ៍ឈ្មោះរបស់សហភាពអឺរ៉ុបនៅអាស៊ាន រងនូវការធ្លាក់ចុះ
ពាក់ព័ន្ធនឹងប្រធានបទនៃការយល់ឃើញរបស់ប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍ចំពោះសហភាពអឺរ៉ុប តាមរយៈរបាយការណ៍ «Asean Outlook» ប្រចាំឆ្នាំរបស់វិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ (Institute of Southeast Asian Studies) អាចជារឿងដ៏ខកចិត្តសម្រាប់អ្នកនៅទីក្រុងប្រ៊ុចសែលដែលមានក្តីសង្ឃឹមថា អាចនឹងជះឥទ្ធិពលកាន់តែច្រើនទៅលើទីក្រុងហ្សារកាតា និងទៅលើបណ្តារដ្ឋធានីរបស់ប្រទេសអាស៊ាន
ផ្សេងៗទៀត។
ទំនុកចិត្តលើការធ្វើពាណិជ្ជកម្មសេរីរបស់សហភាពអឺរ៉ុបបានរងនូវការធ្លាក់ចុះ។ កាលពីឆ្នាំមុន យោងតាមការស្ទង់មតិ មនុស្សនៅអាស៊ានចំនួន ២២% បានគិតថា «EU អាចផ្តល់នូវភាពជាអ្នកដឹកនាំដ៏អស្ចារ្យបំផុតនៅក្នុងវិស័យពាណិជ្ជកម្មសកល» ក៏ប៉ុន្តែ តួលេខនេះបានធ្លាក់ចុះមកនៅត្រឹម ១៤%ប៉ុណ្ណោះ។
នៅក្នុងប្រទេសឥណ្ឌូណេស៊ី តួរលេខនេះបានធ្លាក់ចុះពី ៣០% មកនៅត្រឹម ១២% ហើយសូម្បីតែនៅសិង្ហបុរី និងវៀតណាមដែលជាប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU ក៏តួរលេខនេះបាននិងកំពុងរងនូវការធ្លាក់ចុះបន្តិចផងដែរ។
ភាគរយនៃប្រជាជនឥណ្ឌូណេស៊ីដែលគិតថា «សហភាពអឺរ៉ុបគឺមានឥទ្ធិពលសេដ្ឋកិច្ចឈានមុខគេនៅក្នុងអាស៊ាន» បានធ្លាក់ចុះពី ២,៣% មកនៅ ០% ដែលជាចំនួនទាបជាងប្រទេសចិន (៦៨%), សហរដ្ឋអាមេរិក (៨%), ជប៉ុន (៥%), កូរ៉េខាងត្បូង (១,៥%), ចក្រភពអង់គ្លេស (១,៥%) និងអូស្ត្រាលី (១,៥%)។
ស្រដៀងគ្នានេះដែរ ឥទ្ធិពលនយោបាយ និងយុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុបក៏បានធ្លាក់ចុះមកនៅពីក្រោយប្រទេសចិន, សហរដ្ឋអាមេរិក និងអូស្ត្រាលីផងដែរ ដោយមានចំនួនត្រឹមតែ ២,៣%។
តើមូលហេតុអ្វីដែលបណ្តាលឱ្យមានការផ្លាស់ប្តូរទាំងនេះ?
