ខ្មែរប៉ុស្ដិ៍ Close

អ៊ុយក្រែននឹងចាញ់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 126
អ៊ុយក្រែននឹងចាញ់ ទាហាន​អ៊ុយក្រែន​ម្នាក់​ឈរ​យាម​នៅ​ជិតទីក្រុង Bakhmut។ រូបថត៖ វិគីភីឌា

ទស្សនៈយល់ឃើញមួយត្រូវបានបង្ហោះនៅលើអ៊ីនធឺណិតដែលថា «ជម្លោះនៅក្នុងប្រទេសអ៊ុយក្រែនបច្ចុប្បន្ននឹងនៅតែជាសង្គ្រាមបំផ្លិចបំផ្លាញឥតដែនកំណត់ ដែលនឹងធ្វើឱ្យកងទ័ពរុស្ស៊ីស្លាប់បាត់បង់ជីវិតកាន់តែច្រើន»។ ប៉ុន្តែ «តើវាអាចបង្កការបំផ្លាញចំពោះសង្គមរបស់អ៊ុយក្រែន ហើយអាចសម្លាប់ប្រជាជនជាច្រើនរបស់ប្រទេសនេះដែរឬទេ?»

យន្តការសង្គ្រាមដ៏គួរឱ្យខ្លាចរបស់រុស្ស៊ី អាចត្រូវបានគេបញ្ឈប់នៅក្នុងវាលពិឃាតនៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែអ្នកដែលកំពុងជឿលើរឿងនេះ កំពុងតែស្ថិតក្នុងការស្រមើស្រមៃ។ ជាក់ស្តែង យោធាអ៊ុយក្រែនកំពុងធ្លាក់ចុះខ្សោយ, ខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់លោកខាងលិចកំពុងរងនូវការជាប់គាំង ហើយឃ្លាំងស្តុកអាវុធសំខាន់ៗ និងគ្រាប់រំសេវរបស់អង្គការ NATO ក៏កំពុងធ្លាក់ចុះ។

ដូច្នេះសង្រ្គាមនេះនឹងផ្លាស់ប្តូរទៅជាជម្លោះដែលភាគីរុស្ស៊ីនឹងទទួលបានអត្ថប្រយោជន៍សំខាន់ៗជាច្រើន។ ឥឡូវនេះរុស្ស៊ីបានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងពេញទំហឹងនៅក្នុងជម្លោះនេះ ហើយឱកាសសម្រាប់ការសម្របសម្រួលឈានទៅរកដំណោះស្រាយក៏ត្រូវបានបិទ។

ប្រសិនបើរុស្ស៊ីមិនរងនូវការបរាជ័យធ្ងន់ធ្ងរនៅក្នុងពេលឆាប់ៗនេះទេ ពួកគេច្បាស់ជានឹងអាចសម្រេចបាននូវជ័យជម្នះដែលពួកគេកំពុងតែទន្ទឹងរង់ចាំ។ លទ្ធផលនៃសង្រ្គាមនេះដែលជា «ការបរាជ័យរបស់អ៊ុយក្រែន និងបណ្តាអ្នកគាំទ្រអង្គការ NATO» នឹងក្លាយជារឿងដែលមិនអាចជៀសរួចនោះឡើយ។

ដោយបានដឹងអំពីភាពទន់ខ្សោយរបស់លោកខាងលិច និងការពិតដែលថា «ពួកគេកំពុងរងទុក្ខវេទនាខ្លាំង» រុស្ស៊ីនឹងប្រើប្រាស់រាល់គ្រប់មធ្យោបាយទាំងអស់ដើម្បីយកឈ្នះលើអ៊ុយក្រែន និងដើម្បីគ្រប់គ្រងលើប្រទេសនេះ។ ចំណុចចាប់ផ្តើមនៃទីបញ្ចប់ ទំនងជាកំពុងកើតឡើងនៅក្នុងពេលនេះនៅទីក្រុង Bakhmut ដែលស្ថិតនៅភាគខាងកើតអ៊ុយក្រែន (ជិតបំផុតនឹងព្រំដែនរុស្ស៊ី)។ កងកម្លាំងរុស្ស៊ីបានចំណាយពេលជា ច្រើនខែដើម្បីឡោមព័ទ្ធទីក្រុងនេះ។

