ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន ៖ «ទីបំផុតបាតុកម្មបានក្លាយជាអាជីវកម្ម»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 44
ទស្សនៈមិត្តអ្នកអាន ៖ «ទីបំផុតបាតុកម្មបានក្លាយជាអាជីវកម្ម» ទស្សនៈមិត្តអ្នកអាន ៖ «ទីបំផុតបាតុកម្មបានក្លាយជាអាជីវកម្ម»

បន្ទាប់ពីបានដឹកនាំបាតុកម្មខុសច្បាប់អស់ជាច្រើនខែដោយមិនព្រមទទួលយកដំណោះស្រាយតាមច្បាប់ការងារ ឥឡូវដល់ពេលដែលសកម្មនយោបាយឈ្មោះ ឈឹម ស៊ីថរ និងជាមេដឹកនាំសហជីពអស់សុពលភាព រួមទាំងគូកនមួយចំនួនបានចេញក្បាច់ប្រកាសរៃអង្គាសប្រាក់វិញម្តង។

ឈឹម ស៊ីថរ និង វន់ ពៅ បានចេញសារអំពាវនាវឲ្យមហាជនជួយបរិច្ចាគថវិកា ១ដុល្លារ ក្រោមលេសថា ដើម្បីយុត្តិធម៌សង្គម និងសេរីភាពសហជីព។ សេចក្តីអំពាវនាវរបស់ ឈឹម ស៊ីថរ និងគូកន គឺជាសម្រែកដែលបង្កប់ដោយភាពពិសពុលច្រើនប្រការ៖

ទី១៖ ឈឹម ស៊ីថរ និងគូកន កំពុងប្រែក្លាយបាតុកម្មឱ្យទៅជាអាជីវកម្ម ដោយយកគំរូតាមគ្រូជោគជ័យម្នាក់ ដែលធ្លាប់ផ្តល់មតិយោបល់ឲ្យតារាសិល្បៈមួយរូបសម្រក់ទឹកភ្នែក ដើម្បីសុំក្តីអាណិតអាសូរពីមហាជនតាមរយៈការបរិច្ចាគថវិកាម្នាក់ ១ដុល្លារ។ ទោះបីជាក្បាច់នេះធ្លាប់ទទួលរងនូវការរិះគន់ពីមហាជនយ៉ាងខ្លាំងក៏ដោយ ក៏ឥឡូវនេះ ក្រុមសកម្មជននយោបាយជ្រកក្រោមស្លាកសហជីពបានចម្លងយកក្បាច់នេះមកប្រើដើម្បីរៃអង្គាសប្រាក់ម្នាក់ ១ដុល្លារ ក្រោមលេសដើម្បីយុត្តិធម៌សង្គម និងសេរីភាពសហជីព។ ប៉ុន្តែ ពួកគេបានភ្លេចចោទសួរខ្លួនឯងថា តើយុត្តិធម៌សង្គមអ្វី និងសេរីភាពសហជីពអ្វី បើបុគ្គលិកណាហ្គាវើលដ៏ដែលគេបញ្ឈប់ពីការងារដោយសារវិបត្តិនៃរោគរាតត្បាតសកលកូវីដ~១៩ បានត្រូវក្រុមហ៊ុនផ្តល់សំណងគ្រប់បែបយ៉ាងតាមច្បាប់ការងារ និងត្រូវបានក្រសួងការងារធានាជួយសម្របសម្រួលរកការងារថ្មីឲ្យធ្វើទៀតទៅហើយនោះ។

យើងអាចនិយាយបានថា សម្រាប់អតីតបុគ្គលិកណាហ្គាវើលដ៏ទាំងនោះ លុយក៏បាន ការងារក៏មានធ្វើ។ តើអ្វីទៅជាយុត្តិធម៌សង្គម និងសេរីភាពសហជីពដែលសកម្មជននយោបាយទាំងនេះចង់និយាយ?

