អតិផរណានៅឡាវបានកើនដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ២២ ឆ្នាំកន្លងមកនេះ
នៅប្រទេសឡាវ អតិផរណានៅបន្តហក់ឡើងខ្លាំងហួសពីសមត្ថភាពគ្រប់គ្រង ដោយក្នុងនោះការិយាល័យស្ថិតិ (Statistics Bureau) របស់ឡាវ បានប្រកាសកាលពីសប្តាហ៍មុនថា «អតិផរណារបស់ប្រទេស បើធៀបនឹងឆ្នាំមុន បានកើនឡើងដល់ចំនួន ២៣,៦% នៅខែមិថុនា ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេល ២២ ឆ្នាំកន្លងមកនេះ»។
យោងតាមរបាយការណ៍មួយដែលចុះផ្សាយនៅក្នុងកាសែតរដ្ឋ Vientiane Times «សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (Consumer Price Index) កាលពីខែមុន បានហក់ឡើងខ្លាំងលើស ១២% ដែលជាអត្រាកំណត់របស់រដ្ឋាភិបាល»។ អត្រាអតិផរណាបានឈានហួសអត្រាកំណត់ហើយកាលពីខែមុន បន្ទាប់ពីបានឈានដល់ចំនួន ១២,៨%។
តួរលេខអតិផរណាដ៏គួរឱ្យព្រួយបារម្ភនេះ គឺជាសញ្ញាចុងក្រោយដែលបង្ហាញអំពីលទ្ធភាពនៃការកើតមានវិបត្តិសេដ្ឋកិច្ចដែលបន្តញាំញីសេដ្ឋកិច្ចរបស់ប្រទេសដែលកំពុងជាប់បំណុលវ័ណ្ឌកមួយនេះ។ នៅក្នុងពេលប៉ុន្មានខែថ្មីៗនេះ ប្រទេសឡាវបានជួបវិបត្តិផ្ទួនៗគ្នាដែលរួមមាន «ការឡើងថ្លៃប្រេង និងការធ្លាក់ចុះនៃតម្លៃរូបិយបណ្ណ» ដែលជាហេតុនាំមកនូវការកើនឡើងជាបន្តបន្ទាប់នៃតម្លៃថាមពល និងតម្លៃទំនិញប្រើប្រាស់។
តម្លៃរូបិយបណ្ណក្នុងស្រុកគឺប្រាក់គីប (Kip) បានដួលរលំ ហើយបើគិតត្រឹមខែកញ្ញាឆ្នាំមុនគឺ ១ ដុល្លារអាមេរិកអាចប្តូរបានប្រមាណតែ ៩ ៣០០ គីបប៉ុណ្ណោះ។ ក៏ប៉ុន្តែចាប់ពីពេលនោះមក អត្រានេះបានហក់ដល់ប្រមាណ ១៥ ០០០ គីប ក្នុង ១ដុល្លារ។ ជាលទ្ធផល កាសែត «Vientiane Times» បានរាយការណ៍ថា «តម្លៃប្រេងសាំងបានកើនឡើង ១០៧,១% ខណៈដែលតម្លៃឧស្ម័នបានកើនឡើង ៦៩,៤% ហើយតម្លៃមាសបានកើនឡើង ៦៨,៧% បើគិតត្រឹមខែមិថុនានេះ»។
កាសែតនេះក៏បានរាយការណ៍ផងដែរថា «តម្លៃម្ហូបអាហារ, គ្រឿងទេស, ភេសជ្ជៈក្រៅពីគ្រឿងស្រវឹង, សម្លៀកបំពាក់, ស្បែកជើង, ឱសថ, សម្ភារៈសំណង់, យានយន្ត, គ្រឿងបន្លាស់ និងទំនិញនាំចូលផ្សេងៗទៀត បានកើនឡើងក្នុងកម្រិតដ៏គួរឱ្យកត់សម្គាល់។ សម្ពាធកាន់តែធ្ងន់ធ្ងរទាំងនេះនឹងបន្តបង្កទុក្ខលំបាក និងការឈឺចាប់កាន់តែខ្លាំងថែមទៀតដល់ប្រជាជនឡាវ»។
វិបត្តិតម្លៃប្រេងអាចជាកត្តាកំណត់ដ៏ច្បាស់លាស់ជាងគេនៃការកើតមានវិបត្តិសេដ្ឋកិច្ច ដោយក្នុងនោះកាលពីខែឧសភា ម្ចាស់យានយន្តត្រូវនៅតម្រង់ជួរជាច្រើនម៉ោងនៅរដ្ឋធានីវៀងច័ន្ទន៍ដើម្បីចាក់សាំង ដោយសារតែកង្វះប្រេងឥន្ធនៈដែលបង្កឡើងដោយការខ្វះរូបិយបណ្ណបរទេសនៅក្នុងដៃរបស់រដ្ឋាភិបាល។ ខណៈដែលតម្លៃប្រេងម៉ាស៊ូតបានកើនឡើងដល់កម្រិតប្រហាក់ប្រហែលគ្នានឹងតម្លៃប្រេងសាំង វិបត្តិថាមពលបានបង្ខំឱ្យផលិតកម្មកសិកម្មផ្អាកដំណើរការ ដោយសារតែកសិករមិនមានលទ្ធភាពបន្តដំណើរការគ្រឿងម៉ាស៊ីនរបស់ពួកគេ។
