ខ្មែរប៉ុស្ដិ៍ Close

​តើអាស៊ានអាចទទួលបានផលប្រយោជន៍ពីការជំរុញកសិកម្មបៃតងរបស់អឺរ៉ុបដែរឬទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 65
​តើអាស៊ានអាចទទួលបានផលប្រយោជន៍ពីការជំរុញកសិកម្មបៃតងរបស់អឺរ៉ុបដែរឬទេ? ​តើអាស៊ានអាចទទួលបានផលប្រយោជន៍ពីការជំរុញកសិកម្មបៃតងរបស់អឺរ៉ុបដែរឬទេ?

ដោយសារវិស័យផលិតកម្មនិងទេសចរណ៍បានដួលរលំក្នុងរយៈពេល ៣ ឆ្នាំ ដោយសារជំងឺរាតត្បាតកូវីដ-១៩ រដ្ឋាភិបាលនៅអាស៊ីអាគ្នេយ៍ជាច្រើនបានដឹងខ្លួនថា ពួកគេត្រូវការបញ្ចូលសាច់ប្រាក់បន្ថែមទៀតទៅក្នុងវិស័យកសិកម្មដែលខ្វះខាតមូលនិធិ និងដែលមានតម្លៃទាបរបស់ពួកគេ។

ឥឡូវនេះកិច្ចខិតខំប្រឹងប្រែងនោះបានហុចផលជាផ្លែផ្កាហើយ ដោយក្នុងនោះវិស័យកសិកម្មនៅកម្ពុជាបានកើនឡើងប្រហែល ៦% ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ បើធៀបនឹងឆ្នាំ ២០១៩។ កាល​ពី​ឆ្នាំ​មុន ការ​នាំ​ចេញ​កសិផល​របស់​វៀតណាម​បាន​កើន​ឡើងដល់កំណត់ត្រាមួយខ្ពស់បំផុតក្នុងរង្វង់ ៩,៣% ពោលគឺមានទំហំប្រមាណ ៥២,៣ ពាន់​លាន​ដុល្លារ។

បើទោះបីជាមានការរីកចម្រើនយ៉ាងគាប់ប្រសើរនៅក្នុងវិស័យនេះក៏ដោយ វាក៏មានការបារម្ភនៅក្នុងនោះផងដែរ។ វិស័យនេះ​គឺ​បាន​រួម​ចំណែក​យ៉ាងសំខាន់​ដល់ការប្រែប្រួល​អាកាសធាតុ​ក្នុង​តំបន់។ ធនាគារពិភពលោកបានប៉ាន់ប្រមាណថា វិស័យកសិកម្មនៅវៀតណាមបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួន ១៩% នៃទំហំបំភាយសរុបរបស់ប្រទេសនេះក្នុងឆ្នាំ ២០២០ ដែលជាកម្រិតមួយខ្ពស់បំផុតទី២ ក្នុងចំណោមវិស័យទាំងអស់។

ហើយ​ទីផ្សារ​នាំ​ចេញ​នៅ​តែ​បន្តមាន​ភាពរឹងមាំនៅឡើយ។ ជាឧទាហរណ៍ : កាលពីឆ្នាំមុនចិនបានបញ្ជាទិញប្រមាណពាក់កណ្តាលនៃការនាំចេញកសិផលទាំងអស់ពីកម្ពុជា និងប្រហែល ១/៤ នៃការនាំចេញកសិផលទាំងអស់របស់ថៃ។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា នៅឆ្នាំ ២០២២ សហភាពអឺរ៉ុបបានបញ្ជាទិញកសិផលរបស់វៀតណាមត្រឹមតែ ១១% ប៉ុណ្ណោះ។

បច្ចុប្បន្ននេះ ទីក្រុងហាណូយនិងរដ្ឋាភិបាលអាស៊ីអាគ្នេយ៍មួយចំនួនទៀត បាននិងកំពុងអនុវត្តកសិកម្ម «បៃតង» ឬ «និរន្តរភាព» ដើម្បីជំរុញការនាំចេញទៅកាន់បណ្ដារដ្ឋនៅអឺរ៉ុប និងដើម្បីទាក់ទាញការវិនិយោគដែលផ្តោតលើបរិស្ថានពីសំណាក់ប្លុកមួយនេះ។

