ខ្មែរប៉ុស្ដិ៍ Close

តើតំបន់អឺរ៉ុបកំពុងធ្វើបដិឧស្សាហូបនីយកម្មមែនឬទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 126
តើតំបន់អឺរ៉ុបកំពុងធ្វើបដិឧស្សាហូបនីយកម្មមែនឬទេ? តើតំបន់អឺរ៉ុបកំពុងធ្វើបដិឧស្សាហូបនីយកម្មមែនឬទេ?

វិស័យឧស្សាហកម្មអឺរ៉ុបកំពុងបន្តស្ថិតនៅក្រោមការគំរាមកំហែងពីសំណាក់បញ្ហាតម្លៃថាមពលដ៏ថ្លៃ និងច្បាប់កាត់បន្ថយអតិផរណា (IRA) របស់ប្រធានាធិបតី Joe Biden ដែលកំពុងតែព្យាយាមសូកប៉ាន់ឧស្សាហកម្មបៃតងរបស់តំបន់អឺរ៉ុបឱ្យវិលត្រឡប់ទៅកាន់អាមេរិកវិញ។ តើឧស្សាហកម្មរបស់អឺរ៉ុបកំពុងឈានទៅរកការដួលរលំឬ?

តើប្រទេសអាល្លឺម៉ង់នឹងត្រូវជួបប្រទះនឹងភាពជាប់គាំង ដូចដែលចក្រភពអង់គ្លេសបានជួបប្រទះនៅពេលដែលរោងចក្ររបស់អង់គ្លេសបានបិទទ្វារ និងបានបង្ខំឱ្យកម្លាំងពលកម្មដែលមានជំនាញខ្ពស់ក្នុងការផលិត ទទួលយកការងារដែលមានជំនាញទាប, ផលិតភាពទាប និងប្រាក់ឈ្នួលទាបឬ?

ការគំរាមកំហែងកំពុងតែកើតមាននៅក្នុងពិភពអំណាចរបស់អឺរ៉ុប។ អធិការបតីអាល្លឺម៉ង់ Olaf Scholz បានធ្វើការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស តាមរយៈការស្នើឱ្យបង្កើតមូលនិធិថ្មីរបស់សហភាពអឺរ៉ុបដើម្បីផ្តល់ជំនួយដល់បណ្តាក្រុមហ៊ុននៅសហភាពអឺរ៉ុបដែលកំពុងត្រូវបានល្បួងដោយការឧបត្ថម្ភធនរបស់សហរដ្ឋអាមេរិកឱ្យធ្វើចំណាកស្រុក។ ប៉ុន្តែនៅក្នុងទិដ្ឋភាពនៃការធ្វើសកម្មភាពដ៏យឺតយ៉ាវរបស់អឺរ៉ុប មនុស្សមួយចំនួនបាននិងកំពុងលើកឡើងនូវចម្ងល់ថា «តើការឧបត្ថម្ភធនរបស់សហភាពអឺរ៉ុបអាចធ្វើការប្រឆាំងនឹងការឧបត្ថម្ភធនរបស់សហរដ្ឋអាមេរិកបានទាន់ពេលវេលាដែរឬទេ»។

ឧស្សាហកម្មរថយន្តរបស់ប្រទេសអាល្លឺម៉ង់គឺជាឧទាហរណ៍ដ៏ល្អពាក់ព័ន្ធនឹងរឿងនេះ។ ក្រុមហ៊ុនផលិតរថយន្តបានទទួលរងនូវផលប៉ះពាល់ទ្វេដង ដោយសារតែបញ្ហាអតិផរណា ដូចជាការកើនឡើងនៃតម្លៃប្រេងឥន្ធនៈដែលកំពុងតែកាត់បន្ថយការទិញរបស់អតិថិជន និងការកើនឡើងនៃថ្លៃដើមផលិតកម្ម។

ដោយសារភាគច្រើននៃឧស្សាហកម្មរបស់អាល្លឺម៉ង់ត្រូវពឹងផ្អែកទៅលើការផលិតរថយន្ត ដូច្នេះហើយទើបបានជាអ្នកអត្ថាធិប្បាយមួយចំនួនបានចាប់ផ្តើមបង្ហាញនូវការព្រួយបារម្មណ៍ចំពោះបដិឧស្សាហូបនីយកម្ម (Deindustrialization) របស់ប្រទេសនេះ។ ការខឹងសម្បាររបស់ពួកគេគឺពិតជាត្រឹមត្រូវ ក៏ប៉ុន្តែការវិភាគរបស់ពួកគេមិនបានផ្តោតចំចំណុចសំខាន់នោះទេ។

