ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-វៀតណាម នឹងរួមគ្នារៀបចំសមយុទ្ធសង្គ្រោះពេលមានគ្រោះមហន្តរាយនៅខែធ្នូខាងមុខ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 46
កម្ពុជា-វៀតណាម នឹងរួមគ្នារៀបចំសមយុទ្ធសង្គ្រោះពេលមានគ្រោះមហន្តរាយនៅខែធ្នូខាងមុខ កម្ពុជា-វៀតណាម នឹងរួមគ្នារៀបចំសមយុទ្ធសង្គ្រោះពេលមានគ្រោះមហន្តរាយនៅខែធ្នូខាងមុខ

នៅវិមានសន្តិភាព នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយ​លោក Phan Van Giang អនុរដ្ឋមន្ត្រី និងជាប្រធានអគ្គលេខាធិការនៃកងទ័ពប្រជាជនវៀតណាម។ ក្នុងជំនួបនេះ លោក Phan Van Giang បានគោរពជម្រាបជូន​លោកនាយករដ្ឋមន្ត្រីដោយបានពាំនាំនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខពី​នាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម ជូនចំពោះលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា។

លោកអនុរដ្ឋមន្ត្រី​ ក៏បានជម្រាបថា លោកនឹងជួបពិភា​ក្សាការងារជាមួយនឹង​លោក វង្ស ពិសេន នៅថ្ងៃស្អែកនេះ ហើយក៏បានជម្រាបពីកិច្ចសហប្រតិបត្តិការរវាងក្រសួង​ការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម គឺបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរដូចជាលើការរៀបចំសម​យុទ្ធពេលដែលមានគ្រោះមហន្តរាយដែលនឹងប្រព្រឹត្ត​ទៅនៅខែ១២ខាងមុខ បញ្ហាសន្តិសុខ ការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់តាមព្រំដែន និងការស្វែងរកអដ្ឋិធាតុ រួមជាមួយនឹងការហ្វឹកហាត់បណ្ដុះបណ្ដាលនាយទាហានយោធាជាដើម។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់នាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម ហើយបានសំដែងអំណរគុណចំពោះរបាយការណ៍ដែលបានលើកឡើងក្នុងជំនួបនេះ។ លោក​ ក៏បានសម្ដែងនូវក្តីរីករាយផងដែរ ដែលបានដឹងពីទំនាក់ទំនងរវាងវិស័យកងទ័ពនៃប្រទេសទាំងពីរនារយៈពេលកន្លងមក រហូតដល់ពេលបច្ចុប្បន្នដែលទំនាក់ទំនងនេះបាននាំនូវផលប្រយោជន៍ជូនដល់ប្រជាជនដែលកំពុងរស់នៅតាមព្រំដែនផងដែរ។ ចំពោះការរៀបចំសមយុទ្ធសង្គ្រោះពេលមានគ្រោះមហន្តរាយវិញនោះ លោក បានមានប្រសាសន៍ថា នេះជាការអនុវត្តមួយដែលផ្ដល់នូវផលប្រយោជន៍ដល់ប្រជាជននៃប្រ ទេសទាំងពីរនៅពេលដែលមានគ្រោះមហន្តរាយកើត មានឡើងដូចជាភ្លើងឆេះព្រៃ និងទឹកជំនន់ជាដើម។ ដូច្នេះការអនុវត្តសមយុទ្ធនេះ គឺកងទ័ពកម្ពុជាត្រូវចូលទៅកាន់ទឹកដីវៀតណាម ហើយកងទ័ពវៀតណាមត្រូវចូលមកកាន់ទឹកដីកម្ពុជា ដើម្បីជៀសវាងដល់ការយល់ច្រឡំគ្នា និងធ្វើឲ្យមានការយល់ដឹងដោយទូលំទូលាយផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់អនុសាសន៍ ឲ្យមានសកម្មភាពមនុស្សធម៌ក្នុងសមយុទ្ធនេះ គឺភាគីកម្ពុជាអាចចូលទៅព្យាបាលប្រជាជនវៀតណាម ហើយប្រជាជនវៀតណាម អាចចូលមកព្យាបាលនៅក្នុងប្រ ទេសកម្ពុជា ដើម្បីត្រៀមនៅពេលដែលមានគ្រោះមហន្ត រាយ ហើយក៏អាចជំរុញឱ្យមានកម្មវិធី​ កីឡា សិល្បៈ ផងដែរ។ សំខាន់ជាងនេះគឺធ្វើយ៉ាងណាបន្តកិច្ចសហប្រតិ បត្តិការដែលមានស្រាប់ និងជំរុញបង្កលក្ខណៈណាឲ្យប្រជាជននៃប្រទេសទាំងពីរអាចប្រកបអាជីវកម្មតាមព្រំដែនបានដោយងាយស្រួលផងដែរ៕

អត្ថបទទាក់ទង