ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ សុំកុំនិយាយពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យខណៈពេលដែលប្រទេសត្រូវដាក់ក្នុងភាពអាសន្ន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 5

ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា បានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការដាក់ប្រទេសក្នុងភាពអាសន្ន ប្រសិនបើ ក្នុងកាលៈទេសៈតម្រូវ ដើម្បីគ្រប់គ្រងស្ថានការណ៍ដែលកំពុងទទួលរងប៉ះពាល់ដល់សន្តិសុខប្រទេស ឬសុខមាលភាពរបស់ប្រជាជនក្នុងប្រទេសទាំងមូល។ ជាការពិត ប្រទេសកម្ពុជា មិនអាចគេចផុតពីផលប៉ះពាល់ពីការផ្ទុះរីករាលនៃមេរោគកូវីដ-១៩នេះបានទេ ខណៈពេលដែលពិភពលោកទាំងមូលបាន និងកំពុងទទួលរងការឈឺចាប់ និងទទួលមហន្តរាយដល់ទាំងជីវិតមនុស្សរាប់សែននាក់ និងទាំងបានបង្ករផលប៉ះពាល់មកលើសេដ្ឋកិច្ច និងសង្គមនៃបណ្តាប្រទេសនានាដ៏មហិមា ដែលស្ទើរទប់ទល់មិនបានពីការផ្ទុះឡើងនៃមេរោគកូវីដ-១៩នេះ។ ពីមួយថ្ងៃទៅមួយថ្ងៃ ពិភពលោក កំពុងតែស្ទើរអស់សង្ឃឹមលើវិធានការគ្រប់គ្រង និងទប់ស្កាត់ ការពារមិនបានពីការវាយលុកនៃមេរោគកូវីដ-១៩ដ៏កំណាចក្នុងប្រវត្តិមនុស្សលោក និងជាមហាវិនាសកម្មដ៏ឈឺចាប់ និងមហាសោកស្តាយរបស់មនុស្សជាតិចាប់តាំងពីការបញ្ចប់នៃសង្រ្គាមលោកលើកទី២ក្នុងឆ្នាំ១៩៤៥។

សម្រាប់ពិភពលោក បានចាត់ទុកការផ្ទុះរីករាលនៃមេរោគកូវីដ-១៩ នៅទូទាំងពិភពលោក ថាជាប្រធានស័ក្តិធម្មជាតិ ដែលមើលមិនឃើញទុកជាមុន និងដែលមិនអាចទប់ទល់បានសម្រាប់ពិភពលោកទាំងមូល ដែលចាំបាច់ប្រទេសនីមួយៗត្រូវបានកាលៈទេសៈតម្រូវឱ្យអនុវត្តវិធានការពិសេសតាមលក្ខណៈពិសេសខុសៗគ្នា ឬ ដូចគ្នាតាមលក្ខណៈនៃស្ថានភាពជាក់ស្តែង ដែលកំពុងទទួលរងផលប៉ះពាល់ពីការញាំញីដោយមេរោគកូវីដ-១៩នេះ ក្នុងគោលបំណងច្បាស់លាស់ក្នុងការគ្រប់គ្រងស្ថានការប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតមួយនេះ។ ក្នុងករណីនេះ ការដាក់ប្រទេសក្នុងភាពអាសន្នមិនមែនជារឿងចម្លែកអ្វីឡើយ ខណៈពេលដែលប្រទេសជាតិមួយត្រូវរងគ្រោះថ្នាក់ដោយគ្រោះធម្មជាតិ ឬ ដោយសង្រ្គាម។ល។ តើអ្វីទៅជាគ្រោះធម្មជាតិ ឬ ប្រធានស័ក្តិធម្មជាតិ? តើហេតុអ្វីត្រូវដាក់ប្រទេសក្នុងភាពអាសន្ន? តើគេអាចនិយាយពីការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យបានឬទេ ខណៈពេលដែលប្រទេសត្រូវដាក់ក្នុងភាពអាសន្ន?

