មកមើលទិដ្ឋភាពផ្សារទំនើប Aeon Mall 2 ដែលចំនាយទឹកប្រាក់ប្រមាណ ១២០ លានដុល្លារ
ក្រោមការវិនិយោគអស់ ទឹកប្រាក់ប្រមាណ១២០លានដុល្លារ ទីបំផុតផ្សារទំនើប Aeon Mall 2 ត្រូវបានបើកដំណើរសាកល្បងហើយ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨។ ផ្សារទំនើប Aeon Mall 2 នេះ សាងសង់លើផ្ទៃដី១០ម៉ឺនម៉ែត្រការ៉េ ស្ថិតនៅខាងជើងផ្សារទំនើបម៉ាក្រូ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងការបើកសម្ពោធសាកល្បងនេះ គេឃើញមានមានស្ដង់លក់ទំនិញគ្រប់ប្រភេទរួមមាន៖ តូបលក់ទំនិញល្បីៗ, រោងកុនទំនើប, ភោជនីយដ្ឋានបែបជប៉ុន ថៃ ចិន កូរ៉េ រួមទាំងកន្លែងលក់សម្លៀកបំពាក់ផ្សេងៗជាច្រើនទៀត។ ចំណែកឯខាងក្រៅវិញ មានកន្លែងចំណតយានយន្តធំទូលាយ ដែលផ្ទុករថយន្តបាន២,៥០០គ្រឿង និងម៉ូតូជាង២,០០០គ្រឿង ហើយអ្វីដែលពិសេសជាងនេះទៀតនោះ អតិថិជនក៏នឹងទទួលបានការបញ្ចុះតម្លៃនូវមុខទំនិញផ្សេងៗផងដែរ។
ការបើកដំណើរការសាកល្បងនេះ បើកចាប់ពីវេលាម៉ោង១០៖០០នាទីព្រឹក រហូតដល់ម៉ោង៦៖០០នាទីល្ងាច ដោយមិនទាន់បើកច្រើនម៉ោងឡើយ ដរាបណាត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាខែក្រោយនេះ។ ជាមួយនឹងការបើកឲ្យដំណើរការសាកល្បងផ្សារទំនើប Aeon Mall 2 នេះ ក៏លេចឮនូវគម្រោងសាងសង់ផ្សារទំនើប Aeon Mall 3 មួយផងដែរ នៅភាគខាងត្បូងរាជធានីភ្នំពេញ។
អ្នករកស៊ីផ្នែកអចលនទ្រព្យមួយរូបបានបង្ហើបប្រាប់ Fresh News ថា Aeon Mall 3 នឹងត្រូវបង្កើតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ហៅផ្លូវ៦០ម៉ែត្រ ព្រោះក្រុមហ៊ុនបានរកទិញដីនៅទីនោះ៕