ខ្មែរប៉ុស្ដិ៍ Close

ដំណោះស្រាយផ្នែកផ្គត់ផ្គង់ចំពោះ ភាពជាប់គាំងនៃសេដ្ឋកិច្ច

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 70
ដំណោះស្រាយផ្នែកផ្គត់ផ្គង់ចំពោះ ភាពជាប់គាំងនៃសេដ្ឋកិច្ច ដំណោះស្រាយផ្នែកផ្គត់ផ្គង់ចំពោះ ភាពជាប់គាំងនៃសេដ្ឋកិច្ច

ត្រឹមតែជាង ២ ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីការកើតមានវិបត្តិកូវ-១៩ ដែលបានបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចពិភពលោកដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទី២មក សេដ្ឋកិច្ចពិភពលោកបាននិងកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ជាថ្មីម្តងទៀត។ នៅពេលនេះ ពិភពលោកកំពុងប្រឈមមុខនឹង «អត្រាអតិផរណាខ្ពស់ បូករួមនឹងកំណើនយឺត – Stagflation» ក្នុងពេលដំណាលគ្នាទៀតផង។

បើទោះជាវិបត្តិសេដ្ឋកិច្ចសកលត្រូវបានបញ្ចៀសក៏ដោយ ក៏ភាពរងគ្រោះពី «អត្រាអតិផរណាខ្ពស់ បូករួមនឹងការជាប់គាំង នៃសេដ្ឋកិច្ច – Stagflation» នៅតែអាចបន្តកើតមាននៅក្នុងរយៈពេលជាច្រើនឆ្នាំដែលអាចនាំមកនូវអស្ថិរភាពយ៉ាងខ្លាំងក្លាសម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។

បញ្ហានេះអាចដោះស្រាយបាន លុះត្រាណាតែការផ្គត់ផ្គង់ក្នុងទ្រង់ទ្រាយធំអាចកើនឡើង។ គេរំពឹងថា «កំណើនសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះនៅឆ្នាំ ២០២២ នេះ ចំពេលកំពុងកើតមានសង្រ្គាមនៅអ៊ុយក្រែន, ការកើនឡើងនៃអតិផរណា និងការកើនឡើងនៃអត្រាការប្រាក់»។

ការព្យាករណ៍ចុងក្រោយរបស់ធនាគារពិភពលោកបានឆ្លុះបញ្ចាំងអំពីការធ្លាក់ចុះក្នុងទំហំដ៏ធំ ពោលគឺធ្លាក់ចុះមកនៅត្រឹម ២,៩% ពីចំនួន ៥,៧% កាលពីឆ្នាំ ២០២១។ ការព្យាករណ៍នេះក៏បានឆ្លុះបញ្ចាំងអំពីការធ្លាក់ចុះជិត ១/៣ ផងដែរ ពីការព្យាករណ៍កាលពីខែមករា ឆ្នាំ ២០២២ ដែលមានចំនួន ៤,១%។

ការកើនឡើងនៃតម្លៃថាមពល និងម្ហូបអាហារ រួមជាមួយនឹងការរំខាននៅក្នុងផ្នែកផ្គត់ផ្គង់ និងការធ្វើពាណិជ្ជកម្មដែលបង្កឡើងដោយសង្រ្គាមនៅអ៊ុយក្រែន និងការដំឡើងអត្រាការប្រាក់ គឺសុទ្ធតែជាកត្តារួមចំណែកដែលនាំមកនូវការធ្លាក់ចុះបែបនេះ។

