តើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចនយោបាយអាស៊ីយ៉ាងដូចម្តេចខ្លះ?
ការប្រែប្រួលជាច្រើនបានកើតមាននៅក្នុងរចនាសម្ព័ន្ធនយោបាយនិងសេដ្ឋកិច្ចពិភពលោក ដែលបណ្តាលមកពីការរាតត្បាតនៃវីរុសកូវីដ-១៩ បូករួមនិងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។ ប្រទេសនានាបានដាក់ទណ្ឌកម្មលើគ្នាទៅវិញទៅមកក្រោមលេសសន្តិសុខនយោបាយ និងសេដ្ឋកិច្ច។
ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ខ្សែច្រវ៉ាក់ឧស្សាហកម្ម និងខ្សែច្រវ៉ាក់តម្លៃ សុទ្ធតែបានទទួលរងគ្រោះយ៉ាងដំណំ។ បច្ចុប្បន្នភាពចលាចលដែលបង្កឡើងដោយការរាតត្បាតនៃវីរុសកូវីដ-១៩ នៅមិនទាន់បញ្ចប់នៅឡើយនោះទេ ហើយជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន បានធ្វើឱ្យពិភពលោកដាំក្បាលចុះកាន់តែខ្លាំង។
ក្រុមហ៊ុនពហុជាតិមួយចំនួនបានបង្ខំចិត្តអនុវត្តយុទ្ធសាស្ត្រឆ្លើយតបដ៏ម៉ឺងម៉ាត់និងជាក់លាក់នៅក្នុងយុគ្គសម័យបដិសាកលភាវូបនីយកម្មនេះ (Deglobalized Era)។
ក្នុងនាមជាអ្នកការពារសាកលភាវូបនីយកម្ម នៅក្នុងពេល ៤ ទសវត្សរ៍កន្លងមកនេះ សហរដ្ឋអាមេរិកបានបង្ហាញឱ្យឃើញកាន់តែច្បាស់នូវអត្តចរិតបែបគាំពារនិយម និងឯកោនិយម នៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះនៅក្នុងគោលនយោបាយសេដ្ឋកិច្ច និងការបរទេសរបស់ខ្លួន។
ការកែតម្រូវនូវគោលនយោបាយការបរទេសរបស់អាមេរិកបានបង្កផល ប៉ះពាល់ដល់សាកលភាវូបនីយកម្ម និងបាននាំមកនូវវិធានការប្រឆាំងតបវិញពីសំណាក់បណ្តាប្រទេសផ្សេងៗ។ ស្ថិតិដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មអាមេរិក បានបង្ហាញថា «ឱនភាពទំនិញនិងសេវាកម្មរបស់អាមេរិកនៅឆ្នាំ ២០២១ មានចំនួន ៨៥៩,១ ពាន់លានដុល្លារ» ដែលជាការកើនឡើង ២៥% បើធៀបនឹងឆ្នាំមុន និងដែលមានចំនួនជិត ៤% នៃ GDP និងជាចំនួនដ៏ខ្ពស់មិនធ្លាប់មានពីមុនមក។
ចាប់ពីឆ្នាំ ២០១៦ មក ការជាប់ឆ្នោតរបស់ Donald Trump ក្នុងនាមជាប្រធានាធិបតីអាមេរិក, ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប និងសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក បានផ្តល់នូវសញ្ញព្រមានថា «ការការពារប្រព័ន្ធសាកលភាវូបនីយកម្មនឹងជួបនូវការលំបាកកាន់តែខ្លាំង»។
ការរាតត្បាតនៃវីរុសកូវីដ-១៩ និងផលប៉ះពាល់នៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានបង្កភាពស្មុគស្មាញថែមទៀត និងបានបន្តបង្ហាញនូវភាពងាយរងគ្រោះនៃសេដ្ឋកិច្ចជាតិក្នុងករណីកើតមានភាពចលាចលផ្នែកសេដ្ឋកិច្ចក្នុងកម្រិតដែលមិននឹកស្មានដល់។
គិតត្រឹមថ្ងៃទី ១១ ខែមេសា ស្ថិតិនៅសាកលវិទ្យាល័យ Yale បានបង្ហាញថា «ក្រុមហ៊ុនពហុជាតិជាង ៦០០ បានបង្វែរការវិនិយោគចេញពីរុស្ស៊ី ឬបានបញ្ឈប់ប្រតិបត្តិការរបស់ពួកគេនៅរុស្ស៊ី»។