ជាការពិតប្រទេសកម្ពុជា មិនអាចជាប្រទសមួយដែលនឹងអាចគេចផុតពីការប៉ះពាល់ដោយការផ្ទុះរីករាលដាល់នៃមេរោគកូវីដ-១៩ ដែលជាបញ្ហាសាកលប្រឈមរួមបានឡើយ។ ការផ្ទុះរីករាលដាលនៃមេរោគនេះ គឺ ពិតជាបាតុភូតធម្មជាតិលើសលប់ហួសពីការដែលពិភពលោកស្ទើរមិនអាចទប់ទល់បាន។ នេះគឺជាប្រធានស័ក្តិមួយដែលពិភពលោកបានមើលមិនឃើញ និងផលប៉ះពាល់បង្ករឡើងដោយមេរោគកូវីដ-១៩នេះ។

ក្នុងរយៈពេលចុងក្រោយថ្មីៗ បណ្តាប្រទេសមួយចំនួនក្នុងភិពភលោក បានសម្រេចដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីគ្រប់គ្រងស្ថានការណ៍ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគដ៏កាចសាហាវមួយនេះ ក្នុងគោលដៅដើម្បីការពារអាយុជីវិតរបស់ប្រជាជន និងសន្តិសុខសណ្តាប់ធ្នាប់សង្គមទូទៅ។

រដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាត់វិធានការយ៉ាងត្រឹមត្រូវបំផុតដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩នេះ ពិសេស ចុងក្រោយនេះ រដ្ឋាភិបាល បានស្នើសេចក្តីព្រាងច្បាប់មួយស្តីពីការគ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន ដែលជាការតៀ្រមរៀបចំដ៏ត្រឹមត្រូវ និងសំខាន់បំផុតក្នុងការការពារអាយុជីវិតទូទៅរបស់ប្រជាជន មិនមែនជាលេស ឬជាឧបករណ៍នយោបាយដើម្បីបង្រ្កាប និងរិតត្បិតសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ។ ជាការពិតទៅ ក្នុងកាលៈទេសៈចាំបាច់ ហើយតម្រូវដាក់ប្រទេសក្នុងគ្រាអាសន្ននោះ វាមិនចម្លែកពេកទេដែលគេនិយាយអំពីសិទ្ធិសេរីភាពត្រូវរឹតត្បិតក្នុងកំរិតមួយចាំបាច់ក្នុងច្បាប់និងពេលវេលាចាំបាច់កំណត់ច្បាស់លាស់ ដើម្បីការពារអាយុជីវិតមនុស្ស និងសន្តិសុខ ព្រមទាំងសណ្តាប់ធ្នាប់ទូទៅរបស់ប្រទេស។

យើង បានយល់ដឹងថា ស្ថានភាពក្នុងគ្រាអាសន្ន គឺ ជាស្ថានការណ៍មួយ ដែលរដ្ឋាភិបាលមួយត្រូវបានផ្តល់អំណាចពិសេសតាមច្បាប់ ដើម្បីចាត់វិធានការពិសេស ឬ គោលនយោបាយពិសេស ដែលតាមធម្មតា វិធានការបែបនេះមិនងាយត្រូវបានអនុញាតដោយច្បាប់ឡើយ។ រដ្ឋាភិបាលមួយ អាចប្រកាសស្ថានភាពបែបនេះ បានសម្រាប់តែក្នុងកាលៈទេសៈពិសេសដែលជាបាតុភូត ឬការគ្រោះថ្នាក់ធំដល់ប្រទេសជាតិ ដែលគេមើលមិនឃើញជាមុន ដូចជាករណី គ្រោះធម្មជាតិ (Natural Disaster) ចលាចលសង្គម (Civil Unrest)ជម្លោះប្រដាប់អាវុធ(Armed Conflict)ជម្ងឺឆ្លង ឬ ហានិភ័យខាងសន្តិសុខជីវសាស្រ្ត(Biosecurity Risk)។

