ខ្មែរប៉ុស្ដិ៍ Close

ច្បាប់ស្ដីអំពីកោះតៃវ៉ាន់ជិតចេញហើយ ហើយវាអាចនឹងបង្កឱ្យមាន «ការប្រឈមមុខដោយផ្ទាល់» ចំពោះទំនាក់ទំនងអាមេរិក-ចិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 51
ច្បាប់ស្ដីអំពីកោះតៃវ៉ាន់ជិតចេញហើយ ហើយវាអាចនឹងបង្កឱ្យមាន «ការប្រឈមមុខដោយផ្ទាល់» ចំពោះទំនាក់ទំនងអាមេរិក-ចិន ច្បាប់ស្ដីអំពីកោះតៃវ៉ាន់ជិតចេញហើយ ហើយវាអាចនឹងបង្កឱ្យមាន «ការប្រឈមមុខដោយផ្ទាល់» ចំពោះទំនាក់ទំនងអាមេរិក-ចិន

ខណៈពេលដែលភាពតានតឹងបានឈានដល់កម្រិតកំពូល ដោយសារដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ពីសំណាក់ប្រធានសភាអាមេរិក Nancy Pelosi ក្រុមអ្នកសង្កេតការណ៍បានព្រមានថា ហេតុការណ៍ដែលកាន់តែអាក្រក់ជាងនេះអាចនឹងកើតមានឡើងជុំវិញច្បាប់ដែលបានស្នើឡើង ដែលគំរាមកំហែងដល់ការបិទបញ្ចប់គោលនយោបាយដែលមានអាយុកាលរាប់ទសវត្សរ៍របស់ទីក្រុងវ៉ាស៊ីនតោនចំពោះកោះស្វយ័តមួយនេះ។

សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីសប្តាហ៍មុនថា នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចៀសវាងនូវការកើនឡើងនូវវិបត្តិជាមួយទីក្រុងប៉េកាំង សេតវិមានបានព្យាយាមពន្យារពេលក្នុងការចេញច្បាប់ស្ដីពីគោលនយោបាយចំពោះកោះតៃវ៉ាន់ (Taiwan Policy Act) ដែលមានបំណងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ខ្លួនជាមួយកោះនេះ។

ប៉ុន្តែទីក្រុងប៉េកាំងនៅតែមានការខឹងសម្បារចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi កាលពីសប្តាហ៍មុន ដែលខ្លួនបានអះអាងថា ជាការប៉ុនប៉ងមួយទៀតរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការងាកចេញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលនយោបាយចិនតែមួយ។ លោក Lu Xiang អ្នកឯកទេសខាងផ្នែកទំនាក់ទំនងអាមេរិក-ចិន នៅបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន បាននិយាយថា ច្បាប់នេះ «នឹងធ្វើឱ្យទំនាក់ទំនងចិន-អាមេរិកដើរថយក្រោយ ហើយផលវិបាករបស់វានឹងមានទំហំធ្ងន់ធ្ងរបំផុត»។

ផ្នែកដែលគួរអោយចាប់អារម្មណ៍បំផុតនៃច្បាប់នេះ គឺជាការស្នើរសុំឱ្យផ្ដល់ឋានៈដល់កោះតៃវ៉ាន់ជា «សម្ព័ន្ធមិត្តមិនមែន NATO ដ៏ធំមួយ» ដែលមានន័យថា កោះនេះនឹងត្រូវបានចាត់ទុកជាដៃគូជាសកលដ៏ជិតស្និទ្ធបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន ជាពិសេសលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសន្តិសុខ។ លោក Lu បាន និយាយថា «ផ្នែកនោះ​មានន័យ​ស្មើ​នឹងការ​ទទួល​ស្គាល់​អធិបតេយ្យភាព​របស់​កោះតៃវ៉ាន់ដូច្នោះដែរ។ វា​មាន​ន័យ​ថា សហរដ្ឋ​អាមេរិក​នឹង​បោះបង់​ចោល​នូវគោល​នយោបាយ​ចិនរបស់ខ្លួន​ទាំង​ស្រុង។ ការទទួលស្គាល់អធិបតេយ្យភាពរបស់កោះតៃវ៉ាន់ មានន័យថាជាការទទួលស្គាល់ឯករាជ្យភាពរបស់កោះនេះ ហើយជា លទ្ធផល ប្រទេសចិននឹងត្រូវដោះស្រាយបញ្ហាតៃវ៉ាន់នេះនៅទីបំផុត»។

