ខ្មែរប៉ុស្ដិ៍ Close

    The New York Times ៖ ក្រៅពីសមរភូមិ តើអ្វីនឹងមាននាពេលបន្ទាប់ នៅក្នុងវិបត្តិអ៊ុយក្រែន?

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1081
    The New York Times ៖ ក្រៅពីសមរភូមិ តើអ្វីនឹងមាននាពេលបន្ទាប់ នៅក្នុងវិបត្តិអ៊ុយក្រែន?The New York Times ៖ ក្រៅពីសមរភូមិ តើអ្វីនឹងមាននាពេលបន្ទាប់ នៅក្នុងវិបត្តិអ៊ុយក្រែន?

    ពិភពលោកបានភ្ញាក់ពីដំណេកនៅថ្ងៃព្រហស្បតិ៍ ដោយបានឃើញនូវសង្គ្រាមដ៍ពេញទំហឹងនៅអឺរ៉ុប បន្ទាប់ពីប្រធានាធិបតី Vladimir V. Putin បានបញ្ជាទាហាន របស់លោកឱ្យឈ្លានពានចូលប្រទេសអ៊ុយក្រែន។ បញ្ហានេះបានធ្វើឱ្យមនុស្សរាប់លាននាក់ នៅអ៊ុយក្រែន និងនៅអឺរ៉ុបខាងកើត ក៏ដូចជានៅសហរដ្ឋអាមេរិក និងនៅកន្លែងផ្សេងៗទៀតគិតថា «តើជម្លោះនេះនឹងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ពួកគេយ៉ាងដូចម្តេច?»

    ទាហានអ៊ុយក្រែន យ៉ាងតិច ៤០នាក់ត្រូវគេរាយការណ៍ថា បានស្លាប់នៅប៉ុន្មានម៉ោងក្រោយការឈ្លានពាននេះ ហើយបើតាមការប៉ាន់ស្មាន «មនុស្សអាចនឹងស្លាប់រហូតដល់រាប់ពាន់នាក់នៅក្នុងអំឡុងពេលកើតមានជម្លោះនេះ»។ ប៉ុន្តែក្រៅពីការបង្ហូរឈាម ទណ្ឌកម្មសេដ្ឋកិច្ចមកលើរុស្ស៊ី ក៏អាចនឹងបង្កនូវផលប៉ះពាល់ដល់ពិភពលោកទាំងមូលផងដែរ។

    ការកើនឡើងនៃតម្លៃថាមពល និងផលរំខានមកលើខ្សែសង្វាក់ផ្គត់ផ្គង់ នឹងបង្កនូវផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកប្រើប្រាស់ ហើយការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិត របស់រុស្ស៊ីអាចបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធអេឡិចត្រូនិក។ វិបត្តិជនភៀសខ្លួនថ្មីនឹងតម្រូវឱ្យមានការជួយជ្រោមជ្រែងពីអន្តរជាតិ។

    ដំណាក់កាលនៃភាពស្ងប់ស្ងាត់គួរសម នៅលោកខាងលិច ដែលបានកើតមានតាំងពីការបញ្ចប់សង្គ្រាមត្រជាក់អាចនឹងខិតជិតដល់ទីបញ្ចប់ហើយ។

    ខាងក្រោមនេះគឺជាអ្វីដែលអាចនឹងកើតឡើងបន្ទាប់នៅលើមុខព្រួញយោធា, សេដ្ឋកិច្ច និងការទូត។

    អង្គការNATO បាន ប្រកាសនៅថ្ងៃព្រហស្បតិ៍ថា «ខ្លួនកំពុងបញ្ជូនកងកម្លាំងទៅកាន់ព្រំដែនភាគខាងកើតដើម្បីទៅចូលរួមជាមួយទាហានអាមេរិកប្រមាណ ៦៥០០នាក់ ដែលអាមេរិកបានដាក់ពង្រាយរួចហើយនៅតំបន់អឺរ៉ុបខាងកើត និងតំបន់ បាល់ទីក»។