ទី២៖ សម្រែកអំពាវនាវរបស់ឈឹម ស៊ីថរ និង វន់ ពៅ បានធ្វើឡើងខណៈដែលអ្នកដើរតាមមានចំនួនកាន់តែតិចទៅៗ ដោយសារតែអតីតបុគ្គលិកណាហ្គាវើលដ៏កាន់តែច្រើនឡើងៗ បានយល់អំពីល្បិចកល និងរបៀបវារៈនយោបាយរបស់ ឈឹម ស៊ីថរ និងគូកន ហើយពួកគេបានសម្រេចចិត្តជាបន្តបន្ទាប់ ឈប់ដើរតាមសកម្មជននយោបាយជ្រកក្រោមស្លាកសហជីពតទៅទៀត ហើយងាកមកទទួលយកដំណោះស្រាយតាមច្បាប់ការងារវិញ ដើម្បីទទួលបានសំណងផង និងទទួលបានការងារថ្មីសម្រាប់ចិញ្ចឹមគ្រួសារផង។ ដូច្នេះ នៅពេលដែលដឹងខ្លួនថាសកម្មភាពរបស់ខ្លួនកាន់តែឯកោឡើងៗ ឈឹម ស៊ីថរ ក៏ឆ្លេឆ្លាស្រែករកជំនួយពីសហជីពផ្សេងដែលជាខ្សែបណ្តាញរបស់ខ្លួន ឲ្យចូលជួយបំពងសំឡេង។ ប៉ុន្តែ វាជាសំឡេងដែលគ្មាននរណាចង់ស្តាប់នោះឡើយ ពីព្រោះល្បិចកលដដែលៗទាំងនេះ ត្រូវបានគេស្គាល់ឡើងជ្រិញអស់ទៅហើយ។

ទី៣៖ សម្រែកអំពាវនាវរបស់ ឈឹម ស៊ីថរ និង វន់ ពៅ គឺជាចេតនាអូសបន្លាយការអុកឡុកសភាពការណ៍ក្រោមរបៀបវារៈនយោបាយ ដើម្បីបង្វែរសភាពការណ៍ឲ្យគេមើលឃើញថា មានបញ្ហាអយុត្តិធម៌ និងការបំបិទសេរីភាពសហជីព។ ប៉ុន្តែ មហាជនទូទៅ ជាពិសេសបុគ្គលិកកម្មករ និយោជិតដែលធ្លាប់ ឬកំពុងបំរើការនៅក្នុងវិស័យឯកជន សុទ្ធតែយល់ និងដឹងយ៉ាងច្បាស់ថា គឺគ្មានអ្វីជាភាពអយុត្តិធម៌ ឬខុសច្បាប់ការងារនោះឡើយ នៅពេលដែលម្ចាស់ក្រុមហ៊ុនបញ្ចប់កិច្ចសន្យាការងាររបស់បុគ្គលិកណាម្នាក់ដោយផ្តល់សំណងតាមច្បាប់ការងារទាំងស្រុងនោះ។ ផ្ទុយទៅវិញ អ្នកដែលឡាំប៉ាមិនព្រមទទួលយកដំណោះស្រាយតាមច្បាប់ការងារទៅវិញទេ ដែលជាអ្នកបំពានច្បាប់ការងារនោះ។

ទី៤៖ នេះគឺជាយុទ្ធនាការដើម្បីបង្ខូចឈ្មោះអាជ្ញាធរនិងរដ្ឋាភិបាល តាមរយៈការការភូតកុហក បំប៉ោង និងបំភ្លៃព័ត៌មានថា មានអំពើហិង្សាទៅលើបាតុករ។ តាមពិតសមត្ថកិច្ចគ្រាន់តែអញ្ជើញពួកគេឡើងឡានដើម្បីដឹកពួកគាត់ទៅទីលានប្រជាធិបតេយ្យ ដែលជាកន្លែងតវ៉ាស្របច្បាប់ប៉ុណ្ណោះ។ ប៉ុន្តែពួកគេរឹងរូសមិនព្រមឡើងឡានតាមសម្រួល ហើយត្រូវអាជ្ញាធររុញឱ្យឡើងឡាន។ ហើយជាទម្លាប់ ក្រុមនេះតែងតែប្រើល្បិចតដៃជាមួយសមត្ថកិច្ច ដើម្បីឲ្យមានការប៉ះទង្គិចគ្នា ហើយក្រុមរបស់គេក៏ថតយកទៅបង្ហោះចោទថាសមត្ថកិច្ចបានប្រើហិង្សាមកលើពួកខ្លួន។