វិបត្តិកូវីដ-១៩ បានធ្វើឱ្យកំណើនប្រាក់ចំណូល និងការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដើរថយក្រោយយ៉ាងខ្លាំង ហើយការផ្ទុះឡើងនៃសង្រ្គាមនៅអ៊ុយក្រែន ក៏បាននាំមកនូវបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរសម្រាប់ប្រទេសជាច្រើន។ គេរំពឹងថា «ប្រទេសទាំងនេះនឹងមានកំណើនក្នុងរង្វង់ ៣,៤% ក្នុងឆ្នាំ ២០២២ នេះ ដែលស្ទើរតែស្មើនឹងពាក់កណ្តាលនៃអត្រាកំណើនក្នុងឆ្នាំ ២០២១ ក៏ដូចជាទាបជាងមធ្យមភាគកំណើនដែលទទួលបាននៅចន្លោះឆ្នាំ ២០១១ ដល់ ២០១៩»។

ស្រដៀងគ្នានេះដែរ ការព្យាករណ៍កំណើនសម្រាប់ប្រទេសដែលមានប្រាក់ចំណូលមធ្យមនៅឆ្នាំ ២០២២ ក៏ត្រូវបានបន្ទាបយ៉ាងខ្លាំងផងដែរ ពោលគឺថយចុះ ១,៣% បើធៀបទៅនឹងការព្យាករណ៍កាលពីខែមករា។ នៅក្នុង ៤០% នៃបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ប្រាក់ចំណូលពិតប្រាកដសម្រាប់មនុស្សម្នាក់ៗនៅឆ្នាំ ២០២៣ នឹងនៅតែទាបជាងអត្រាដែលធ្លាប់ទទួលបាននៅមុនពេលកើតមានវីរុសកូវីដ-១៩ ហើយសម្រាប់ប្រទេសជាច្រើន វិបត្តិសេដ្ឋកិច្ចនឹងពិបាកក្នុងការបញ្ចៀសណាស់។

ដោយសារការផ្គត់ផ្គង់ឧស្ម័នធម្មជាតិបានរងនូវការរឹតត្បិត ជាពិសេសសម្រាប់ការប្រើប្រាស់នៅក្នុងការផលិតជីកសិកម្ម និងអគ្គិសនីនៅក្នុងប្រទេសក្រីក្រ ការប្រកាសអំពីការបង្កើនការផលិតធំៗ នៅទូទាំងពិភពលោក នឹងមានសារៈសំខាន់ណាស់ក្នុងការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ។

គ្រោះថ្នាក់ដែលបណ្តាលមកពីអត្រាអតិផរណាដែលកើនលើសកម្រិតមធ្យម និងកំណើនសេដ្ឋកិច្ចដែលធ្លាក់ចុះទាបជាងកម្រិតមធ្យម នឹងបន្តកើតមាននៅក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀត ដែលនេះជារឿងដែលពុំធ្លាប់កើតមាននោះទេ ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ មក។ នៅចន្លោះឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤ គេបានព្យាករណ៍ថា «កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះ ២,៧% ហើយការធ្លាក់ចុះនេះទំនងជានឹងបន្តកើតមាននៅពេញមួយទសវត្សរ៍ ដោយសារភាពទន់ខ្យោយនៃការវិនិយោគនៅក្នុងតំបន់ភាគច្រើននៃពិភពលោក»។

បច្ចុប្បន្ននេះ ជាមួយនឹងអត្រាអតិផរណាដែលកំពុងស្ថិតក្នុងកម្រិតមួយដ៏ខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេលជាច្រើនទសវត្សរ៍នៅក្នុងប្រទេសជាច្រើន បូករួមនឹងការផ្គត់ផ្គង់កើនឡើងយឺត ហានិភ័យនៃទំនិញឡើងថ្លៃនឹងនៅតែបន្តកើតមានយូរជាងការរំពឹងទុក។ ជាងនេះទៅទៀត បំណុលសាធារណៈរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍក៏កំពុងស្ថិតក្នុងកម្រិតដ៏ខ្ពស់បំផុតផងដែរនៅពេលបច្ចុប្បន្ននេះ។

