ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ព្រមានចាប់ខ្លួនជនណាដែលយកបញ្ហាកូវីដ-១៩ មកបង្ហោះលេងសើចបំពុលបរិយាកាស

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានទូទៅ 16
សម្តេចតេជោ ហ៊ុន សែន ព្រមានចាប់ខ្លួនជនណាដែលយកបញ្ហាកូវីដ-១៩ មកបង្ហោះលេងសើចបំពុលបរិយាកាស សម្តេចតេជោ ហ៊ុន សែន ព្រមានចាប់ខ្លួនជនណាដែលយកបញ្ហាកូវីដ-១៩ មកបង្ហោះលេងសើចបំពុលបរិយាកាស

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានចាប់ខ្លួនជនទាំងឡាយ ដែលយកបញ្ហាកូវីដ-១៩ មកបង្ហោះលេងសើច បំពុលបរិយាកាស តាមបណ្តាញសង្គម ដែលបានធ្វើឱ្យសាធារណជនមានការភ័យខ្លាច។

ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីអគ្គស្នងការដ្ឋាននគរបាលជាតិ ទើបនឹងចាប់ខ្លួន អ្នកលេង Tik Tok ម្នាក់ ដែលយករូបភាពអ្នកស្លាប់នៅខេត្តកោះកុង កាលពីពេលកន្លងទៅ មកបង្ហោះជាថ្មីហើយបំភ្លៃថា កម្ពុជាមានអ្នកទើបនឹងស្លាប់ដោយជំងឺកូវីដ-១៩ ខណៈដែលរយៈពេលជិត២ខែមកនេះ នៅកម្ពុជាពុំមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ នោះទេ។

ថ្លែងក្នុងពិធីលែងកូនត្រី និងត្រីមេពូជសរុបជាង ១លានក្បាល នៅក្នុងអាងត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ ខ្ញុំសូមព្រមានទុកជាមុន នរណាក៏ដោយ ដែលយកបញ្ហាកូវីដ ជាបញ្ហាលេងសើច បំពុលបរិយាកាសនឹងត្រូវបានចាប់ខ្លួន អាអូខុងនេះចាប់ខ្លួនហើយ វ៉ៃខ្នោះបាត់ទៅហើយ»។

ជនដែលត្រូវឃាត់ខ្លួននេះមានឈ្មោះ ហ៊ៅ អ៊ូខុង ជាសមាជិកគណបក្សភ្លើងទៀន រស់នៅក្នុងភូមិ ជើងអង ឃុំកណ្ដោលជ្រុំស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ជននេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅខេត្តត្បូងឃ្មុំ កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ តាមបណ្តឹងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ហើយបញ្ជូនមកកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ។

សម្តេចតេជោ ហ៊ុន សែន បានស្នើដល់អង្គការក្រៅរដ្ឋាភិបាល អង្គការសិទ្ធិមនុស្ស កុំឱ្យចាត់ទុកថា ករណីបង្ហោះបំភ្លៃបែបនេះ ជាសិទ្ធិបញ្ចេញមតិឱ្យសោះ ក៏ព្រោះតែការបង្ហោះព័ត៌មានក្លែងក្លាយនេះ បានធ្វើសាធារណជនមានការភិតភ័យ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា «អានេះវានៅត្បូងឃ្មុំ វាយករឿងនៅកោះកុងទៅបង្ហោះ ហើយខាងកោះកុងគេបដិសេធ បើអ្នកឯងមិនចង់ជាប់ខ្នោះទេអ្នកឯងកុំធ្វើរឿងអញ្ចឹង ព្រោះរឿងនេះមិនមែនរឿងលេងសើចទេ ការធ្វើឱ្យភ័យខ្លាចក្នុងចំណោមសាធារណជន មិនមែនជារឿងបញ្ចេញមតិទេ»

Fresh News

សម្តេចបានលើកឡើងថា ករណីដែលបង្ហោះបំភ្លៃអំពីស្ថានភាពកូវីដ-១៩ នឹងត្រូវចាប់ខ្លួនទាំងអស់ ដោយបញ្ជាក់ដូច្នេះថា៖ «ផុស១ចាប់១ ផុស២ចាប់២ ព្រោះរឿងនេះអត់មានលេងសើចទេ យើងអត់មានអ្នកជំងឺសូម្បី១នាក់ នៅក្នុងមន្ទីរពេទ្យ ហេតុអ្វីបានជាវាយករូបភាពដែលមនុស្សស្លាប់នៅកោះកុងតាំងពីណាពីណីមកបង្ហោះ បើយើងមិនចាប់ទើបមានន័យថា យើងមិនអនុវត្តច្បាប់ មិនមែនជាសិទ្ធិបញ្ចេញមតិទេ»

សម្តេចបានចោទសួរថា នៅលើពិភពលោកគឺនាំគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ចុះហេតុអ្វីក៏កម្ពុជា ប្រឆាំងមិនបាន។ សម្តេចបានចាត់ទុកថា ករណីនេះមិនអាចទទួលយកបានទេ ហើយក៏មិនអាចលើកលែងឱ្យបានដែរ។ សម្តេចបានបញ្ជាក់ថា ករណីល្មើសដោយបង្ហាញតាមប្រព័ន្ធបច្ចេកវិទ្យានេះ នឹងមិនរួចខ្លួនទេ បើជននោះនៅក្នុងប្រទេស។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ មានរយៈពេលជិត២ខែមកហើយ ដែលកម្ពុជា ពុំមានអ្នកឆ្លង និងអ្នកស្លាប់ដោយជំងឺកូវីដ-១៩ នោះឡើយ។ បន្ទាប់ពីគ្មានអត្រាឆ្លង និងស្លាប់ រយៈពេល៥២ថ្ងៃ ជាប់ៗគ្នា កម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ ឡើងវិញ រយៈពេល៣ថ្ងៃនេះ ប៉ុន្តែពុំមានអ្នកស្លាប់ដោយជំងឺនេះនោះឡើយ ហើយករណីឆ្លងទាំងនេះ ត្រូវបានអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះ៕ Fresh News

អត្ថបទទាក់ទង