ខ្មែរប៉ុស្ដិ៍ Close

មេរៀនសម្រាប់តំបន់អាស៊ី ស្តីពីវិបត្តិនៅអ៊ុយក្រែន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 91
មេរៀនសម្រាប់តំបន់អាស៊ី ស្តីពីវិបត្តិនៅអ៊ុយក្រែន មេរៀនសម្រាប់តំបន់អាស៊ី ស្តីពីវិបត្តិនៅអ៊ុយក្រែន

ក្រៅពីការព្រួយបារម្ភ និងការខឹងសម្បារចំពោះការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ទស្សនៈប្រកបដោយការពិចារណាមួយបានលេចឡើងដែលនោះគឺ «តើសហគមន៍អន្តរជាតិបានទទួលជោគជ័យក្នុងការទប់ស្កាត់ការវាយប្រហារ ដែលគ្រប់គ្នាបានរំពឹងទុកជាយូរហើយដែរឬអត់ ហើយតើវាមានបង្កប់អត្ថន័យបែប ណាសម្រាប់តំបន់អាស៊ី ហើយតើរឿងស្រដៀងគ្នាអាចកើតឡើងនៅទីនេះដែរឬទេ?»

ព្រឹត្ដិការណ៍ដែលកំពុងកើតឡើងនៅអឺរ៉ុប និងស្ថានការណ៍នៅអាស៊ីមិនមានលក្ខណៈប្រហាក់ប្រហែលគ្នានោះទេ។ តំបន់អឺរ៉ុបកំពុងប្រឈមមុខនឹងការតស៊ូពីសំណាក់មហាអំណាចដែលកំពុងធ្លាក់ចុះឥទ្ធិពលដែលប៉ុនប៉ងដណ្តើមយកមកវិញនូវឥទ្ធិពល និងភាពរុងរឿងរបស់ខ្លួនកាលពីអតីតកាល។ នៅតំបន់អាស៊ី បញ្ហាគឺមានជាប់ទាក់ទងនឹងការប្រកួតប្រជែងគ្នារវាងមហាអំណាច ដែលកំពុងកើនឡើងឥទ្ធិពល។

អឺរ៉ុបមានការកំណត់ព្រំដែនច្បាស់លាស់។ ប្រទេសចំនួន២៧ បូករួមទាំងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតត្រូវបានរួមបញ្ចូលជាក្រុមមួយ ដែលមានឈ្មោះថា «សហភាពអឺរ៉ុប» ខណៈដែលប្រទេសចំនួន ៣០ បូករួមទាំងសហរដ្ឋអាមេរិកបានរួមគ្នាបង្កើតបានជាអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (North Atlantic Treaty Organisation-NATO) ដែលមានតួនាទីទទួលខុសត្រូវលើការការពារសន្តិសុខរបស់រដ្ឋទាំងនេះ។

តំបន់អាស៊ីកំពុងប្រឈមមុខនឹង​បញ្ហា​ទឹកដី​ ទាំងផ្នែកដែនគោក និង​ដែនទឹក។ បើប្រៀបធៀបនឹងតំបន់អឺរ៉ុប អាស៊ីមានរចនាសម្ព័ន្ធតិចតួចជាង ហើយសំខាន់បំផុតក្នុងចំណោមពួកគេទាំងអស់ អាស៊ានគឺជាស្ថាប័នអន្តររដ្ឋាភិបាលដែលមិនសូវមាន ប្រសិទ្ធភាពដែលជារឿយៗតែងតែប្រឈមមុខនឹងការលំបាកក្នុងការចេញសេចក្តីថ្លែងការណ៍រួម។

សេចក្តីថ្លែងការណ៍រួមមួយដែលបានធ្វើ ឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលកាលពីខែមុន នៅទីក្រុងប៉េកាំងរវាង ប្រធានាធិបតីរុស្ស៊ី Vladimir Putin និងប្រធានាធិបតីចិន Xi Jinping បានគូសបញ្ជាក់អំពីការរួបរួមគ្នារវាងមហាអំណាច ដែលកំពុងធ្លាក់ចុះឥទ្ធិពល ជាមួយនឹងមហាអំណាចដែលឥទ្ធិពលកំពុងកើនឡើង។

