ខ្មែរប៉ុស្ដិ៍ Close

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ ការយកឱសថព្យាបាលជំងឺកូវីដ-១៩ មកលេបមុនពេលវិជ្ជមានកូវីដ-១៩ អាចបង្កគ្រោះថ្នាក់ដល់សុខភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 39
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ ការយកឱសថព្យាបាលជំងឺកូវីដ-១៩ មកលេបមុនពេលវិជ្ជមានកូវីដ-១៩ អាចបង្កគ្រោះថ្នាក់ដល់សុខភាព លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ ការយកឱសថព្យាបាលជំងឺកូវីដ-១៩ មកលេបមុនពេលវិជ្ជមានកូវីដ-១៩ អាចបង្កគ្រោះថ្នាក់ដល់សុខភាព

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ថា ការយកឱសថប្រឆាំងជំងឺកូវីដ-១៩ ប្រភេទ Molnupiravir មកលេបមុនពេលវិជ្ជមានកូវីដ-១៩ អាចបង្កគ្រោះថ្នាក់ដល់សុខ ភាព ព្រោះឱសថព្យាបាលកូវីដ-១៩ មានប្រសិទ្ធភាពទៅលើតែអ្នកជំងឺដែលធ្វើតេស្តមានវិជ្ជមានកូវីដ-១៩ តែប៉ុណ្ណោះ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា ឱសថព្យាបាលជំងឺកូវីដ-១៩ MOLNATRIS ឬ Molnupiravir គឺជាថ្នាំសម្រាប់តែព្យាបាលតែប៉ុណ្ណោះ មិនមែនជាថ្នាំសម្រាប់លេបបង្ការទុកជាមុន ដើម្បីការពារកុំឱ្យឆ្លងកូវីដ ឬមុនពេលធ្វើតេស្តរកកូវីដ-១៩ នោះទេ ព្រោះការប្រើប្រាស់បែបនេះនឹងបង្កឱ្យមានគ្រោះថ្នាក់ទៅដល់សុខភាព។

លោកជំទាវបន្តថា ក្រសួងសុខាភិបាលបានធ្វើការណែនាំ ក្រើនរំលឹកអំពីនីតិវិធីស្តង់ដារ ដែលត្រូវប្រកាន់យក និងអនុវត្តសម្រាប់ការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះសម្បែង ហើយនៅក្នុងនោះ ថ្វីត្បិតតែមានការលើកឡើងអំពីការប្រើប្រាស់នូវឱសថ Molnupiravir ក៏ពិតមែន ប៉ុន្តែការដាក់ឱ្យប្រើប្រាស់ឱសថនេះ គឺសម្រាប់អ្នកដែលរកឃើញវិជ្ជមានវីរុសកូវីដ ១៩ តែប៉ុណ្ណោះ មិនមែនសម្រាប់ទិញយកលេបការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩នោះទេ។

លោកជំទាវបានបន្ថែមថា ការភ័យខ្លាចនេះ គឺជារឿងត្រឹមត្រូវ ប៉ុន្តែមិនត្រូវប្រើប្រាស់ថ្នាំខុសពីការណែនាំរបស់ក្រសួងសុខាភិបាលនោះទេ ព្រោះអ្វីដែលសំខាន់ ដើម្បីការពារកុំឱ្យឆ្លងវីរុសនេះ គឺត្រូវរួមគ្នាអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន នោះទើបអាចកាត់បន្ថយការឆ្លងជំងឺដ៏កាចសាហាវនេះបាន។

លោកជំទាវ ក្រើនរំលឹកថា ទោះបីជាប្រជាពលរដ្ឋសម្រុកទិញឱសថ Molnupiravirដើម្បីយកមកស្តុកទុក ប៉ុន្តែប្រជាពលរដ្ឋខ្វះនូវការអនុវត្តន៍វិធានការការពារ ដូចនេះលទ្ធភាពនៃការឈឺរបស់ក្រុមគ្រួសារ នឹងមានគ្រប់ពេលវេលាទាំងអស់។ ដូច្នេះហើយ លោកជំទាវ ទទូចឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវតែរួមគ្នាការពារធ្វើ យ៉ាងណារួមគ្នាទប់ស្កាត់ល្បឿន នៃការឆ្លងនៃវីរុសកូវីដ-១៩ ជាពិសេសប្រភេទអូមីក្រុងនេះ កុំឱ្យឆ្លងទៅក្នុងសហគមន៍លឿនពេក ព្រោះនៅពេលដែលឆ្លងលឿន គឺពិបាកក្នុងការគ្រប់គ្រង។

លោកជំទាវអំពាវនាវយ៉ាងទទូច ឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បន្ថែមទៀត ដោយត្រូវបន្តអនុវត្តវិធានការ០៣ការពារ និង០៣កុំ រួមជាមួយនឹងការទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ហើយត្រូវរៀនរស់ជាមួយនឹងវត្តមានវីរុស- ១៩ តាមគន្លងប្រក្រតីភាពថ្មី ខណៈដែលមេរោគបំប្លែងខ្លួនថ្មីអូមីក្រុងនេះ មានវិសាល ភាពឆ្លងឆាប់រហ័សក្នុងសហគមន៍ និងមានករណីស្លាប់ជារៀងរាល់ថ្ងៃ៕ ប្រភព៖ វិទ្យុជាតិកម្ពុជា

 

អត្ថបទទាក់ទង