បំណុលសាធារណៈមួយភាគធំគឺជំពាក់ទៅលើវិស័យឯកជន ហើយភាគច្រើនក្នុងចំណោមនោះ គឺមានជាប់ពាក់ព័ន្ធទៅនឹងអត្រាការប្រាក់ប្រែប្រួល ដែលអាចនឹងកើនឡើងខ្ពស់ភ្លាមៗមួយរំពេច។ នៅពេលដែល
លក្ខខណ្ឌហិរញ្ញប្បទានជាសកលត្រូវបានរឹតបន្តឹង ហើយរូបិយបណ្ណក្នុងស្រុកកំពុងធ្លាក់ចុះតម្លៃ វិបត្តិបំណុលដែលពីមុនបានកើតមានតែនៅក្នុងបណ្ដាប្រទេសដែលមានប្រាក់ចំណូលទាប នៅពេលនេះក៏កំពុងរីករាល ដាលដល់បណ្តាប្រទេសដែលមានប្រាក់ចំណូលមធ្យមហើយដែរ។

ការដំឡើងអត្រាការប្រាក់នៅសហរដ្ឋអាមេរិក និងនៅបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនផ្សេងទៀត រួមជាមួយនឹងការកើនឡើងជាបន្តបន្ទាប់នៃការចំណាយលើការខ្ចីប្រាក់នៅទូទាំងពិភពលោក នឹងក្លាយជាបញ្ហាដ៏ធំមួយទៀត សម្រាប់ប្រទេសកំពុងអភិវឌ្ឍ។ លើសពីនេះ ក្នុងរយៈពេល ២ ឆ្នាំខាងមុខ ការគាំទ្រផ្នែកសារពើពន្ធនៅក្នុងឆ្នាំ ២០២០ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសរាតត្បាត នឹងមិនគ្រប់គ្រាន់នោះទេ។

នៅពេលដែលការដំឡើងអត្រាការប្រាក់ត្រូវបានផ្អាក នោះវានឹងមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយវិសមភាព និងបង្កើនប្រាក់ចំណូលឱ្យបានខ្ពស់សម្រាប់មនុស្សទាំងអស់គ្នា តាមរយៈការប្រើឧបករណ៍សារពើពន្ធ និងរូបិយវត្ថុដែលអាចជួយពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់, អាជីវកម្មខ្នាតតូច និងដំណើរការបែងចែកដើមទុន។

ប៉ុន្តែស្ថានភាពបច្ចុប្បន្នមានភាពខុសគ្នាពីស្ថានភាពកាលពី ទសវត្សរ៍ឆ្នាំ ១៩៧០ នៅក្នុងទម្រង់សំខាន់ៗ មួយចំនួន។ ប្រាក់ដុល្លារដែលបានចុះថោកយ៉ាងខ្លាំងកាលពីទសវត្សរ៍ឆ្នាំ ១៩៧០ នៅពេលឥឡូវនេះកំពុងមានហាងឆេងខ្ពស់។ តម្លៃប្រេងឆៅបានកើនឡើង ៤ ដងនៅចន្លោះឆ្នាំ ១៩៧៣-៧៤ និងបានកើនឡើងទ្វេដងក្នុងឆ្នាំ ១៩៧៩-៨០។

ប៉ុន្តែសព្វថ្ងៃនេះ ដោយអនុលោមទៅតាមលក្ខខណ្ឌដែលបានកែតម្រូវតាមកម្រិតអតិផរណា តម្លៃប្រេងឆៅបានកើនឡើងត្រឹមតែ ២/៣ ប៉ុណ្ណោះ បើធៀបទៅនឹងតម្លៃកាលពីឆ្នាំ ១៩៨០។ ជាទូទៅ តារាងតុល្យការ (Balance Sheet) របស់ស្ថាប័នហិរញ្ញវត្ថុសំខាន់ៗគឺមានភាពរឹងមាំជាងនៅទសវត្សរ៍ឆ្នាំ ១៩៧០។

