ខ្មែរប៉ុស្ដិ៍ Close

តើសង្រ្គាមនៅអ៊ុយក្រែនមានន័យយ៉ាងណាចំពោះអឺរ៉ុប?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 21
តើសង្រ្គាមនៅអ៊ុយក្រែនមានន័យយ៉ាងណាចំពោះអឺរ៉ុប? តើសង្រ្គាមនៅអ៊ុយក្រែនមានន័យយ៉ាងណាចំពោះអឺរ៉ុប?

បើទោះបីជារដូវផ្ការីកកំពុងឈានមកដល់ទ្វីបអឺរ៉ុបក្ដី ក៏ទ្វីបមួយនេះហាក់កំពុងជួបប្រទះនឹងការវិលត្រឡប់ទៅរកស្ថានភាពធ្លាក់ទឹកកកដ៏ក្រាស់បំផុតមួយនៃសង្រ្គាមត្រជាក់។ ជាការពិត ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន មិនត្រឹមតែបានបិទបញ្ចប់រយៈពេលដ៏យូរនៃសន្តិភាពនៅអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបិទបញ្ចប់នូវសណ្តាប់ធ្នាប់សន្តិសុខរបស់អឺរ៉ុបដែលជាបង្អែករបស់សន្តិភាពនេះទៀតផង។

ពិតណាស់ ទីបញ្ចប់នៃអ្វីៗមិនបានកើតឡើងភ្លាមៗនោះទេ ពោលគឺជិត ៨ ឆ្នាំមុន ពេលដែលលោក Putin បានបញ្ជូនទ័ពរាប់សែននាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ កុម្ភៈ រុស្ស៊ីបានកាត់បញ្ចូលតំបន់ Crimea មកជាទឹកដីរបស់ខ្លួន ហើយបានចាប់ផ្ដើមធ្វើសង្រ្គាមស្រមោល «Shadow War» នៅតំបន់ Donbas។ ចាប់តាំងពីពេលនោះមក ប្រជាជននៅតំបន់នោះបានប្រយុទ្ធគ្នា និងបានស្លាប់នៅក្នុងអំពើហិង្សានៅភាគខាងកើតប្រទេសអ៊ុយក្រែន ខណៈពេលដែលពិភពលោកទាំងមូលគិតថា វិមានក្រឹមឡាំងបាននិងកំពុងព្យាយាម «កាត់យកដែនដីនេះ» ចេញពីរដ្ឋអធិបតេយ្យមួយ។

ចាប់តាំងពីឆ្នាំ ២០១៤ មក ក្របខណ្ឌសន្តិភាពនៅអ៊ឺរ៉ុបមានតែនៅលើក្រដាស ដែលជាការគិតគូរបែបបន់ស្រន់របស់ក្រុមប្រទេសអឺរ៉ុបខាងលិច ជុំវិញចេតនានយោបាយរបស់រុស្ស៊ីតែប៉ុណ្ណោះ។

សណ្ដាប់ធ្នាប់ពីមុនរបស់អឺរ៉ុបដែលឈរលើមូលដ្ឋានដាច់ខាត នៃបូរណភាពព្រំប្រទល់ ត្រូវបានជំនួសដោយទម្រង់ចាស់នៃនយោបាយមហាអំណាចអឺរ៉ុបដែលជាការប្រើប្រាស់កម្លាំងទ័ពក្នុងការអះអាងជាឯកតោភាគីលើតំបន់ដែលខ្លួនមានឥទ្ធិពល។

ដូច្នេះហើយការគំរាមកំហែងនៃសង្គ្រាមលោកមួយទៀត បានវិលត្រឡប់ទៅកាន់អឺរ៉ុបវិញហើយ ស្របពេលដែលប្លុកមួយនេះពុំបានត្រៀមខ្លួនទាំងផ្នែកនយោបាយ, យោធា និងពិសេសជាងគេនោះ គឺទាំងខាងផ្លូវចិត្តនៅឡើយ។