លោកស្រី Laurence Boone ដែលជាប្រធានសេដ្ឋវិទូនៅ OECD បាននិយាយថា «កម្លាំងបដិសាកលភាវូបនីយកម្មទាំងនេះអាចមានឥទ្ធិពលខ្លាំង និងមិនអាចទាយទុកជាមុនបានទេ»។ បច្ចុប្បន្ន បរិយាកាសសេដ្ឋកិច្ចនិងនយោបាយពិភពលោក កំពុងស្ថិតក្នុងដំណាក់កាលនៃការកែសម្រួលថ្មីក្នុងកម្រិតដ៏ខ្លាំងក្លា ហើយភាពមិនប្រាកដប្រជាដែលបង្កឡើងដោយការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចនឹងបង្កផលប៉ះពាល់ដល់ក្រុមហ៊ុន ពហុជាតិមុនគេ។
ទោះជាយ៉ាងណាក៏ដោយ បញ្ហានេះក៏បង្កើតបានជាឱកាសផងដែរសម្រាប់បណ្តាប្រទេសដែលមានសមត្ថភាពក្នុងការទាក់ទាញ និងផ្តល់នូវការសម្របសម្រួលដល់ក្រុមហ៊ុននានា ដែលកំពុងស្វែងរកទីផ្សារនិងឱកាស
សេដ្ឋកិច្ចថ្មីៗ។
នៅពេលជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនមានភាពតានតឹងកាន់តែខ្លាំង ការប្រឈមមុខដាក់គ្នារវាងបណ្តាប្រទេសលោកខាងលិចនិងរុស្ស៊ី ក៏បានបន្តពង្រីកពីកម្រិតថ្នាក់ជាតិ ទៅជាកម្រិតសហគ្រាសពហុជាតិ។ ក្រុមហ៊ុនប្រេងរបស់អង់គ្លេស «British Petroleum» (BP) បានប្រកាសនៅថ្ងៃទី ២៧ កុម្ភៈថា «ខ្លួននឹងបោះចោលភាគហ៊ុនរបស់ខ្លួនចំនួន ១៩,៧៥% ដែលមាននៅក្នុងក្រុមហ៊ុន Rosneft របស់រុស្ស៊ី»។
ចំនួននេះគឺស្មើនឹងពាក់កណ្តាលនៃទុនបម្រុងហ្គាសនិងប្រេងរបស់ក្រុមហ៊ុន BP និងមានចំនួនស្មើនឹង ១/៣ នៃការផលិតសរុបរបស់ខ្លួន ហើយការដកខ្លួនចេញនេះអាចនឹងនាំមកនូវការខាតបង់ប្រាក់ចំនួន ២៥ពាន់លានដុល្លារ។
ជាងនេះទៅទៀត ក្រុមហ៊ុនថាមពលជាច្រើនដែលរួមមានដូចជា Statoil, Shell, ExxonMobil និងក្រុមហ៊ុនផ្សេងៗទៀត ក៏បានបញ្ឈប់ប្រតិបត្តិការរបស់ពួកគេនៅរុស្ស៊ី ឬបានប្រកាសពីផែនការចង់បោះបង់ ចោលប្រតិបត្តិការរបស់ពួកគេនៅរុស្ស៊ីផងដែរ។
បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ ក្រុមហ៊ុនពហុជាតិដែលតំណាងដោយ Citibank បានចាប់ផ្តើមឆ្លើយតបទៅនឹងហានិភ័យផ្នែកប្រតិបត្តិការដែលបណ្តាលមកពីវិធានការបទប្បញ្ញត្តិមិនស៊ីសង្វាក់គ្នានៅក្នុងប្រទេសជាច្រើន។ ចាប់ពីឆ្នាំ ២០០៨ មក Citibank បានលក់ចេញនូវអាជីវកម្មលក់រាយ និងអាជីវកម្មពាក់ព័ន្ធផ្សេងៗទៀតរបស់ខ្លួននៅក្នុងប្រទេសអាល្លឺម៉ង់, ទួកគី, ប្រេស៊ីល, អេហ្ស៊ីប និងនៅក្នុងបណ្តាប្រទេសជាច្រើនផ្សេងទៀត។
នៅខែមីនា ឆ្នាំ ២០២២ Citibank បានយល់ព្រមលក់វិស័យធនាគាររបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាទៅឱ្យធនាគារ Axis Bank ដែលជាធនាគារឯកជនធំជាងគេលំដាប់ទី ៣ របស់ឥណ្ឌាក្នុងទឹកប្រាក់ប្រមាណ ១,៦ ពាន់លានដុល្លារ។