ដូចគ្នានេះដែរ បញ្ហាប្រាក់បំណុលក៏កំពុងគំរាមកំហែងប្រទេសឡាវផងដែរ។ បច្ចុប្បន្ននេះ ប្រទេសឡាវមានបំណុលចំនួន ១៣,៣ ពាន់លានដុល្លារ ដែលជាបំណុលរដ្ឋ ហើយបំណុលភាគច្រើនត្រូវបានផ្តល់តាមរយៈហិរញ្ញប្បទានដល់ការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលភាគច្រើនត្រូវបានគាំទ្រដោយប្រទេសចិន ដោយក្នុងនោះរួមមានផ្លូវរថភ្លើងល្បឿនលឿន ដែលមានតម្លៃថ្លៃដែលតភ្ជាប់ទីក្រុងវៀងច័ន្ទន៍ទៅនឹងព្រំដែនប្រទេសចិន។
បន្ទាប់ពីវីរុសកូវីដ-១៩ បានវាយលុកលើប្រទេសឡាវនៅឆ្នាំ ២០២០ ទុនបម្រុងបរទេសរបស់ប្រទេសឡាវបានធ្លាក់ចុះកាន់តែខ្លាំង និងបានធ្វើឱ្យប្រទេសឡាវស្ថិតក្នុងហានិភ័យកាន់តែខ្ពស់នៃការមិនអាចមានលទ្ធភាពសងបំណុល។ David Hutt បានកត់សម្គាល់នៅក្នុងកាសែត «The Diplomat» នៅ ពេលថ្មីៗនេះថា «វិបត្តិសេដ្ឋកិច្ចឡាវនៅពេលនេះ កំពុងចាប់ផ្តើមបង្កផលប៉ះពាល់ដល់បរិយាកាសនយោបាយ»។
កាលពីខែមុន នាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh បានបង្ខំចិត្តរុះរើគណៈរដ្ឋមន្ត្រីរបស់លោក ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ចឡើងវិញ។ នៅថ្ងៃទី ០៦ មិថុនា លោក Phankham បានបង្កើតក្រុមការងារពិសេសមួយឱ្យទទួលបន្ទុកដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសឡាវ ជាពិសេសបញ្ហាកង្វះខាតប្រេងឥន្ធនៈ។
ចាប់តាំងពីពេលនោះមក វិបត្តិប្រេងឥន្ធនៈរបស់ប្រទេសឡាវមានភាពធូរស្រាលបន្តិច បន្ទាប់ពីរដ្ឋាភិបាលបានផ្តល់នូវឥណទានមួយចំនួនដល់ក្រុមហ៊ុននាំចូលប្រេងរបស់រដ្ឋ ដោយអនុញ្ញាតឱ្យពួកគេបង្កើនការនាំចូលប្រេងឱ្យបានគ្រប់គ្រាន់ដើម្បីអាចឱ្យប្រទេសឡាវបន្ត ដំណើរការរហូតដល់ចុងខែសីហា។
រដ្ឋាភិបាលឡាវក៏បានបង្កើនប្រាក់ឈ្នួលអប្បរមាជាតិដើម្បីជួយដល់អ្នកដែលរងផលប៉ះពាល់ខ្លាំងជាងគេពីការកើនឡើងនៅក្នុងការចំណាយប្រចាំថ្ងៃរបស់ពួកគេផងដែរ។ ប៉ុន្តែវិធានការទាំងនេះ គឺគ្រាន់តែជាវិធានការមួយចំណែកតូចប៉ុណ្ណោះ ដែលនឹងមិនអាចនាំមកនូវដោះស្រាយចំពោះបញ្ហាជាប្រព័ន្ធ ដែលសេដ្ឋកិច្ចកំពុងជួបប្រទះបាននោះទេ។
បញ្ហាជាប្រព័ន្ធរួមមានអំពើពុករលួយយ៉ាងរីកដុះដាល និងការគេចពន្ធ ដោយផ្អែកលើការសារភាពផ្ទាល់របស់រដ្ឋាភិបាលថា «វាបានបង្កការរីងស្ងួតដល់ប្រាក់ចំណូលរបស់រដ្ឋ និងបង្កផលប៉ះពាល់ដល់យុទ្ធសាស្ត្រអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ» ដែលជាហេតុធ្វើឱ្យប្រទេសឡាវមានភាពងាយរងគ្រោះទៅនឹងវិបត្តិពីខាងក្រៅ និងងាយជាប់បំណុលវ័ណ្ឌករបស់ម្ចាស់បំណុលតែមួយគឺប្រទេសចិន។
ច្បាស់ណាស់ រដ្ឋាភិបាលឡាវនឹងដាក់ចេញនូវវិធានការជាច្រើនថែមទៀតដើម្បីបញ្ជៀសផលប៉ះពាល់ដ៏អាក្រក់បំផុត ដែលបង្កឡើងដោយវិបត្តិទាំងនេះ។ ក៏ប៉ុន្តែដំណោះ ស្រាយរយៈពេលវែងសម្រាប់វិបត្តិសេដ្ឋកិច្ចរបស់ប្រទេសអាចនឹងមិនកើតមាននៅក្នុងពេលឆាប់ៗនេះទេ៕
The Diplomat