ប្រទេសជាច្រើន នៅជុំវិញពិភពលោកក៏មានភាពបត់បែនជាងកាលពីទសវត្សរ៍ឆ្នាំ ១៩៧០ ផងដែរ ជាមួយនឹងរចនាសម្ព័ន្ធប្រាក់ឈ្នួល និងទីផ្សារការងាររឹងមាំជាងមុន ខណៈដែលអ្នកបង្កើតគោលនយោបាយក៏កំពុងស្ថិតក្នុងស្ថានភាពល្អប្រសើរនៅក្នុងពេលបច្ចុប្បន្នក្នុងការទប់ទល់នឹងការជាប់គាំងនៃសេដ្ឋកិច្ច (Stagflation)។

ក្របខណ្ឌគោលនយោបាយរូបិយវត្ថុមានភាពរឹងមាំជាងមុន ពោលគឺធនាគារកណ្តាលនៅក្នុងប្រទេសជឿនលឿន និងនៅបណ្ដាប្រទេសកំពុងអភិវឌ្ឍជាច្រើនកំពុងធ្វើប្រតិបត្តិការដូចគ្នា នៅក្រោមគោលការណ៍នៃស្ថិរភាពតម្លៃច្បាស់លាស់។ ប្រការនេះ រួមជាមួយនឹងការពិតដែលថា «បច្ចេកវិទ្យា និងដើមទុនដែលមានស្រាប់ អាចបង្កើនការផ្គត់ផ្គង់ក្នុងបរិមាណដ៏ច្រើនលើសលុប» អាចជួយកាត់បន្ថយបញ្ហាអត្រាអតិផរណានៅពេលអនាគត។

ការកាត់បន្ថយហានិភ័យនៃការជាប់គាំងនៃសេដ្ឋកិច្ច (Stagflation) នឹងតម្រូវឱ្យមានវិធានការជាក់លាក់ពីសំណាក់អ្នកបង្កើតគោលនយោបាយនៅទូទាំងពិភពលោក។ នៅក្នុងយុគសម័យនៃវិបត្តិជាសកល ដែលបានបន្តកើតឡើងក្នុងពេលដំណាលគ្នាបែបនេះ អ្នកបង្កើតគោលនយោបាយនៅគ្រប់ទិសទី នឹងត្រូវផ្តោតការខិតខំប្រឹងប្រែង របស់ពួកគេលើវិស័យសំខាន់ៗចំនួន ៥ ដូចខាងក្រោម៖

ទី(១) ៖ ពួកគេ​ត្រូវតែ​កាត់បន្ថយកម្រិតហានិភ័យនៅក្នុងចំណោម​ប្រជាជន​ដែល​រងគ្រោះ​ដោយ​សារសង្គ្រាម​នៅ​អ៊ុយក្រែន។ ប្រការនេះនឹងតម្រូវឱ្យមានការសម្របសម្រួលនៅក្នុងការឆ្លើយតបទៅនឹងវិបត្តិ ដែលរួមមានទាំងការផ្តល់ស្បៀងអាហារជាបន្ទាន់, ការផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត និងជំនួយហិរញ្ញវត្ថុទៅកាន់តំបន់ដែលត្រូវបានហែកហួរដោយសង្រ្គាម ក៏ដូចជាការចែករំលែកទីកន្លែងស្នាក់នៅ, ការផ្តល់ការគាំទ្រ និងការ
បម្លាស់ទីជនភៀសខ្លួន និងការគិតគូរដល់ជនភៀសខ្លួននៅផ្ទៃក្នុងប្រទេស។

ទី(២) ៖ អ្នកបង្កើតគោលនយោបាយត្រូវតែត្រៀមទប់ទល់នឹងការកើនឡើងនៃតម្លៃប្រេង និងម្ហូបអាហារ។ វាគឺជារឿងចាំបាច់ណាស់ក្នុងការជំរុញការផ្គត់ផ្គង់អាហារសំខាន់ៗ និងទំនិញទាក់ទងនឹងថាមពល។ ប្រទេសទាំងអស់គួរតែដាក់ចេញនូវបណ្តាញសុវត្ថិភាពសង្គម និងត្រូវចៀសវាងការរឹតបន្តឹងលើការនាំចេញនិងនាំចូល ដែលអាចធ្វើឱ្យទំនិញកាន់តែឡើងថ្លៃ។

