ខ្មែរប៉ុស្ដិ៍ Close

ភាពមិនច្បាស់លាស់របស់តំបន់អាស៊ីចំពោះការដាក់ទណ្ឌកម្មលើរុស្ស៊ី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 42
ភាពមិនច្បាស់លាស់របស់តំបន់អាស៊ីចំពោះការដាក់ទណ្ឌកម្មលើរុស្ស៊ី ភាពមិនច្បាស់លាស់របស់តំបន់អាស៊ីចំពោះការដាក់ទណ្ឌកម្មលើរុស្ស៊ី

ការលុកលុយរបស់រុស្ស៊ីចូលអ៊ុយក្រែនបានបង្កជាគ្រោះមហន្តរាយនៅក្នុងវិស័យសំខាន់ៗជាច្រើន ជាពិសេសលើប្រជាជនអ៊ុយក្រែន ហើយជម្លោះនេះក៏បានបង្កនូវការរំជើបរំជួលនៅក្នុងតំបន់អឺរ៉ុបរវាងមហាអំណាចធំៗផងដែរ។

ការដែលរុស្ស៊ីបំពានច្បាប់អន្តរជាតិ និងការដាក់ទណ្ឌកម្មរបស់លោកខាងលិច លើរុស្ស៊ី បានបង្កើននូវផលប៉ះពាល់កាន់តែខ្លាំងលើសកលភាវូបនីយកម្មដែលបានរងគ្រោះជាបន្តបន្ទាប់ចាប់តាំងពីអាណត្តិដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump និងនៅក្នុងអំឡុងពេលកើតមានការរាតត្បាតនៃវីរុសកូវីដ-១៩។

ប៉ុន្តែបើប្រៀបធៀបទៅនឹងបណ្តាប្រទេសលោកខាងលិច ឥរិយាបទនិងប្រតិកម្មចំពោះការលុកលុយរបស់រុស្ស៊ី និងការដើរថយក្រោយនៃសកលភាវូបនីយកម្ម មានលក្ខណៈមិនច្បាស់លាស់នោះទេ នៅក្នុងតំបន់អាស៊ី។ បណ្តារដ្ឋាភិបាលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែបន្តប្រកាន់ខ្ជាប់នូវចក្ខុវិស័យរបស់ពួកគេ ពាក់ព័ន្ធនឹងការធ្វើសមាហរណកម្មក្នុងតំបន់ និងការធ្វើទំនើបកម្ម។

បើទោះបីជាមនុស្សជាច្រើនបានបោះឆ្នោតថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីនៅឯអង្គការសហប្រជាជាតិក៏ដោយ ក៏មានប្រទេសតែមួយចំនួនតូចប៉ុណ្ណោះដែលបានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ខណៈ ដែលប្រទេសមួយចំនួនទៀតបានសម្តែងនូវការប្រឆាំងយ៉ាងបើកចំហចំពោះការដាក់ទណ្ឌកម្មនេះ។

ជាទូទៅ បណ្តាប្រទេសអាស៊ីតែងតែមានការស្ទាក់ស្ទើរក្នុងការផ្តាច់ទំនាក់ទំនងជាមួយប្រទេសមហាអំណាច ជាពិសេសជាមួយប្រទេសដែលជាអ្នកនាំចេញទំនិញដ៏សំខាន់របស់តំបន់។ បណ្តាប្រទេសដែលពឹងផ្អែកលើប្រទេសរុស្ស៊ីសម្រាប់រ៉ែ, ថាមពល, អាហារ ឬអាវុធ តែងតែមានការព្រួយបារម្ភអំពីផលប៉ះពាល់ពាក់ព័ន្ធនឹងកង្វះខាតការផ្គត់ផ្គង់ និងការកើនឡើងតម្លៃដែលអាចនាំមកនូវផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពួកគេ។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅចុងខែមីនា ឆ្នាំ ២០២២ នាយករដ្ឋមន្រ្តីសិង្ហបុរី Lee Hsien Loong បានលើកឡើងនូវការត្អូញត្អែរថា «សង្រ្គាមនេះនឹងនាំមកនូវការធ្លាក់ចុះនៅក្នុងសណ្តាប់ធ្នាប់ពហុភាគីរបស់ពិភពលោក ហើយវាក៏នឹងនាំមកនូវការខូចខាតផ្នែកសេដ្ឋកិច្ចផងដែរដល់បណ្តាប្រទេសដែលពឹងផ្អែកលើសកលភាវូបនីយកម្មដើម្បីទ្រទ្រង់សេដ្ឋកិច្ចរបស់ពួកគេ»។

