ខ្មែរប៉ុស្ដិ៍ Close

ការព្យួរតំណែងរបស់លោក ប្រាយុទ្ធ ៖ ប្រព័ន្ធផ្តាច់ការនៅពីក្រោយនាយករដ្ឋមន្ត្រីថៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 42
ការព្យួរតំណែងរបស់លោក ប្រាយុទ្ធ ៖ ប្រព័ន្ធផ្តាច់ការនៅពីក្រោយនាយករដ្ឋមន្ត្រីថៃ ការព្យួរតំណែងរបស់លោក ប្រាយុទ្ធ ៖ ប្រព័ន្ធផ្តាច់ការនៅពីក្រោយនាយករដ្ឋមន្ត្រីថៃ

ការព្យួរតួនាទីពីនាយករដ្ឋមន្ត្រីរបស់ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ដោយតុលាការធម្មនុញ្ញថៃ នៅចុងខែសីហា ឆ្នាំ ២០២២ នេះ គឺពិតជារឿងដែលសមហេតុផល។ ក្រៅពីបុគ្គលិកលក្ខណៈមិនល្អ និងកង្វះសមត្ថភាពក្នុងការគ្រប់គ្រងប្រទេស ការកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងរយៈពេលដ៏យូររបស់លោក ប្រាយុទ្ធ បានគូសបញ្ជាក់អំពីលក្ខណៈសម្បត្តិសំខាន់ៗរបស់លោក ក៏ដូចជាលក្ខណៈពិសេសនៃនយោបាយថៃ នៅពេលបច្ចុប្បន្ន។

សមាជិកសភាដែលបានប្រឆាំងនឹងការដឹកនាំរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ បានដាក់ញត្តិមួយដើម្បីទាមទារឱ្យមានការអនុវត្តនូវ «ខ» ចែងនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៧ ដែលបានកំណត់ឱ្យបុគ្គលម្នាក់អាចកាន់តំណែងជានាយករដ្ឋមន្ត្រីបានត្រឹម ៨ ឆ្នាំ។ លោក ប្រាយុទ្ធ បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៤ គឺនៅ ៣ ខែបន្ទាប់ពីលោកបានដឹកនាំធ្វើរដ្ឋប្រហារយោធា ហើយមកដល់ពេលនេះ អាណត្តិរបស់លោកក្នុងនាមជានាយករដ្ឋមន្ត្រីបានឈានដល់ ៨ ឆ្នាំហើយ។

រហូតមកដល់ពេលនេះ គេមិនទាន់ច្បាស់នៅឡើយទេថា «តើលោកនឹងអាចកាន់តំណែងបន្តទៅមុខទៀតបានដែរឬអត់» ខណៈពេលដែលតុលាការធម្មនុញ្ញថៃកំពុងតែធ្វើការពិចារណាលើបញ្ហាថា «តើត្រូវដករូបលោកចេញពីតំណែងឬយ៉ាងណា»។ សម្រាប់រយៈពេល ១ ខែ ឬ ២ ខែខាងមុខ ការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញថៃចំពោះការដកលោក ប្រាយុទ្ធ ចេញ ឬលោកនៅតែអាចមានសិទ្ធិស្របច្បាប់ ក្នុងការបន្តកាន់តំណែងសម្រាប់រយៈពេល ៣ ឬ ៥ ឆ្នាំទៀត នឹងអាស្រ័យលើកត្តាមួយចំនួនដែលរួមមានទាំងលទ្ធផលនៃការបោះឆ្នោតនៅឆ្នាំក្រោយ។

ក្រុមអ្នកតវ៉ាបានចោទជាសំណួរថា «តើមនុស្សដែលមិនមានប្រជាប្រិយភាពដូចជាលោក ប្រាយុទ្ធ អាចក្លាយទៅជាមនុស្សដែលកាន់តំណែងជាប្រមុខរដ្ឋាភិបាលរបស់ប្រទេសថៃបានយូរជាងគេបង្អស់ ដូចកាលពីជំនាន់លោក Prem Tinsulanon កាល ពីជាង ៤ ទស្សវត្សរ៍មុនបានដោយរបៀបណា?»