នេះគឺជាវិធានការចុងក្រោយបំផុតមួយក្នុងការរៀបចំឡើងវិញនូវបណ្តាញអាជីវកម្មរបស់ Citibank ដែលត្រូវបានធ្វើឡើងដោយអគ្គនាយក Jane Fraser ដែលមានបំណងចង់បោះបង់ចោលវិស័យធនាគារតូចៗនៅក្នុងប្រទេសចំនួន ១៣ ដើម្បីងាកមកផ្តោតលើអាជីវកម្មនិងស្ថាប័នដែលរកប្រាក់ចំណេញបានច្រើនជាងនេះ។
Citibank មិនមែនជាធនាគារតែមួយគត់ដែលបានឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលបង្កឡើងដោយបដិសាកលភាវូបនីយកម្ម តាមរយៈការពង្រួញអាជីវកម្ម និងលក់អាជីវកម្មខ្លួននោះទេ។ ក្រុមហ៊ុន HSBC ក៏បានចាប់ផ្តើមកម្មវិធីកាត់បន្ថយទ្រព្យសម្បត្តិរបស់ខ្លួនក្នុងទ្រង់ទ្រាយធំផងដែរចាប់ពីឆ្នាំ ២០១១ ដើម្បីឆ្លើយតបទៅនឹងទំនោរនៃការធ្វើបដិសាកលភាវូបនីយកម្ម។
យុទ្ធសាស្ត្ររបស់ HSBC ក្នុងការងាកទៅកាន់តំបន់អាស៊ីរួមមានការលក់ទ្រព្យសម្បត្តិនៅទួកគី និងប្រេស៊ីល និងការបង្កើនការវិនិយោគនៅក្នុងតំបន់អាស៊ី តួយ៉ាងដូចជានៅតំបន់ Pearl River Delta នៅក្វាងទុង, ប្រទេសចិន និងតំបន់អាស៊ីអាគ្នេយ៍។ ការសម្រេចចិត្តរបស់ HSBC ក្នុងការផ្តោតឡើងវិញលើតួនាទីរបស់តំបន់អាស៊ីនៅក្នុងយុទ្ធសាស្ត្រកំណើនរបស់ខ្លួននឹងជួយពង្រឹងតួនាទីដ៏លេចធ្លោររបស់ HSBC នៅក្នុងតំបន់អាស៊ីជាក់ជាមិនខាន ដោយសារតែអាស៊ីគឺជាប្រភពរកចំណូល បានច្រើនជាងគេរបស់ធនាគារនេះ។
យោងតាមរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ ២០២១ «ចំណូលមិនទាន់កាត់ពន្ធរបស់ HSBC នៅទីផ្សារអាស៊ីមានចំនួន ១២,២៤៩ លានដុល្លារ ដែលមានចំនួនស្មើនឹង ៦៤,៨% នៃប្រាក់ចំណូលសរុបរបស់ខ្លួន»។ ទោះជាយ៉ាងណាក៏ដោយ HSBC នៅតែត្រូវបានគេចាត់ទុកជា «ធនាគារអង់គ្លេស» ដដែល។
ចាប់ពីឆ្នាំ ១៩៩២ នៅពេល HSBC បានទិញធនាគារ Midland Bank ដែលជាធនាគារធំជាងគេលំដាប់ទី ៤ នៅអង់គ្លេស និងបន្ទាប់ពីបានបញ្ចប់ការធ្វើសមាហរណកម្មផ្សេងៗនៅក្នុងឆ្នាំ ១៩៩៣ HSBC ដែលមានអាយុកាល ១ សតវត្សរ៍ហើយនោះ បានប្តូរទីស្នាក់ការកណ្តាលខ្លួនពីទីក្រុងហុងកុងទៅកាន់ប្រទេសអង់គ្លេសជាផ្លូវការ។
HSBC បច្ចុប្បន្នត្រូវគេចុះបញ្ជីនៅក្នុងទីផ្សារភាគហ៊ុនអង់គ្លេស, ហុងកុង, ទីក្រុងញ៉ូវយ៉ក និងប៉ារីស។ ម្ចាស់ភាគហ៊ុនធំៗទាំងអស់របស់ HSBC រួមមានក្រុមហ៊ុន Ping An Insurance, BlackRock, Bank of New York Mellon, Vanguard និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិអន្តរជាតិផ្សេងៗទៀត។
ដោយសារតែ HSBC គឺជាក្រុមហ៊ុនពហុជាតិ វាត្រូវស្ថិតនៅក្រោមបទប្បញ្ញត្តិអង់គ្លេសផង និងក្រោមយុត្តាធិការរបស់អាមេរិកផង។ HSBC បានផុងខ្លួននៅក្នុងល្បែងដ៏ស្មុគស្មាញរបស់ប្រទេសធំៗ ដោយសារតែការផ្តោតរបស់ខ្លួនទៅលើតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសលើអាជីវកម្មនៅចិនដីគោក និងហុងកុង។