វាមានភាពខុសគ្នាជាក់លាក់មួយចំនួននៅក្នុងគោលនយោបាយដូចដែលត្រូវបានបង្ហាញនៅក្នុងការស្ទង់មតិនេះ។ ចំណែកនៃអ្នកឆ្លើយតបដែលគិតថា «ការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងបន្ទាន់» បានធ្លាក់ចុះនៅទូទាំងតំបន់អាស៊ាន ជាពិសេសនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំៗដូចជាឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី និងថៃ។
ទោះជាយ៉ាងណាក៏ដោយ ទំនុកចិត្តត្រូវបានបង្ហាញឱ្យឃើញនៅក្នុងចំណោមអ្នកឆ្លើយតបដែលគិតថា «EU នឹងអាចចាត់វិធានការបានយ៉ាងត្រឹមត្រូវ នៅពេលនិយាយដល់កិច្ចការអន្តរជាតិ» ក៏ប៉ុន្តែការមិនពេញចិត្តក៏
បានកើតមាននៅក្នុងប្រទេសមួយចំនួនផងដែរ។
ចំនួនមនុស្សដែលគិតថា «ជំហររបស់សហភាពអឺរ៉ុបលើ បញ្ហាបរិស្ថាន, សិទ្ធិមនុស្ស និងការប្រែប្រួលអាកាសធាតុគឺជាទ្រព្យសម្បត្តិសម្រាប់សន្តិភាពនិង សន្តិសុខពិភពលោក» បានធ្លាក់ចុះនៅក្នុងប្រទេសឥណ្ឌូណេស៊ីពី ៥៣% មកនៅត្រឹម ៤២%, នៅក្នុងប្រទេសម៉ាឡេស៊ីពី ៤៦% មកនៅត្រឹម ២៩% និងនៅទូទាំងអាស៊ាន ពី ៤៤% មកនៅត្រឹម ៣៨%។
ហើយវាក៏មានការកើនឡើងផងដែរនូវចំនួនអ្នកឆ្លើយតប ដែលបានយល់ស្របថា «ជំហររបស់សហភាពអឺរ៉ុបលើ បញ្ហាបរិស្ថាន, សិទ្ធិមនុស្ស និងការប្រែប្រួលអាកាសធាតុអាចត្រូវបានប្រើប្រាស់ដើម្បីបង្កការគំរាមកំហែងដល់ផលប្រយោជន៍និងអធិបតេយ្យភាពរបស់ប្រទេសរបស់ខ្ញុំ»។
ដូចគ្នានេះដែរ វានៅមានចំណុចដ៏គួរឱ្យចាប់អារម្មណ៍មួយទៀត។ វីរុសកូវីដ-១៩ នៅតែជាក្តីកង្វល់ចម្បងរបស់បណ្តាប្រទេសអាស៊ានភាគច្រើន ដោយក្នុងនោះ អ្នកឆ្លើយតបប្រហែល ៧៥% បានចាត់ទុកវាជាក្តីកង្វល់កំពូលរបស់ពួកគេ (ការស្ទង់មតិត្រូវបានធ្វើឡើងមុនពេលកើតមានជម្លោះនៅអ៊ុយក្រែន)។
ប៉ុន្តែ បើនិយាយដល់បញ្ហាថា «តើអ្នកណាបានផ្តល់ជំនួយច្រើនជាងគេ» សហភាពអឺរ៉ុបបានស្ថិតនៅពីក្រោយប្រទេសចិន, សហរដ្ឋអាមេរិក, ឥណ្ឌា, ជប៉ុន និងអូស្ត្រាលី។ សរុបមក មូលហេតុគឺមានភាពច្បាស់លាស់ណាស់។ ជាក់ស្តែង សហភាពអឺរ៉ុបទទួលបានការជឿទុកចិត្តយ៉ាងល្អ ក៏ប៉ុន្តែវាមានភាពមិនស៊ីសង្វាក់គ្នាមួយចំនួនជាមួយនឹងបណ្តាប្រទេសអាស៊ាន។
វាមិនមែនជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលនោះទេ ហើយក៏មិនមែនគ្រប់គ្នាសុទ្ធតែគិតថា «EU លែងផ្តល់ភាពជាអ្នកដឹកនាំលើពាណិជ្ជកម្មពិភពលោក» ទៀតដែរ។ ការរួមបញ្ចូលគ្នានៃកិច្ចព្រមព្រៀងបៃតង (Green Deal) ជាមួយនឹងការរឹតបន្តឹងលើការនាំចេញនូវសម្ភារៈទាក់ទងនឹងវីរុសរាតត្បាត បានបង្កផលប៉ះពាល់ដល់ការយល់ឃើញរបស់ទីក្រុងប្រ៊ុចសែលនៅក្នុងតំបន់។
សហភាពអឺរ៉ុបនៅតែបន្តដាក់កំហិតយ៉ាងខ្លាំងក្លាលើការនាំចេញកសិផលរបស់អាស៊ាន ដែលនោះគឺ «ប្រេងដូង» បើទោះបីជាសហភាពអឺរ៉ុបបានបន្តព្យាយាមលើកឡើងអំពីគោលបំណង ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពក៏ដោយ។
រឿងមួយដែលប្រជាជនអាស៊ានក៏ដូចជាប្រជាជននៅគ្រប់ទីកន្លែងនៅក្នុងពិភពលោកមិនចូលចិត្តគឺ «មនុស្សលាក់ពុត» «Hypocrite» ហើយពួកគេនៅតែបន្តមានការសង្ស័យលើការលើកឡើង របស់សហភាពអឺរ៉ុប ឬចក្រភពអង់គ្លេសស្តីអំពីពាក្យ «ចីរភាព»។ ជាទូទៅ វាមានន័យថា «របាំងពាណិជ្ជកម្មបែបគាំពារនិយមនឹងកើតឡើងនៅក្នុងពេលឆាប់ៗ»៕ The Strait Times