នៅដើមខែកុម្ភៈ ប្រធានាធិបតី Zelensky បានអះអាងថា «យោធារបស់លោកនឹងបន្តប្រយុទ្ធរហូតដល់ទីបញ្ចប់នៅទីក្រុង Bakhmut» ក៏ប៉ុន្តែការប្រកាសនូវវីរភាពបែបនេះពីទីក្រុង Kiev មិនទទួលបាននូវការចាប់អារម្មណ៍នោះឡើយ ខណៈដែលសេចក្តីរាយការណ៍កំពុងផ្សព្វផ្សាយថា «ទាហានអ៊ុយក្រែនកំពុងតែធ្លាក់ចុះខ្សោយកម្លាំង»។

ទិដ្ឋភាពនៃការបំផ្លិចបំផ្លាញនៅទីក្រុង Bakhmut។ រូបភាព៖ CNBC / Screengrab

លើសពីនេះ មន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយម្តងហើយម្តងទៀតនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះថា «ពួកគេនឹងដកកងកម្លាំងចេញពីទីក្រុង Bakhmut ប្រសិនបើពួកគេយល់ថាស្ថានការណ៍មិនអាចទប់ទល់បាន»។ នៅដើមខែមីនា ផែនការបង្ហូរឈាមរបស់រុស្ស៊ីចំពោះទាហានអ៊ុយក្រែន នៅទីក្រុង Bakhmut ហាក់ដូចជាកំពុងទទួលបានជោគជ័យ។

ដូច្នេះអ៊ុយក្រែនចាំបាច់ត្រូវតែដកកងកម្លាំងរបស់ខ្លួនចេញពីទីក្រុងដែលកំពុងត្រូវបានគេឡោមព័ទ្ធនេះ។ ពិតណាស់ ទីក្រុង Bakhmut តែមួយ មិនសំខាន់សម្រាប់ភាគីណាមួយនោះឡើយ។ អ្វីដែលសំខាន់អំពីភូមិភាគខាងកើតអ៊ុយក្រែននេះគឺ «វាស្ថិតនៅលើផ្លូវទៅកាន់ទន្លេ Dnieper»។

ក្នុងនាមជាបេះដូងនៃការធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូនដ៏រស់រវើក ទន្លេ Dnieper គឺជាសរសៃឈាមដ៏សំខាន់សម្រាប់អ៊ុយក្រែន ហើយវាក៏ជាទីតាំងយុទ្ធសាស្ត្ររបស់អ៊ុយក្រែនផងដែរ។ អស់រយៈពេលជាច្រើនខែ ការប្រយុទ្ធគ្នាបានកើតឡើងរវាងកងកម្លាំងអ៊ុយក្រែននិងរុស្ស៊ី ដើម្បីដណ្តើមការគ្រប់គ្រងលើកោះមួយចំនួននៅទន្លេ Dnieper។

រហូតមកដល់ពេលនេះ អ៊ុយក្រែនមិនអាចបណ្តេញកងកម្លាំងរុស្ស៊ីចេញពីតំបន់នេះបានឡើយ។ ប្រសិនបើទីក្រុង Bakhmut អាចមានសន្តិភាពឡើងវិញ ជាមួយនឹងកងទ័ពអ៊ុយក្រែនត្រូវបានបណ្តេញចេញពីតំបន់ភាគខាងកើត នោះលោកខាងលិចនឹងចាប់ផ្តើមមានការព្រួយបារម្ភកាន់តែខ្លាំងចំពោះជោគវាសនារបស់ទន្លេ Dnieper។