ទី​(៣) ៖ តម្រូវការ​​ក្នុង​ការ​បង្កើន​កិច្ចខិតខំប្រឹងប្រែង​ក្នុងការដោះស្រាយ​បំណុលគឺមានភាពបន្ទាន់ខ្លាំងណាស់។ ភាពងាយរងគ្រោះពីបំណុលមានសភាពធ្ងន់ធ្ងរណាស់សម្រាប់បណ្តាប្រទេសដែលមានប្រាក់ចំណូលទាប ហើយនៅពេលដែលបញ្ហាបំណុលបានរីករាលដាលទៅដល់បណ្តាប្រទេសដែលមានប្រាក់ចំណូលមធ្យម នោះហានិភ័យចំពោះសេដ្ឋកិច្ចពិភពលោកនឹងកើនឡើង។

ទី​(៤) ៖ មន្ត្រី​គ្រប់រូបត្រូវ​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​វីរុស​កូវីដ-១៩។ ការពង្រីកកិច្ចខិតខំប្រឹងប្រែងបង្កើតភាពស៊ាំនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប បូករួមទាំងការចាក់វ៉ាក់សាំងកូវីដ-១៩ គួរតែជារឿងអាទិភាពខ្ពស់ជាសកល។

ទី(៥) ៖ ការផ្លាស់ប្តូរទៅប្រភពថាមពលកាបូនទាបត្រូវតែពន្លឿន។ ការកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលនឹងតម្រូវឱ្យមានការវិនិយោគបន្ថែមទៀតនៅក្នុងបណ្តាញអគ្គិសនី, ប្រភពថាមពលស្អាត និងការបង្កើនប្រសិទ្ធភាពថាមពល។ អ្នកបង្កើតគោលនយោបាយជាតិគួរតែបង្កើតក្របខណ្ឌច្បាប់ស្តីពីអាកាសធាតុឆ្លាតវៃ, កែសម្រួលរបៀបរបប នៃការលើកទឹកចិត្ត និងពង្រឹងបទប្បញ្ញត្តិនៃការប្រើប្រាស់ដីធ្លី។

ការស្ដារឡើងវិញ នូវវិបុលភាពរយៈពេលវែងគឺអាស្រ័យលើកំណើនសេដ្ឋកិច្ច ដែលបន្តទៅមុខកាន់តែលឿនជាងមុន និងដែលកាន់តែមានស្ថិរភាពជាងមុន បូករួមទាំងបរិយាកាសនៃគោលនយោបាយដែលផ្អែកលើច្បាប់។ វាអាចទៅរួចដែលថា «កិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសេដ្ឋកិច្ចអ៊ុយក្រែនឡើងវិញ និងការកើនឡើងវិញនៃសេដ្ឋកិច្ចពិភពលោក នឹងកើនឡើងទ្វេដង នៅពេលដែលសង្រ្គាមនៅអ៊ុយក្រែនត្រូវបានបញ្ចប់»។

ក្នុងពេលជាមួយគ្នានេះ អ្នកបង្កើតគោលនយោបាយត្រូវតែកាត់បន្ថយនូវការគំរាមកំហែងផ្សេងៗទៀតនៅជុំវិញពិភពលោក ដូចជាការឡើងថ្លៃតម្លៃអាហារ និងថាមពល, ការបង្កើនសម្ពាធលើការជាប់គាំងនៃសេដ្ឋកិច្ច, ការជំពាក់បំណុលវ័ណ្ឌក, ការកើនឡើងនៃវិសមភាពនិងអស្ថិរភាព ព្រមទាំងហានិភ័យជាច្រើនទៀតដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ៕ Project Syndicate

អត្ថបទទាក់ទង