ខ្មែរប៉ុស្ដិ៍ Close

    ទស្សនៈមិត្តអ្នកអាន៖ តើជម្រើសល្អបែបណាតាមគោលការណ៍ច្បាប់ដែលឈានដល់ការបញ្ចប់ជម្លោះនៅក្រុមហ៊ុនណាហ្គាវើលដ៍?

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1256
    ទស្សនៈមិត្តអ្នកអាន៖ តើជម្រើសល្អបែបណាតាមគោលការណ៍ច្បាប់ដែលឈានដល់ការបញ្ចប់ជម្លោះនៅក្រុមហ៊ុនណាហ្គាវើលដ៍?ទស្សនៈមិត្តអ្នកអាន៖ តើជម្រើសល្អបែបណាតាមគោលការណ៍ច្បាប់ដែលឈានដល់ការបញ្ចប់ជម្លោះនៅក្រុមហ៊ុនណាហ្គាវើលដ៍?

    បាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ គប្បីទទួលយកសំណងពីក្រុមហ៊ុន!

    បន្ទាប់ពីបានតាមដានយ៉ាងយកចិត្តទុកដាក់ជុំវិញវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបន្តអូសបន្លាយមកដល់ពេលនេះ ខ្ញុំសង្កេតឃើញថា អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ នៅតែបន្តប្រមូលគ្នីគ្នាធ្វើបាតុកម្មនៅតាមទីសាធារណៈ ដោយអះអាងថា ក្រុមហ៊ុនបានបញ្ឈប់ពួកគេពីការងារដោយគ្មានហេតុផល និងតវ៉ាទាមទារលក្ខខណ្ឌការងារមួយចំនួនទៀត។ ក៏ប៉ុន្តែ ភាគីខាងក្រុមហ៊ុនណាហ្គាវើលដ៍បានបញ្ជាក់ថា ការបញ្ឈប់បុគ្គលិកមួយចំនួន គឺដោយសារតែក្រុមហ៊ុនត្រូវការកែសម្រួលរចនាសម្ព័ន្ធ កាត់បន្ថយបុគ្គលិក ដើម្បីឱ្យក្រុមហ៊ុនអាចរស់បាននាអំឡុងពេលដែលកម្ពុជា ក៏ដូចជាបណ្តាប្រទេសដទៃទៀតលើសកលលោកបាននិងកំពុងរងនូវវិបត្តិជំងឺឆ្លងសកលកូវីដ-១៩។ ការបញ្ឈប់នេះ ក្រុមហ៊ុនមានហេតុផលសមរម្យ និងបានទូទាត់សំណងជូនបុគ្គលិកត្រឹមត្រូវស្របតាមនីតិវិធីច្បាប់។

    យោងតាមរបាយការណ៍ដែលក្រុមហ៊ុនណាហ្គាវើលដ៍ឲ្យដឹង បានបញ្ជាក់ថា ដោយសារការបន្តធ្លាក់ចុះភ្ញៀវ ការបន្តរីករាលដាលនៃជំងឺកូវីដ-១៩ ការរៀបចំសកម្មភាពអាជីវកម្មឡើងវិញ និងការកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុងឲ្យសមស្របតាមការរក្សាគម្លាតសង្គម និងវិធានការសុខាភិបាលផ្សេងៗទៀត នៅអំឡុងខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនបានជូនដំណឹងដល់សហជីព និងបានប្រជុំជាមួយតំណាងកម្មករនិយោជិត អំពីគម្រោងកាត់បន្ថយបុគ្គលិកនៅផ្នែកផ្សេងៗដែលមានចំនួន ១ ៣២៩នាក់ ទន្ទឹមគ្នានេះក៏មានបុគ្គលិកចំនួន ២៩២នាក់ ផ្សេងទៀត បានស្ម័គ្រចិត្តសុំលាឈប់ពីការងារដោយខ្លួនឯង ដែលធ្វើឲ្យចំនួនកម្មករនិយោជិតត្រូវកាត់បន្ថយ បានកើនឡើងដល់ ១ ៦២១នាក់។ ក្រុមហ៊ុនណាហ្គាវើលដ៍ បានទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជូនកម្មករនិយោជិតចំនួន ១ ៦២១នាក់ ក្នុងនោះមាននិយោជិតចំនួន ១ ២៤៨នាក់ បានយល់ព្រមទទួលយក និងចំនួន ៣៧៣នាក់ មិនព្រមទទួលយក បើទោះបីជាក្រុមហ៊ុនបានផ្ទេរលុយចូលគណនីធនាគាររបស់ពួកគេម្នាក់ៗរួចហើយក្តី។