ភាពមិនច្បាស់លាស់របស់តំបន់អាស៊ីក៏មានជាប់ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការដករុស្ស៊ីចេញពីកិច្ចប្រជុំជាលក្ខណៈអន្តរជាតិ។ នៅឆ្នាំ ២០២២ នេះ កិច្ចប្រជុំកំពូលពហុភាគីធំៗចំនួន ៤ ដែលធ្លាប់មានការចូលរួមពីសំណាក់ភាគីរុស្ស៊ីនឹងត្រូវរៀបចំធ្វើនៅតំបន់អាស៊ីបូព៌ា ដែលរួមមានដូចជាកិច្ចប្រជុំរបស់ក្រុមប្រទេស BRICS, កិច្ចប្រជុំកំពូលអាស៊ីបូព៌ា, កិច្ចប្រជុំ G20 និង APEC។

ប្រទេសចិនកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល BRICS ដែលនឹងធ្វើឡើងតាមប្រព័ន្ធអនឡាញនៅចុងខែមិថុនាខាងមុខនេះ។ ប្រធានាធិបតីរុស្ស៊ី Vladimir Putin ប្រាកដជានឹងបង្ហាញខ្លួននៅក្នុងកិច្ចប្រជុំនេះ ខណៈដែលសមាជិកផ្សេងទៀត ដូចជាប្រទេសប្រេស៊ីល, ឥណ្ឌា, ចិន និងអាហ្វ្រិកខាងត្បូង មិនបានថ្កោលទោស ចំពោះការឈ្លានពានរបស់រុស្ស៊ីនោះទេ រហូតមកដល់ពេលនេះ។

កិច្ចប្រជុំកំពូលចំនួន ៣ ផ្សេងទៀតរបស់តំបន់អាស៊ីនឹងរៀបចំឡើងនៅក្នុងខែវិច្ឆិកា ដោយក្នុងនោះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅថ្ងៃទី ១១-១៣ ខែវិច្ឆិកា។ អាស៊ានអាចនឹងធ្វើការអញ្ជើញប្រទេសរុស្ស៊ីឱ្យចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះ ខណៈដែលសហរដ្ឋអាមេរិកអាចនឹងធ្វើពហិការមិនចូលរួម ដែលជាហេតុនឹងធ្វើឱ្យប្រទេសចិនអាចទាញចំណេញពីព្រឹត្តិការណ៍នេះបាន។

ប្រធានបទពាក់ព័ន្ធនឹងរឿងនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាននៅថ្ងៃទី ១៣ ខែឧសភានៅទីក្រុងវ៉ាស៊ីនតោន។ ក៏ប៉ុន្តែពាក្យស្លោករបស់អាស៊ានគឺ «ការរួមបញ្ចូលគ្នា» ហើយរុស្ស៊ីនៅតែជាដៃគូដ៏សំខាន់មួយរបស់អាស៊ាន។ បញ្ហាពាក់ព័ន្ធនឹងការចូលរួមរបស់រុស្សីបាននិងកំពុងបង្កភាពស្មុគស្មាញដល់កិច្ចប្រជុំ G20 ដែលគ្រោងនឹងរៀបចំឡើង នៅថ្ងៃទី ១៥-១៦ ខែ វិច្ឆិកានៅក្នុងប្រទេសឥណ្ឌូណេស៊ី។

នៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 កាលពីខែមេសា រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក និងរបស់បណ្តាប្រទេសផ្សេងទៀតបានងើបដើរចេញពីកិច្ចប្រជុំ នៅពេលដែលភាគីរុស្ស៊ីឡើងធ្វើបទបង្ហាញ ហើយសហរដ្ឋអាមេរិកក៏បានបន្តអំពាវនាវឱ្យដករុស្ស៊ីចេញពីកិច្ចប្រជុំកំពូលនៅពេលខាងមុខនេះផងដែរ។

ប៉ុន្តែ G20 គឺជាស្ថាប័នមួយដែលដំណើរការដោយផ្អែកលើការមូលមតិគ្នា ហើយសមាជិក G20 ជាច្រើន បូករួមទាំងប្រទេសចិនបានបន្តច្រានចោលការដកប្រទេសរុស្ស៊ីចេញ។ ប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ APEC បន្ទាប់ពីកិច្ចប្រជុំ G20 ។

ក្រៅតែពីបញ្ហាពាក់ព័ន្ធនឹងការអញ្ជើញរុស្ស៊ី កិច្ចប្រជុំ APEC ក៏នឹងត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនទៀតផងដែរ ដែលរួមមានដូចជា ការដើរថយក្រោយនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ចំពេលកើតមានលទ្ធិគាំពារនិយមកាន់តែខ្លាំង, ការដាក់ទណ្ឌកម្មយ៉ាងគំហ៊ុក, ការធ្វើបាតុកម្ម បូករួមនឹងការធ្វើពហិការ។

