ឯកឧត្តម កើត រិទ្ធិ៖ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកំពស់ប្រព័ន្ធលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស

ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅពេលនេះ មិនត្រឹមតែមិនប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញតាមបែបរបបសភានិយមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកំពស់ប្រព័ន្ធលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានប្រជាពលរដ្ឋជាម្ចាស់អំណាច។
ឯកឧត្តម កើត រិទ្ធិ បានលើកឡើងដូចនេះនៅក្នុងកិច្ចប្រជុំសភា ដើម្បីពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រាចំនួន៨ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។
ឯកឧត្តម កើត រិទ្ធិ បានបន្តថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ បានធ្វើឱ្យប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងរបបសភានិយម មានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូន និងមិនមានការរាំងស្ទះ ជាពិសេសការបំពេញបាននូវចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងការធានាឱ្យស្ថាប័នរដ្ឋ ពិសេសអំណាចនីតិប្រតិបត្តិ ដែលមានបេសកកម្មចំបងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ មានកិច្ចដំណើរការប្រព្រឹត្តិទៅដោយរលូន មិនជាប់គាំង ប្រកបដោយនិរន្តរភាព នៅគ្រប់កាលៈទេសៈ ដើម្បីបំពេញបេសកកម្ម បម្រើឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា៕