    មន្ទីបញ្ចកោណក៏កំពុងដាក់ពង្រាយកងកម្លាំងប្រមាណ ១០០០ នាក់នៅអឺរ៉ុប ខណៈដែលទាហានអាមេរិកប្រមាណ ៨០០ នាក់ទៀតកំពុងធ្វើដំណើរពីអ៊ីតាលី ទៅកាន់តំបន់បាល់ទីក ហើយឧត្ថម្ភាគចក្រ Apache ចំនួន ២០ គ្រឿងកំពុងធ្វើដំណើរពីអាល្លឺម៉ង់ទៅកាន់តំបន់ បាល់ទីក និងឧត្ថម្ភាគចក្រចំនួន ១២ គ្រឿងទៀតកំពុងធ្វើដំណើរពីប្រទេសក្រិកទៅកាន់តំបន់ បាល់ទីកដូចគ្នា។ យន្តហោះចម្បាំងប្រភេទ F-35 ចំនួន ៨ គ្រឿងកំពុងធ្វើដំណើរពីអាល្លឺម៉ង់ទៅកាន់ប្រទេសលីទុយអានី, អេស្តូនី និងរូម៉ានី។

    លើសពីនេះទៅទៀត ទាហានអាមេរិក បូករួមទាំងទាហានមក ពីកងទ័ពអាកាសលេខ ៨២ និង ១០១ កំពុងត្រៀមខ្លួនចូលទៅកៀកព្រំដែនប៉ូឡូញដែលស្ថិតនៅជាប់ជាមួយប្រទេសអ៊ុយក្រែនដើម្បីជួយជម្លៀសប្រជាជនចេញពីអ៊ុយក្រែន នេះបើយោងតាមអ្នកនាំពាក្យរបស់យោធាអាមេរិកដែល បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ។

    ទាហានជាច្រើនមកពីកងទ័ពអាកាសលេខ ១៨ ដែលទើបមកដល់ប៉ូឡូញនៅខែនេះ បាននិងកំពុងធ្វើការជាមួយក្រសួងការបរទេស និងកងកម្លាំងប៉ូឡូញដើម្បីបង្កើតមជ្ឈម ណ្ឌលប្រតិបត្តិការចំនួន ៣ នៅតាមព្រំដែនដើម្បីជួយដោះស្រាយបញ្ហាជនភៀសខ្លួនរាប់ពាន់នាក់ បូករួមទាំងជនជាតិអាមេរិកដែលគេរំពឹងថានឹងភៀសខ្លួនចេញពីអ៊ុយក្រែន។

    នៅប្រទេសអូទ្រីស អធិការបតី Karl Nehammer បាន និយាយកាលពីថ្ងៃពុធថា «លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកជនភៀសខ្លួន» ហើយក្រសួងការបរទេស និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID កំពុងផ្តល់មូលនិធិដល់អង្គការជួយសង្គ្រោះដែលបច្ចុប្បន្នកំពុងផ្តល់អាហារ, ទឹក, ទីជម្រក និងការថែទាំសុខភាព បន្ទាន់ដល់ប្រជាជន នៅក្នុងតំបន់ដែលបាន និងកំពុងភៀសខ្លួនពី អំពើហិង្សា។

    នៅប៉ុន្មានថ្ងៃខាង មុខនេះ ភ្នាក់ងារ CIA នឹងវាយតម្លៃថា «តើជំនួយប្រភេទណា ដែលខ្លួនអាចផ្តល់ទៅឱ្យអ៊ុយក្រែន»។ ប្រសិនបើកម្លាំងតស៊ូរបស់អ៊ុយក្រែនបង្ហាញវត្តមាននៅទូទាំងប្រទេសអ៊ុយក្រែន នោះទីភ្នាក់ងារនេះអាចនឹងផ្តល់កងកម្លាំងស៊ើបការណ៍សម្ងាត់ និងគ្រឿងសព្វាវុធដល់ពួកគេ។

    ទណ្ឌកម្មធ្ងន់ធ្ងរពីសហរដ្ឋអាមេរិកនិងអឺរ៉ុប

    ប្រធានាធិបតី បៃឌិន នៅថ្ងៃព្រហស្បតិ៍នេះ គ្រោងនឹងប្រកាសអំពីការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើរុស្ស៊ីដើម្បីទប់ស្កាត់ទីក្រុងម៉ូស្គូពី ការបន្តប្រព្រឹត្តិអំពើ ហិង្សានៅអ៊ុយក្រែន និងដើម្បីដាក់ទណ្ឌកម្មលើរុស្ស៊ីចំពោះ
    សកម្មភាពរបស់ខ្លួន។