ភាពមិនស៊ីសង្វាក់គ្នានៃរចនាសម្ព័ន្ធទីផ្សារ, ក្រុមប្រតិបត្តិការ និងបទប្បញ្ញត្តិនៅក្នុងប្រទេសនានា បានធ្វើឱ្យ HSBC ប្រឈមមុខនឹងបញ្ហាជាច្រើន បូករួមនឹងការត្រូវជាប់គាំងនៅក្នុងការប្រឈមមុខដាក់គ្នារវាងចិន និងសហរដ្ឋអាមេរិក។ ទោះបីជា HSBC បានពិចារណាម្តងហើយម្តងទៀតអំពីការផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់ខ្លួនមកកាន់ទីក្រុងហុងកុងវិញ ចាប់តាំងពីឆ្នាំ ២០១៥ ក៏ដោយ ក៏វិធីសាស្រ្តរង់ចាំមើលសិន (Wait-and-see Approach) នៅក្នុងទីផ្សារហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេសបានរារាំងការសម្រេចបាននូវផែនការនេះ។
ការរាតត្បាតនៃវីរុសកូវីដ-១៩ និងភាពតានតឹងនៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានបង្កផលប៉ះពាល់ដល់ការឆ្លើយតបរបស់ក្រុមហ៊ុនពហុជាតិចំពោះបញ្ហាបដិសាកលភាវូបនីយកម្ម។
នៅពេលនេះ ជាមួយនឹងការដាក់ទណ្ឌកម្មកាន់តែច្រើនឡើងៗលើរុស្ស៊ីពីសំណាក់លោកខាងលិច ប្រទេសជាច្រើនដែលមិនមែនជាដៃគូជិតស្និទ្ធរបស់អាមេរិក អាចនឹងស្វែងយល់បានកាន់តែច្បាស់អំពីហានិភ័យនៃការមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាមេរិកនិងបណ្តាដៃគូរបស់អាមេរិក។
ក្រុមហ៊ុនពហុជាតិ បាននិងកំពុងជួបប្រទះនឹងកត្តាប្រឈមជាច្រើន ហើយក្រុមហ៊ុនទាំងនេះត្រូវត្រៀមខ្លួនឱ្យរួចជាស្រេច និងត្រូវខិតខំស្វែងរកច្រកចេញឱ្យបានសមស្រប នៅក្នុងបរិបទនៃបដិសាកលភាវូបនីយកម្ម។ ដើម្បីចៀសវាងពីហានិភ័យនៅថ្ងៃអនាគតដែលបង្កឡើងដោយការដាក់ទណ្ឌកម្មបែបនេះនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រុមហ៊ុនពហុជាតិអាចត្រៀមវិធានការចំនួន ៤។
ទី (១) «ការងាកចេញពីខ្សែសង្វាក់ផ្គត់ផ្គង់ និងទីផ្សារសាកលភាវូបនីយកម្ម និងការងាកឆ្ពោះទៅរកតថភាពថ្មីនៃសាកលភាវូបនីយកម្មដោយផ្នែក ដែលផ្តោតជាចម្បងលើខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងក្នុងតំបន់»។
ទី (២) «ការងាកចេញពីការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចដោយបង្ខំទៅជាការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចដោយចោះៗ (Selective Decoupling) និងពីការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចដែលមានលក្ខណៈទូលំទូលាយ ទៅជាការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចដែលផ្តោតលើគោលដៅជាក់លាក់ណាមួយ។
ទី (៣) «ការបង្កើតប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់បែបពិពិធកម្ម ដើម្បីធានានូវការការពារចំពោះខ្សែសង្វាក់ឧស្សាហកម្មទាំងមូល» និង
ទី (៤) «ការភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារចិន និងការបង្កើតខ្សែសង្វាក់កំណើន ពិភពលោកដែលមានលក្ខណៈឈ្នះ-ឈ្នះ»។
តថភាពថ្មីនៃសាកលភាវូបនីយកម្មដោយផ្នែក