    ពាក់ព័ន្ធករណីនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានសម្របសម្រួល និងបញ្ជូនករណីវិវាទការងារនេះទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានបើកសវនាការកាលពីថ្ងៃទី១៥ ខែកក្កដា និងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លើសំណុំរឿងនេះទៅតាមច្បាប់ជាធរមាន។ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានចេញសេចក្តីសម្រេច ដោយបានបង្គាប់ឲ្យភាគីនិយោជកអនុវត្តរបៀបគណនាប្រាក់បំណាច់អតីតភាពការងារ, សោហ៊ុយជំងឺចិត្ត, ប្រាក់រំលឹកអតីតភាពការងារមុនឆ្នាំ២០១៩, ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំ, និងប្រាក់បំណាច់ជួសការជូនដំណឹងមុនជូនកម្មករនិយោជិតឲ្យបានត្រឹមត្រូវតាមច្បាប់ ពេលបញ្ចប់កិច្ចសន្យាការងារនៅចុងឆ្នាំ២០២០ និងនៅដើមឆ្នាំ២០២១ និងបានបង្គាប់ឲ្យនិយោជកបន្តបើកប្រាក់បំណាច់អតីតភាពការងារឆ្នាំ២០២០ និងឆ្នាំ២០២១ ជូនកម្មករនយោជិតនៅក្នុងឆ្នាំ២០២១ បន្តទៀត។

    ក្រោយការបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលបែបនេះ ក្នុងចំណោមអតីតបុគ្គលិកណាហ្គាវើលដ៍ចំនួន ៣៧៣នាក់ មានបុគ្គលិកចំនួនជាង ១០០នាក់បន្ថែមទៀត បានយល់ព្រមទទួលយកសំណងពីក្រុមហ៊ុន និងនៅសេសសល់ចំនួនប្រមាណជា ២០០នាក់ប៉ុណ្ណោះ។

    ជាការកត់សម្គាល់ ទោះជាមានដំណោះស្រាយពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជាច្រើនលើករួចមកហើយក្តី ក៏អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលនៅសេសសល់ទាំងនេះ នៅតែបន្តធ្វើបាតុកម្មតវ៉ាទាមទារចង់ចូលធ្វើការវិញ និងភ្ជាប់លក្ខខណ្ឌកាន់តែច្រើនឡើង ក្នុងចេតនាបង្កការាំងស្ទះដល់ដំណើរការស្វែងរកដំណោះស្រាយដើម្បីបញ្ចប់វិវាទនេះ។ មិនត្រឹមតែប៉ុណ្ណោះទេ មេខ្លោងសហជីពដែលជាអ្នកបញ្ជា ដឹកនាំធ្វើបាតុកម្មខុសច្បាប់ ថែមទាំងបានបន្តញុះញង់ និងបំពុល បំភ័ន្តព័ត៌មានជាបន្តបន្ទាប់ក្នុងចេទនាទុច្ចរិតមកលើអាជ្ញាធរមានសមត្ថកិច្ចថាបានប្រើអំពើហិង្សាលើបាតុករ និងពួកគេបានប្រឌិតព័ត៌មានថា បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ដែលបាននិងកំពុងធ្វើការនឹងសុំឈប់ពីការជាច្រើននាក់បន្ថែមទៀត ជាមួយនឹងល្បិចកលលួចបន្លំយកអ្នកផ្សេង ឱ្យមកចូលរួមធ្វើបាតុកម្ម បន្លំធ្វើជាអតីតបុគ្គលិកណាហ្គាវើលដ៏ មកដោះដូរជាមួយនឹងអតីតបុគ្គលិកដែលបានបញ្ឈប់ពីការងារ ក្នុងចេតនាអូសបន្លាយការតវ៉ា ប្រមូលផ្តុំធ្វើបាតុកម្មខុសច្បាប់ និងទាមទារលក្ខខណ្ឌផ្សេងៗ។