    គេរំពឹងថា «ទណ្ឌកម្មសេដ្ឋកិច្ចថ្មីៗ នឹងមានលក្ខណៈធ្ងន់ធ្ងរខ្លាំងជាងអ្វីដែលមន្ត្រីអាមេរិកបានប្រកាសដាក់ចេញកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ»។ លោក បៃឌិន ក៏អាចនឹងបញ្ជាឱ្យក្រសួងរតនាគារបញ្ចូលធនាគាររដ្ឋរុស្ស៊ីធំៗមួយចំនួនទៅក្នុងបញ្ជីទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត ដែលគេស្គាល់ថាជា «បញ្ជី S.D.N.»។ វិធានការនេះនឹងកាត់ផ្តាច់ធនាគារទាំងនោះ ពីការធ្វើពាណិជ្ជកម្ម និងការដោះដូរជាមួយពិភពលោកភាគច្រើន ហើយវានឹងបង្កផលប៉ះពាល់ដល់ដំណើរ ការធុរកិច្ចជាច្រើនផ្សេងទៀតរបស់រុស្ស៊ី។

    មន្ត្រីរបស់លោក បៃឌិន បានធ្វើការសិក្សាថា «តើទណ្ឌកម្មបែបនេះ នឹងបង្កប៉ះពាល់បែបណាដល់ធនាគារធំៗ បូករួមទាំងធនាគារ Sberbank និងធនាគារ VTB ដែលជាធនាគារធំបំផុត២ របស់រុស្ស៊ី»។ ធនាគារ Sberbank មានទ្រព្យសម្បត្តិប្រមាណ ១/៣ នៅក្នុងវិស័យធនាគាររបស់រុស្ស៊ី ហើយ VTB មាន ចំណែកជាង ១៥%។

    ប៉ុន្តែ អ្នកជំនាញមួយចំនួនបានលើក ឡើងនូវមន្ទិលសង្ស័យថា «រដ្ឋបាលអាមេរិកអាចនឹងមិនដាក់ធនាគារទាំង២ នេះទៅក្នុងបញ្ជី S.D.N នោះទេ ដោយភ័យខ្លាចថា វាអាចបង្កផលវិបាក ដល់សេដ្ឋកិច្ចរុស្ស៊ី និងសេដ្ឋកិច្ចពិភពលោកទាំងមូល»។ សម្រាប់ពេលនេះ មន្ត្រីអាមេរិកនៅមិនទាន់បានត្រៀមខ្លួនកាត់ផ្តាច់ធនាគាររុស្ស៊ីទាំងអស់ចេញពីប្រព័ន្ធ Swift International Banking System ដែលជាប្រព័ន្ធផ្ទេរប្រាក់ដ៏សំខាន់ដែលត្រូវបានប្រើប្រាស់ដោយស្ថាប័នហិរញ្ញវត្ថុជាង ១១.០០០ នៅទូទាំងពិភពលោក នៅឡើយ។

    ក្រសួងរតនាគារក៏មានបញ្ជីទណ្ឌកម្មផ្សេងទៀតផងដែរ ដែលនឹងបង្កជាការខាតបង់និងផលប៉ះពាល់ដែលមានលក្ខណៈមិនសូវរីកសាយភាយ។ ឧទាហរណ៍ : អាមេរិកអាចដាក់ធនាគារមួយនៅក្នុងបញ្ជីមួយដែលនឹងទប់ស្កាត់ធនាគារនោះពីការធ្វើប្រតិបត្តិការ ណាមួយជាសាច់ប្រាក់ដុល្លារ។ អាមេរិកក៏ត្រូវគេរំពឹងថានឹងដាក់មន្ត្រី, អ្នកជំនួញនិងក្រុមហ៊ុនរុស្ស៊ីជាច្រើនទៀត ទៅក្នុងបញ្ជីទណ្ឌកម្មផងដែរ ហើយបើគិត នៅត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ម៉ោងនៅរុស្ស៊ី ផ្សារហ៊ុនរុស្ស៊ីបានធ្លាក់ចុះជិត ៤០%។

