ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «ឈុតឆាកទឹកភ្នែកក្រពើរបស់ សកម្មជននយោបាយឈឹម ស៊ីថរ និងគូកនត្រូវបានសម្តែងតាម រយៈសន្និសីទកាសែត និងការដើរដាក់ញត្តិ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 127
លិខិតមិត្តអ្នកអាន៖ «ឈុតឆាកទឹកភ្នែកក្រពើរបស់ សកម្មជននយោបាយឈឹម ស៊ីថរ និងគូកនត្រូវបានសម្តែងតាម រយៈសន្និសីទកាសែត និងការដើរដាក់ញត្តិ» លិខិតមិត្តអ្នកអាន៖ «ឈុតឆាកទឹកភ្នែកក្រពើរបស់ សកម្មជននយោបាយឈឹម ស៊ីថរ និងគូកនត្រូវបានសម្តែងតាម រយៈសន្និសីទកាសែត និងការដើរដាក់ញត្តិ»

ដូចដែលអ្នកនយោបាយតុកាហ្វេបានមើលឃើញជាមុនរួចស្រេច គឺឈុតឆាក «ទឹកភ្នែកក្រពើ» របស់ ឈឹម ស៊ីថរ និងគូកនពិតជាបានកើតឡើងហើយជាបន្តបន្ទាប់តាមរយៈសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី ១៧ មិថុនា ២០២២ នៅសណ្ធាគារលំដាប់ផ្កាយ ៥ កាំបូឌីយ៉ាណា និងការដើរដាក់ញត្តិដើម្បីបំភ័ន្ត និងភូតកុហកមហាជនឲ្យមានក្តីអាណិតអាសូរ និងបិទបាំងនូវរបៀបវារៈដែលជាមហិច្ឆតានយោបាយ និងមហិច្ឆតាផ្ទាល់ខ្លួនពួកគេដ៏អាក្រក់បំផុត។

នៅក្នុងសន្និសីទកាសែត ក៏ដូចជានៅក្នុងញត្តិសុំអន្តរាគមន៍ដោះស្រាយវិវាទការងារដែរពួកគេបានលើកឡើងនូវរឿងបំភ្លៃការពិតនិងបំភ័ន្តសាធារណមតិមួយចំនួនដូចខាងក្រោម៖

ទី១៖ ពួកគេបានរៀបរាប់អំពីការធ្វើទុក្ខបុកម្នេញ និងការប្រើហិង្សាទៅលើក្រុមរបស់ពួកគេជារៀងរាល់ថ្ងៃពីសំណាក់សមត្ថកិច្ចដោយច្រានឡើងឡានជាដើម។

កោតតែនិយាយទៅរួច! គ្រាន់តែសមត្ថកិច្ចកៀងឲ្យឡើងឡានទៅទីលានប្រជាធិបតេយ្យ ហើយនាំគ្នារឹងរូសបង្កើតបញ្ហាដើម្បីចោទសមត្ថកិច្ចក៏ចាត់ទុជាអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញបានដែរ។ នៅលើលោកនេះ តើសមត្ថកិច្ចប្រទេសណាបានយកឡានក្រុងចាំដឹកបាតុករខុសច្បាប់ជារៀងរាល់ថ្ងៃទៅកាន់កន្លែងធ្វើបាតុកម្មស្របច្បាប់ដូចនៅកម្ពុជា? សូម្បីតែនៅប្រទេសបិតាប្រជាធិបតេយ្យក៏គ្មានដែរ។ ទីណាដែលគេហាមឃាត់ហើយបើនៅតែរឹងទទឹង ច្បាស់ជាត្រូវថ្មោងនិងវ៉ៃខ្នោះហើយ។ ត្រង់ចំណុចនេះ ឈឹម ស៊ីថរ បាន ដាក់ផែនការរួចជាស្រេចហើយថា ឲ្យក្រុមរបស់ពួកគេក្រាញមិនឡើងឡាន ហើយបើសមត្ថកិច្ចជំរុញឲ្យឡើងឡានក៏បង្កជាបញ្ហាប៉ះទង្គិចគ្នាបន្តិចបន្តួច រួចឲ្យក្រុមគូកនរបស់ខ្លួនថតបង្ហោះដើម្បីចោទថាសមត្ថកិច្ចប្រើហិង្សា។ ល្បិចនេះត្រូវបានគេស្គាល់ក្រយ៉ៅអស់ហើយ ពីព្រោះជាល្បិចដដែលៗដែលអ្នករៀបចំឆាកប្រាប់ឲ្យសម្តែងតាំងពីយូរណាស់មកហើយ។

