ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាទាត់ចោលសេចក្តីថ្លែងការណ៍អាមេរិក ដែលចោទប្រកាន់ថា ខ្លួនកំពុងឈានទៅរកការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីឱ្យមានទ័ពបរទេសលើទឹកដី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 28
កម្ពុជាទាត់ចោលសេចក្តីថ្លែងការណ៍អាមេរិក ដែលចោទប្រកាន់ថា ខ្លួនកំពុងឈានទៅរកការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីឱ្យមានទ័ពបរទេសលើទឹកដី កម្ពុជាទាត់ចោលសេចក្តីថ្លែងការណ៍អាមេរិក ដែលចោទប្រកាន់ថា ខ្លួនកំពុងឈានទៅរកការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីឱ្យមានទ័ពបរទេសលើទឹកដី

អ្នកនាំពាក្យក្រសួងការពារជាតិ និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ បានច្រានចោលព្រមៗគ្នានូវសេចក្តីថ្លែងការណ៍មួយរបស់ស្ថាប័នចារកម្មជាតិសហរដ្ឋអាមេរិក ដែលបានចោទប្រកាន់ចំពោះ សភាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាពេលនេះថា កំពុងត្រួសត្រាយផ្លូវឆ្ពោះទៅរកការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដី។

ការប្រតិកម្មរបស់អ្នកនាំពាក្យសំខាន់ៗនៅកម្ពុជា បានធ្វើឡើងបន្ទាប់ពី ស្ថាប័នចារកម្មជាតិរបស់សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីការវាយតម្លៃការគំរាមកំហែង​ទូទាំងពិភពលោក ក្នុងឆ្នាំ២០១៩ ក្នុងនោះក៏មានការចោទប្រកាន់ចំពោះប្រទេសមួយចំនួនដែលមិនមែនជាសម្ព័ន្ធជាមួយអាមេរិកផងដែរ។ របាយការណ៍នេះ បានចោទប្រកាន់កម្ពុជាថា «ចលនាឆ្ពោះទៅរករបបផ្ដាច់ការរបស់ប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងកម្រិតមួយដ៏ខ្ពស់ ហើយក្រោមការកាន់អំណាច និងគ្រប់គ្រង សភាជាតិទាំងពីគណបក្សប្រជាជនកម្ពុជា បាននិងកំពុងត្រួសត្រាយផ្លូវទៅកាន់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលអាចនឹងអនុញ្ញាត ឱ្យមានវត្តមានយោធាចិននៅលើទឹកដីកម្ពុជា»។

នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ អះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា របាយការណ៍នេះគឺផ្ទុយទាំងស្រុងនូវនឹងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកអះអាងថា កម្ពុជាស្រលាញ់សន្តិភាព នឹងមិនធ្វើសកម្មភាពណាមួយ ដែលប៉ះពាល់ដល់ឯករាជ្យរបស់ខ្លួននោះឡើយ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រជាជនកម្ពុជា ស្រលាញ់សន្តិភាពដែលស្វះស្វែងរកមកដោយលំបាក ហើយឆ្លងកាត់សង្រ្គាមរាប់សិបឆ្នាំ យើងមិនធ្វើសកម្មភាពណាដែលប្រឆាំងរដ្ឋធម្មនុញ្ញ នាំឱ្យប្រទេសមានភាពវឹកវរសាជាថ្មីឡើយ។ កម្ពុជា មិនមានភាពចាំបាច់ដែលត្រូវឱ្យមានមូលដ្ឋានទ័ពបរទេស នៅលើទឹកដីរបស់ខ្លួននោះទេ ហើយកម្ពុជាក៏មិនចាំបាច់ធ្វើវិសោធនកម្ម ដើម្បីឱ្យទ័ពបរទេសដាក់មូលដ្ឋានដូចការចោទប្រកាន់នោះឡើយ»។

