ខ្មែរប៉ុស្ដិ៍ Close

លោក Biden ៖ ប្រមុខវៀតណាមចង់ជួបលោកខ្លាំង ដូច្នេះលោកនឹងទៅទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 125
លោក Biden ៖ ប្រមុខវៀតណាមចង់ជួបលោកខ្លាំង ដូច្នេះលោកនឹងទៅទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ លោក Biden ៖ ប្រមុខវៀតណាមចង់ជួបលោកខ្លាំង ដូច្នេះលោកនឹងទៅទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ

ប្រធានាធិបតី Joe Biden បាននិយាយថា «លោកនឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាមក្នុងពេលដ៏ខ្លីខាងមុខនេះ ដោយសារតែប្រទេសនេះចង់លើកកម្ពស់ទំនាក់ទំនងរបស់ខ្លួនជាមួយអាមេរិក និងចង់ក្លាយជាដៃគូដ៏សំខាន់»។ លោក Biden បានកត់សម្គាល់បែបនេះកាលពីថ្ងៃអង្គារ នៅឯកម្មវិធីរៃអង្គាសថវិកានយោបាយនៅ New Mexico។

នៅពេលសួរអំពីសេចក្តីប្រកាសរបស់លោក Biden សេតវិមានបាននិយាយថា «យើងមិនមានអ្វីត្រូវចែករំលែកទេនៅពេលនេះ»។ នៅក្នុងកិច្ចប្រជុំមួយកាលពីខែមេសា នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និងរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បានលើកឡើងនូវបំណងចង់ពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ខណៈពេលដែលអាមេរិកក៏កំពុងចង់ពង្រឹងទំនាក់ទំនងជាមួយបណ្តាដៃគូក្នុងតំបន់អាស៊ីដើម្បីទប់ទល់នឹងចិនដែលមានការឈ្លានពានកាន់តែខ្លាំង។

លោក Blinken បានបង្ហាញអំពីក្តីសង្ឃឹមនៅពេលនោះថា «ដំណើរទស្សនកិច្ចអាចកើតឡើងនៅប៉ុន្មានសប្តាហ៍ ឬប៉ុន្មានខែខាងមុខ»។ អាមេរិកបាននិងកំពុងធ្វើការលើកកម្ពស់ទំនាក់ទំនងជាមួយវៀតណាមឱ្យទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ»។ ប៉ុន្តែវៀតណាមនៅតែមានការប្រុងប្រយ័ត្ន ដោយសារហានិភ័យនៃការប្រឆាំងនឹងចិន និងរុស្ស៊ី។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken (ឆ្វេង) ជួបជាមួយអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong នៅទីក្រុងហាណូយ កាលពីខែមេសា។ រូបថត៖ AFP

លោក Biden បាននិយាយនៅក្នុងកម្មវិធីរៃអង្គាសប្រាក់នៅទីក្រុង Maine កាលពីថ្ងៃទី ២៨ កក្កដា ថា «លោកបានទទួលការហៅទូរសព្ទពីប្រមុខដឹកនាំវៀតណាមដែលចង់ជួបលោកខ្លាំង នៅពេលលោកធ្វើដំណើរទៅកាន់កិច្ចប្រជុំ G20» ដោយសំដៅលើផែនការរបស់លោកក្នុងការធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាសម្រាប់កិច្ចប្រជុំកំពូល G20 ដែលនឹងប្រារព្ធឡើងនៅទីក្រុងញូវដេលីនៅថ្ងៃទី ៩-១០ ខែកញ្ញា។

លោក Biden បានបន្ថែមថា «មេដឹកនាំវៀតណាមចង់លើកយើងឱ្យក្លាយទៅជាដៃគូដ៏សំខាន់មួយ រួមជាមួយនឹងរុស្ស៊ីនិងចិន» ដោយក្នុងនោះ អ្នកវិភាគយល់ថា «លោក Biden និយាយសំដៅលើប្រធានបក្សកុម្មុយនីស្តដែលកំពុងកាន់អំណាចរបស់វៀតណាម គឺលោក Nguyen Phu Trong ដែលប្រធានាធិបតីអាមេរិកបានជួបនិយាយតាមទូរសព្ទ នៅខែមីនា»។