លោក Wu Xinbo ព្រឹទ្ធបុរសនៃវិទ្យាស្ថានសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យ Fudan នៅទីក្រុងសៀងហៃ ក៏បាននិយាយផងដែរថា ច្បាប់នេះអាចជាបញ្ហាប្រឈមធំជាងដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅទៀត។ លោកបាននិយាយថា «ប្រសិនបើទីក្រុងវ៉ាស៊ីនតោនបន្តដើរតាមមាគ៌ាបច្ចុប្បន្នជុំវិញបញ្ហាតៃវ៉ាន់ ខ្ញុំគិតថាវានឹងនាំទៅរកការស្តារឡើងវិញនូវសម្ព័ន្ធភាពយោធាអាមេរិកជាមួយនិងកោះតៃវ៉ាន់នៅទីបំផុត។ ប្រការនោះនឹងត្រូវគេមើលឃើញថា ជាបញ្ហាប្រឈមដោយផ្ទាល់ចំពោះមូលដ្ឋាននៃការបង្កើតទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន ហើយប្រទេសចិនពិតជានឹងមានប្រតិកម្មខ្លាំងជាងពេលនេះទៅទៀត»។

ដោយត្រូវបានចាត់ទុកជា «ការរៀបចំរចនាសម្ព័ន្ធឡើងវិញយ៉ាងទូលំទូលាយបំផុតនៃគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់» ចាប់តាំងពីទីក្រុងប៉េកាំង និង ទីក្រុងវ៉ាស៊ីនតោន បានបង្កើតទំនាក់ ទំនងផ្លូវការជាមួយគ្នាក្នុងឆ្នាំ ១៩៧៩ មក ច្បាប់នេះព្យាយាមពង្រឹងសមត្ថភាពការពាររបស់កោះនេះ ជាមួយនិងជំនួយសន្តិសុខចំនួន ៤,៥ ពាន់លានដុល្លារ ហើយសន្យាថានឹងគាំទ្រដល់ការចូលរួមរបស់កោះតៃវ៉ាន់នៅក្នុងអង្គការអន្តរជាតិនានា។

លោក Bob Menendez ព្រឹទ្ធសភាអាមេរិកទទួលបន្ទុកប្រធានគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេស និងជាអ្នកដែលបានសហការឧបត្ថម្ភដល់ច្បាប់នេះជាមួយសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក Lindsey Graham បាននិយាយថា វាគឺជា «សារមួយដ៏ច្បាស់ទៅកាន់ទីក្រុងប៉េកាំង កុំឱ្យធ្វើកំហុសទៅលើកោះតៃវ៉ាន់ ដូចអ្វីដែលប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានធ្វើនៅអ៊ុយក្រែនឱ្យសោះ»។

ច្បាប់ដែលត្រូវបានពន្យារពេលជាច្រើនដង ចាប់តាំងពីមានការណែនាំដំបូងកាលពីខែមិថុនាមកនោះបានលេចចេញមក ចំពេលដ៏រសើបបំផុតនៃទំនាក់ទំនងទ្វេភាគីដែលបានឈានដល់កម្រិតទាបបំផុតថ្មីមួយ ដោយសារតែដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi និងដោយសារតែជម្លោះដ៏អាក្រក់ជាបន្តបន្ទាប់ដែលបង្កឡើងដោយទីក្រុងប៉េកាំង។

កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាមេរិក Joe Biden បានសម្តែងនូវការព្រួយបារម្ភជុំវិញសមយុទ្ធក្នុងរយៈពេលប៉ុន្មានថ្ងៃរបស់កងទ័ពរំដោះប្រជាជនចិន (PLA) នៅជុំវិញកោះតៃវ៉ាន់។ មន្ត្រីនានារបស់អាមេរិកបានបរិហារលើសមយុទ្ធដែលរួមមានទាំងការបាញ់មីស៊ីលផ្លោងរំលងពីលើកោះតៃវ៉ាន់ផង ដោយបានចោទប្រកាន់ទីក្រុងប៉េកាំងថា បានព្យាយាមផ្លាស់ប្តូរស្ថានភាពដើម (Status Quo) នៅច្រកសមុទ្រតៃវ៉ាន់ និងធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់។

បន្ថែមពីលើសមយុទ្ធនេះ ទីក្រុងប៉េកាំងក៏បានផ្អាកកិច្ចពិភាក្សាទ្វេភាគីជាមួយទីក្រុងវ៉ាស៊ីនតោនលើវិស័យការពារជាតិ និងការប្រែប្រួលអាកាសធាតុ ព្រមទាំងបានដាក់ទណ្ឌកម្មសងសឹកទៅលើលោកស្រី Pelosi ដែលជាការជំរុញឱ្យមានការព្រួយបារម្ភអំពីវិបត្តិថ្មីមួយនៅច្រកសមុទ្រតៃវ៉ាន់។

បើតាមលោក Lu ច្បាប់នេះនឹងបង្ហាញអំពី «ការផ្លាស់ប្តូរសំខាន់ៗ» នៅក្នុងគោលជំហររបស់ទីក្រុងវ៉ាស៊ីនតោនជុំវិញសំណួររសើបៗដែលពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងបានអះអាងថា ជាបញ្ហាទ្វេភាគីដ៏សំខាន់បំផុតនៅក្នុងទំនាក់ទំនងអាមេរិក-ចិន។

ទីក្រុងប៉េកាំងចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួនដែលត្រូវតែយកមកវិញឱ្យបានដោយប្រើប្រាស់កម្លាំងប្រសិនបើចាំបាច់ ហើយខ្លួនប្រឆាំងជាដាច់ខាតទៅនឹងការផ្លាស់ប្តូរជាផ្លូវការណាមួយរវាងកោះនេះជាមួយទីក្រុងវ៉ាស៊ីនតោន។

លោក Wu បាន និយាយថា ទីក្រុងប៉េកាំងអាចនឹងធ្វើការបំភិតបំភ័យខាងផ្នែកយោធាបន្តទៀតទៅលើកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងច្បាប់នេះដែលរួមមានដូចជាការ បញ្ជូនយន្តហោះចម្បាំងឱ្យទៅហោះពីលើកោះនេះ ឬមួយកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅសហរដ្ឋអាមេរិកឱ្យវិលត្រឡប់មកមាតុប្រទេសវិញ ដែលជាការបន្ទាបទំនាក់ទំនងទ្វេភាគីរវាងចិននិងអាមេរិកយ៉ាងមានប្រសិទ្ធភាពបំផុត។

អ្នកជំនាញមានទុទិដ្ឋិនិយមចំពោះអនាគតនៃទំនាក់ទំនងរវាងទីក្រុងប៉េកាំង, ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតៃប៉ិ ដោយសារតែលទ្ធភាពដែលគណបក្សសាធារណរដ្ឋនឹងវិលមកគ្រប់គ្រងសភាទាំងពីរវិញ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនាពេលខាងមុខ ដែលអាចនាំទៅដល់ការធ្វើច្បាប់ដែលកាន់តែមាននិន្នាការគាំទ្រកោះតៃវ៉ាន់ខ្លាំងជាងមុនទៅទៀត។

