ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការងារ ជូនដំណឹងស្តីពី វឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 24
ក្រសួងការងារ ជូនដំណឹងស្តីពី វឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ក្រសួងការងារ ជូនដំណឹងស្តីពី វឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងមួយអំពីវឌ្ឍនភាពមួយចំនួន នៃការដោះស្រាយវិវាទការងាររវាងអតីតកម្មករក្រុមហ៊ុន ណាហ្គាវើលដ៍ និងនិយោជក។

បើតាមសេចក្តីជូនដំណឹង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា តំណាងកម្មករនិយោជិត ដែលធ្វើបាតុកម្ម និងតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ មិនទាន់ឈានដល់ចំណុចព្រមព្រៀងគ្នាដើម្បីបញ្ចប់វិវាទនៅឡើយទេ នៅក្នុងកិច្ចប្រជុំដែលសម្របសម្រួលដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ។

នៅរសៀលថ្ងៃទី២៩ ខែមីនានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តអញ្ជើញគូភាគីវិវាទមកជួបប្រជុំដោះស្រាយជាលើកទី៦ ក្រោមអធិបតីភាពរបស់ លោក ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប. ដោយមានតំណាងភាគីកម្មករនិយោជិត រួមមាន លោកស្រី ឈឹម សុខន, លោកស្រី រី សុវណ្ណឌី, លោកស្រី សុន ស្រីពេជ្រ, លោកស្រី ហៃ សុភាព (លោកស្រី ឈឹម ស៊ីថរ បន្តអវត្តមាន ដោយសារមានធុរៈចាំបាច់) និងតំណាងនិយោជក រួមមានលោក Hein Dames, លោក ហយ វលាភ, លោកស្រី ឌី សីហា និងលោកស្រី រស់ ប៊ុនឡេងផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានលើកមតិ និងសំណើរៀងៗខ្លួន ដោយមិនទាន់ឯកភាពគ្នានៅឡើយ ជាពិសេសការទាមទារឱ្យកម្មករនិយោជិតប្រមាណ២០០នាក់ បានចូលធ្វើការវិញ។ ទោះជាយ៉ាងនេះក្តី ភាគីពាក់ព័ន្ធបាន កំណត់កាលបរិច្ឆេទប្រជុំបន្ទាប់ នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទី ដើម្បីឱ្យភាគីទាំងពីរមានឱកាសពិចារណាឡើងវិញ អំពីលទ្ធភាពនៃការធ្វើសម្បទានគ្នាទៅវិញទៅមកដែលអាច ឈានទៅបញ្ចប់វិវាទនេះ។

ក្រសួងបានបញ្ជាក់ផងដែរថា បើទោះបីជាមិនទាន់មានការឯកភាពគ្នា ក៏ក្រសួងនឹងបន្តខិតខំធ្វើការសម្របសម្រួល និងកំណត់កាលបរិច្ឆេទប្រជុំបន្តបន្ទាប់ទៀត ស្របតាមតួនាទីដែលកំណត់ដោយច្បាប់ ក៏ដូចជាការទាមទាររបស់គូភាគី។

ជាថ្មីម្តងទៀត ក្រសួងស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទ ការងារនេះ, បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី, និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះមិនអាចស្វែងរកដំណោះស្រាយបានដោយការផ្សះផ្សា នីតិវិធីបន្ទាប់គឺអាចបញ្ជូនទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ៕

អត្ថបទទាក់ទង