ការរំខានផ្នែកសេដ្ឋកិច្ចដែលបង្កឡើងដោយសង្គ្រាមរបស់រុស្ស៊ី និងជម្លោះរវាងសហរដ្ឋអាមេរិក និងចិន អាចនឹងគ្របដណ្តប់លើរបៀបវារៈនៃកិច្ចប្រជុំ APEC ។ ប្រទេសចិនអាចនឹងចាប់យកឱកាសដែលបន្សល់ទុកដោយសារភាពខ្វះចន្លោះនៃការដឹកនាំផ្នែកការទូតរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ី។

រដ្ឋបាលរបស់លោក Biden បានព្យាយាមប្រកាសអំពីរបៀបវារៈក្នុងតំបន់នៅក្នុងកិច្ចប្រជុំជាប្រចាំរបស់ក្រុម Quad រវាងសហរដ្ឋអាមេរិក, ជប៉ុន, ឥណ្ឌា និងអូស្ត្រាលី ក៏ប៉ុន្តែប្រទេសចិនក៏បានបន្តជំរុញទៅមុខផងដែរនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងបានបន្តបង្ហាញអំពីគម្រោងសមាហរណកម្ម និងការតភ្ជាប់ក្នុងតំបន់។

របៀបវារៈសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកសម្រាប់តំបន់នេះនៅមិនទាន់លេចចេញជារូបរាងនៅឡើយនោះទេរហូតមកដល់ពេលនេះ។ ជាមួយនឹងការដាក់ទណ្ឌកម្មយ៉ាធ្ងន់ធ្ងរលើប្រទេសរុស្ស៊ី ប្រទេសចិនបាននិងកំពុងត្រៀមខ្លួនដើម្បីប្រឈមមុខនឹងការដាក់ទណ្ឌកម្មថ្មីៗពីសំណាក់អាមេរិក ជុំវិញបញ្ហាសិទ្ធិមនុស្ស បច្ចេកវិទ្យា និងសន្តិសុខ។

ប្រទេសចិននឹងទាញយកអត្ថប្រយោជន៍ពីជម្លោះនេះដើម្បីបង្កផលប៉ះពាល់ដល់ឥទ្ធិពលរបស់ប្រាក់ដុល្លារអាមេរិក និងដើម្បីទាក់ទាញដៃគូក្នុងតំបន់ ក៏ដូចជាដៃគូនៅក្នុងតំបន់ Global South។ ការដាក់ទណ្ឌកម្មលើរុស្ស៊ីនឹងមិនអាចផ្លាស់ប្តូរនូវគោលដៅយុទ្ធសាស្ត្ររបស់ចិននោះទេ។ ក៏ប៉ុន្តែវានឹងធ្វើឱ្យចិនបង្កើនកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីពង្រឹងការការពារខ្លួន។

នៅពេលឥឡូវនេះ រដ្ឋាភិបាលនៅក្នុងតំបន់អាស៊ីបូព៌ា ដែលបានរងផលប៉ះពាល់ពីភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិន នឹងត្រូវប្រឈមមុខនឹងការព្រួយបារម្ភកាន់តែខ្លាំងថែមមួយកម្រិតទៀត។ នៅពេលដែលសម្ព័ន្ធមិត្តលោកខាងលិចបានបន្តបង្កើនការចូលរួមជាមួយ G7, អង្គការ NATO និងក្រុម Quad ប្រទេសភាគច្រើនដែលស្ថិត នៅខាងក្រៅ G7 ដែលមានផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ នឹងមិនឈរនៅស្ងៀមចាំស្តាប់ការបង្គាប់បញ្ជានោះទេ។

ពួកគេទំនងជានឹងបន្តប្រកាន់ខ្ជាប់នូវវិធីសាស្រ្តរួមបញ្ចូលគ្រប់ភាគី (Inclusive Big Tent Approach) ដែលនឹងជួយបង្កើនជម្រើសផ្នែកការទូត ក៏ដូចជាឱកាសក្នុងការបោះជំហានទៅមុខជាពិសេសនៅក្នុងពេលវេលាដែលពោរពេញទៅដោយភាពមិនច្បាស់លាស់ដូចពេលនេះ។

របៀបដែលលោកខាងលិចនឹងធ្វើការឆ្លើយតប តាមរយៈការចូលរួមយ៉ាងសកម្ម និងតាមរយៈការគូសបញ្ជាក់អំពីចក្ខុវិស័យវិជ្ជមានសម្រាប់អនាគតនៃអភិបាលកិច្ច និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងក្លាយជាកត្តាដ៏សំខាន់ក្នុងការកំណត់ថា «តើពិភពលោកនឹងមាន ការរួបរួមគ្នា ឬត្រូវប្រឈមមុខនឹងការបែកបាក់គ្នា»៕ East Asia Forum

អត្ថបទទាក់ទង