លោក Andrew Mertha នាយកកម្មវិធីសិក្សាអំពីប្រទេសចិននៅសាលា Johns Hopkins School of Advanced International Studies បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi និងការឆ្លើយតបផ្នែកយោធាមិនធ្លាប់មានរបស់ប្រទេសចិន បានធ្វើឱ្យរដ្ឋបាលលោក Biden ស្ថិតក្នុងស្ថានភាព «ចុះទឹកក្រពើ ឡើងលើខ្លា»។ លោកបាននិយាយថា «ជានយោបាយ វានឹងមិនអាចទៅរួចទេសម្រាប់លោក Biden ក្នុងការបដិសេធមិនតំឡើងនូវការផ្ដល់ជំនួយដល់កោះតៃវ៉ាន់ ដោយសារតែនិន្នាការរួមគ្នាប្រឆាំងនឹងប្រទេសចិននៅឯវិមានកាពីតូល ដែលនៅពេលឥឡូវនេះត្រូវបានលោកស្រី Pelosi បានបញ្ឆេះបន្ថែមទៀត។ ប៉ុន្តែការធ្វើដូច្នេះនឹងធ្វើឱ្យទីក្រុងប៉េកាំងចាត់ទុកថា ជាការបំផ្លាញបន្ថែមទៀតដល់គោលនយោបាយចិនតែមួយ បន្ទាប់ពីការអត្ថាធិប្បាយការពារកោះតៃវ៉ាន់ពីសំណាក់លោក Biden កាលពីប៉ុន្មានខែថ្មីៗនេះ»។

លោក Mertha ក៏បានព្រមានដែរថា ដំណើរទស្សនៈកិច្ចរបស់លោកស្រី Pelosi បានបំផ្លាញដល់ទំនុកចិត្តទៅវិញទៅមករវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោន ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការនិងការចូលរួមទ្វេភាគីដែលមានភាពចាំបាច់ កាន់តែមានភាពលំបាកជាងមុនឆ្ងាយ ឬមិនអាចទៅរួចទៀតផង។ ប៉ុន្តែលោក Matt Abbott ដែលមកពីក្រុមប្រឹក្សា Chicago ស្តីពីកិច្ចការសកលបាន បដិសេធអំពីសារៈសំខាន់នៃច្បាប់នេះ ដោយលោកបាននិយាយថា «ទំនាក់ទំនងរវាងប្រទេសចិននិងសហរដ្ឋអាមេរិកបាននិងកំពុងធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ពោលគឺតាំងពីមុនពេលដែលច្បាប់នេះត្រូវបានរៀបចំធ្វើ និង នៅមុនពេលដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់ទៅទៀត»។

លោកបានបន្តថា «ខណៈពេលដែលមាត្រាជាច្រើននៅក្នុងច្បាប់នេះច្បាស់ជានឹងធ្វើឱ្យរដ្ឋាភិបាលចិនមានការអាក់អន់ចិត្ត ច្បាប់នេះនៅតែដាក់បញ្ចូលនូវភាសាដែលបញ្ជាក់យ៉ាងច្បាស់ថា វាមិនត្រូវបានបកស្រាយថាជាការស្តារទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ឡើងវិញនោះទេ។ ច្បាប់នេះក៏​បាន​គេ​កត់​សម្គាល់ផង​ដែរ​ថា វា​មិន​ផ្លាស់ប្តូរ​គោលជំហរ​របស់​រដ្ឋាភិបាល​អាមេរិក​ចំពោះ​ឋានៈជា​អន្តរជាតិ​របស់កោះ​តៃវ៉ាន់​នោះឡើយ»។

លោក Robert Sutter អ្នកជំនាញកិច្ចការចិនជើងចាស់មួយរូបនៅសាកលវិទ្យាល័យ George Washington បាននិយាយថា វាហាក់ដូចជាលឿនពេកក្នុងការព្យាករអំពីផលប៉ះពាល់នៃច្បាប់នេះដែលកំពុងតែរង់ចាំការត្រួតពិនិត្យឡើងវិញពីសំណាក់ព្រឹទ្ធសភាអាមេរិកនៅឡើយ ដែលភាគច្រើនគឺអាស្រ័យទៅលើពាក្យពេជន៍ចុងក្រោយ។