តាមរយៈការផ្លាស់ប្តូរយ៉ាងឆាប់រហ័សឆ្ពោះទៅរកការផលិតរថយន្តអគ្គិសនី ជាមួយនឹងការកើនឡើងនៃបរិមាណថាមពលកកើតឡើងវិញ ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់បានបង្ហាញឱ្យគ្រប់គ្នាបានឃើញនូវសមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងការផ្លាស់ប្តូរឆ្ពោះទៅរកថាមពលបៃតង និងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ។ ប្រសិនបើពួកគេទទួលបានជំនួយបន្ថែមទៀតពីរដ្ឋ មិនថាពីរដ្ឋាភិបាលអាល្លឺម៉ង់ ឬពីសហភាពអឺរ៉ុបនោះទេ ពួកគេអាចនឹងបន្តការផលិតរថយន្តបានច្រើននៅក្នុងប្រទេសអាល្លឺម៉ង់នៅពេលអនាគតដូចគ្នានឹងកាលពីអតីតកាលដែរ។

ប៉ុន្តែប្រសិនបើការភ័យខ្លាចនៃការកាត់បន្ថយការធ្វើឧស្សាហូបនីយកម្មកាន់តែត្រូវបានគេបំប៉ោង នោះការព្រួយបារម្ភក៏នឹងមានការកើនឡើងផងដែរពាក់ព័ន្ធនឹងបញ្ហាថា «ទ្វីបទាំងមូលអាចនឹងចាញ់ប្រៀបអាមេរិក និងចិន»។ ការផ្លាស់ប្តូរឆ្ពោះទៅរករថយន្តអគ្គិសនីកំពុងធ្វើឱ្យអំណាចនៃមូលធនរបស់អឺរ៉ុបធ្លាក់ចុះ។ បើប្រៀបធៀបទៅនឹងសមភាគីអាមេរិកនិងចិន ពួកមូលធនអឺរ៉ុបបានចាញ់ប្រៀបឆ្ងាយនៅក្នុងការប្រកួតប្រជែងដើម្បីប្រមែរប្រមូលនិងការទទួលបានផលប្រយោជន៍ពី «Cloud Capital»។

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់អាចទទួលបានប្រាក់ចំណេញយ៉ាងច្រើនពីការបង្កើតម៉ាស៊ីនដែលមានគុណភាពខ្ពស់ និងការផលិតគ្រឿងបង្គុំគ្រប់ផ្នែកផ្សេងទៀតដើម្បីបញ្ជូនថាមពលពីម៉ាស៊ីនទៅកាន់កង់រថយន្ត។ ប៉ុន្តែយានជំនិះអគ្គិសនីមានលក្ខណៈសាមញ្ញជាងក្នុងការផលិត ដោយក្នុងនោះភាគច្រើននៃមុខងាររបស់វាត្រូវបានដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) និងកម្មវិធីឆ្លាតវៃដែលបានភ្ជាប់រថយន្តទៅនឹងប្រព័ន្ធអ៊ីនធឺណិត។ ការតភ្ជាប់ទៅកាន់ប្រព័ន្ធអ៊ីនធឺណិតនេះគឺជារឿងដែលពួកមូលធនអាល្លឺម៉ង់បានបន្តទទួលបរាជ័យនៅក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។

ដូច្នេះបើទោះបីជាជំនួយរដ្ឋរបស់សហភាពអឺរ៉ុបទទួលបានជោគជ័យក្នុងការបញ្ចុះបញ្ចូលផលិតកម្មរថយន្ត Volkswagen, Mercedes-Benz និង BMW ឱ្យបន្តផលិតរថយន្តអគ្គិសនី របស់ពួកគេនៅក្នុងទ្វីបអឺរ៉ុប ជាជាងការផ្លាស់ទីទៅកាន់សហរដ្ឋអាមេរិកវិញ ដើម្បីទទួលបានផលប្រយោជន៍ពីការឧបត្ថម្ភធនរបស់ច្បាប់ IRA ក៏ដោយ ក៏ការផលិតរថយន្តនឹងមិនទទួលបានផលចំណេញដូចកាលពីមុននោះទេ។

ប្រាក់ចំណេញកាន់តែច្រើនឡើងៗ ដែលផលិតកម្មរថយន្តអគ្គិសនីនឹងទទួលបាន គឺមិនមែនបានមកពីការលក់ Hardware នោះទេ ក៏ប៉ុន្តែវានឹងបានមកពីកម្មវិធីដែលត្រូវបានលក់ទៅឱ្យម្ចាស់យានយន្តទាំងនៅពេលបច្ចុប្បន្ន និងនៅពេលអនាគតដែលនេះមានលក្ខណៈស្រដៀងគ្នានឹងវិធីសាស្ត្រដែលក្រុមហ៊ុន Apple អាចបន្តទទួលបានប្រាក់ចំណេញយ៉ាងច្រើន តាមរយៈការក្លាយជា «ភាគីអភិវឌ្ឍកម្មវិធីទី៣ – Third Party Developers» ដើម្បីផលិតកម្មវិធីសម្រាប់ទូរស័ព្ទ iPhone ដែលត្រូវបានដាក់លក់នៅក្នុង Apple Store ។