បើទោះបីជាយើងមិនអាចដឹងថា តើនៅពេលណា ឬដោយរបៀបណាដែលសង្រ្គាមឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin នឹងត្រូវបញ្ចប់ក្ដី ក៏ការវិលត្រឡប់មកវិញនៃនយោបាយបែបចាស់របស់ប្រទេសមហាអំណាច បានបង្កើតឱ្យមានសេណារីយ៉ូចំនួន ៣ ។

សេណារីយ៉ូទី (១) ៖ ប្រទេសរុស្ស៊ីអាចមានជ័យជំនះក្នុងការ លុបបំបាត់អ៊ុយក្រែន ពីភាពជារដ្ឋឯករាជ្យ និងអធិបតេយ្យភាព។

ប្រការនេះនឹងលើកជាសំណួរភ្លាមៗអំពីអត្ថិភាពរបស់ប្រទេសជិតខាងអ៊ុយក្រែនដូចជា Moldova និង Georgia ព្រមទាំងប្រទេសដែលជាសមាជិកអង្គការ NATO មួយចំនួន ដូចជាប៉ូឡូញ និងបណ្ដារដ្ឋនៅតំបន់ Baltic ជាដើម។

ប្រសិនបើអង្គការ NATO ត្រូវបានទាញចូលទៅក្នុងជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី នោះសង្រ្គាមនេះនឹងរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងទ្វីបអឺរ៉ុប។ ដោយសារហានិភ័យខ្ពស់នៃជម្លោះដោយប្រើអាវុធនុយក្លេអ៊ែរ ប្រទេសប្រជាធិបតេយ្យទាំងអស់នៅអឺរ៉ុបនឹងត្រូវបានគំរាមកំហែងពីសង្គ្រាមនេះ។

ចំពោះសេណារីយ៉ូទី២ វិញ ៖ លោក Putin អាចនឹង បរាជ័យនៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន បើទោះជាលោកបានប្រើប្រាស់នូវមធ្យោបាយយោធាដ៏ឃោរឃៅបំផុតនៅក្នុងសង្គ្រាមរួចទៅហើយក្ដី។

ប្រទេសអ៊ុយក្រែននឹងអាចរស់រានមានជីវិតជារដ្ឋអធិបតេយ្យ ដោយសារភាពក្លាហានរបស់ប្រជាជនខ្លួន និងការផ្គត់ផ្គង់អាវុធនិងជំនួយហិរញ្ញវត្ថុពីលោកខាងលិច។ ប៉ុន្តែ ដោយសារមេដឹកនាំរុស្ស៊ីបច្ចុប្បន្ននឹងបន្តកាន់អំណាចដដែល នោះរុស្ស៊ីនិងអ៊ុយក្រែននឹងស្ថិតក្នុងស្ថានភាពមិនឈ្នះមិនចាញ់។

ចំណែកឯសេណារីយ៉ូទី៣ ៖ គឺអាចនឹងមានបទឈប់បាញ់មួយ ដោយឈរលើមូលដ្ឋាននៃការចរចាដោយមានការសម្របសម្រួល។ ទោះជាយ៉ាងណា ជម្រើសមួយនេះទំនងជាមានសង្ឃឹមតិចតួចណាស់នៅពេលនេះ ដោយសារតែអំពើឃោរឃៅដែលបានប្រព្រឹត្តឡើងដោយកងទ័ពរុស្ស៊ីនៅទីក្រុង Bucha និងនៅទីកន្លែងផ្សេងទៀត។

ខណៈពេលដែលសេណារីយ៉ូទី១ គឺជាជម្រើសដ៏អាក្រក់បំផុត បើយោងតាមទស្សនៈរបស់អឺរ៉ុបនិងលោកខាងលិច សេណារីយ៉ូទាំង៣នេះនឹងរារាំងដល់ការវិលត្រឡប់ទៅរកស្ថានភាពដើមឡើងវិញ។