លោកបាននិយាយថា ច្បាប់ដែលបានស្នើឡើងនេះអាចនឹងប្រើភាសាដែលមិនចងកាតព្វកិច្ចខាងផ្លូវច្បាប់ (No Binding Language) ដូចច្បាប់ស្ដីពីទំនាក់ទំនងជាមួយកោះតៃវ៉ាន់ (Taiwan Relations Act – TRA) ដែលបានអនុម័តឱ្យប្រើកាលពីឆ្នាំ ១៩៧៩ ដែរ។ ដោយអនុលោម ទៅនឹងគោលនយោបាយចិនតែមួយរបស់ខ្លួន ទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកច្បាប់ TRA នោះថាជាមូលដ្ឋាននៃគោលនយោបាយ ស្ដីអំពីកោះតៃវ៉ាន់របស់ខ្លួន។

លោក Sutter បានបន្តថា ប្រសិនបើច្បាប់នេះមានភាសាចងកាតព្វកិច្ចខាងផ្លូវច្បាប់ (Binding Language) ដែលនឹងទៅផ្លាស់ប្តូរសកម្មភាពសំខាន់ៗរបស់រដ្ឋាភិបាលអាមេរិកទាក់ទងនឹងកោះតៃវ៉ាន់ នោះវាអាចបង្កឱ្យមានផលប៉ះពាល់រយៈពេលវែងនិងធ្ងន់ធ្ងរ។

លោកបាននិយាយថា «ខ្ញុំសង្ស័យថា រដ្ឋបាលរបស់លោក Biden ព្រមជាមួយនិងសមាជិកសភាជាច្រើនរូបដែលមិនចង់ឱ្យភាពតានតឹងរវាងអាមេរិកនិងចិនមានការកើនឡើងបន្ថែមទៀតនៅពេលនេះ នឹងព្យាយាមយ៉ាងខ្លាំងក្នុងការបញ្ចូលភាសានៅក្នុងសេចក្តីព្រាងច្បាប់នេះដែលនឹងធ្វើឱ្យមាត្រាទាំងឡាយនៃច្បាប់នេះ មិនមានភាសាដែលចងកាតព្វកិច្ចខាងផ្លូវច្បាប់ ដែលជាការអនុញ្ញាតឱ្យរដ្ឋបាលរបស់លោក Biden អាចបន្តដឹកនាំគោលនយោបាយរបស់សហរដ្ឋអាមេរិកទៅតាមខ្សែបន្ទាត់ដែលខ្លួនមើលឃើញថា: ស្របគ្នាទៅនឹងគោលនយោបាយចិនតែមួយដ៏ទូលំទូលាយ និងមិនមានភាពច្បាស់លាស់មិនអាចប្រកែកបាន របស់សហរដ្ឋ អាមេរិក»។

លោកបាននិយាយថា ប្រសិនបើច្បាប់មួយត្រូវបានអនុម័តដោយគ្មានភាសាចងកាតព្វកិច្ចខាងផ្លូវច្បាប់ នោះវានឹងធ្វើឱ្យ «ទីក្រុងប៉េកាំងផ្ទុះកំហឹងនៅចំពេលដ៏រសើបមួយ» ហើយប្រហែលជាភាពតានតឹងនឹងកាន់តែអាក្រក់ទៅៗទៀតផង។ «ប៉ុន្តែមន្ត្រីចិនដែលទទួលខុសត្រូវចំពោះកិច្ចការតៃវ៉ាន់ នឹងអាចយល់អំពីសភាពជានិមិត្តរូបនៃច្បាប់ដែលនឹងមិនជំរុញឱ្យរដ្ឋាភិបាលអាមេរិកធ្វើសកម្មភាពតាមវិធីធ្ងន់ធ្ងរណាមួយនោះទេ»៕

South China Morning Post