សរុបមកវិញ អ្វីដែល ឈឹម ស៊ីថរ និងគូកនមួយក្តាប់តូចបាននិងកំពុងធ្វើ គឺជាសកម្មភាពបំពានច្បាប់ការងារទាំងស្រុង, បំពានទៅលើសិទ្ធិនយោជកផង និងបំពានទៅលើអាជ្ញាធរមានសមត្ថកិច្ចផង។ សំណាងហើយដែលក្រសួងការងារនិងសមត្ថកិច្ចកម្ពុជានៅតែបង្ហាញភាពអត់ធ្មត់ ដែលរហូតមកទល់ពេលនេះ មិនទាន់បានចាត់វិធានការអ្វីប្រឆាំងនឹងក្រុមនេះនៅឡើយ។

ទោះបីយ៉ាងណា គេសង្ឃឹមថា ការអត់ធ្មត់ទំនងជាមានព្រំដែន។ ដូច្នេះ គួរដល់ពេលហើយដែលសកម្មជននយោបាយជ្រកក្រោមស្លាកសហជីពទាំងឡាយ ត្រូវបញ្ឈប់សកម្មភាពបែបនេះតទៅទៀត។ ប្រជាពលរដ្ឋខ្មែរពិតជាធុញទ្រាន់នឹងសកម្មភាពអនាធិបតេយ្យទាំងនេះយ៉ាងខ្លាំងណាស់។

ការរៃអង្គាសប្រាក់របស់ក្រុម ឈឹម ស៊ីថរ និងគូកន ទំនងជាវិធីសាស្ត្រចុងក្រោយហើយ ក្នុងការប្រែក្លាយបាតុកម្មឱ្យទៅជាអាជីវកម្ម នៅមុនពេលដែលអតីតបុគ្គលិកណាហ្គាវើលដ៏ទាំងអស់ ដកខ្លួនចេញពីការតវ៉ា ហើយងាកទៅទទួលយកដំណោះស្រាយតាមច្បាប់ការងារវិញ។ ឈឹម ស៊ីថរ គិតថា យ៉ាងហោចណាស់មុននឹងសកម្មភាពនេះបញ្ចប់ទៅ ខ្លួននិងគូកន ក៏អាចបានទទួលផលចំណេញ ពីអាជីវកម្មទៅលើបាតុកម្មនេះមួយចំនួនដែរ តាមរយៈការបរិច្ចាគពីសំណាក់អ្នកដែលមិនទាន់យល់អំពីល្បិចកលរបស់ក្រុមនេះ។

ល្បិចបែបនេះគឺពិតជាការថតចម្លង និងដើរតាមក្បួនបោករបស់មេឧទ្ទាមជ្រុលនិយមក្រៅច្បាប់ដែលកំពុងរត់គេចពីសំណាញ់ច្បាប់ ដែលធ្លាប់ត្រូវបានប្រើប្រាស់រាប់ទសវត្សរ៍មកហើយ ដោយប្រមូលបានថវិការាប់លានដុល្លារ។ ប៉ុន្តែពេលនេះ ការរៃអង្គាសប្រាក់របស់ពួកគេ មិនមែនជាវិធីរកលុយកាក់កបដូចពីមុនទៀតឡើយ ក្រោយពេលដែលពលរដ្ឋខ្មែរនៅក្រៅប្រទេសចាប់ផ្តើមយល់អំពីល្បិចបោករបស់ពួកជ្រុលនិយមទាំងនោះ។

នេះជាអ្វីដែល ឈឹម ស៊ូថរ និងគូកន គួរយល់ដឹងអំពី «ល្បិចក្រពើសម្រក់ទឹកភ្នែក» និង «ការធ្វើអាជីវកម្មក្នុងការអូសបន្លាយបាតុកម្ម»។

ដោយ : អ្នកនយោបាយតុកាហ្វេ

អត្ថបទទាក់ទង