ការបញ្ជាទិញនាំចេញរបស់តំបន់អាស៊ីអាគ្នេយ៍ធ្លាក់ចុះ ដោយសារការកាត់បន្ថយតម្រូវការពីសំណាក់អឺរ៉ុប និងអាមេរិក
សារព័ត៌មាន Securities Times បានរាយការណ៍កាលពីថ្ងៃពុធថា បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍បានជួបប្រទះនឹងការធ្លាក់ចុះនៃការបញ្ជាទិញនាំចេញ នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារតែអត្រាអតិផរណាដ៏ខ្ពស់នៅបណ្តាប្រទេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិក កំពុងបង្កនូវផលប៉ះពាល់ដល់តម្រូវការរបស់អ្នកប្រើប្រាស់ ហើយអតិថិជនដែលបានងាកមករកពួកគេនៅអំឡុងពេលនៃពេលការផ្ទុះឡើងនៃកូវីដ-១៩ បានវិលត្រឡប់ទៅរកអ្នកផ្គត់ផ្គង់ចាស់របស់ពួកគេវិញ។
អ្នកគ្រប់គ្រងម្នាក់ឈ្មោះ Zhang ដែលកំពុងធ្វើការនៅក្នុងរោងចក្រកាត់ដេរតូចមួយនៅក្នុងប្រទេសកម្ពុជា និងតែងតែបានរៀបចំការនាំចេញសម្លៀកបំពាក់ទៅឱ្យក្រុមហ៊ុនសម្លៀកបំពាក់នៅអឺរ៉ុប និងអាមេរិក បាននិយាយថា «យើងទទួលបានការបញ្ជាទិញតិចតួចណាស់នៅក្នុងខែនេះ ហើយបុគ្គលិកជាច្រើនរបស់យើងក៏ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាក»។
ប្រទេសកម្ពុជាបានទទួលផលប្រយោជន៍ច្រើនពីការផ្ទេរការបញ្ជាទិញកាលពីឆ្នាំមុន ដោយសារតែការផ្ទុះឡើងនៃកូវីដ-១៩ ប៉ុន្តែឥឡូវនេះ ការបញ្ជាទិញទាំងអស់នោះត្រូវបានបាត់បង់ទៅវិញហើយ។ លោក Zhang បាននិយាយថា «ចាប់តាំងពីឈានចូលឆមាសទី២ មក ការបញ្ជាទិញបានថយចុះយ៉ាងច្រើន»។
លោកស្រី Annika ប្រធានរោងចក្រកាត់ដេរនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលតែងតែពឹងផ្អែកជាចម្បងទៅលើទីផ្សារនៅអឺរ៉ុបនោះបាននិយាយថា «ចាប់តាំងពីខែមីនា មក ការបញ្ជាទិញមានចំនួនតិចតួចប៉ុណ្ណោះ»។
យោងតាមសមាគមធុរកិច្ចហូជីមិញបានឲ្យដឹងថា «ឧស្សាហកម្មអេឡិចត្រូនិច វាយនភណ្ឌ ស្បែកជើង និងការកែច្នៃឈើរបស់វៀតណាមបានទទួលរងផលនូវប៉ះពាល់ខ្លាំងជាងគេ»។ ជាធម្មតា ក្រុមហ៊ុនសម្លៀកបំពាក់ តែងតែទទួលបានការបញ្ជាទិញរហូតដល់ត្រីមាសទី១ នៃឆ្នាំបន្ទាប់ឯណោះ ប៉ុន្តែឥឡូវនេះ ការបញ្ជាទិញរបស់ពួកគេទាំងអស់នឹងត្រូវបញ្ចប់នៅត្រឹមខែវិច្ឆិកា។