ក្រុមជនអគតិមួយចំនួន មិនគួរចិញ្ចឹមគំនិតប្រឆាំងផ្កាប់មុខ ជ្រុលហួសហេតុ ធ្វើជាមិនយល់ដឹងកាលៈទេសៈពិសេសក្នុងគ្រាដែលប្រទេសកើតអាសន្នមិនអាចគ្រប់គ្រងបាន ហើយដែលរដ្ឋាភិបាលមួយចាំបាច់ត្រូវប្រកាសអាសន្ន ដើម្បីគ្រប់គ្រងស្ថានការណ៍ទូទៅរបស់ប្រទេស។ ជាទូទៅគេគួរបានយល់ដឹងថា ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នចាំបាច់ក្នុងរយៈពេលមួយកំណត់ច្បាស់លាស់បំផុតក្នុងកាលៈទេសៈតម្រូវចាំបាច់បំផុត ដើម្បីធ្វើឱ្យបហ្រជាជនទូទៅបានយល់ដឹងជាមុន និងដើម្បីធ្វើឱ្យប្រជាជនទៅទូអាចផ្លាស់ប្តូរឥរិយាបថធម្មតាប្រចាំថ្ងៃរបស់ពួកគេ សម្រាប់ស្ថានភាពពិសេស ក្នុងគ្រាប្រទេសមានអាសន្ន។ ការដាក់ប្រទេសក្នុងគ្រាអាសន្នមិនមែនជាការដាក់ចេញនូវវិធានការផ្តាច់ការឃោឃៅ ក្នុងមូលហេតុនយោបាយនោះទេ។ ផ្ទុយទៅវិញ ការដាក់ប្រទេសក្នុងគ្រាអាសន្ន គឺជាវិធានការពិសេសតម្រូវឱ្យពលរដ្ឋទូទៅត្រូវចូលរួមគោរពអនុវត្តច្បាប់ពិសេស និងសិទ្ធិសេរីភាពមួយចំនួនរបស់ពលរដ្ឋត្រូវបានកំរិតក្នុងស្ថានភាពពិសេសក្នុងកាលៈទេសៈពិសេសដែលត្រូវបានកំណត់ច្បាស់លាស់ក្នុងគោលដៅការពារអាយុជីវិតពលរដ្ឋទូទៅ ពិសេសរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់ទូទៅរបស់ប្រទេស។

ដូច្នេះ ការដាក់ប្រទេសក្នុងគ្រាអាសន្នគឺមានគោលដៅជាអាទិភាពដើម្បីការពារអាយុជីវិតរបស់ពលរដ្ឋទូទៅ ពិសេស រក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមទូទៅ មិនមែនជាវិធានការ ឬឧបករណ៍នយោបាយដើម្បីបង្រ្កាប ឬបំបិទសិទ្ធិសេរីរបស់ពលរដ្ឋនោះឡើយ។

ជារួម សូមកុំនិយាយពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ខណៈពេលដែលប្រទេសត្រូវដាក់ក្នុងភាពអាសន្ន ក្នុងស្ថានភាពពិសេសក្នុងពេលកំណត់ច្បាស់លាស់ ពីព្រោះប្រទេសនីមួយៗមានផលប៉ះពាល់មិនដូចគ្នាទេ ហើយវិធានការដាក់ប្រទេសក្នុងគ្រាអាសន្នក៏មិនដូចគ្នាដែរ។ យ៉ាងណាក៏ដោយក្រុមជនអគតិប្រឆាំងផ្កាប់មុខ មិនគួរធ្វើការអត្ថាធិប្បាយអាក្រក់ហួសហេតុក្នុងការធ្វើប្រជាភិថុតិដើម្បីកេងចំណេញខាងនយោបាយយ៉ាងល្ងង់ខ្លៅនោះឡើយ៕

ដោយ៖ ឡុង បូរីតា