យុទ្ធសាស្ត្រនៃការបំផ្លាញរបស់រុស្ស៊ីកំពុងទទួលបានជោគជ័យ ហើយគោលដៅចុងក្រោយរបស់ពួកគេគឺ «ការរក្សាឱ្យបាននូវតំបន់ដែលនិយាយភាសារុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន ក៏ដូចជានៅតំបន់ Crimea»។ ការរុញកងកម្លាំងរបស់អ៊ុយក្រែនចេញពីទីក្រុង Bakhmut នឹងធ្វើឱ្យរុស្ស៊ីអាចបោះជំហានយ៉ាងលឿនឆ្ពោះទៅកាន់ទន្លេ Dnieper និងអាចកាត់ផ្តាច់តំបន់នេះចេញពីប្រទេសអ៊ុយក្រែន។

ការគ្រប់គ្រងរបស់រុស្ស៊ីលើទន្លេ Dnieper ក៏នឹងរារាំងកងទ័ពអ៊ុយក្រែនពីការបើកការវាយលុកលើតំបន់ Crimea ផងដែរ។ ភាពបរាជ័យរបស់រដ្ឋអ៊ុយក្រែនកាន់តែខិតជិតមកដល់ហើយ។ កងកម្លាំងរុស្សីនឹងមិនទៅណាទេ ហើយពួកគេនឹងបន្តធ្វើសង្គ្រាមនេះ ដូចអ្វីដែលពួកគេបានធ្វើនៅក្នុងគ្រប់ជម្លោះនៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។

ឥឡូវនេះមនុស្សមួយចំនួននៅលើបណ្តាញសង្គមបានលើកឡើងថា «ទីក្រុង Bakhmut មិនដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រឡើយ»។ ប៉ុន្តែប្រសិនបើវាមិនសំខាន់ «ហេតុអ្វីបានជាអ៊ុយក្រែនសុខចិត្តចំណាយនូវធនធាននិងទាហានរបស់ខ្លួនដើម្បីឱ្យមកការពារតំបន់នេះ ឱ្យបានយូរតាមដែលខ្លួនអាចធ្វើបាន?» មនុស្សខ្លះបាននិយាយថា «គោលដៅគឺការកម្ចាត់រុស្ស៊ី»។

ឥឡូវនេះ កងកម្លាំងរបស់អ៊ុយក្រែនមិនអាចទ្រាំទ្របានឡើយជាមួយនឹងស្ថានភាពនៅទីក្រុង Bakhmut ហើយពួកគេក៏កំពុងផ្លាស់ប្តូរកងកម្លាំងរបស់ខ្លួនចេញទៅកាន់ទីតាំងថ្មីដែលស្ថិតនៅខាងក្រៅទីក្រុង ជាមួយនិងក្តីសង្ឃឹមថា «ខ្លួននឹងអាចអូសទាញកងកម្លាំងរុស្ស៊ីឱ្យចូលក្នុងអន្ទាក់ថ្មីរបស់ខ្លួន»។ ភាគីរុស្សីត្រូវបានគេជឿថា បានបាត់បង់ទាហានជាង ៣ ០០០ នាក់នៅក្នុងរយៈពេល ៤ ថ្ងៃចុងក្រោយនៃការប្រយុទ្ធគ្នានៅទីក្រុង Bakhmut។

ទោះជាយ៉ាងណាក៏ដោយ កងកម្លាំងរុស្ស៊ីនៅតែអាចដណ្តើមបានទីក្រុងនេះ ហើយកំពុងបោះជំហានឆ្ពោះទៅកាន់ភាគកណ្តាលអ៊ុយក្រែន។ ទន្ទឹមនឹងនេះដែរ អ៊ុយក្រែនបានបាត់បង់កងទ័ពជាច្រើន ដែលពួកគេអាចនឹងពិបាករកមនុស្សយកមកជំនួស។ ផ្ទុយទៅវិញ កងទ័ពរុស្ស៊ីដែលត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាគឺជា «ឧក្រិដ្ឋជននិងជាទាហាន ទើបត្រូវបានកេណ្ឌមកថ្មីៗ» ដែលងាយស្រួលរក។