កាលពីចុងឆ្នាំ ២០២១ ធនាគារវិនិយោគអឺរ៉ុបបានផ្តល់ជំនួយឥតសំណងចំនួន ១៥ លានអឺរ៉ូសម្រាប់វិស័យកសិកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា។ កាល​ពី​ខែ​សីហាឆ្នាំ​មុន សហភាព​អឺរ៉ុប​បាន​ចាប់​ដៃគូ​ជាមួយ​ទីក្រុង​បាងកក និង​ទីក្រុងឈៀងម៉ៃរបស់​ថៃសម្រាប់​ការ​ផលិត​ស្បៀងអាហារ​ប្រកប​ដោយ​និរន្តរភាព។ នៅហ្វីលីពីន អឺរ៉ុបមានគំនិតផ្ដួចផ្ដើម «Team Europe Initiative» លើវិស័យសេដ្ឋកិច្ចបៃតងដែលមានទឹកប្រាក់ចំនួន ៦០ លានអឺរ៉ូ។

យន្តការ Just Transition Mechanism របស់អឺរ៉ុបមានគោលបំណងរៃអង្គាសប្រាក់ប្រហែល ៥៥ ពាន់លានអឺរ៉ូនៅចន្លោះឆ្នាំ ២០២១ និង ២០២៧ ដើម្បីជួយតំបន់ផ្សេងទៀតឱ្យឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចដែលមិនប៉ះពាល់ដល់អាកាសធាតុ។

ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទរបស់វៀតណាម បានអនុម័តយុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតង ដោយបានវាយតម្លៃថា វិស័យនេះនឹងមានកំណើនប្រចាំឆ្នាំដល់ទៅ ៣% ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០។ នៅត្រឹមឆ្នាំ ២០៣០ វៀតណាមចង់ឱ្យមានការប្រើប្រាស់ជីសិរីរាង្គក្នុងទំហំប្រមាណ ១/៣ នៃការប្រើប្រាស់ជីនៅទូទាំងប្រទេស ទន្ទឹម​នឹងការកំណត់​គោលដៅ​លើ​ការ​សន្សំសំចៃទឹក និង​គម្រប​ព្រៃឈើ។

ថៃនិង​ហ្វីលីពីន ដែល​ជាប្រទេស​កសិកម្ម​ដ៏សំខាន់ក៏​កំពុង​ឈាន​ឆ្ពោះទៅ​មុខ​យ៉ាង​ឆាប់​រហ័ស នៅ​ក្នុង​ទិសដៅ​ដូចគ្នានេះដែរ។ លោក Ferdinand Marcos Jr. ប្រធានាធិបតីហ្វីលីពីនបាននិយាយកាលពីអំឡុងសុន្ទរកថានៅឯទីក្រុង Davos កាលពីខែមុនថា «សន្តិសុខស្បៀងនៅតែស្ថិតក្នុងលំដាប់កំពូលនៃរបៀបវារៈថ្នាក់ជាតិរបស់យើងដដែល ដោយវាបានចាក់គ្រឹះនៅក្នុងទស្សនៈរបស់យើងក្នុងការសម្រេចអោយបាននូវប្រទេសហ្វីលីពីនមួយដែលមានវិបុលភាព, មានភាពធន់ និងមានសុវត្ថិភាពនៅត្រឹមឆ្នាំ ២០៤០»។

នៅមុនការដឹកនាំគណៈប្រតិភូធុរកិច្ចទៅកាន់វៀតណាមកាលពីឆ្នាំមុន ស្នងការអឺរ៉ុបទទួលបន្ទុកការងារកសិកម្ម លោក Janusz Wojciechowski បានកត់សម្គាល់ថារបកគំហើញដ៏សំខាន់មួយនៅក្នុងការធ្វើជំនួញខាងកសិកម្ម អាចធ្វើទៅបានតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងអឺរ៉ុប-វៀតណាម កាលពីឆ្នាំ ២០២០។

តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះ លោកបានសរសេរថា «ពលរដ្ឋអឺរ៉ុបរីករាយនឹងការទទួលបាននូវតែ និងកាហ្វេរបស់វៀតណាម រួមជាមួយនិងគ្រាប់ធញ្ញជាតិជាច្រើន, គ្រឿងទេសនិងផ្លែឈើតំបន់ត្រូពិចដ៏គួរឱ្យចង់បរិភោគ»។ ហេតុនេះហើយ ទើបទំនិញនាំចេញជាច្រើនត្រូវបានគាំពារដោយ «ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ» ដូចជាផ្លែទន្លាប់គ្មានគ្រាប់ (Bao Lam seedless persimmon) និងផ្លែគូលែន (Luc Ngan lychees) ជាដើម។

មន្ត្រីអឺរ៉ុបម្នាក់បានប្រាប់ DW ថាពួកគេសង្ឃឹមថា កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មបៃតងនឹងវិវឌ្ឍទៅមុខ នៅពេលដែលទីក្រុងព្រុចសែលកំពុងស្វែងរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ជាមួយរដ្ឋាភិបាលអាស៊ីអាគ្នេយ៍មួយចំនួនផ្សេងទៀត។

កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយឥណ្ឌូនេស៊ី អាចនឹងត្រូវបានចុះហត្ថលេខានៅចុងឆ្នាំនេះ បន្ទាប់ពីមានកិច្ចចរចាមួយជុំផ្សេងទៀតកាលពីដើមខែនេះ។ ​ថៃនិង​ហ្វីលីពីន​បាន​បង្ហាញ​អំពីបំណង​ចង់​ចាប់ផ្តើម​ការចរចា​នេះឡើងវិញ។ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​អាស៊ី​អាគ្នេយ៍​ទាំង​ពីរនេះ ​អាច​នឹងជំរុញ​ឱ្យមានការធ្វើពាណិជ្ជកម្ម​តាម​វិស័យ​យ៉ាង​ធំ​ជាមួយ​អឺរ៉ុប។

លោក Chris Humphrey នាយកប្រតិបត្តិនៃក្រុមប្រឹិក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន (EU-ASEAN Business Council) បាននិយាយថា «ប្រទេសជាច្រើននៅអាស៊ានកំពុងខិតខំយ៉ាងខ្លាំងក្នុងការបង្កើនទាំងផលិតផលកសិកម្ម និងទាំងគុណតម្លៃនៃអាហារូបត្ថម្ភនៅក្នុងចំណីអាហារដែលផលិតក្នុងស្រុក ពោលគឺជាការបង្កើនសន្តិសុខស្បៀង ទន្ទឹមនឹងការព្យាយាមជំរុញការនាំចេញកសិផល»។

លោក Humphrey បានបន្ថែមថា ទោះបីជាធុរកិច្ចអឺរ៉ុបជាច្រើនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលអាស៊ាននៅលើវិស័យនេះ និងបើទោះបីជាមានវិសាលភាពច្រើនក្នុងការនាំចេញផលិតផលកសិកម្មពីអាស៊ីអាគ្នេយ៍ទៅកាន់អឺរ៉ុបក៏ដោយ ក៏អ្នកនាំចេញនៅតែប្រឈមនឹងឧបសគ្គជាច្រើនដដែល។ ឧបសគ្គនោះរាប់បញ្ចូលទាំងចម្ងាយ ផ្លូវ និងការដឹកជញ្ជូនដែលពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម ប៉ុន្តែ «ក៏មានផងដែរកង្វល់ជុំវិញការបំពេញតម្រូវការខាងបទប្បញ្ញត្តិរបស់អឺរ៉ុបដែលសម្រាប់កសិករតូចតាច វាគឺជាបន្ទុកដ៏ធ្ងន់»។

រយៈពេល ២ ឆ្នាំកន្លងមកនេះ សហភាពអឺរ៉ុបនិងសមាគមធុរកិច្ចអឺរ៉ុប បានផ្តល់មូលនិធិដល់វគ្គសិក្ខាសាលា និងវគ្គសិក្សានានានៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ដើម្បីពន្យល់ឱ្យកាន់តែច្បាស់អំពីការវិវឌ្ឍនៃបទប្បញ្ញត្តិទាំងនេះ។ នេះ​គឺជា​បញ្ហា​ចម្បង​សម្រាប់​ប្រទេសដែលមានសេដ្ឋកិច្ចតូច និងមានការអភិវឌ្ឍតិចតួច​នៅ​អាស៊ីអាគ្នេយ៍។

ឯកសារស្រាវជ្រាវមួយដែលបានចេញផ្សាយកាលពីខែមីនាឆ្នាំមុនស្តីអំពីសក្ដានុពលរបស់អឺរ៉ុបក្នុងការក្លាយជាទីផ្សារសម្រាប់ការនាំចេញកសិ-ចំណីអាហាររបស់ឡាវ បានរកឃើញថា «កង្វះខាតការគាំទ្រផ្នែកបច្ចេកទេសពីសំណាក់ភាគីពាក់ព័ន្ធ ដូចជាការពង្រឹងការអនុវត្តច្បាប់ ក៏ដូចជាវិធានការថ្មីៗរបស់អឺរ៉ុបជុំវិញការនាំចូលកសិ-ចំណីអាហារ…គឺជាបញ្ហាប្រឈមដ៏ធំសម្រាប់ក្រុមហ៊ុននាំចេញរបស់​ឡាវ»។ លើសពីនេះ ការ សិក្សានោះបានបន្ថែមថា «ការទទួលបានវិញ្ញាបនបត្របញ្ជាក់ពីទំនិញសរីរាង្គជុំវិញស្តង់ដារនៃផលិតផល និងតម្រូវការលើផ្នែកសុវត្ថិភាព គឺជាបញ្ហាធំមួយទៀតដែលក្រុមហ៊ុននាំចេញរបស់ឡាវកំពុងតែប្រឈមមុខ»។