    តាមច្បាប់ការងារ កាលណាមានសេចក្តីសម្រេចពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ហើយក្នុងករណីដែលខាងភាគីក្រុមហ៊ុន សុខចិត្តផ្តល់សំណងជូនពួកគេទាំងនោះ មានន័យថា ក្រុមហ៊ុនដាច់ខាតមិនទទួលយកពួកគេឲ្យចូលធ្វើការវិញឡើយ ហើយបុគ្គលិកទាំងនោះទៀតសោតក៏គ្មានសិទ្ធិណាមួយទៅបង្គាប់បញ្ជា ឬក៏ចាប់បង្ខំឲ្យក្រុមហ៊ុនត្រូវតែទទួលយកលក្ខខណ្ឌរបស់ខ្លួននោះដែរ។

    បើផ្អែកតាមទិដ្ឋភាពច្បាប់ អតីតបុគ្គលិកណាហ្គាវើលដ៍ គ្មានជម្រើសណាផ្សេងក្រៅពីទទួលយកសំណងដែលក្រុមហ៊ុនណាហ្គាវើលដ៍ផ្តល់ឲ្យស្របតាមច្បាប់ការងារនោះទេ ពីព្រោះថា ការធ្វើបាតុកម្មតវ៉ាអនាធិបតេយ្យបែបនេះ មិនមែនជាដំណោះស្រាយ និងក៏គ្មានប្រសិទ្ធភាពក្នុងការដាក់គំនាបលើក្រុមហ៊ុនណាហ្គាវើលដ៍បានឡើយ ដោយសារក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវតាមនីតិវិធីច្បាប់។

    លោក សុខ គង្គា អតីតបុគ្គលិកក្រុមណាហ្គាវើលដ៍ ក្នុងចំណោមបុគ្គលិកដទៃទៀត ដែលបានយល់ព្រមទទួលយកសំណងពីក្រុមហ៊ុន បានអំពាវនាវឲ្យអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលនៅសេសសល់ គប្បីទទួលយកសំណង ដើម្បីបញ្ចប់វិវាទនេះដោយសន្តិវិធី។ លោក សុខ គង្គា បានអះអាងថា លោកបានទៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្តាប់ការបកស្រាយពន្យល់របស់ក្រសួង អំពីការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារតាមគោលការណ៍ច្បាប់នៅទីស្តីការក្រសួង កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ និងបានបញ្ជាក់ថា ជាក់ស្តែង គោលការណ៍ទូទាត់ តាមការសម្របសម្រួលរបស់ក្រសួង គឺមានភាពច្បាស់លាស់ តម្លាភាព និងត្រឹមត្រូវតាមច្បាប់ ដែលងាយស្រួលក្នុងការយល់ និងធ្វើឲ្យរូបលោកឯកភាពក្នុងការទទួលយកការទូទាត់ដោយពេញចិត្ត។

    ទន្ទឹមគ្នានេះ ការមិនទទួលយកប្រាក់សំណងរបស់អតីតបុគ្គលិកណាហ្គាវើលដ៍ដែលនៅសេសសល់នេះ បានដើរប្រាសចាកពីគោលការណ៍ច្បាប់ និងប្រាសចាកទាំងស្រុងពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងក៏បង្ហាញឲ្យឃើញពីភាពទុច្ចរិតរបស់ក្រុមអ្នកតវ៉ាដែលមិនចង់មានដំណោះស្រាយបញ្ចប់វិវាទការងារ។ តាមរយៈសកម្មភាពនេះ គេអាចសន្និដ្ឋានបានថា បាតុកម្មនេះ គឺមានផែនការ រចនាសម្ព័ន្ធដឹកនាំ និងការបណ្តុះបណ្តាលច្បាស់លាស់ ដោយក្រៅពីកម្លាំងបាតុករនិងមេបាតុករដែលអនុវត្តផ្ទាល់ គឺនៅមានការដឹកនាំបញ្ជាច្បាស់លាស់ពីខាងក្រៅថែមទៀតផង។ ទន្ទឹមនឹងបាតុកម្មខាងក្នុង ក៏មានបាតុកម្មគាំទ្រពីតាមបណ្តាប្រទេសនានា ដោយបណ្តាញសហជីពអន្តរជាតិ។