សន្តិភាពទាមទារឱ្យមានការជឿទុកចិត្ត ប៉ុន្តែវាមិនអាចទៅរួចនោះទេដែលការជឿទុកចិត្តអាចត្រូវបានស្ដារឡើងវិញ នៅពេលដែលលោក Putin នៅតែបន្តកាន់អំណាច និងនៅពេលដែលប្រទេសរុស្ស៊ីនៅតែបន្តប្រែក្លាយទៅជារបបផ្តាច់ការ។

ក្នុងពេលជាមួយគ្នានេះ ព្រំដែនភាគខាងកើតរបស់អឺរ៉ុបនឹងនៅតែបន្តស្ថិតក្រោមការគំរាមកំហែងជារៀងរហូត ពីជម្លោះបែបក្តៅ, ត្រជាក់ និងបែបកូនកាត់។ ជាផ្នែកមួយនៃការឆ្លើយតបដ៏ខ្លាំងក្លារបស់ខ្លួន អឺរ៉ុបចាំបាច់ត្រូវប្រឆាំងនឹងការគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរពីសំណាក់រុស្ស៊ី ដែលមានន័យថា អឺរ៉ុបត្រូវបង្កើតយុទ្ធសាស្រ្តដើម្បីរារាំងការវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរដោយខ្លួនឯង ដែលរហូតមកដល់ពេលនេះ ប្លុកមួយនេះនៅមិនទាន់មានក្នុងទម្រង់ណាមួយដែលអាចជឿទុកចិត្តបាននៅឡើយ។

គ្រាន់តែសំណួរដែលពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរមួយ បានបង្ហាញឱ្យឃើញពីបញ្ហាប្រឈមដ៏ធំក្នុងពេលបច្ចុប្បន្នរបស់អឺរ៉ុបរួចទៅហើយ។ ចាប់តាំងពីពេលដែលលោក Putin បានចាប់ផ្តើមសង្គ្រាមឈ្លានពានមក ការពង្រឹងសមត្ថភាពការពារខ្លួន និងសមត្ថភាពក្នុងការរារាំងរបស់អឺរ៉ុបបានក្លាយជាអាទិភាពកំពូលមួយ។

ជាងនេះទៅទៀត ខណៈពេលដែលដំណើរការនេះត្រូវតែអនុវត្តក្នុងបរិបទនៃអង្គការ NATO អាណត្តិជាប្រធានាធិបតីរបស់ Donald Trump បានបញ្ជាក់យ៉ាងច្បាស់ថា អឺរ៉ុបក៏ត្រូវតែត្រៀមខ្លួនដើម្បីដើរទៅតែម្នាក់ឯងផងដែរ។

សំខាន់ជាងនេះទៅទៀត ជនជាតិអឺរ៉ុបមិនត្រូវលាក់កំបាំងការបំភ័ន្តណាមួយនោះឡើយ។ យើងដឹងហើយថា បច្ចុប្បន្ននេះ លោក Putin បានបំផ្លាញក្របខណ្ឌសន្តិភាពរបស់អឺរ៉ុបរួចហើយ ហើយសង្រ្គាម ក៏ដូចជាផ្នត់គំនិតនៃសង្រ្គាម បានវិលត្រឡប់មកកាន់ទ្វីបអឺរ៉ុបវិញហើយ។

ការពិតថ្មីមួយរបស់អ៊ឺរ៉ុបនឹងត្រូវបានកំណត់លក្ខណៈដោយហានិភ័យខាងផ្នែកនយោបាយជាបន្តបន្ទាប់, ការរត់ប្រណាំងសព្វាអាវុធ និងគ្រោះថ្នាក់មិនធ្លាប់មានបណ្ដាលមកពីសង្គ្រាមត្រជាក់ដែលកំពុងត្រឡប់ទៅជាសង្គ្រាមក្តៅ។