លោក Daniel Davis បានសរសេរអំពីស្ថានភាពនៅ Bakhmut ក្នុងពេលថ្មីៗនេះថា «កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានយល់ជាយូរមកហើយថា ទីក្រុង Bakhmut នឹងមិនអាចការពារបានទេ ហើយកាលពីខែឧសភា ឆ្នាំ ២០២២ ពួកគេបានចាប់ផ្តើមរៀបចំខ្សែការពារថ្មីនៅក្នុងតំបន់ Slovyansk-Kramatorsk»។

ដោយផ្អែកលើការបាត់បង់ទីក្រុង Soledar នៅក្នុងខែមករា និងចំនួនកងទ័ពដែលរុស្ស៊ីបានបញ្ចូនមកដើម្បីដណ្តើមយកទីក្រុង Bakhmut ឱ្យបាននៅត្រឹមដើមខែកុម្ភៈ មេដឹកនាំអ៊ុយក្រែនអាចនឹងដកកងទ័ពរបស់ខ្លួនទៅកាន់ Slovyansk-Kramatorsk វិញ នៅដើម ឬពាក់កណ្តាលខែកុម្ភៈ»។

ពាក់ព័ន្ធនឹង​រថក្រោះ​ដ៏​អស្ចារ្យ ដែល​លោកខាងលិច​បាន​សន្យា​ជាមួយ​អ៊ុយក្រែន​ថា​នឹង​ផ្តល់ជូន ជាក់ស្តែង​ពួកគេ​បាន​ប្តេជ្ញាផ្តល់ជូន​ត្រឹមតែ​ ១/៣ ​នៃ​​រថក្រោះ​​ដែល​យោធា​អ៊ុយក្រែន​បាន​ស្នើសុំប៉ុណ្ណោះ។ ក្នុងចំណោមសម្ភារៈសឹកដែលបានសន្យានេះ វានៅមិនទាន់ត្រូវបានដឹកមកដល់នៅឡើយទេ។

ដោយសារការខាតបង់ដែលអ៊ុយក្រែនបានជួបប្រទះនៅក្នុងការប្រយុទ្ធគ្នានៅភាគខាងកើត ហើយអាចនឹងបន្តកើតមាននៅពេលដែលសង្រ្គាមបន្តអូសបន្លាយ រថក្រោះនឹងមិនអាចជួយអ្វីបានដល់កងកម្លាំងការពាររបស់អ៊ុយក្រែននោះឡើយ នៅពេលដែលវាត្រូវបានដឹកមកដល់។

នៅក្នុងការវាយតម្លៃរបស់ Daniel Davis ការខាតបង់ដែលយោធាអ៊ុយក្រែនបានជួបប្រទះនៅក្នុងការប៉ុនប៉ងដ៏ឥតប្រយោជន៍ដើម្បីរក្សាការគ្រប់គ្រងលើ Bakhmut បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពវាយលុករបស់អ៊ុយក្រែនដែលទំនងជាមិនអាចស្តារឡើងវិញបានទេនៅក្នុងពេលឆាប់ៗនេះ។

អ្នកអត្ថាធិប្បាយរបស់ Asia Times លោក Stephen Bryen បានវាយតម្លៃយ៉ាងត្រឹមត្រូវថា «នៅពេលដែលជំហររបស់អ៊ុយក្រែននៅ Bakhmut រងនូវការដួលរលំ នៅពេលប្រឈមមុខនឹងការវាយលុករបស់រុស្ស៊ី អ៊ុយក្រែននឹងបន្តរៀបចំផែនការវាយប្រហារលើតំបន់ Crimea ដែលកំពុងគ្រប់គ្រងដោយរុស្ស៊ី»។

ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេសម្រាប់អ៊ុយក្រែនក្នុងការវាយដណ្តើមយកតំបន់ដែលត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយរុស្ស៊ី។ នៅក្រោមលក្ខខណ្ឌបច្ចុប្បន្ន ការប៉ុនប៉ងណាមួយរបស់អ៊ុយក្រែនក្នុងការបើកការវាយប្រហារនៅតំបន់ Crimea នឹងបង្កឱ្យមានគ្រោះមហន្តរាយទាំងស្រុងសម្រាប់លោកខាងលិច។

