Obama មិនចង់ប្រកួតប្រជែងធ្វើជាប្រធានាធិបតីកេនយ៉ាទេ
អត្ថបទដែលបានចុះថា អតីតមេដឹកនាំអាមេរិកលោក Barack Obama គ្រោងនឹងឈរឈ្មោះជាប្រធានាធិបតីនៅប្រទេសកេនយ៉ា ដែលជាប្រទេសកំណើតឪពុករបស់លោក ត្រូវបានចែករំលែករាប់សិបពាន់ដង ដោយអ្នកប្រើប្រាស់មួយចំនួន។ ទីភ្នាក់ងារ AFP មិនបានរកឃើញភ័ស្តុតាងណាមួយដែលបញ្ជាក់ថា លោក Obama បានប្រកាសបែបនេះទេ។
រឿងនេះដំបូងឡើយ ត្រូវបានចេញផ្សាយនៅថ្ងៃទី14 ខែមករា ឆ្នាំ2020 នៅលើគេហទំព័រ World News Daily Report ដែលដាក់ចំណងជើងថា «Barack Obama ប្រកាសពីបំណងឈរឈ្មោះជាប្រធានាធិបតីនៃប្រទេសកេនយ៉ានៅឆ្នាំ2021» និងរូបភាពរបស់គាត់ឈរនៅកណ្តាលហ្វូងមនុស្សជនជាតិអាហ្រ្វិកមួយជាមួយនិងឧឃោសនសព្ទ។
វេបសាយនេះក៏បានបញ្ជាក់ការបដិសេដផងដែរថា «WNDR សូមធ្វើការសន្មត់…រាល់ការទទួលខុសត្រូវនៃភាពត្លុកកំប្លែងនៃអត្ថបទ និងភាពប្រឌិតនៃខ្លឹមសារ។ តួអង្គទាំងអស់ដែលលេចចេញនៅក្នុងអត្ថបទនៅក្នុងគេហទំព័រនេះ បើទោះបីជាមនុស្សពិត គឺជាការប្រឌិតទាំងស្រុង ហើយភាពដូចគ្នារវាងពួកគេ និងមនុស្សណាមួយ កំពុងមានជីវិត ឬស្លាប់ គឺជាអព្ភូតហេតុមួយ»។
ការស្រាវជ្រាវលើគេហទំព័រ Crowdtangle ដែលជាគេហទំព័រវិភាគប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា រឿងរ៉ាវនេះត្រូវបានចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនភ្លាមៗ បន្ទាប់ពីវាត្រូវបានផ្សាយដំបូង។
ខណៈពេលដែលការបង្ហោះរឿងជាច្រើនបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងការចែកចាយរបស់ពួកគេថានេះជាត្លុកកំប្លែង (satire) តែអ្នកផ្សេងទៀតហាក់ដូចជាចែកចាយវាដោយចាត់ទុកវាជាព័ត៌មានពិត។
រឿងរ៉ាវនេះត្រូវបានចាត់ទុកថាជាការពិត ដោយគណនីព័ត៌មានតាមអុីនធើណេតជាច្រើន រួមមាន Naija Network News ដែលមានអ្នកតាមដានជាង 34,000នាក់។
តើគេបានរូបថតរបស់អូបាម៉ាដែលនិយាយនៅក្នុងចំណោមមនុស្សជាមួយនិងឧឃោសនសព្ទនោះមកពីណា?
រូបភាពរបស់ WNDR ដែលបង្ហាញថា លោក Obama កំពុងនិយាយទៅកាន់ហ្វូងមនុស្ស ត្រូវបានថតនៅក្នុងឆ្នាំ2006 នៅពេលដែលលោកបានធ្វើទស្សនកិច្ចនៅប្រទេសកេនយ៉ា ក្នុងនាមជាសមាជិកព្រឹទ្ធសភាអាមេរិក។ ប្រធានាធិបតីស្បែកខ្មៅដំបូងបង្អស់របស់សហរដ្ឋអាមេរិកមិនបានប្រកាសអំពីបំណងរបស់លោកក្នុងការឈរឈ្មោះនោះទេ។
តើលោកអូបាម៉ានឹងអាចឈរឈ្មោះប្រកួតប្រជែងតំណែងប្រធានាធិបតីនៅប្រទេសកេនយ៉ាបានដែរឬទេ?
យោងទៅតាមច្បាប់របស់ប្រទេសកេនយ៉ា មនុស្សម្នាក់មានលក្ខណៈគ្រប់គ្រាន់ដើម្បីឈរឈ្មោះជាប្រធានាធិបតីបាន ដរាបណាពួកគេជាពលរដ្ឋដែលកើតនៅកេនយ៉ា ហើយមិនមានសញ្ជាតិពីរ។ ដោយលោក Obama បានកើតនៅរដ្ឋហាវ៉ៃ និងជាជនជាតិអាមេរិកផងនោះ លោកនឹងមិនអាចឈរឈ្មោះបានទេ។
ប៉ុន្មានឆ្នាំមុនពេលឡើងកាន់តំណែង ប្រធានាធិបតីអាមេរិកបច្ចុប្បន្នគឺលោក Donald Trump បានផ្សព្វផ្សាយពីរឿងមិនពិតមួយដែលថា លោក Obama មិនបានកើតនៅសហរដ្ឋអាមេរិកទេ គឺកើតនៅប្រទេសកេនយ៉ា ដែលជាប្រទេសកំណើតរបស់ឪពុករបស់លោក។
លោក Trump បានបង្ហាញការសង្ស័យម្តងហើយម្តងទៀតថា តើលោកអូបាម៉ាជាពលរដ្ឋអាមេរិក ដែលមានដើមកំណើតពីកំណើត ដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីធ្វើជាប្រមុខរដ្ឋដែរឬទេ។ លោក Trump បានទទួលស្គាល់យ៉ាងច្បាស់នៅចុងយុទ្ធនាការប្រធានាធិបតីអាមេរិកឆ្នាំ2016 របស់លោកថា លោក Obama បានកើតនៅសហរដ្ឋអាមេរិក។
AFP