ក្នុងបរិយាកាសនយោបាយនិងសេដ្ឋកិច្ចអន្តរជាតិដូចបច្ចុប្បន្ន ធាតុផ្សំនិងវិសាលភាពនៃបញ្ហាសន្តិសុខជាតិត្រូវបានពង្រីកជាបណ្តើរៗ។ ក្រៅពីការគំរាមកំហែងផ្នែកសន្តិសុខជាប្រពៃណី បញ្ហាសន្តិសុខបច្ចេកវិទ្យា, សន្តិសុខនៅលើប្រព័ន្ធអ៊ីនធឺណិត, សន្តិសុខបរិស្ថាន និងសន្តិសុខថាមពល បានទទួលការយកចិត្តទុកដាក់កាន់ខ្លាំងឡើង។ វិធានច្បាប់ដែលបង្កើតឡើងដោយរដ្ឋាភិបាលនានា ដោយផ្អែកលើបញ្ហាសន្តិសុខរៀងៗខ្លួនរបស់ពួកគេ តែងតែបង្ហាញអំពីភាពផ្ទុយគ្នាពីគោលការណ៍នៃការធ្វើពាណិជ្ជកម្មសេរី។
ក្រុមហ៊ុនពហុជាតិ ចាំបាច់ត្រូវអនុវត្តតាមវិធានច្បាប់ទាំងនេះ ក៏ប៉ុន្តែក្រុមហ៊ុនពហុជាតិនឹងនៅតែមិនអាចរួចផុតពីបញ្ហាប្រឈមទាំងស្រុងបានទេ ដោយសារតែភាពស្មុគស្មាញនៃបទប្បញ្ញតិ្តជាតិខុសៗគ្នា និងកង្វះតម្លាភាពទៅវិញទៅមក។ ដូច្នេះ ការធ្វើមូលដ្ឋានីយកម្ម ឬការធ្វើសមាហរណកម្មថ្នាក់តំបន់នៃអាជីវកម្ម នឹងក្លាយជារបត់ដ៏ពេញនិយមសម្រាប់ថ្ងៃអនាគត។
ការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចដែលផ្តោតលើគោលដៅជាក់លាក់ណាមួយ
ចាប់តាំងពីសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់រដ្ឋបាល Trump បានប្រកាន់យកគោលនយោបាយផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចពីចិន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការផ្លាស់ប្តូរវប្បធម៌ទ្វេភាគីរវាងចិននិងអាមេរិកបានរងនូវផលប៉ះពាល់ក្នុងទិដ្ឋភាពជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ កិច្ចសហប្រតិបត្តិការជាទូទៅរវាងចិននិងអាមេរិកនៅតែមានភាពរលូននៅក្នុងកម្រិតជាក់លាក់មួយ។
ដោយសារពេលនេះ ការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចទ្រង់ទ្រាយធំរវាងលោកខាងលិចនិងរុស្ស៊ី ត្រូវបានបង្ហាញឱ្យឃើញកាន់តែច្បាស់ តំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវតែបង្កើតយន្តការមួយឱ្យបានទាន់ពេលវេលា ដើម្បីដោះស្រាយបញ្ហានេះ។ ជំនួសឱ្យការអង្គុយរង់ចាំទទួលហានិភ័យនៃការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចដោយបង្ខំ ក្រុមហ៊ុនពហុជាតិគួរតែប្រកាន់យកនូវយុទ្ធសាស្ត្រផ្តាច់ខ្លួនដោយចោះៗ។
ការបង្កើតប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់បែបពិពិធកម្មដើម្បីធានានូវការការពារចំពោះខ្សែសង្វាក់ឧស្សាហកម្មទាំងមូល
ប្រព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកបានរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីវីរុសកូវីដ-១៩។ ហានិភ័យដែលកើតមាននៅក្នុងខ្សែសង្វាក់ឧស្សាហកម្មរបស់ប្រទេសនានាបានជះឥទ្ធិពលលើគ្នាទៅវិញទៅមកដែលជាហេតុ បង្កើតឱ្យមានហានិភ័យកាន់តែធ្ងន់ធ្ងរ។