អ្នកជំនាញនិយាយថា «ទំនាក់ទំនងកាន់តែជិតស្និទ្ធិអាចរួមបញ្ចូលការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកយោធា និងការផ្គត់ផ្គង់អាវុធរបស់អាមេរិក»។ លោក Biden បាននិយាយក្នុងអំឡុងពេលថ្លែងសុន្ទរកថាកាលពីថ្ងៃអង្គារនៅ New Mexico ថា «ខ្ញុំនឹងទៅប្រទេសវៀតណាមក្នុងពេលឆាប់ៗ ដោយសារវៀតណាមចង់ផ្លាស់ប្តូរទំនាក់ទំនង និងចង់ក្លាយជាដៃគូរបស់យើង»។

លោកបានបន្ថែមថា «យើងកំពុងស្ថិតក្នុងស្ថានភាពមួយ ដែលការផ្លាស់ប្តូរកំពុងកើតមាននៅជុំវិញពិភពលោក ហើយយើងក៏នៅមានឱកាសដើម្បីផ្លាស់ប្តូរសន្ទុះ»។ ក្រុមហ៊ុនការពារជាតិរបស់អាមេរិកបាននិយាយដោយជាចំហថា «ពួកគេចង់បង្កើនការផ្គត់ផ្គង់សម្ភារៈយោធាដល់វៀតណាម ខណៈដែលប្រទេសនេះកំពុងខិតខំធ្វើពិពិធកម្មអាវុធចេញឆ្ងាយពីរុស្ស៊ីដែលនៅតែជាអ្នកផ្គត់ផ្គង់ដ៏សំខាន់របស់ខ្លួន»។

កិច្ចព្រមព្រៀងយោធាជាមួយអាមេរិកអាចប្រឈមមុខនឹងឧបសគ្គ បូករួមទាំងលទ្ធភាពនៃការរារាំងពីសំណាក់សមាជិកសភាអាមេរិកដែលបានបន្តរិះគន់កំណត់ត្រាសិទ្ធិមនុស្សរបស់វៀតណាម។ សមុទ្រចិនខាងត្បូងដែលជាប្រភពនៃភាពតានតឹងដ៏យូរអង្វែងរវាងចិននិងវៀតណាមត្រូវបានគេចាត់ទុកជាហានិភ័យដ៏ចម្បងមួយ ហើយមនុស្សជាច្រើនមានការបារម្ភថា «ការគណនាខុស ឬឧប្បត្តិហេតុណា មួយអាចឈានទៅបង្កឱ្យមានជម្លោះយោធា»។

ក្រុមអ្នកវិភាគបាននិយាយថា «វៀតណាមអាចនឹងមានការស្ទាក់ស្ទើរក្នុងការបង្កើនទំនាក់ទំនងជាមួយអាមេរិក ដោយសារការព្រួយបារម្ភថា សកម្មភាពនេះអាចធ្វើឱ្យចិនមិនសប្បាយចិត្ត បើទោះបីជាចិនមានការឈ្លានពានកាន់តែខ្លាំងនៅសមុទ្រចិនខាងត្បូងក៏ដោយ»។ អាមេរិកមិនមានការទាមទារទឹកដីនៅដែនទឹកនោះទេ ក៏ប៉ុន្តែបានបន្តធ្វើការល្បាតនៅទីនោះ ដែលជាហេតុធ្វើឱ្យចិនមានការខឹងសម្បារ។

អាមេរិកបាននិយាយថា «ការល្បាតនេះគឺដើម្បីធានានូវសេរីភាពនៃការធ្វើនាវាចរណ៍នៅដែនសមុទ្រ ដែលជាផ្លូវដឹកជញ្ជូនដែលការធ្វើពាណិជ្ជកម្មរាប់ពាន់លានដុល្លារបានឆ្លងកាត់ជារៀងរាល់ឆ្នាំ»។ អាមេរិកក៏បាន ព្យាយាមពង្រឹងទំនាក់ទំនងជាមួយចិននៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះផងដែរ ដោយក្នុងនោះលោក Blinken បានទៅបំពេញទស្សនកិច្ចកាលពីខែមិថុនា បន្ទាប់ពីដំណើរទស្សនកិច្ចមុន ត្រូវបានពន្យារពេល បន្ទាប់ពីបាឡុងចារកម្មរបស់ចិនត្រូវបានបាញ់ទម្លាក់ដោយយន្តហោះចម្បាំងរបស់អាមេរិកកាលពីដើមឆ្នាំនេះ៕

South China Morning Post