នាយឧត្តមសេនីយ៍ Prem បានកាន់តំណែងជានាយករដ្ឋមន្ត្រីអស់រយៈពេល ៨ ឆ្នាំ និង ១៥៤ ថ្ងៃ ដោយគិតចាប់ពីខែមីនា ឆ្នាំ ១៩៨០ ហើយនៅជំនាន់នោះ គេបានដាក់ឈ្មោះសម័យគ្រប់គ្រងរបស់លោក Prem ថា «Premocracy»។ បើទោះបីជាលោក ប្រាយុទ្ធ ត្រូវបានគេចាត់ទុកជា «បុរសខ្លាំង» ខាងផ្នែកយោធានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏ដោយ ក៏វាមានឱកាសតិចតួចណាស់ដែលសម័យកាលក្រោយឆ្នាំ ២០១៤ អាចត្រូវបានចាត់ទុកជាសម័យ «Prayutocracy»

ការព្យួរតំណែងរបស់លោក ប្រាយុទ្ធ មិនបាននាំមកនូវការសង្ស័យអំពីការរស់រាននៃ «របបរបស់លោក ប្រាយុទ្ធ » ឬបង្ហាញអំពីការបញ្ចប់យុគសម័យរបស់លោក ប្រាយុទ្ធ ឡើយ ពីព្រោះការព្យួរតំណែងប្រមុខរដ្ឋាភិបាល គឺគ្រាន់តែជារនាំងការពារមួយដែលត្រូវបានបង្កើតឡើងនៅក្នុងប្រព័ន្ធផ្តាច់ការប៉ុណ្ណោះ។ ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់ (NCPO) បានបង្កើតរដ្ឋធម្មនុញ្ញឆ្នាំ ២០១៧ ឡើងដើម្បីរៀបចំបង្កើតស្ថាប័ន និងប្រើប្រាស់តុលាការធម្មនុញ្ញ ដើម្បីផ្តល់ការការពារដល់បក្ខពួករបស់ពួកគេ។

ប្រព័ន្ធផ្តាច់ការក្រោយឆ្នាំ ២០១៤ របស់ប្រទេសថៃមានតួនាទីសម្របសម្រួលផលប្រយោជន៍រួមរបស់ក្រុមមនុស្សអភិរក្សនិយមមួយចំនួន ដែលរួមមានក្រុមរាជានិយម និងរាជាធិបតេយ្យ, ក្រុមយោធា, ក្រុមឥស្សរជនផ្នែកបច្ចេកវិទ្យាមួយក្តាប់តូច នៃក្រុមហ៊ុនក្នុងស្រុកដ៏មានឥទ្ធិពល និងក្រុមអ្នកទីក្រុងដែលស្ថិតក្នុងវណ្ណៈថ្នាក់កណ្តាល។ មុខងារសម្របសម្រួលនេះគឺជាមុខងារដ៏សំខាន់របស់ប្រព័ន្ធខាងលើ។

មិនមានបុគ្គលណាម្នាក់ ឬក្រុមអ្នកនយោបាយណាមួយមានសិទ្ធិទាំងស្រុងក្នុងការបញ្ជា ឬគ្រប់គ្រងទៅលើប្រព័ន្ធនេះបានទេ។ ផ្ទុយទៅវិញ ភាគីពាក់ព័ន្ធទាំងអស់ត្រូវធ្វើការទាំងជាសមូហភាព ឬជាបុគ្គលដើម្បីការពារទស្សនៈវិស័យដ៏ខុសឆ្គងរបស់ពួកគេ។ ការពិតទាំងអស់នេះបានបញ្ជាក់យ៉ាងច្បាស់ថា «ការកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល ៨ ឆ្នាំរបស់លោក ប្រាយុទ្ធ រហូតមកដល់ពេលនេះ គឺមិនមែនដោយសារតែលោកជាមនុស្សដែលមានជំនាញជាអ្នកដឹកនាំ ឬដោយសារភាពស្មោះត្រង់របស់លោកនោះទេ»។

ផ្ទុយទៅវិញ ការដែលរូបលោកអាចបន្តកាន់តំណែងបានដ៏យូរ បើទោះបីជាមានការមិនពេញចិត្តពីមហាជនក៏ដោយ គឺដោយសារតែគេត្រូវការមនុស្សម្នាក់ដើម្បីកាន់តំណែងនេះ ហើយលោក ប្រាយុទ្ធ បានបង្ហាញថា «លោកអាចធ្វើរឿងនេះបាន»។ ការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ បានបំពេញចិត្តមនុស្សគ្រប់គ្នានៅក្នុងប្រព័ន្ធផ្តាច់ការក្រោយឆ្នាំ ២០១៤ របស់ប្រទេសថៃ ហើយការរក្សាលោកឱ្យកាន់តួនាទីនេះ បានផ្តល់នូវផលចំណេញច្រើនជាងការរកមនុស្សថ្មីឱ្យមកជំនួសរូបលោក។