    ក្នុងនាមជាមន្ត្រីជំនាញសិទ្ធិការងារ ខ្ញុំសូមលើកទឹកចិត្តឲ្យអតីតបុគ្គលិកណាហ្គាវើលដ៍ដែលនៅសេសសល់ទាំងអស់ ព្រមទទួលយកការដោះស្រាយជាសំណងដែលស្របតាមគោលការណ៍ច្បាប់ នោះជាការល្អប្រសើរ ក្នុងន័យថា អ្នកដែលព្រមទទួលយកសំណង គឺមានហេតុផលគ្រប់ជ្រុងជ្រោយគិតពីប្រយោជន៍ឆ្នាំងបាយរបស់ខ្លួនតទៅមុខទៀត ពោលគឺយើងមិនអាចទៅធ្វើសកម្មភាពបែបអនាធិបតេយ្យ ឬក៏ចូលទៅក្នុងសកម្មភាពណាមួយបំពានច្បាប់នោះទេ ដែលអាចប្រឈមនឹងនីតិវិធី ឬការចាត់វិធានការផ្លូវច្បាប់ណាមួយរបស់អាជ្ញាធរបើសិនជាសកម្មភាពនោះហួសព្រំដែននៃច្បាប់។

    ជារួម ប្រសិនបើបាតុករជាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលនៅសេសសល់ប្រមាណជា ២០០នាក់ មានសុច្ឆន្ទៈពិតប្រាកដ ក្នុងការស្វែងរកដំណោះស្រាយជាមួយនឹងក្រុមហ៊ុនណាហ្គាវើលដ៍ ពួកគេគួរតែចូលខ្លួនទៅដោះស្រាយតាមការអំពាវនាវរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ និងដូចអ្វីដែលពួកគេបានសន្យាមុនពេលតុលាការដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នដើម្បីបញ្ចប់ជម្លោះនេះ។

    ផ្ទុយទៅវិញ ក្នុងករណីវិវាទនេះមិនបញ្ចប់ អ្វីដែលត្រូវធ្វើបន្តទៀត គឺនឹងបន្តនីតិវិធីទៅតុលាការ។ ផ្អែកតាមច្បាប់ ថៅកែក្រុមហ៊ុនមានសិទ្ធិបញ្ឈប់បុគ្គលិកបាន ឲ្យតែខាងក្រុមហ៊ុនយល់ព្រមដោះស្រាយតាមគោលការណ៍កំណត់ដោយច្បាប់ ក៏ប៉ុន្តែបើបុគ្គលិកកម្មករមិនសុខចិត្តចំពោះការបញ្ឈប់ ឬការបណ្តេញចេញនោះទេ ពួកគេមានសិទ្ធិប្តឹងទៅតុលាការ ដើម្បីស្វែងរកដំណោះស្រាយ។ ទោះយ៉ាងណា ក្នុងករណីដែលថៅកែបញ្ឈប់ពីការងារហើយ គឺគ្មានទេការអនុញ្ញាតឲ្យចូលធ្វើការវិញ គឺមានតែយល់ព្រមទទួលយកសំណងតែប៉ុណ្ណោះ។ នេះគឺជាគោលការណ៍ច្បាប់ ដែលពុំគប្បីអតីតបុគ្គលិក និងបុគ្គលិកណាហ្គាវើលដ៍ណាម្នាក់ បន្តញុះញង់ ឬធ្វើសកម្មភាពដឹកនាំបាតុកម្មបំពានច្បាប់ណាមួយដែលអាចនឹងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈរបស់សង្គមនោះឡើយ៕

    ដោយ៖ សុខ វាសនា មន្ត្រីជំនាញផ្នែកសិទ្ធិការងារនៅអង្គការក្រៅរដ្ឋាភិបាល