ជាមួយនឹងភាពតានតឹងកាន់តែខ្លាំងនៃជម្លោះភូមិសាស្ត្រនយោបាយនៅពេលថ្មីៗនេះ ខ្សែសង្វាក់ផ្គត់ផ្គង់ដែលផុយស្រួយស្រាប់ទៅហើយនោះ បានធ្វើឱ្យក្រុមហ៊ុនពហុជាតិដែលពឹងផ្អែកលើកិច្ចសហប្រតិបត្តិការជាសកលត្រូវជួបប្រទះនឹងការកើនឡើងតម្លៃប្រតិបត្តិការ (Operating Costs)។ ដូច្នេះការពង្រីក និងការបំបែកបណ្តាញខ្សែសង្វាក់ផ្គត់ផ្គង់នឹងក្លាយជារឿងដ៏សំខាន់ ដើម្បីធានាឱ្យបាននូវ សន្តិសុខនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់។
ទន្ទឹមគ្នានេះដែរ ការប្រកួតប្រជែងជាអន្តរជាតិនៅពេលបច្ចុប្បន្នបានផ្តោតលើ «ការប្រកួតប្រជែងដើម្បីដណ្តើមយកការគ្រប់គ្រងខ្សែសង្វាក់ឧស្សាហកម្ម» ជាពិសេសគឺ «ការប្រកួតប្រជែងដើម្បីដណ្តើមយកច្ចេកវិទ្យាសំខាន់ៗនៅក្នុងខ្សែសង្វាក់ឧស្សាហកម្ម»។ ក្រុមហ៊ុនពហុជាតិគួរតែខិតខំពង្រឹងស្វ័យផ្គត់ផ្គង់ (Self-supply) នៅក្នុងខ្សែច្រវ៉ាក់ឧស្សាហកម្ម និងគួរខិតខំបង្កើនជំនាញបច្ចេកវិទ្យាឱ្យបានខ្លាំងតាមដែលអាចធ្វើទៅបាន។
ការបង្កើតខ្សែច្រវ៉ាក់កំណើនពិភពលោកដែលមានលក្ខណៈឈ្នះ-ឈ្នះ
ផែនការខ្សែក្រវ៉ាត់និងផ្លូវរបស់ចិនបានក្លាយជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ សូម្បីតែនៅពេលកំពុងកើតមានទំនោរកាន់តែខ្លាំងឆ្ពោះទៅរកបដិសាកលភាវូបនីយកម្ម ដូចពេលនេះក៏ដោយ។ ផែនការខ្សែក្រវ៉ាត់និងផ្លូវ បាននាំមកនូវឱកាសថ្មីៗដល់ក្រុមហ៊ុនអន្តរជាតិ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនពហុជាតិនិងសហគ្រាសខ្នាតតូច និងមធ្យមអាចស្វែងរកទីផ្សារថ្មីៗដែលកំពុងរីកលូតលាស់ និងអាចពង្រីកឱកាសធុរកិច្ចជាមួយចិន, អាស៊ាន, តំបន់មជ្ឈិមបូព៌ា, តំបន់អឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត។
ការវិនិយោគផ្ទាល់មិនមែនហិរញ្ញវត្ថុ (Non-financial Direct Investment) របស់ចិននៅក្នុងបណ្តាប្រទេសនានាក្រោមផែនការខ្សែក្រវ៉ាត់និងផ្លូវ មានតម្លៃ ២០,៣ ពាន់លានដុល្លារនៅឆ្នាំ ២០២១ ដោយបានកើនឡើង ១៤,១% បើធៀបនឹងឆ្នាំមុនៗ។
ក្រុមហ៊ុនពហុជាតិគួរតែចាប់យកឱកាសនេះ និងគួរប្រើប្រាស់បណ្តាញអន្តរជាតិនិងបទពិសោធន៍ប្រតិបត្តិការរបស់ពួកគេដើម្បីពង្រឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ, ពង្រីកបរិយាកាសវិនិយោគ និងទាញយកប្រយោជន៍ពីទីផ្សារ នៅក្នុងបណ្តាប្រទេសខ្សែក្រវ៉ាត់និងផ្លូវ។
ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុនពហុជាតិក៏គួរតែទាញយក ប្រយោជន៍ពីការធ្វើអន្តរជាតូនីយកម្មនៃប្រាក់យ័នចិនដើម្បីកាត់បន្ថយហានិភ័យនៅក្នុងការទូទាត់។ វិធីនេះអាចផ្តល់នូវការធានាថា «ក្រុមហ៊ុនពហុជាតិនឹងអាចទទួលបាននូវផលចំណេញយ៉ាងពេញលេញពីផែនការខ្សែក្រវ៉ាត់និងផ្លូវ ហើយក៏អាចគេចផុតពីហានិភ័យពាក់ព័ន្ធនានាផងដែរ»៕ The Diplomat