លោកបានបញ្ជាក់ទៀតថា សម្តេចតេជោ ហ៊ុន សែន ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍បញ្ជាក់ជំហរយ៉ាងច្បាស់ហើយថា ទោះជាពេលនេះកម្ពុជាមានលទ្ធភាពកែប្រែរដ្ឋធម្មនុញ្ញក៏ដោយ ក៏សម្តេចប្រកាសជាមុនមិនកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេស ឬបញ្ជូនយោធាកម្ពុជាទៅក្រៅប្រទេស ក្រៅពីបេសកកម្មជាមួយអង្គការសហប្រជាជាតិនោះដែរ។ ជាមួយគ្នានេះ លោកបានព្រមានសហរដ្ឋអាមេរិក ត្រូវបញ្ឈប់ការចោទប្រកាន់ដោយគ្មានហេតុផល មកលើប្រទេសកម្ពុជា ហើយត្រូវគោរពអធិបតេយ្យភាព និងឯករាជ្យភាពរបស់ប្រទេសកម្ពុជា។

ដោយឡែក លោក សុខ ឥសាន អ្នកនាំពាក្យរបស់គណបក្សកាន់អំណាច បានលើកឡើងថា កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវខ្លឹមសារនៃរដ្ឋធម្មនុញ្ញ រក្សាកម្ពុជាមួយដែលអព្យាក្រឹត្យ ហើយមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេស លើទឹកដី។ លោកបានបន្តថា កន្លងទៅកម្ពុជាបានបញ្ជាក់រួចហើយជុំវិញជំហររបស់ខ្លួននេះ ហើយថាអាមេរិកមានសិទ្ធិនិយាយ ហើយកម្ពុជាក៏មានសិទ្ធិបញ្ជាក់ការពិតដែរ ដែលនេះគឺជាជំហរច្បាស់លាស់របស់យើង។

មាត្រា៥៣ថ្មី នៃរដ្ឋធម្មនុញ្ញ បានបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនហើយក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌនៃសំណូមពរ របស់អង្កការសហប្រជាជាតិ។ កម្ពុជា រក្សាសិទ្ធិទទួលយកជំនួយបរទេសដោយសម្ភារៈយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺនកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួន និងធានាសណ្តាប់ធ្នាប់ប និងសន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស។

ក្នុងពិធីបើកជាផ្លូវការនូវបុណ្យសមុទ្រលើកទី៧ ក្នុងខេត្តកោះកុង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាគ្មានមូលដ្ឋានទ័ពបរទេសនោះទេ ហើយអ្នកដែលមានការសង្ស័យ អាចមើលជាក់ស្តែងតាមផ្កាយរណបបាន។ សម្តេចក៏បានបញ្ជាក់ដែរថា ទោះបីសម្តេចមានលទ្ធភាពកែប្រែរដ្ឋធម្មនុញ្ញក៏ដោយ ក៏សម្តេចប្រកាសមិនកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេស ឬបញ្ជូនយោធាកម្ពុជាទៅក្រៅប្រទេស ក្រៅពីបេសកកម្មជាមួយអង្គការសហប្រជាជាតិឡើយ។

កន្លងទៅ លោក Mike Pence អនុប្រធានាធិបតីអាមេរិក រួមទាំងសារព័ត៌មានបរទេសមួយចំនួន បង្ហាញការសង្ស័យថាមានមូលដ្ឋានទ័ពបរទេសនៅកម្ពុជាផងដែរ បន្ទាប់ពីឃើញទេសចរចិន និងវិនិយោគិនចិន កាន់តែច្រើន ចូលមកប្រទេសកម្ពុជា។ ប៉ុន្តែព័ត៌មានទាំងនេះ ត្រូវបានបញ្ជាក់ និងបំភ្លឺដោយប្រមុខរាជរដ្ឋាភិបាល និងបណ្តាក្រសួងពាក់ព័ន្ធរួចហើយផងដែរ៕

 

ប្រភព៖ Fresh News