មហាអំណាចទាំង២ នេះបានរងនូវបញ្ហាអសន្តិសុខស្តីពីការឡោមព័ទ្ធ ហើយពួកគេទាំង២ ក៏កំពុងប្រឈមមុខនឹងសត្រូវ ដែលតែងតែបដិសេធនូវហេតុផលស្របច្បាប់របស់ពួកគេ។ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរួមនេះ ពួកគេបានប្រកាសថា «ពួកគេបានត្រៀមខ្លួន រួចជាស្រេចដើម្បីសហការគ្នានៅក្នុងវិស័យដែលមិននឹក ស្មានដល់មួយចំនួន»។

គួរឱ្យកត់សម្គាល់ផង ដែរថា «ប្រទេសចិន បានគាំទ្រយ៉ាងមុតមាំចំពោះការទាមទាររបស់រុស្ស៊ីក្នុងការឱ្យអង្គការ NATO បញ្ចប់ការពង្រីកខ្លួនទៅកាន់ភាគខាងកើត ហើយដើម្បីជាការតបស្នង លោក Putin ក៏បានបន្តរងចាំរហូតដល់ការប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងបញ្ចប់ មុនពេលបើកការវាយប្រហារលើអ៊ុយក្រែន»។

ដូច្នេះច្បាស់ណាស់ អ្វី​ដែល​កំពុងកើត​ឡើង​នៅ​អឺរ៉ុប​នឹងបង្កផលប៉ះពាល់ដល់តំបន់​អាស៊ី​។ «តើបណ្តារដ្ឋអាស៊ីសំខាន់ៗដែលស្ថិតនៅជួរមុខនៃការឈ្លានពានគួរតែត្រៀមខ្លួនបែបណា?»

ទី១៖ វាគ្មានជម្រើសអ្វីប្រសើរជាងការ ដែលប្រទេសនីមួយៗត្រូវពង្រឹងការការពារផលប្រយោជន៍របស់ខ្លួនដោយខ្លួនឯងនោះទេ ដែលវាមានន័យថា «ការរក្សាឱ្យបាននូវកងកម្លាំងប្រដាប់អាវុធដែលអាចជឿទុកចិត្តបាន»។ ការសម្រេចចិត្តរបស់អាល្លឺម៉ង់កាលពីចុងសប្តាហ៍ក្នុងការបង្កើនការចំណាយលើវិស័យការពារជាតិ គឺជាមេរៀនមួយដែលតំបន់អាស៊ីគួរអនុវត្តតាម ជាពិសេសសម្រាប់ប្រទេសជប៉ុន ដែលធ្លាប់ទទួលរងនូវបទពិសោធន៍ស្រដៀងគ្នានេះនៅក្នុងអំឡុងសង្គ្រាមលោកលើកទី ២។

ទី២៖ វាបានបង្ហាញ យ៉ាងច្បាស់ថា «សូម្បីតែប្រទេសដែលមានកងកម្លាំងយោធាច្រើន ដូចជាប្រទេសឥណ្ឌា,ឥណ្ឌូណេស៊ី, ជប៉ុន និងកូរ៉េខាងត្បូងក៏នឹងមិនអាចឈរតែម្នាក់ឯងបានទេ ហើយវានឹងតម្រូវឱ្យមានការបង្កើតនូវសម្ព័ន្ធភាពដ៏រឹងមាំមួយ ដើម្បីការពារពួកគេ»។ គំនិតផ្តួចផ្តើមរបស់អូស្ត្រាលីក្នុងការបង្កើតសម្ព័ន្ធភាព Aukus ជាមួយសហរដ្ធអាមេរិកនិងអង់គ្លេស គឺជាឧទាហរណ៍ជាក់ស្តែងមួយស្តីអំពីរឿងនេះ។

