ខ្មែរប៉ុស្ដិ៍ Close

ហេតុផលដែលរុស្ស៊ីនឹងបើកការឈ្លានពានលើប្រទេស Moldova

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 5
ហេតុផលដែលរុស្ស៊ីនឹងបើកការឈ្លានពានលើប្រទេស Moldova ហេតុផលដែលរុស្ស៊ីនឹងបើកការឈ្លានពានលើប្រទេស Moldova

ការព្រួយបារម្ភបានកើតមានកាន់តែខ្លាំងឡើងៗជុំវិញបញ្ហាដែលថា «ប្រទេស Moldova និងតំបន់ Transnistria អាចត្រូវអូសចូលទៅក្នុងសង្រ្គាមរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន»។ ទាំង Transnistria និង Moldova គឺមានទីតាំងស្ថិតនៅជាប់នឹងភាគខាងលិចនៃប្រទេសអ៊ុយក្រែន។ តំបន់ Transnistria ដែលជាតំបន់ផ្តាច់ខ្លួនដ៏តូចមួយនៃប្រទេស Moldova គឺមានទីតាំងស្ថិតនៅចន្លោះប្រទេស Moldova និងអ៊ុយក្រែន។

នៅក្នុងតំបន់ Transnistria ការផ្ទុះគ្រាប់បែកចំនួន ៣លើក ត្រូវបានគេរាយការណ៍នៅថ្ងៃទី ២៥ និង ២៦ មេសា ឆ្នាំ ២០២២ ហើយកងកម្លាំងយោធានៅតំបន់ Transnistria ក៏បានរាយការណ៍ផងដែរអំពីវត្តមាននៃយន្តហោះគ្មានមនុស្សបើក និងការបាញ់ប្រហារពីសំណាក់ជនមិនស្គាល់មុខនៅថ្ងៃទី ២៧ ខែមេសា។

ការវាយប្រហារនេះបានបំផ្លាញប៉មវិទ្យុចំនួន ២កន្លែងដែលផ្សាយជាភាសារុស្សី ក៏ប៉ុន្តែមិនមានរបាយការណ៍អំពីមនុស្សស្លាប់នោះទេ ហើយក៏គ្មាននរណាម្នាក់ចេញមកអះអាងអំពីការទទួលខុសត្រូវចំពោះការវាយប្រហារនេះដែរ។

ប្រទេសអ៊ុយក្រែន បានចោទប្រកាន់ថា «ការបំផ្ទុះគ្រាប់បែកនេះបានធ្វើឡើងដោយប្រទេសរុស្ស៊ី ដើម្បីប្រើជាលេសឱ្យកងទ័ពរុស្ស៊ីបោះជំហានឆ្ពោះទៅកាន់តំបន់ Transnistria និងប្រើប្រាស់តំបន់នេះជាទីតាំងយោធា ដើម្បីបើកការវាយប្រហារបន្ថែមទៀត លើប្រទេសអ៊ុយក្រែន»។

ខាងក្រោមនេះគឺជាចំណុចសំខាន់ៗចំនួន ៤ ដែលមានពាក់ព័ន្ធនឹងប្រទេស Moldova, តំបន់ Transnistria និងប្រទេសរុស្ស៊ី ដែលមានសារៈសំខាន់ណាស់ក្នុងការស្វែងយល់អំពីផលប្រយោជន៍យោធា ដែលរុស្ស៊ីនឹងទទួលបានពីតំបន់ Transnistria។

តំបន់ Transnistria

ទី១ ៖ តើតំបន់ Transnistria គឺជាអ្វី?

