ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងការបរទេស ចេញសេចក្តីថ្លែងការណ៍ ៣ចំណុច ក្រោយអាមេរិកផ្តល់ពានរង្វាន់អ្នកការពារ​សិទ្ធមនុស្សប្រចាំឆ្នាំ២០២២ ដល់កញ្ញា ឈឹម ស៉ីថរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 68
អ្នកនាំពាក្យក្រសួងការបរទេស ចេញសេចក្តីថ្លែងការណ៍ ៣ចំណុច ក្រោយអាមេរិកផ្តល់ពានរង្វាន់អ្នកការពារ​សិទ្ធមនុស្សប្រចាំឆ្នាំ២០២២ ដល់កញ្ញា ឈឹម ស៉ីថរ នាង ឈឹម ស៊ីថរ

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីថ្លែងការណ៍ចំនួន ៣ចំណុច ក្រោយក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសផ្តល់ពានរង្វាន់ អ្នកការពារ​សិទ្ធមនុស្សប្រចាំឆ្នាំ២០២២ ដល់កញ្ញា ឈឹម ស៉ីថរ ក្នុងចំណោមបុគ្គល ១០រូប ជុំវិញពិភពលោក។

សេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា អ្នកនាំពាក្យក្រសួងការបរទេស សូមធ្វើការសង្កេតទៅលើការប្រកាសនាពេលថ្មីៗនេះ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបានសម្រេចផ្តល់ពានរង្វាន់ដល់បុគ្គលល្មើសច្បាប់មួយរូប នៅក្នុងប្រទេសកម្ពុជា ដូចតទៅ៖

  1. ពានរង្វាន់ជារឿយៗគឺសម្រាប់ទទួលស្គាល់បុគ្គលដែលតស៊ូ ដើម្បីសន្តិភាព ភាពសុខដុមរមនានិងការបង្រួបបង្រួមជាតិ ការកាត់បន្ថយសព្វាវុធ ការលុបបំបាត់ការរើសអើង អំពើហិង្សា និងការស្អប់ខ្ពើមជាតិសាសន៍ ឬក៏បង្កើតស្នាដៃណាមួយសម្រាប់សង្គម ជាដើម។ ការប្រកាសរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក មិនតំណាងឱ្យបំណងប្រាថ្នាពិតប្រាកដនៃប្រជាពលរដ្ឋកម្ពុជាភាគច្រើនទេ ព្រោះទង្វើបែបនេះគឺជាសារជំរុញផ្តល់កម្លាំង ដល់ក្រុមជាក់លាក់ ដែលបានត្រៀមខ្លួនរួចជាស្រេច កេងយកប្រយោជន៍ពីស្ថានការណ៍ ដើម្បីបម្រើរបៀបវារៈលាក់ពុតរបស់ខ្លួន ដែលពួនជ្រកក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
  2. ចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលរូបនោះ ពុំពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ឬក៏វិវាទការងារទេ ប៉ុន្តែគឺដោយសារការបំពានជាក់ស្តែងលើបម្រាម មិនឱ្យចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ខណៈពេលកំពុងស្ថិតក្រោមការត្រួត ពិនិត្យតាមផ្លូវតុលាការ។ មាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា បានចែងថា «ប្រសិនបើជនត្រូវចោទបានគេចវេះដោយចេតនា ពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរអាចសម្រេចឱ្យឃុំខ្លួន ជនត្រូវចោទ បណ្តោះអាសន្នបាន»
  3. ពានរង្វាន់នេះមិនមែនជាមធ្យោបាយស្របច្បាប់សម្រាប់ការពារខ្លួននៅក្នុងតុលាការរបស់ប្រទេសណាមួយឡើយ។ មធ្យោបាយស្របច្បាប់គឺ ការចូលរួមក្នុងដំណើរការកាត់ក្ដី និងផ្តល់ទឡ្ហីករណ៍ផ្លូវច្បាប់ ជាមួយភស្តុតាងរឹងមាំ ដើម្បីដោះបន្ទុក នៅក្រោមច្បាប់ និងនីតិវិធីតុលាការរបស់រដ្ឋពាក់ព័ន្ធ។

សូមជម្រាបថា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសថា អ្នកដឹកនាំសហជីពនៅកម្ពុជា កញ្ញា ឈឹម ស៉ីថរ គឺជាម្ចាស់ពានម្នាក់ក្នុងចំណោម ១០រូបជុំវិញសាកលលោក ដែលទទួលពានរង្វាន់អ្នកការពារ​សិទ្ធមនុស្សប្រចាំឆ្នាំ។ នេះបើតាមការផ្សាយ ដោយស្ថានទូតអាមេរិកប្រចាំកម្ពុជា។

សូមបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ឈឹម ស៉ីថរ មេក្លោងដឹកនាំបាតុកម្មខុសច្បាប់នៅក្រុមហ៊ុន Naga World នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកម៉ោងជាង១០ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីធ្វើដំណើរមកពីប្រទេសអូស្ត្រាលី ចូលមកកម្ពុជាវិញ។ ការចាប់ខ្លួននេះ គឺតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក អឹម វណ្ណៈ ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើយោងតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់នគរបាលជាតិ ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះ។

មន្រ្តីជាន់ខ្ពស់នគរបាលជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ថា «ពិតជាមានករណីឃាត់ខ្លួនមែនឈ្មោះ ឈឹម ស៉ីថរ តាមដីកាឃាត់ខ្លួនរបស់ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ទាក់ទងការគេចវេសមិនអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការ ពីព្រោះតុលាការបានចេញដីកាមួយឱ្យគាត់ (ឈឹម ស៉ីថរ) ស្ថិតនៅក្នុងដែន នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការតាមដាននិងត្រួតពិនិត្យ បើសិនជាគ្មានការអនុញ្ញាតពីតុលាការ គឺគាត់មិនមានសិទ្ធិចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជាទេ។ ប៉ុន្តែកាលពីថ្ងៃទី១៥ ខែវិច្ឆិកា គាត់បានចេញទៅប្រទេសអូស្រ្តាលី គឺគាត់បំពានសេចក្តីសម្រេចរបស់តុលាការ ដូច្នេះពេលចូលមកដល់កម្ពុជាវិញ កម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន»

សូមជំរាបថា កាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ឈ្មោះ ឈឹម ស៉ីថរ មេក្លោងដឹកនាំបាតុកម្មខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈដែលកំពុងតែដឹកនាំបាតុកម្មខុសច្បាប់នៅមុខស្ថានទូតអូស្ត្រាលី។ ការចាប់ខ្លួនពាក់ព័ន្ធនឹងការញុះញង់ ឱ្យមានការប្រមូលផ្តុំតវ៉ាដោយខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍៕

Fresh News

អត្ថបទទាក់ទង