មានមេរៀនដ៏ធំមួយសម្រាប់តំបន់អាស៊ីស្តីពីវិបត្តិនៅអ៊ុយក្រែនដែលមិនត្រូវបានគេលើកយកមកនិយាយដែលនោះគឺ «ទន្ទឹមគ្នានឹងការការពារសិទ្ធិអធិបតេយ្យភាពរបស់ ប្រទេសដើម្បីអាចបន្តធ្វើការសម្រេចចិត្តបាន ដោយខ្លួនឯង វាពិតជា មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសទាំងអស់ក្នុងការអនុវត្តកិច្ចការការទូតឱ្យអស់ពីសមត្ថភាពដើម្បីកាត់បន្ថយអារម្មណ៍អសន្តិសុខនិងការភ័យខ្លាចរបស់បណ្តាប្រទេសជិតខាង
សំខាន់ៗរបស់អ្នកជាពិសេសប្រសិនបើប្រទេសទាំងនោះ មានទំហំធំជាងអ្នក»។

មេរៀនចុងក្រោយស្តីពីវិបត្តិរុស្ស៊ី-អ៊ុយក្រែន គឺ «សារៈសំខាន់នៃការធានាឱ្យបាននូវការចរចាដ៏រឹងមាំជាលាយលក្ខណ៍អក្សរ»។ លោកពូទីន Putin មិនបានខុសទាំងស្រុងនោះទេក្នុងការនិយាយថា «លោកខាងលិចបានធ្វើខុសការសន្យាចំពោះមេដឹកនាំសូវៀត គឺ លោក Mikhail Gorbachev ដែល នៅពេលនោះ ពួកគេ បានធានាថា អង្គការ NATO នឹងមិនបន្តពង្រីកខ្លួនឆ្ពោះទៅភាគខាងកើតនិងទៅកាន់ប្រទេសរុស្ស៊ី
នោះទេ»។

ឯកសារសន្ដិសុខជាតិរបស់សហរដ្ឋអាមេរិក ក៏បានលើក ឡើងផងដែរថា «អតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោក James Baker ធ្លាប់បានផ្តល់នូវការធានាថា ចលនាឆ្ពោះទៅទិសខាងកើតរបស់អង្គការ NATO នឹងមិន កើតឡើងនោះទេ» ហើយការធានា ស្រដៀងគ្នានេះក៏ត្រូវបានផ្តល់ជូនដោយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ខាងលិចផងដែរ គឺលោក Hans Dietrich Genscher។

ទោះបីជាយ៉ាងណាក៏ដោយ ការប្តេជ្ញាចិត្តដែលត្រូវបានចុះហត្ថលេខា យ៉ាងឱឡារិកបំផុត ក៏អាចរងនូវការបំផ្លាញផងដែរ ប្រសិនបើមេដឹកនាំដែលមានលក្ខណៈបង្កជាហេតុ បានសម្រេចចិត្តចាត់វិធានការដោយចិត្តឯង ដោយមិនគិតពីផលវិបាក។ ជាក់ស្តែង នៅក្នុងអនុស្សរណៈនៃទីក្រុង Budapest ឆ្នាំ ១៩៩៤ ប្រទេសរុស្ស៊ីបានយល់ព្រមគោរពឯករាជ្យ, អធិបតេយ្យភាព និងព្រំដែនដែល មានស្រាប់របស់អ៊ុយក្រែន និងបាន យល់ព្រមមិនបង្កការគំរាមកំហែង ឬប្រើប្រាស់កម្លាំងប្រឆាំងនឹងប្រទេសនេះ។

ហេតុដូច្នេះហើយ នេះគឺជាមូលហេតុ ដែលបានបង្ហាញថា «វាមានសារៈសំខាន់ណាស់សម្រាប់តំបន់អាស៊ី ជាពិសេសអាស៊ានដែលកំពុងចរចាអំពីក្រមប្រតិបត្តិសម្រាប់សមុទ្រចិនខាងត្បូង ឬឥណ្ឌាដែលកំពុងព្យាយាមដោះស្រាយបញ្ហាជម្លោះព្រំដែនក្នុងការទាមទារឱ្យមានការប្តេជ្ញាចិត្តយ៉ាងមុតមាំពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់»។ ការ​ចងចាំ​តែងតែរសាត់បាត់ទៅតាមពេលវេលា ហើយ​ការ​សន្យា​ឱ្យរួចតែពី មាត់ងាយ​នឹងត្រូវបានគេបំភ្លេចចោលណាស់៕ The Strait Times

អត្ថបទទាក់ទង