ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសាធារណការ សហការជាមួយវិទ្យាស្ថានមេគង្គប្រទេសថៃ បើកសិក្ខាសាលាស្ដីពីអត្ថប្រយោជន៍ និងការប្រើប្រាស់កម្មវិធី Soft Wear សម្រាប់ស្តង់ដារគុណភាពសេវាភ័ស្តុភារកម្មបៃតង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 11

លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្ដុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែសីហាឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាមួយ ដែលដឹកនាំដោយវិទ្យាស្ថានមេគង្គ ស្ដីពីអត្ថប្រយោជន៍ និងការប្រើប្រាស់កម្មវិធី Soft Wear សម្រាប់ស្តង់ដារគុណភាពសេវាភ័ស្តុភារកម្មបៃតង។

សិក្ខាសាលានេះសហការរៀបចំឡើង ដោយវិទ្យាស្ថានមេគង្គព្រះរាជាណាចក្រថៃ និងអគ្គនាយកភ័ស្តុភារកម្ម (GDL)នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ សិក្ខាសាលានេះមានការចូលរួមពីមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដៃគូអភិវឌ្ឍន៍ និងវិស័យ ឯកជនផងដែរ។

លោក ឈៀង ពេជ្រ បានគូសបញ្ជាក់ពីបញ្ហាប្រឈមមួយចំនួន ដែលកម្ពុជាកំពុងប្រឈមនាពេល បច្ចុប្បន្នដូចជា រថយន្តដឹកជញ្ជូនទំនិញចាស់ និងគ្មានប្រសិទ្ធភាព ចំណេះដឹងផ្នែកគ្រប់គ្រងភ័ស្តុភារកម្ម មិនគ្រប់គ្រាន់ ស្តង់ដារសុវត្ថិភាពទាប និងការបណ្តុះបណ្តាលអ្នកបើកបរអន់ថយ។

ដោយទទួលស្គាល់ថា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អប្រសើរ ដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រទេស លោកបានលើកឡើងថា ទស្សនៈទាក់ទងនឹងការដឹកជញ្ជូនបៃតង (Green Freight Logistics Concept) អាចជួយបង្ហាញផ្លូវ និងដោះស្រាយបញ្ហាទាក់ទង នឹងដឹកជញ្ជូនទំនិញទាំងនេះបាន។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់ វិទ្យាស្ថានមេគង្គ ដែលបានផ្តល់ការគាំទ្រ ក្នុងការនាំយកការបណ្តុះបណ្តាល និង Soft Wear នេះមកកម្ពុជា៕