សម្រាប់សហភាពអឺរ៉ុប ការផ្លាស់ប្តូរស៊ីជម្រៅនិងទូលំទូលាយនានា គឺនៅឆ្ងាយពីចំណុចរបត់ជាប្រវត្តិសាស្ត្រមួយនេះ។ ជាមួយនឹងការគំរាមកំហែងរបស់រុស្ស៊ីទៅលើផ្នែកយោធារបស់សហភាពអឺរ៉ុប ប្លុកមួយនេះត្រូវតែផ្លាស់ប្តូរខ្លួនឯងឱ្យទៅជាតួអង្គភូមិសាស្ត្រនយោបាយដែលមានសមត្ថភាពខ្លាំងមួយ សម្រាប់រារាំងការវាយប្រហារ ទន្ទឹមនឹងការនៅតែរក្សាភាពខ្លាំងជាប្រពៃណីរបស់ខ្លួន ក្នុងនាមជាទីផ្សាររួម និងជាសហគមន៍មួយដែលផ្អែកលើច្បាប់។

ដើម្បីរក្សាបាននូវ ភាពជឿនលឿនផ្នែកបច្ចេកវិទ្យា អឺរ៉ុបចាំបាច់ត្រូវគាំទ្រដល់នវានុវត្តន៍ និងការបង្កើនសមត្ថភាពបច្ចេកវិទ្យាកម្រិតខ្ពស់នៅក្នុងស្រុកឱ្យបានកាន់តែច្រើនជាងមុន។

តាមផ្លូវនយោបាយវិញ មជ្ឈមណ្ឌលនយោបាយរបស់សហភាពអឺរ៉ុបនឹងមានទំនោរងាកទៅទិសខាងកើត ហើយទំនាក់ទំនងរវាង EU និង NATO នឹងកាន់តែជិតស្និទ្ធជាងមុន។ ដូច្នេះ ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្រុចសែល ក៏គួរតែជិតស្និទ្ធជាងមុនដូចគ្នាដែរ។

យ៉ាងណាមិញ បើគ្មានអំណាចយោធារបស់សហរដ្ឋអាមេរិកនោះទេ អឺរ៉ុបប្រហែលជាមិនបានធ្វើអ្វីទាល់តែសោះក្នុងការឆ្លើយតបទៅនឹងសង្គ្រាម របស់លោកពូទីន។ ការការពារពីសំណាក់យោធាអាមេរិកនឹងនៅតែមិនអាចខ្វះបាន សម្រាប់អឺរ៉ុបក្នុងរយៈពេលយ៉ាងយូរតទៅ មុខទៀត ប៉ុន្តែដោយសារលទ្ធភាពនៃការចូលកាន់តំណែងជាប្រធានាធិបតីសារជាថ្មីរបស់លោក Trump ឬរបស់អ្នក ដទៃទៀតដែលប្រកាន់ជំហរដូចលោក Trump ប្រជាជនអឺរ៉ុបមានហេតុផលគ្រប់បែបយ៉ាងក្នុងការបង្កើនការរួមចំណែកផ្ទាល់ខ្លួនចំពោះសន្តិសុខអន្តរអាត្លង់ទិក។

ទន្ទឹមនឹងការសង្ឃឹមអំពីរឿងដ៏ល្អបំផុត អឺរ៉ុបក៏ត្រូវត្រៀមខ្លួនសម្រាប់ហេតុការណ៍ដ៏អាក្រក់បំផុតផងដែរ។ មានមនុស្សតិចណាស់ដែលនៅរស់រានមានជីវិតសព្វថ្ងៃនេះ និងដែលបានចងចាំនូវអ្វីដែលជារឿងដ៏អាក្រក់បំផុត ប៉ុន្តែប្រជាជនអឺរ៉ុបស្ទើរតែទាំងអស់បានរស់ នៅក្នុងសន្តិភាពនិងវិបុលភាព។

ឥឡូវនេះ វាដល់ពេលហើយក្នុងការធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារអឺរ៉ុប៕ Project Syndicate