ខ្មែរប៉ុស្ដិ៍ Close

គ.ជ.ប សម្រេចដាក់ពាក្យប្តឹងលោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងឲ្យធ្វើលិខិតសុំទោសជាសាធារណៈ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 54
គ.ជ.ប សម្រេចដាក់ពាក្យប្តឹងលោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងឲ្យធ្វើលិខិតសុំទោសជាសាធារណៈ គ.ជ.ប សម្រេចដាក់ពាក្យប្តឹងលោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងឲ្យធ្វើលិខិតសុំទោសជាសាធារណៈ

នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ លោក ឌឹម សុវណ្ណារុំ ភេទប្រុស សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និង សោម សូរីដា ភេទប្រុស អគ្គលេខាធិការរង គ.ជ.ប ជាតំណាងឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យប្តឹងលោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងស្នើឲ្យធ្វើលិខិតសុំទោសជាសាធារណៈ។

នៅក្នុងពាក្យបណ្តឹងដែលដាក់ចូលទៅកាន់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអះអាងថា សុំប្ដឹងឈ្មោះ សុន ឆ័យ ភេទប្រុស កើតនៅថ្ងៃទី ០១ ខែមករា ឆ្នាំ១៩៥៦ ជនជាតិខ្មែរ មានអាសយដ្ឋានផ្ទះលេខ៤០ ផ្លូវលេខ ៥៦៨ ភូមិ២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ក្នុងកម្មវិធីនៃកិច្ចសម្ភាសន៍ជាមួយ សារព័ត៌មានអនឡាញ IDEA TALK នៃសារព័ត៌មាន Cambodia Daily។

ពាក្យបណ្តឹងបានរៀបរាប់អំពីអង្គហេតុថា កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ក្នុងពេលសម្ភាសន៍ នៅនាទី ១០:២៣ ដល់នាទី ១០:៣១ ឈ្មោះ សុន ឆ័យ បានឆ្លើយតបទៅនឹងសំណួររបស់ឈ្មោះ តាំង សារ៉ាដា ដោយមាន ខ្លឹមសារថា “…លទ្ធផលនេះ មិនឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋទេ វាមានការបំភ័យ វាមានការទិញ វាមានការលួច បាននៅសល់ប៉ុណ្ណឹង…”។ នៅនាទី ១៣:២៤ ដល់ ១៣:៣៣ “…យើងមិនចង់ប្រៀបធៀបដូចចោរលួចគោទេ ដូចយើងនិយាយអញចឹង ចោរលួចគោ បើវាលួចគោបីហើយ យើងម៉េចមិនឲ្យវាលួចទាំង៥ទៅ។ ហើយនៅនាទី ១៤:២២ ដល់នាទី ១៤:៥៥ ឈ្មោះ សុន ឆ័យ បានបន្តថា “…មិនមែនដោយសារគណបក្សប្រឆាំងឡាំប៉ានោះទេ ចេះនិយាយនោះទេ គេមានបច្ចេកទេស គេមានភស្តុតាង គេមានប្រធានភូមិនៅណា កត់អ្វីខ្លះ ទាហាននៅត្រង់ណា ក្បែរកន្លែងបោះឆ្នោតហ្នឹងយកទាហានឱ្យដើរគគ្រឹកគគ្រេង ទាំងយប់នឹង ធ្វើអ្វីខ្លះនឹង ស្អីៗនឹងគេដឹង ដូច្នេះខ្ញុំថា វាអត់ត្រឹមត្រូវ អត់យុត្តិធម៌ គ.ជ.ប មិនឯករាជ្យ ហើយលទ្ធផលវាមិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋពិតប្រាកដទេ។

ផ្អែកតាមខ្លឹមសារដែលឈ្មោះ សុន ឆ័យ បានឆ្លើយក្នុងកិច្ចសម្ភាសន៍ខាងលើ ឈ្មោះ សុន ឆ័យ បានចោទប្រកាន់បំភ្លៃខុសពីការពិតថា “…លទ្ធផលនេះមិនឆ្លុះបញ្ចាំងពីឆន្ទៈ ប្រជាពលរដ្ឋទេ…វាមានការលួច …ចោរលួចគោអស់ ៣ នៅសល់ ២ យើងឱ្យចោរមកលួច ២ ទៀត មានអ្នកណាធ្វើបែបហ្នឹងកើត …វាអត់ត្រឹមត្រូវ អត់យុត្តិធម៌ គ.ជ.ប មិនឯករាជ្យ…”។ ការលើកឡើងនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័ន គ.ជ.ប ដែលត្រូវបំពេញភារកិច្ចការងារ ដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។

ពាក្យបណ្តឹងរបស់តំណាង គ.ជ.ប បានស្នើឲ្យ, ទី១៖ ផ្ដន្ទាទោសឈ្មោះ សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមបញ្ញត្តិមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ទី២៖ ឱ្យឈ្មោះ សុន ឆ័យ ធ្វើលិខិតសុំទោស គ.ជ.ប ជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈ៕

អត្ថបទទាក់ទង