ខ្មែរប៉ុស្ដិ៍ Close

វិស័យយានយន្ត និងអេឡិចត្រូនិក ជាវិស័យអាទិភាពមួយ ក្នុងទិសដៅប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលផលិតគ្រឿងបង្គុំយានយន្ត និងអេឡិចត្រូនិក

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានទូទៅ 58
វិស័យយានយន្ត និងអេឡិចត្រូនិក ជាវិស័យអាទិភាពមួយ ក្នុងទិសដៅប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលផលិតគ្រឿងបង្គុំយានយន្ត និងអេឡិចត្រូនិក វិស័យយានយន្ត និងអេឡិចត្រូនិក ជាវិស័យអាទិភាពមួយ ក្នុងទិសដៅប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលផលិតគ្រឿងបង្គុំយានយន្ត និងអេឡិចត្រូនិក

ដើម្បីឲ្យធាតុចូលដែលទទួលបាន នឹងក្លាយជាមូលដ្ឋានកាន់តែរឹងមាំបន្ថែមទៀត ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ដឹកនាំដោយលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការចូលរួមពី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងលេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) នៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សរុបចំនួនប្រមាណ១០០រូប។

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យពិភាក្សា និងប្រមូលធាតុចូលបន្ថែមពីក្រសួង ស្ថាប័នពាក់ព័ន្ធ លើសេចក្តីព្រាងផែនទីបង្ហាញផ្លូវ ដែលគណៈកម្មាធិការប្រតិបត្តិដឹកនាំដោយ ក.អ.ក. បានកែសម្រួល និងរៀបចំជាខេមរភាសា តាមការចង្អុលបង្ហាញរបស់ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ មុននឹងដាក់ឆ្លងកិច្ចប្រជុំ គ.ស.ហ. សាជាថ្មីនាពេលឆាប់ៗខាងមុខ។

លោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររបស់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនាពេលកន្លងមក ដែលបានចូលរួមផ្តល់ធាតុចូលក្នុងការរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវ ដ៏មានសារៈសំខាន់នេះឡើង ព្រោះរាជរដ្ឋាភិបាលបានកំណត់ យកវិស័យយានយន្ត និងអេឡិចត្រូនិក ជាវិស័យអាទិភាពដែលមានសក្តានុពល សម្រាប់ការចូលរួមទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកល ក៏ដូចជាការលើកកម្ពស់ ការធ្វើពិពិធកម្មសេដ្ឋកិច្ចផងដែរ។

នៅក្នុងកិច្ចប្រជុំនេះលោក នុត អ៊ុនវ័ណរ៉ា និងលោក លឹម វិសាល ប្រធាន និងអនុប្រធានលេខាធិការដ្ឋាន IDP នៃ ក.អ.ក បានធ្វើបទបង្ហាញលម្អិត ស្តីពីទម្រង់ និងខ្លឹមសារនៃសេចក្តីព្រាងផែនទីបង្ហាញផ្លូវ ដែលបានរៀបរាប់ពីសាវតារនៃការរៀបចំសេចក្តីព្រាង, សក្តានុពលរបស់វិស័យយានយន្ត និងអេឡិចត្រូនិក ក្នុងបរិបទនៃការអភិវឌ្ឍនៅកម្ពុជា, បញ្ហាប្រឈមក្នុងការអភិឌ្ឍវិស័យយានយន្ត និងអេឡិច-ត្រូនិកនៅកម្ពុជា និងវិធានការគន្លឹះ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ, យន្តការស្ថាប័នដឹកនាំអនុវត្តផែនទីបង្ហាញផ្លូវ ដើម្បីធានាប្រសិទ្ធភាពការងារ និងការកំណត់ពីក្រសួង ស្ថាប័នទទួលបន្ទុកការងារតាមដាន និងវាយតម្លៃផែនទីបង្ហាញផ្លូវ ជាដើម។

នៅក្នុងកិច្ចពិភាក្សា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធបានផ្តល់នូវធាតុចូលបន្ថែម លើសេចក្តីព្រាងព្រាងផែនទីបង្ហាញផ្លូវ និងបានបង្ហាញនូវជំហរគាំទ្រឯកសារនេះថា ពិតជាមានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងចូលរួមស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ស្របតាមមាគ៌ាដែលបានដាក់ចេញនៅក្នុង ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣។

ធាតុចូលដែលទទួលបាន នឹងក្លាយជាមូលដ្ឋានកាន់តែរឹងមាំបន្ថែមទៀត ក្នុងការកែសម្រួលសេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះ ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ ក្នុងទិសដៅប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលផលិតគ្រឿងបង្គុំយានយន្ត និងអេឡិចត្រូនិក ដើម្បីពង្រីកទីផ្សារនាំចេញទៅក្នុងតំបន់ និងសកលលោក។

លោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណ និងបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមផ្តល់ធាតុចូល និងបានកំណត់យកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ សម្រាប់ប្រមូលធាតុចូលចុងក្រោយ ដើម្បីទុកលទ្ធភាពឱ្យលេខាធិការដ្ឋាន IDP នៃ ក.អ.ក ពិនិត្យកែសម្រួល និងបញ្ចប់សេចក្តីពា្រងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជានេះ រួចដាក់ឆ្លងកិច្ចប្រជុំ គ.ស.ហ.មុននឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័ត៕

ប្រភព៖ Fresh News


អត្ថបទទាក់ទង