ទី២៖ ពួកគេនិយាយថា កិច្ចប្រជុំសម្របសម្រួលបានធ្វើឡើង ១១ លើកហើយ តែគ្មានលទ្ធផល និងគ្មានការវិវឌ្ឍទៅមុខទេ។ ឈឹម ស៊ីថរ បានចោទក្រសួងការងារដែលបានខិតខំសម្របសម្រួលឲ្យមានជំនួបចរចានោះ ថាគ្មានប្រសិទ្ធិភាព។

សួរថា តើការជាប់គាំងនៃការចរចាជារៀងរាល់លើកនោះកើតឡើងដោយសារអ្នកណា? គឺដោយសារតែការទាមទារខុសទំនង និងខុសច្បាប់របស់ក្រុម ឈឹម ស៊ីថរ ខ្លួនឯងនិងគូនកន ពីព្រោះសូមកុំភ្លេចថា «ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានសម្រេចអំពីដំណោះស្រាយរួចហើយ ចំណែកឯភាគីក្រុមហ៊ុនក៏បានសុខចិត្តអនុវត្តតាមច្បាប់ការងារដោយផ្តល់សំណងគ្រប់បែបយ៉ាងដែលច្បាប់តម្រូវជូនដល់បុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារ។ ប៉ុន្តែ ឈឹម ស៊ីថរ និងគូកនមួយក្រុមនេះមិនទទួលយកដំណោះស្រាយរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងដំណោះស្រាយតាមច្បាប់ការងារនោះឡើយ ដោយនៅតែទាមទារចង់ចូលធ្វើការវិញទាំងដែលក្រុមហ៊ុនប្រាប់ថាត្រូវកាត់រំសាយបុគ្គលិកមួយចំនួនដោយវិបត្តិកូវីដ -១៩។ តើក្រុមនេះមានសិទ្ធិអ្វីទៅបង្ខំឲ្យនិយោជកទទួលយកពួកខ្លួនឲ្យចូលធ្វើការវិញ?

ទី៣៖ ឈឹម ស៊ីថរ បានលើកបញ្ហាក្រសួងការងារពន្យារពេលចុះបញ្ជីទទួលស្គាល់មេដឹកនាំសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដោយបានហៅការពន្យារនេះថាជាការរើសអើងសហជីព។ តើ ឈឹម ស៊ីថរ ដឹងទេថាខ្លួនមិនមែនជាបុគ្គលិករបស់ណាហ្គាវើលដ៏ទៀតទេ? ដូច្នេះតើក្រសួងការងារទៅទទួលចុះបញ្ជីអ្នកដែលមិនមែនជាបុគ្គលិករបស់ណាហ្គាវើលដ៍ ឲ្យទៅធ្វើមេដឹកនាំសហជីពរបស់ក្រុមហ៊ុនណាហ្គាវើលយ៉ាងដូចម្តេច?