រថក្រោះ M1 Abrams ដែលជារថក្រោះប្រយុទ្ធដ៏សំខាន់របស់អាមេរិកជំនាន់ទី ៣ ត្រូវបានគេប្រទះឃើញនៅក្នុងប្រទេសប៉ូឡូញក្នុងខែកញ្ញា ឆ្នាំ ២០២២។ រូបថត៖ Artur Widak / Anadolu Agency តាមរយៈ Getty Image / The Conversation

ឥឡូវនេះ រុស្ស៊ីកំពុងមានប្រៀប ហើយរុស្ស៊ីនឹងមិនចាប់អារម្មណ៍ចំពោះការចរចាឡើយ។ អ៊ុយក្រែន​កំពុង​ស្ថិត​នៅក្នុងការ​ដក​ថយ ហើយ​កងកម្លាំង​របស់​ខ្លួន​ទំនង​ជា​មិន​អាច​បើកការវាយ​លុក​ប្រកបដោយ​ប្រសិទ្ធភាព​បាន​ទេនៅក្នុង​ពេល​ឆាប់ៗ​នេះ។ ប្រសិនបើអ៊ុយក្រែនបើកការវាយលុកនៅតំបន់ Crimea នៅពេលឥឡូវនេះ ការវាយប្រហាររបស់ពួកគេច្បាស់ជានឹងបរាជ័យ។

ទោះបីជាអព្ភូតហេតុអាចកើតឡើងនៅក្នុងសមរភូមិនៅតំបន់ Crimea ដែលអាចជួយឱ្យកងកម្លាំងអ៊ុយក្រែនអាចបោះឈានទៅមុខយ៉ាងគួរឱ្យកត់សម្គាល់ក៏ដោយ ក៏ហានិភ័យនៃការសងសឹកដោយនុយក្លេអ៊ែរពីសំណាក់រុស្ស៊ីនឹងមានកម្រិតខ្ពស់ជាងពេលណាៗទាំងអស់។

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកំពុងឈានចូលដល់ដំណាក់កាលសំខាន់ថ្មី។ វាគឺជារយៈពេលមួយដែលលោកខាងលិចត្រូវតែវាយតម្លៃឡើងវិញឱ្យបានម៉ត់ចត់នូវការប្តេជ្ញាចិត្តរបស់ខ្លួន ព្រោះថា «រុស្សីនឹងមិនចុះចាញ់ ឬបោះបង់ចោលនូវបេសកកម្មរបស់ខ្លួនក្នុងការកម្ទេចរដ្ឋអ៊ុយក្រែននោះឡើយ»។

ភាពក្រអឺតក្រទមរបស់មេដឹកនាំលោកខាងលិច បានរារាំងនូវការអាចសម្រេចបាននូវកិច្ចព្រមព្រៀង។ ភាគីលោកខាងលិចនឹងចាញ់នៅអ៊ុយក្រែន ហើយយើង​សង្ឃឹម​ថា «វានឹង​មាន​ការ​វាយ​តម្លៃ​ឡើង​វិញយ៉ាង​ពិតប្រាកដ​នៅ​ពេល​នេះ​នៅ​ឯសេតវិមាន និង​នៅក្នុង​ទីក្រុង​ព្រុចសែល»។

បើមិនដូច្នេះទេ យើងពិតជាអាចនឹងជួបប្រទះនឹងសង្រ្គាមលោកលើកទី៣ ដែលនឹងមានជាប់ពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ ហើយវាគឺជាសង្រ្គាមដែលអាមេរិកនឹងមិនអាចឈ្នះ ឬត្រូវបំផ្លាញខ្លួនឯងជាមុនសិន មុននឹងអាចយកឈ្នះបាន ដែលដូចគ្នានឹងអ្វីដែលមហាអំណាចអឺរ៉ុបបានធ្វើនៅក្នុងសង្គ្រាមលោកលើកទី១៕

Asia Times