អ្នកវិភាគក្នុងតំបន់បាននិយាយថាទីក្រុងព្រុចសែលត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីអប់រំដល់បណ្ដាមន្ត្រី និងធុរកិច្ចនៅអាស៊ីអាគ្នេយ៍ឱ្យកាន់តែប្រសើរឡើង ជុំវិញអ្វីដែលអាចបង្កឱ្យមានការឈឺក្បាលខាងការិយាធិបតេយ្យ។

ការជំរុញទំនាក់ទំនងលើវិស័យកសិកម្មប្រកបដោយនិរន្តរភាពនឹងកាន់តែមានភាពស្មុគស្មាញនៅពេលនិយាយអំពីប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី ដោយសារតែភាពខុសគ្នាលើវិស័យប្រេងដូង។ ម៉ាឡេស៊ីនិងឥណ្ឌូណេស៊ីដែលជាប្រទេសផលិតប្រេងដូងធំជាងគេចំនួន ២ របស់ពិភពលោក បានប៉ះទង្គិចគ្នាជាមួយអឺរ៉ុបអស់រយៈពេលជាច្រើនឆ្នាំ ជុំវិញគំនិតផ្តួចផ្តើមរបស់ទីក្រុងព្រុចសែលក្នុងការប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើជាសកលដែលនឹងហាមឃាត់ ទំនិញទាំងឡាយណាដែលពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ ឬការរិចរិលនៃព្រៃឈើមិនឱ្យចូលទៅកាន់ទីផ្សារអឺរ៉ុប។

ប្រទេសទាំងពីរ បានប្ដឹងអឺរ៉ុបទៅអង្គការពាណិជ្ជកម្មពិភពលោកជុំវិញវិធានការរបស់គណៈកម្មការអឺរ៉ុបក្នុងការបញ្ឈប់ការប្រើប្រាស់ជីវឥន្ធនៈដែលប្រើប្រេងដូង នៅត្រឹមឆ្នាំ ២០៣០។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Reuters កាលពី​ចុង​ខែ​ធ្នូ «បទប្បញ្ញត្តិស្ដីពីផលិតផលគ្មានការកាប់បំផ្លាញព្រៃឈើ (Deforestation-Free Products Regulation) គឺជាចេតនារបស់អឺរ៉ុបក្នុងការរារាំងមិនឱ្យចូលទៅក្នុងទីផ្សាររបស់ខ្លួន, ធ្វើឱ្យប៉ះពាល់ដល់កសិករខ្នាតតូច និងការពារទីផ្សារគ្រាប់ប្រេងដូងក្នុងស្រុកដែលពុំមានលទ្ធភាពប្រកួតប្រជែងជាមួយនឹងតម្លៃរបស់ប្រេងដូងបាន»។

បើយោងតាមការស្ទង់មតិលើបណ្ដា «ឥស្សរជន» កាល​ពីពេលថ្មីៗនេះ ដោយវិទ្យាស្ថាន ISEAS-Yusof Ishak មានប្រជាជនឥណ្ឌូនេស៊ីស្ទើរតែ ១/៣ និង ១/៥ នៅម៉ាឡេស៊ីមិនទុកចិត្តអឺរ៉ុបនោះទេ ដោយសារពួកគេគិតថា ជំហររបស់អឺរ៉ុបជុំវិញវិស័យបរិស្ថាននិងការប្រែប្រួលអាកាសធាតុ អាចគំរាមកំហែងដល់ផលប្រយោជន៍ប្រទេសរបស់ពួកគេ។

ទោះជាយ៉ាង​ណា​ក៏​ដោយ អឺរ៉ុបនៅ​តែ​ជា​អ្នក​វិនិយោគ​យ៉ាងសកម្ម​នៅក្នុង​គម្រោង​អភិរក្ស​នានានៅក្នុង​ប្រទេស​ទាំង​ពីរ។ ការធ្វើពិពិធកម្មពាណិជ្ជកម្មគឺជាសារដ៏សំខាន់មួយនៃដំណើរទស្សនកិច្ចជាបន្តបន្ទាប់នៅតំបន់អាស៊ីអាគ្នេយ៍ ពីសំណាក់ប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier។ លោកបានមកដល់ម៉ាឡេស៊ីកាលពីថ្ងៃព្រហស្បតិ៍ រួចហើយនឹងបន្តទៅទស្សនាគម្រោងអភិរក្សនៅរដ្ឋ Sarawak ភាគខាងកើតម៉ាឡេស៊ី ដែលនៅទីនោះព្រៃរងទឹកភ្លៀងរបស់ពួកគេគឺជាជម្រកនៃប្រភេទសត្វប្លែកៗ និងកម្រៗជាច្រើនប្រភេទ៕

David Hutt/DW