រឿងស្រដៀងគ្នានេះក៏បានកើតមានឡើងនៅក្នុងវិស័យថាមពលផងដែរ។ នៅពេលដែលវីរុសរាតត្បាតបានថយចុះតម្លៃថាមពលបានបន្តកើនឡើងដែលជាហេតុធ្វើឱ្យឧស្សាហកម្ម ប្រេងឥន្ធនៈបានទទួលរងនូវផលប៉ះពាល់ជាលើកទី២ ដែលដូចគ្នានឹងការកើនឡើងនៃតម្លៃពោតនៅក្នុងប្រទេសអង់គ្លេសនៅក្នុងអំឡុងសង្គ្រាមណាប៉ូឡេអុង។

កាលពីអតីតកាលវិស័យប្រេងឥន្ធនៈបានពឹងផ្អែកទៅលើអាជ្ញាបណ្ណដើម្បីអាចខួងយករ៉ែនៅក្នុងដី ឬបាតសមុទ្រ ហើយរដ្ឋាភិបាលនិងម្ចាស់ដីឯកជនក៏អាចទទួលបានប្រាក់ពីការជួលដីដើម្បីខួងយកប្រេងផងដែរ។ នៅពេលនេះ វិស័យនេះក៏បាននិងកំពុងពឹងផ្អែកទៅលើធាតុមួយចំនួនដូចកាលពីអតីតកាលដែរ ដែលរួមមានអណ្តូងប្រេង, នាវាដឹកប្រេង, បំពង់បង្ហូរប្រេង និងរោងចក្រកែច្នៃឡើងវិញដែលស្ថិតនៅអណ្តែតលើទឹក។

ប៉ុន្តែធនធានកកើតឡើងវិញអាចត្រូវបានដាក់ឱ្យប្រើប្រាស់យ៉ាងល្អ និងងាយស្រួលបំផុត ដែលរួមមានដូចជាបន្ទះស្រូបពន្លឺព្រះអាទិត្យ, ទួរប៊ីនខ្យល់, ម៉ាស៊ីនបូមកំដៅ, គ្រឿងកំដៅក្នុងផែនដី, ឧបករណ៍ដែលប្រើដោយទឹករលក និងរបស់របរផ្សេងៗទៀត។ ផលិតភាពរបស់ធនធានទាំងនេះនឹងអាស្រ័យទៅលើបណ្តាញឆ្លាតវៃ ក៏ដូចជាកម្មវិធីទំនើបៗ និងបញ្ញាសិប្បនិម្មិត។

ដូច្នេះបើទោះបីជាការឧបត្ថម្ភធនរបស់សហភាពអឺរ៉ុបអាចធានាបានថា «ឧស្សាហកម្មដ៏ធំរបស់អឺរ៉ុបអាចផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យ, ទួរប៊ីនខ្យល់ និងឧបករណ៍បៃតងផ្សេងទៀត» ក៏ដោយ ក៏អឺរ៉ុបនឹងនៅតែខ្វះលទ្ធភាពក្នុងការចូលទៅកាន់ផ្នែកដ៏សំខាន់បំផុត ដែលនោះគឺ «មូលធនដែលពឹងផ្អែកលើប្រព័ន្ធ Cloud ដែលទទួលខុសត្រូវលើការដំណើការថាមពលបៃតង»។

បញ្ហាទាំងនេះអាចនឹងបង្ខំឱ្យឧស្សាហកម្មផលិតកម្មរបស់អឺរ៉ុបទទួលយកវិធីសាស្រ្តផលិតកម្មដែលពឹងផ្អែកច្រើន ទៅលើមូលធន Cloud ដែលអឺរ៉ុបកំពុងតែខ្វះខាត។ នៅក្នុងលក្ខខណ្ឌជាក់ស្តែង ជាមួយនឹងការមិនអាចប្រមូលបាននូវមូលធនមកវិញឱ្យបានគ្រប់គ្រាន់ អតិរេករបស់អាល្លឺម៉ង់នឹងបន្តទទួលរងទុក្ខ ហើយសេដ្ឋកិច្ចរបស់អឺរ៉ុបក៏អាចនឹងរងទុក្ខដូចគ្នាផងដែរ៕

Project Syndicate

អត្ថបទទាក់ទង