តំបន់ Transnistria ដែលត្រូវបានគេហៅជាផ្លូវការថា Pridnestrovian Moldavian Republic គឺជាតំបន់តូចមួយដែលស្ថិតនៅចន្លោះប្រទេស Moldova និងភាគខាងលិចនៃប្រទេសអ៊ុយក្រែន និងដែលមានប្រជាជនប្រហែល ៥០ម៉ឺននាក់កំពុងរស់នៅ»។ វាគឺជារដ្ឋបំបែកខ្លួនចេញពីប្រទេស Moldova (ដោយមិន មានការទទួលស្គាល់) បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត នៅក្នុងឆ្នាំ ១៩៩០។

រដ្ឋាភិបាល Transnistrian បាន ប្រកាសពីឯករាជ្យភាព ក៏ប៉ុន្តែវាត្រូវបានបណ្តា ប្រទេសផ្សេងទៀត និងអង្គការសហប្រជាជាតិទទួលស្គាល់ជា «ផ្នែកមួយរបស់ប្រទេស Moldova» បើទោះបីជារុស្ស៊ីមិនបានទទួលស្គាល់តំបន់ Transnistria ជាប្រទេសឯករាជ្យក៏ ដោយក៏ Transnistria នៅតែអាចបន្តរក្សាឯករាជ្យភាពរបស់ខ្លួនរហូតមកដល់សព្វថ្ងៃនេះ ដោយសារមានការគាំទ្រផ្នែកយោធាពីកងទ័ពរុស្ស៊ីដែល កំពុងឈរជើងនៅក្នុងទឹកដី Transnistria។

តំបន់ Transnistria មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ី។ ប្រជាជនដែលកំពុងរស់នៅទីនោះភាគច្រើន គឺជាអ្នកនិយាយភាសារុស្ស៊ី ហើយរដ្ឋាភិបាលនៅទីនោះ កំពុងត្រូវបានគ្រប់គ្រងដោយក្រុមផ្តាច់ខ្លួនដែលគាំទ្ររុស្ស៊ី។ រុស្ស៊ីក៏ផ្តល់ឧស្ម័នធម្មជាតិដោយឥតគិតថ្លៃដល់តំបន់ Transnistria ផងដែរ បូករួមនឹងការជួយ មនុស្សចាស់នៅទី នោះជាមួយនឹងប្រាក់សោធននិវត្តន៍។

ទាហានរុស្ស៊ីប្រហែល ១៥០០ នាក់ កំពុងឈរជើងនៅតំបន់ Transnistria ដោយក្នុងនោះ មានតែ ៥០ ទៅ ១០០ នាក់ប៉ុណ្ណោះដែលមានប្រភពមកពីប្រទេសរុស្ស៊ី។ ទាហានដែលនៅសេសសល់ គឺជាពលរដ្ឋ Transnistria ដែលមានកាន់លិខិតឆ្លងដែនរបស់រុស្ស៊ី ហើយទាហានទាំងអស់នេះមានផ្ទះ និងគ្រួសារនៅ Transnistria។

ប្រទេស Moldova មិនអនុញ្ញាតឱ្យទាហាន រុស្ស៊ីហោះចូលអាកាសយានដ្ឋានអន្តរជាតិ Chisinau នោះទេ ហើយចាប់ តាំងពីឆ្នាំ ២០១៥ មក ប្រទេសអ៊ុយក្រែនក៏បានបដិសេធមិនឱ្យទាហានរុស្ស៊ីចូលមកក្នុងទឹកដីរបស់ខ្លួនផងដែរ។ ការរឹតបន្តឹងលើការធ្វើដំណើរទាំងនេះ បានធ្វើឱ្យរុស្ស៊ីបង្កើនទំនាក់ទំនងជាមួយតំបន់ Transnistria។

យោធា Transnistria មានទំហំតូច ជាមួយនឹងទាហានចំនួនប្រមាណ ៤៥០០ ទៅ ៧៥០០ នាក់ប៉ុណ្ណោះ។ មេបញ្ជាការយោធារុស្ស៊ី Rustam Minnekaev បាន និយាយកាលពីថ្ងៃទី ២២ មេសា ឆ្នាំ២០២២ ថា «រុស្ស៊ីមានបំណងបង្កើតច្រករបៀងផ្លូវគោកឆ្លងកាត់ភាគខាងត្បូងអ៊ុយក្រែនឆ្ពោះទៅកាន់តំបន់ Transnistria»។

ទី2 ៖ ហេតុអ្វីបានជារុស្ស៊ីចាប់អារម្មណ៍លើតំបន់ Transnistria?

