ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី វឌ្ឍនៈភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៏

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 52
ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី វឌ្ឍនៈភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៏ ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី វឌ្ឍនៈភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៏

តំណាងអតីតកម្មករណាហ្គាវើលដ៍ បានអវត្តមានក្នុងការចូលរួមប្រជុំដោះស្រាយវិវាទការងារ ដែលអញ្ជើញដោយរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញលិខិតអញ្ជើញពួកគេជាថ្មីម្តងទៀត ដើម្បីប្រជុំដោះស្រាយនៅរសៀលថ្ងៃស្អែក។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ដើម្បីបន្តសម្របសម្រួលដោះស្រាយបញ្ចប់វិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ដូចដែលក្រសួងបានខិតខំនាពេលកន្លងមក និងស្របតាមស្មារតីនៃកិច្ចសន្យា ក៏ដូចជាសំណូមពររបស់អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ដែលបានអះអាងជាមួយក្រសួងថា នឹងធ្វើជាតំណាងរបស់អតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ក្នុងការដោះស្រាយបញ្ចប់វិវាទការងាររួមជាមួយក្រុមហ៊ុន ណាហ្គាវើលដ៍ ក្រសួងបានអញ្ជើញតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកមកបន្តប្រជុំដោះស្រាយវិវាទនៅទីស្តីការក្រសួង នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២រសៀល។

ក្រសួងនេះ បានបន្តថា៖ ជាក់ស្តែង នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នេះ តំណាងភាគីនិយោជកបានមកចូលរួមប្រជុំតាមការអញ្ជើញរបស់ក្រសួង ចំណែកតំណាងភាគីកម្មករនិយោជិតមិនបានមកចូលរួមប្រជុំតាមការអញ្ជើញរបស់ក្រសួងឡើយ។ ក្រសួងមានការសោកស្តាយ ដែលកិច្ចប្រជុំនេះមិនអាចដំណើរការបាន។

ជាថ្មីម្តងទៀត ក្រសួងការងារក៏បានអំពាវនាវដល់តំណាងភាគីកម្មករនិយោជិត មេត្តាចូលរួមប្រជុំតាមការអញ្ជើញរបស់ក្រសួង ដើម្បីដោះស្រាយបញ្ចប់ករណីវិវាទរួមនេះឱ្យបានឆាប់ស្របតាមនីតិវិធីច្បាប់ និងតាមការសន្យារបស់ខ្លួន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទីរសៀល នៅទីស្តីការក្រសួង៕

អត្ថបទទាក់ទង