ទោះជាយ៉ាងណាក៏ដោយ វាមិនមានការធានាទេថា «សមាជិកនៃតុលាការធម្មនុញ្ញទាំង ៩ រូប នឹងផ្តល់ការគាំទ្រទាំងស្រុងដល់លោក ប្រាយុទ្ធ»។ ជំហររបស់សមាជិកនៃតុលាការធម្មនុញ្ញគឺមានពាក់ព័ន្ធនឹងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការការពារប្រព័ន្ធផ្តាច់ការដ៏ធំ ដែលត្រូវបានបង្កើតឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយការធ្វើរដ្ឋប្រហារឆ្នាំ ២០១៤។

គេនៅមិនទាន់ច្បាស់ទេអំពីមូលហេតុដែលសមាជិកនៃតុលាការធម្មនុញ្ញទាំង ៩ បានបោះឆ្នោតយល់ព្រមទទួលយកញត្តិរបស់គណបក្សប្រឆាំង ខណៈពួកគេត្រឹមតែ ៥ នាក់ប៉ុណ្ណោះបានបោះឆ្នោតព្យួរតំណែងរបស់លោក ប្រាយុទ្ធ។ ការខ្វែងគំនិតនៅក្នុងចំណោមសមាជិកតុលាការធម្មនុញ្ញចំពោះការព្យួរតំណែងនេះ បានឆ្លុះបញ្ចាំងអំពីរចនាសម្ព័ន្ធដ៏ធូរលុងខុសពីធម្មតានៃប្រព័ន្ធនេះ។

របបផ្តាច់ការរបស់ប្រទេសថៃបច្ចុប្បន្នបានទទួលយកវិធីសាស្រ្តចម្រុះដើម្បីសម្រេចឱ្យបាននូវគោលដៅរួម ហើយនេះគឺជារបៀបដែលការសម្របសម្រួលដើម្បីផលប្រយោជន៍រួមត្រូវបានគេរៀបចំឡើង។ នៅក្នុងឆ្នាំ ២០០៨ តុលាការធម្មនុញ្ញរបស់ប្រទេសថៃបានដកតំណែងរបស់អតីតនាយករដ្ឋមន្ត្រី Samak Sundaravej ក្រោយលោកបានទទួលយកប្រាក់ពីកម្មវិធីធ្វើម្ហូបមួយ។

លោក Samak គឺជាមនុស្សដែលចូលចិត្តការចម្អិនអាហារ និងការបរិភោគ ហើយនេះគឺជាបុគ្គលិកលក្ខណៈដ៏សំខាន់របស់លោក និងជាហេតុផលដែលតុលាការបានយកមកប្រើប្រាស់ដើម្បីធ្វើការសម្រេចចិត្ត បើទោះបីវាមិនមែនជារឿងធំដុំក៏ដោយ។ ករណីខាងលើគឺដូចគ្នាទៅនឹងករណីនៃការព្យួរតំណែង ឬការអាចឈានទៅដកតំណែងរបស់លោក ប្រាយុទ្ធ ។ នៅទីបញ្ចប់ការព្យួរតំណែង និងការសម្រេចចិត្តចុងក្រោយអំពីការដករូបលោកចេញពីតំណែងឬអត់ នឹងមិនអាស្រ័យលើលោក ប្រាយុទ្ធ នោះទេ។

បញ្ហាដ៏សំខាន់គឺ «តើប្រព័ន្ធផ្តាច់ការដែលបានធ្វើឱ្យលោក ប្រាយុទ្ធ អាចកាន់តំណែងជានាយករដ្ឋមន្ត្រីបានយ៉ាងយូរនោះ អាចបន្តដំណើរទៅមុខបានដោយមិនខ្វល់អំពីផលប្រយោជន៍របស់ក្រុមយុវជន, ប្រជាជនវណ្ណៈទាប នៅតាមជនបទនិងនៅទីក្រុង និងប្រជាពលរដ្ឋទូទៅបានដែរឬទេ»។ ក្រុមមនុស្សទាំងនេះមានសារៈសំខាន់ចំពោះសណ្តាប់ធ្នាប់នយោបាយរបស់ប្រទេសថៃ ហើយប្រសិនបើពួកគេមិនទទួលបានការអើពើទេ សណ្តាប់ធ្នាប់នៅក្នុងប្រទេសថៃអាចនឹងត្រូវវិនាស៕

Fulcrum