អស់រយៈពេលជាយូរមកហើយ រុស្ស៊ីបានព្យាយាមរក្សាប្រទេស Moldova ដែលពីមុនជាផ្នែកមួយនៃសហភាពសូវៀតឱ្យស្ថិតនៅក្រោមឥទ្ធិពលនយោបាយរបស់ខ្លួន។

ប្រទេស Moldova មានទីតាំងស្ថិតនៅចន្លោះសហភាពអឺរ៉ុប, ជាប់នឹងព្រំដែនរ៉ូម៉ានី និងភាគនិរតីនៃប្រទេសអ៊ុយក្រែន។ កងទ័ពរុស្ស៊ីដែលកំពុងឈរជើងនៅក្នុងតំបន់ Transnistria បានផ្តល់ឱ្យរុស្ស៊ីនូវមធ្យោបាយក្នុងការបង្កការបំភិតបំភ័យលើប្រទេស Moldova។

ប្រទេស Moldova បានដាក់ពាក្យស្នើសុំចូលជាសមាជិកសហភាពអឺរ៉ុបនៅក្នុងខែមីនាឆ្នាំ ២០២២។ វត្តមានរបស់កងទ័ពរុស្ស៊ីនៅក្នុងតំបន់ Transnistria បានរារាំងប្រទេស Moldovaពីលទ្ធភាពក្នុងការគ្រប់គ្រងលើព្រំដែនទាំងអស់របស់ខ្លួន។

ជាងនេះទៅទៀត ទាហានរុស្ស៊ីដែលកំពុងឈរជើងនៅតំបន់ Transnistria អាចមានសមត្ថភាពបង្កអស្ថិរភាពយ៉ាងឆាប់រហ័សនៅក្នុងតំបន់ទាំងមូល ហើយប្រសិនបើព្រំដែននិងទឹកដីមិនអាចត្រូវបានគ្រប់គ្រងឱ្យបានល្អទេ ប្រទេស Moldova នឹងមិនអាចចូលរួមនៅក្នុងសហភាពអឺរ៉ុបបានទេ ដោយនេះគឺជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌជាច្រើនសម្រាប់ការចូលជាសមាជិកសហភាពអឺរ៉ុប។

នាយករដ្ឋមន្ត្រី Moldova លោកស្រី Natalia Gavrilita បាននិយាយថា «ប្រទេសនេះមិនចង់ចូលរួមជាមួយអង្គការ NATO ទេ ដោយសារវានឹងធ្វើឱ្យរុស្ស៊ីយល់ថា វាគឺជាការគំរាមកំហែងដោយផ្ទាល់ ដែលដូចគ្នានឹងអ្វីដែលរុស្ស៊ីបានធ្វើនៅអ៊ុយក្រែន»។

ទី៣ ៖ តើតំបន់ Transnistria មានភាពស្មោះត្រង់ចំពោះរុស្ស៊ីដែរឬទេ?

ខណៈពេលដែលឧស្ម័នដោយឥតគិតថ្លៃ បានជួយធានានូវភក្តីភាពរបស់តំបន់ Transnistria ចំពោះរុស្ស៊ី សហភាពអឺរ៉ុបក៏បានផ្តល់នូវខ្សែជីវិតសេដ្ឋកិច្ចដល់តំបន់ Transnistria ផងដែរ តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី។

ការឈ្លានពានរបស់រុស្ស៊ីលើឧបទ្វីប Crimea នៅក្នុងឆ្នាំ ២០១៤ ក៏ដូចជាសង្រ្គាមឆ្នាំ ២០១៤ រវាងរុស្ស៊ីជាមួយនឹងអ៊ុយក្រែននៅតំបន់ Donbas បានផ្លាស់ប្តូរទិសដៅសេដ្ឋកិច្ចរបស់តំបន់ Transnistria ពីរុស្ស៊ីទៅកាន់អឺរ៉ុបខាងលិចវិញ។

ការប្រយុទ្ធគ្នានៅអ៊ុយក្រែនបានជំរុញឱ្យអ៊ុយក្រែនវាយតម្លៃឡើងវិញ និងបង្កើនការរឹតបន្តឹងលើគោលនយោបាយព្រំដែនរបស់ខ្លួន។ វិធានការនេះបានបង្កឱ្យមានការបង្រ្កាបលើផ្លូវចូលនិងចេញពីតំបន់ Transnistria ដែលត្រូវបានប្រើប្រាស់សម្រាប់ការជួញដូរដោយខុសច្បាប់នូវមុខទំនិញជាច្រើនអស់រយៈពេលជិត ៣ ទសវត្សរ៍។

