ខ្មែរប៉ុស្ដិ៍ Close

យល់ដឹងពីជំនួញ៖ អគ្គលេខាធិការ CDC បង្ហើបថា ច្បាប់វិនិយោគថ្មីអនុញ្ញាតឲ្យគណៈអភិបាលរាជធានី-ខេត្ត សម្រេចលើគម្រោងវិនិយោគកាន់តែទូលាយ និងដើមទុនធំជាងមុន (Video inside)

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 19
យល់ដឹងពីជំនួញ៖ អគ្គលេខាធិការ CDC បង្ហើបថា ច្បាប់វិនិយោគថ្មីអនុញ្ញាតឲ្យគណៈអភិបាលរាជធានី-ខេត្ត សម្រេចលើគម្រោងវិនិយោគកាន់តែទូលាយ និងដើមទុនធំជាងមុន (Video inside) យល់ដឹងពីជំនួញ៖ អគ្គលេខាធិការ CDC បង្ហើបថា ច្បាប់វិនិយោគថ្មីអនុញ្ញាតឲ្យគណៈអភិបាលរាជធានី-ខេត្ត សម្រេចលើគម្រោងវិនិយោគកាន់តែទូលាយ និងដើមទុនធំជាងមុន (Video inside)

(ភ្នំពេញ)៖ លោក សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូនាយករដ្ឋមន្រ្ដី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍ជនបទ (CDC) បានបង្ហើបឲ្យដឹងថា ច្បាប់វិនិយោគថ្មី នឹងអនុញ្ញាតឲ្យគណៈអភិបាលរាជធានី-ខេត្ត ពិនិត្យ និងសម្រេចលើគម្រោងវិនិយោគកាន់តែមានវិសាលភាពទូលាយជាងមុន និងមានដើមទុនលើសពី២លានដុល្លារ ដែលនេះជាដំណឹងមួយដ៏ល្អ ចំពោះអាជ្ញាធរថ្នាក់ក្រោមជាតិ និងអ្នកវិនិយោគនៅតាមបណ្ដាខេត្តផងដែរ។

បច្ចុប្បន្នច្បាប់វិនិយោគថ្មីនេះ មិនទាន់អនុម័តចូលជាធរមាននៅឡើយទេ គឺកំពុងស្ថិតក្នុងដំណាក់កាលនៃការរៀបចំ ដែលរំពឹងថា នឹងអនុម័តនៅឆមាសទី១ ឆ្នាំ២០២១នេះ។

លោក សុខ ចិន្ដាសោភា បញ្ជាក់យ៉ាងដូច្នេះថា ច្បាប់វិនិយោគថ្មីពាក់ព័ន្ធជាមួយសមត្ថកិច្ច របស់អាជ្ញាធរដែនដី របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យ CDC រៀបចំតួនាទីបន្ថែមជូនគណៈអភិបាលខេត្ត ពិនិត្យ និងសម្រេចលើគម្រោងវិនិយោគ។ បច្ចុប្បន្ននេះ CDC កំពុងរៀបចំលើកិច្ចការងារនេះ នេះជាដំណឹងដ៏ល្អមួយ។ រាជរដ្ឋាភិបាលបានខិតខំធ្វើកិច្ចការផ្ទេរ រុញ ប្រគល់អំណាច និងសិទ្ធិមួយចំនួនពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការចុះបញ្ជី និងការសម្រេចនានា។

លោកបានបញ្ជាក់ថា «ឥឡូវនេះពាក់ព័ន្ធការវិនិយោគ កន្លងទៅកម្ពុជាធ្លាក់មានហើយ អនុគណៈកម្មាធិការាជធានីខេត្ត-ក្រុង ទទួលបន្ទុកវិនិយោគនេះ។ ពីមុនគម្រោងដែលមានបរិមាណតូចជាង២លានដុល្លារ ប្រគល់ជូនដល់ថ្នាក់ក្រោមជាតិអ្នកសម្រេច ប៉ុន្ដែច្បាប់វិនិយោគថ្មីនេះនឹងកំណត់ធំជាងនេះ។ នេះជាព័ត៌មានល្អ ចំពោះអាជ្ញាធរថ្នាក់ក្រោមជាតិ និងអ្នកវិនិយោគនៅតាមបណ្ដាខេត្ត នេះជាគោលនយោបាយ របស់រាជរដ្ឋាភិបាលច្បាស់លាស់មួយ ក្នុងការរុញការសម្រេចឲ្យកៀកប្រជាពលរដ្ឋ»។

មន្រ្ដីជាន់ខ្ពស់រូបនេះ បានបង្ហាញពីជំហរដ៏រឹងមាំរបស់កម្ពុជា ដែលមិនមានការព្រួយបារម្ភ និងអសន្ដិសុខ សម្រាប់វិនិយោគិនបរទេសនោះឡើយ ដោយសារតែកម្ពុជាជាប្រទេសមានសុខសន្ដិភាព និងស្ថេរភាពនយោបាយយ៉ាងល្អ។

លោកអះអាងថា «សម្រាប់អ្នកវិនិយោគទាំងកម្ពុជា ទាំងបរទេស សូមមានជំនឿដល់រាជរដ្ឋាភិបាលកម្ពុជា ព្រោះការវិនិយោគ និងធុរកិច្ច។ កត្តាដែលវិនិយោគិនមកវិនិយោគនៅកម្ពុជា ដោយសារតែកម្ពុជាមានន្ដិភាព និងស្ថេរភាព ធ្វើឲ្យរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ កម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ ដោយទទួលបានលទ្ធផលជាទីគាប់ចិត្តគ្រប់គ្នា»។

លោកបានបន្ដថា ទាំងនេះជាគុណសម្បត្តិបានមកពីសុខសន្ដិភាព និងស្ថេរភាពដែលកើតមាន មកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក សុខ ចិន្ដាសោភា បានបន្ថែមថា សម្រាប់ជនបរទេសក៏គួរតែដឹងថា កម្ពុជាតែងតែខិតខំកែទម្រង់ កែលម្អ ដើម្បីឲ្យស្របនឹងតម្រូវការនៃធុរកិច្ចទំនើប មានន័យថា បច្ចុប្បន្ននេះមានប្រព័ន្ធផ្សព្វផ្សាយច្រើន និងព័ត៌មានផ្សេងអំពីកម្ពុជា ប៉ុន្ដែទោះជាយ៉ាងណាក៏នៅតែមានជនបរទេសមួយចំនួន គិតអវិជ្ជមានពីកម្ពុជាថា កម្ពុជាអសន្ដិសុខ ខ្វះនេះខ្វះនោះជាដើម។ ដើម្បីផ្សព្វផ្សាយអំពីភាពរឹងមាំ និងសុខសុវត្ថិភាពរបស់កម្ពុជានេះ លោក សុខ ចិន្ដាសោភា បានបង្ហាញថា កិច្ចការរបស់ CDC និងកិច្ចការរបស់ស្ថានទូត, ក្រសួងទេសចរណ៍ គឺផ្សព្វផ្សាយពីស្ថានភាពជាក់ស្ដែង របស់កម្ពុជានាពេលបច្ចុប្បន្ននេះ៕

ប្រភព៖ FreshNews

អត្ថបទទាក់ទង