ម្យ៉ាងទៀត ហេតុតែចង់បន្តធ្វើប្រធានសហជីព ឈឹម ស៊ីថរ មិនបានរៀបចំបោះឆ្នោតត្រឹមត្រូវតាមច្បាប់សហជីពនោះទេ ដោយបានរៀបចំបោះឆ្នោតជាដំណាក់ៗដោយមិនបានធ្វើសមាជត្រឹមត្រូវតាមច្បាប់ឡើយដោយសារតែគ្មានសមាជិកគ្រប់គ្រាន់គាំទ្របេក្ខភាពរបស់ខ្លួន។ ត្រង់ចំណុចនេះ គេអាចយល់បានថា ការបន្តក្រាញននឿលតវ៉ារបស់ ឈឹម ស៊ីថរ គឺដើម្បីចង់បានតំណែងប្រធានសហជីពដោយយកអតីតបុគ្គលិកមួយ ចំនួនរបស់ណាហ្គាវើលដ៍ធ្វើជាឈ្នាន់។ ឈឹម ស៊ីថរ ដែលជាសកម្មជននយោបាយរបស់បក្សប្រឆាំងចង់បានតំណែងនេះដើម្បីយកទៅបម្រើរបៀបវារៈនយោបាយរបស់ក្រុមប្រឆាំងផង បម្រើមហិច្ឆតានយោបាយរបស់ខ្លួនផងដែលខ្លួនទទួលបានការបណ្តុះបណ្តាលបំពាក់បំប៉នមនោគមវិជ្ជានយោបាយសំរាប់បម្រើប្រយោជន៍របស់ពួកបរទេសផង។ ដូច្នេះ សូមបងប្អូនអតីតបុគ្គលិកដែលដើរតាម ឈឹម ស៊ីថរ ពិចារណាឡើងវិញ។

ទី៤៖ ឈឹម ស៊ីថរ បានលើកឡើងថា សេរីភាពសហជីព និងសិទ្ធិការងារគឺជាសិទ្ធិមូលដ្ឋានដោយមិនអាចទូទាត់ជាប្រាក់សំណងបានទេ។ តើ ឈឹម ស៊ីថរ មានសិទ្ធិធ្វើជាមេសហជីពនៅណាហ្គាវើលដ៍ទៀតទេ បើខ្លួនលែងជាបុគ្គលិកទៅហើយនោះ? តើច្បាប់ណាដែលចែងថាសិទ្ធិការងារគឺអាចចាប់បង្ខំនិយោជកឲ្យទទួលយកខ្លួនចូលធ្វើការទាំងដែលគេមិនត្រូវការ? ចំណែកការទូទាត់សំណងពេលបញ្ឈប់ពីការងារគឺមានចែងក្នុងច្បាប់ការងារ។ ទាំងនេះសបញ្ជាក់ថា ឈឹម ស៊ីថរ ខ្វះការយល់ដឹងអំពីបញ្ហាច្បាប់យ៉ាងខ្លាំងដែលនាំដល់ការធ្វើសកម្មភាពបំពានច្បាប់បែបនេះ។

សរុបទៅ សកម្មភាពរបស់ ឈឹម ស៊ីថរ និងគូកនគឺជាការសម្តែងឈុតឆាកទឹកភ្នែកក្រពើសុទ្ធសាធ។ អ្វីដែលពួកគេបានលើកឡើងគឺជាការបំភ្លៃ និងបំប៉ោង ឬប្រឌិតដើម្បីទាក់ទាញការអាណិតអាសូរផង និងក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្តមកលើអាជ្ញាធររដ្ឋាភិបាលផង។ នេះជាសកម្មភាពខុសច្បាប់យ៉ាងពិតប្រាកដដែលសមត្ថកិច្ចគួរតែពិចារណាចាត់ការតាមនីតិវិធី។ ទោះយ៉ាងណា សកម្មភាពបែបនេះ ពិតជាមិនទទួលបាននូវការគាំទ្រពីមហាជនឡើយពីព្រោះមហាជនសុទ្ធតែបានយល់ច្បាស់ណាស់អំពីល្បិចចិញ្ចឹមទំនាស់ និងការសម្ដែងឈុតឆាកទឹកភ្នែកក្រពើដែលបង្កប់ដោយឧបាយកលនយោបាយទុច្ចរិតនេះ។

ដោយ: អ្នកនយោបាយតុកាហ្វេ

អត្ថបទទាក់ទង