លោក Zhao Qian ប្រធានសមាគមធុរកិច្ចចិនសាខាហូជីមិញបាននិយាយថា «អាជីវកម្មឈើរបស់វៀតណាមនឹងមានសំណាង ប្រសិនបើពួកគេទទួលបានការការបញ្ជាទិញប្រមាណ ៥០% នៃការបញ្ជាទិញនៅក្នុងរដូវកាលខ្ពស់បំផុតនៅក្នុងខែមីនា និងខែមេសា។ ក្រុមហ៊ុនជាច្រើនទទួលបានត្រឹមតែ ៣០% ខណៈអាជីវកម្មខ្នាតតូចមួយចំនួនអាចទទួលបានប្រហែល ១០% ប៉ុណ្ណោះ»។ លោកបានបន្ថែមថា «តួលេខទាំងនេះមិនសូវខុសគ្នានោះទេសម្រាប់វិស័យស្បែកជើង និងសម្លៀកបំពាក់»។
លោក Zhao បាននិយាយទៀតថា «ស្ថានការណ៍អាចប្រសើរឡើងឬអត់គឺអាស្រ័យទៅលើថាតើសេដ្ឋកិច្ចនៅអឺរ៉ុបនិងអាមេរិកអាចងើបឡើងវិញដែរឬទេ។ ស្ថានភាពទំនងជានឹងនៅតែដដែលរហូតដល់ខែមេសាឆ្នាំក្រោយ»។
បុរសម្នាក់ឈ្មោះ Su ដែលជាម្ចាស់ក្រុមហ៊ុនវាយនភណ្ឌនៅជិតទីក្រុងសៀងហៃ បាននិយាយថា «ការបញ្ជាទិញសម្លៀកបំពាក់នឹងបន្តផ្លាស់ប្តូរចេញពីប្រទេសចិនទៅតំបន់អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុនរបស់លោក បានធ្វើប្រតិបត្តិការនៅក្នុងប្រទេសវៀតណាមជាង ១០ ឆ្នាំកន្លងមកហើយ។ អតិថិជនធំៗនៅអឺរ៉ុប និងអាមេរិកមានទំនោរផ្តោតទៅលើលទ្ធកម្ម ហើយម៉ាកយីហោល្អៗកំពុងចាប់ផ្តើមមើលរំលងសហគ្រាសធុនតូច និងមធ្យម»។
លោក Gao Ruidong ប្រធានម៉ាក្រូសេដ្ឋកិច្ចនៅក្រុមហ៊ុន Everbright Securities បាននិយាយថា «ការកាត់បន្ថយការបញ្ជាទិញនៅតំបន់អាស៊ីអាគ្នេយ៍ ក៏នឹងបង្កនូវផលប៉ះពាល់ដល់ខ្សែច្រវ៉ាក់ឧស្សាហកម្មរបស់ប្រទេសចិនផងដែរ ជាពិសេសនៅក្នុងវិស័យវាយនភណ្ឌ និងផលិតកម្មធុនស្រាល»។
ជាឧទាហរណ៍ ប្រទេសវៀតណាមបាននាំចូលក្រណាត់មានតម្លៃ ៥,១ ពាន់លានដុល្លារពីប្រទេសចិន នៅក្នុងឆមាសទី១ ដែលស្មើនឹង ៦៤% នៃការនាំចូលវាយនភណ្ឌសរុបរបស់ប្រទេសនេះ។ ប៉ុន្តែនៅពេលដែលការបញ្ជាទិញនាំចេញរបស់ប្រទេសអាស៊ីអាគ្នេយ៍ធ្លាក់ចុះ វាក៏នឹងបង្កផលប៉ះពាល់ដល់ការនាំចេញក្រណាត់របស់ចិនទៅកាន់ប្រទេសវៀតណាមផងដែរ។
វាមិនមានសញ្ញានៃការផ្ទេរការបញ្ជាទិញត្រឡប់ទៅកាន់ប្រទេសចិនវិញនោះឡើយ មិនដូចស្ថានភាពពីមុននៅពេលដែលការបញ្ជាទិញនាំចេញនៅក្នុងប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ស្ថិតនៅក្នុងស្ថិរភាព
នោះទេ៕
Yicai Global