ខ្មែរប៉ុស្ដិ៍ Close

លិខិតចំហពីអតីតគណនាយក និងជាប្រធានគណបក្សសង្គ្រោះជាតិថ្នាក់ខេត្ត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 125
លិខិតចំហពីអតីតគណនាយក និងជាប្រធានគណបក្សសង្គ្រោះជាតិថ្នាក់ខេត្ត លិខិតចំហពីអតីតគណនាយក និងជាប្រធានគណបក្សសង្គ្រោះជាតិថ្នាក់ខេត្ត

នាព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២២ នេះ ទំព័រហ្វេសប៊ុកឈ្មោះ «យុត្តិធម៌សង្គម» បានបង្ហោះផ្សាយនូវលិខិតចំហមួយច្បាប់របស់អតីតគណនាយក និងជាប្រធានគណបក្សសង្គ្រោះជាតិ ដែលមានខ្លឹមសារដូចខាងក្រោម៖

ក្នុងនាមខ្ញុំជាអតីតគណនាយកនិងជាប្រធានគណបក្សសង្គ្រោះជាតិថ្នាក់ខេត្ត និងដែលបានចូលរួមស្តាប់ការសំណេះសំណាលនៅពេលថ្មីៗ នេះក្រោមអធិបតីភាពឯកឧត្តម ប្រធាន កឹម សុខា ខ្ញុំសូមជម្រាបជូនមកសមាជិក សមាជិកា និងបងប្អូនប្រជាពលរដ្ធដែលគាំទ្រអតីតគណបក្សសង្គ្រោះជាតិដែលមាន ឯកឧត្តម កឹម សុខា ជាប្រធាន ដូចតទៅ :

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ និងជាពិសេសនៅក្នុងរយៈពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ នេះ មានមេដឹកនាំ បេក្ខជន និងសកម្មជនមួយចំនួនរបស់គណបក្សភ្លើងទៀនបានលួចបន្លំប្រើប្រាស់ឈ្មោះគណបក្សសង្គ្រោះជាតិដើម្បីធ្វើការបោកប្រាស់ ភូតកុហក និងបំភាន់ថា គណបក្សភ្លើងទៀន និងគណបក្សសង្គ្រោះជាតិ «គឺតែមួយ» ពោលគឺគណបក្សភ្លើងទៀន គឺជាគណបក្សសង្គ្រោះជាតិ។

ជំនួសមុខអោយឯកឧត្តមប្រធាន កឹម សុខា ខ្ញុំសូមបដិសេធចោលទាំងស្រុងចំពោះការលើកឡើងអះអាងបោកប្រាស់ដ៏ថោកទាប និងដោយគ្មានការអៀនខ្មាសបែបនេះ ព្រោះឯកឧត្តមប្រធាន កឹម សុខាកំពុងតែបន្តធ្វើការតស៊ូដោយមានការគាំទ្រ និងលើកទឹកចិត្តយ៉ាងសកម្មពីសហគមន៍អន្តរជាតិដើម្បីទាមទារអោយគណបក្សសង្គ្រោះជាតិអាចដំណើរការឡើងវិញបានដោយស្របច្បាប់។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម កឹម សុខា ក៏ធ្លាប់បានប្រកាសជាសាធារណៈរួចហើយដែរថា គាត់មិនជាប់ពាក់ព័ន្ធអ្វីជាមួយ សម រង្ស៊ី ទៀតនោះទេ! ដូច្នោះសូមកុំយកឈ្មោះរបស់គាត់ទៅបម្រើផលប្រយោជន៍របស់បក្សខ្លួនទៀតឱ្យសោះ ជាពិសេសឈ្មោះគណបក្សសង្គ្រោះជាតិដែលឯកឧត្តម កឹម សុខា ជាប្រធាន។

ម៉្យាងវិញទៀត នៅក្នុងរាល់ពិធីសំណេះសំណាលជាបន្តបន្ទាប់ជាមួយថ្នាក់ដឹកនាំនិងសកម្មជនអតីតបក្សសង្គ្រោះជាតិនៅតាមបណ្តាខេត្ត ឯកឧត្តមប្រធាន កឹម សុខា ក៏តែងតែបានលើកឡើងយ៉ាងច្បាស់ថា «គាត់មិនដែលក្បត់ឆន្ទៈរាស្ត្រ និងមិនដែលរត់ចោលស្រុកដូចអ្នកខ្លះ (ដែលគាត់ចង់សំដៅទៅលើ សម រង្ស៊ី និងបក្ខពួក) ហើយបើត្រូវធ្វើអ្វី គឺគាត់ចេញមុខដឹកនាំធ្វើដោយផ្ទាល់…»។

ហើយថ្មីៗនេះ កូនស្រីរបស់លោកប្រធាន កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ក៏បានសរសេរបង្ហោះនៅក្នុង Twitter របស់ខ្លួន ដោយបានបញ្ជាក់យ៉ាងច្បាស់ថា «ការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០២២ នេះ គ្មានវត្តមាននៃមេដឹកនាំរបស់បក្សសង្គ្រោះជាតិដែលនៅក្នុងប្រទេសកម្ពុជាចូលរួមនោះទេ»។

ដូច្នេះ សូមសមាជិក សមាជិកា និងបងប្អូនប្រជាពលរដ្ធដែលគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ជាពិសេសគាំទ្រលោកប្រធាន កឹម សុខា សូមកុំចាញ់បោកកាេឃោសនាបោកប្រាស់របស់មេដឹកនាំ ក៏ដូចជាបេក្ខជន និងសកម្មជនបក្សភ្លើងទៀនអោយសោះដែលដើរនិយាយអួតអាងថា បក្សភ្លើងទៀន និងបក្សសង្គ្រោះជាតិគឺ «តែមួយ» នោះ ព្រោះនេះគឺជាការភូតកុហកដ៏ឥតអៀនខ្មាស និងបំភាន់ការពិតទាំងស្រុង។

ហើយកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺចេតនាទុច្ចរិទ្ធនៃការឃោសនាដែលថា «បក្សភ្លើងទៀន និងបក្សសង្គ្រោជាតិគឺតែមួយ» នឹងធ្វើអោយលោកប្រធាន កឹម សុខា កាន់តែពិបាកក្នុងការប្រឈមមុខដោះស្រាយខាងផ្លូវច្បាប់ ដើម្បីដោះបន្ទុកសំរាប់ខ្លួនគាត់ផងនិងការដំណើរការឡើងវីញនៃបក្សសង្គ្រោះជាតិផង។

អត្ថបទទាក់ទង