ប្រទេស Moldova បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបក្នុងឆ្នាំ ២០១៤ ដែលបានអនុញ្ញាតឱ្យមានការពាណិជ្ជកម្មពីតំបន់ Transnistria ហើយការធ្វើពាណិជ្ជកម្មរបស់ Transnistria ជាមួយអឺរ៉ុបខាងលិច ក៏បានបន្តកើនឡើងចាប់តាំងពីពេលនោះមក ខណៈពេលដែលការធ្វើពាណិជ្ជកម្មរបស់ Transnistria ជាមួយរុស្ស៊ីបានបន្តធ្លាក់ចុះ។ សព្វថ្ងៃនេះជាង ៧០% នៃការនាំចេញរបស់ Transnistria គឺត្រូវបានដឹកទៅកាន់អឺរ៉ុបខាងលិច។

ទីប្រជុំជន Tiraspol ដែលជាទីក្រុងនៅតំបន់បំបែកខ្លួន Transnistria ក្នុងប្រទេស Moldova ក្នុងខែវិច្ឆិកា ឆ្នាំ ២០២១។

ទី៤ ៖ តើប្រទេស Moldova មានភាព ងាយរងគ្រោះកម្រិតណា?

សង្គ្រាមនៅអ៊ុយក្រែននិងវត្តមានរបស់ទាហានរុស្ស៊ីនៅតំបន់ Transnistria បានធ្វើឱ្យប្រទេស Moldova និងអ្នកជំនាញអន្តរជាតិមួយចំនួនព្រួយបារម្ភថា «រុស្ស៊ីអាចបើកការវាយប្រហារលើប្រទេស Moldova»។

មិនដូចអ៊ុយក្រែនទេ ប្រទេស Moldova មានកម្លាំងយោធាខ្សោយ និងមានទំហំតូចជាងកម្លាំងរបស់ Transnistria ទៅទៀត។ បុគ្គលិកយោធាសកម្មរបស់ប្រទេស Moldova មានចំនួនប្រមាណ ៦០០០ នាក់ដែលអាចនឹងមិនមានលទ្ធភាពទប់ទល់នឹងកងទ័ពរុស្ស៊ីនោះទេ។

ប្រទេស Moldova ជាប្រទេសក្រីក្របំផុតមួយនៅអឺរ៉ុប ជាមួយនឹងចំនួនប្រជាជនប្រមាណ ៣,៥ លាននាក់។ វិស័យថាមពលរបស់ Moldova មានភាពងាយរងគ្រោះបំផុតដោយក្នុងនោះ វាបានពឹងផ្អែក ១០០% លើឧស្ម័នរបស់រុស្ស៊ីដែលធ្វើឱ្យប្រទេស Moldova មានការលំបាកក្នុងការការគេចចេញពីគន្លងរបស់រុស្ស៊ី។

បើក្រឡេកមើលមួយភ្លែត តំបន់ Transnistria មើលទៅដូចជាកន្លែងដ៏ល្អសម្រាប់រុស្ស៊ីក្នុងការបង្កើនការវាយប្រហារយ៉ាងងាយស្រួលលើអ៊ុយក្រែនឬ Moldova។ ទោះជាយ៉ាងណាក៏ដោយ តំបន់ Transnistria ផ្ទាល់មិនមានសមត្ថភាពក្នុងការប្រយុទ្ធជាមួយនឹងអ៊ុយក្រែននោះទេ ហើយក៏មិនមានឆន្ទៈក្នុងការប្រយុទ្ធជាមួយនឹងប្រទេស Moldova នោះដែរ។

ការឈានទៅដល់តំបន់ Transnistria នឹងតម្រូវឱ្យរុស្ស៊ីដណ្តើមយកការកាន់កាប់តំបន់ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនដែលជាកន្លែងដែលកងទ័ពរុស្ស៊ីបាននិងកំពុងជួបប្រទះនឹងការលំបាក នៅក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ៕ Asia Times