    ក្រសួងពាណិជ្ជកម្មអាមេរិកបាននិងកំពុងរៀបចំផែនការរឹតត្បិតលើការនាំចេញបច្ចេកវិទ្យាមួយចំនួនរបស់អាមេរិកទៅកាន់រុស្ស៊ី ដែលនេះគឺជាយុទ្ធសាស្ត្រមួយដែលរដ្ឋបាលរបស់លោក ត្រាំ បានប្រើដើម្បីបំបាក់ក្រុមហ៊ុន Huawei របស់ចិន។ វិធានការនេះនឹងបង្កការខូចខាតដល់ខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងវិស័យមួយ ចំនួនរបស់រុស្ស៊ី។

    មន្ត្រីអាមេរិកបាននិយាយថា «គោលដៅរបស់ពួកគេក៏រួមមានវិស័យឧស្សាហកម្មយោធា និងឧស្សាហកម្មប្រេង និងឧស្ម័នផងដែរ»។ គេរំពឹងថា «មន្ត្រីអឺរ៉ុប នឹងប្រកាសអំពី ទណ្ឌកម្មស្រដៀងគ្នាទៅនឹងទណ្ឌកម្មដែលអាមេរិកគ្រោងដាក់» ក៏ប៉ុន្តែ ពួកគេអាចនឹង មានភាពប្រុងប្រយ័ត្នជាងក្នុងការដាក់ទណ្ឌកម្ម ដោយសារតែការធ្វើពាណិជ្ជកម្មយ៉ាងរស់រវើករវាងទ្វីប នេះជាមួយរុស្ស៊ី។

    បើទោះបីជាលោក បៃឌិន បាន និយាយថា «លោកនឹងពិចារណាអំពីការដាក់ទណ្ឌកម្មក៏ដោយ ក៏មន្ត្រីអាមេរិកនៅមិនទាន់មានផែនការណាមួយដើម្បីបង្កភាព រអាក់រអួលធំដុំដល់ការនាំចេញថាមពលរបស់រុស្ស៊ីដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់ប្រទេសនេះនៅឡើយទេ»។

    តំបន់អឺរ៉ុបបានពឹងផ្អែកលើវិស័យថាមពល ហើយការកើនឡើងតម្លៃប្រេងនៅទូទាំងពិភពលោក នឹងបណ្តាលឱ្យអតិផរណាកើនឡើងកាន់តែខ្លាំង ហើយបញ្ហាប្រឈមនឹងកើតមានកាន់តែច្រើនសម្រាប់អ្នកនយោបាយ។ បន្ថែមពីលើនេះ អាល្លឺម៉ង់បានប្រកាស នៅសប្តាហ៍នេះថា «ខ្លួននឹងមិនផ្តល់អាជ្ញាប័ណ្ណឱ្យបំពង់បង្ហូរឧស្ម័ន Nord Stream 2 នោះទេ» ហើយនៅថ្ងៃពុធ លោក បៃឌិន បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុន Gazprom ដែលកំពុងទទួលខុសត្រូវលើការសាងសង់បំពង់បង្ហូរឧស្ម័ន Nord Stream 2 ។

    ទោះជាយ៉ាងណាក៏ដោយ បន្ទុកសេដ្ឋកិច្ចថ្មីៗបានកើតចំពេលដ៏លំបាកសម្រាប់លោក បៃឌិន ដែលកំពុងរងនូវការខកចិត្តពីសំណាក់ ម្ចាស់ឆ្នោតជុំវិញបញ្ហាអតិផរណា ខណៈពេលដែលការបោះ ឆ្នោតពាក់កណ្តាល
    អាណត្តិនឹងឈានចូល មកដល់ក្នុងរយៈពេលតិចជាង ៩ខែទៀត។ គេរំពឹងថា «គណបក្សសាធារណរដ្ឋនឹងឆក់ឱកាសកេងចំណេញពីទុក្ខលំបាកផ្នែកសេដ្ឋកិច្ចក្នុងស្រុក ដើម្បីរិះគន់លើលោក បៃឌិន និងគណបក្សប្រជាធិបតេយ្យ»។

    គណបក្សសាធារណរដ្ឋមួយក្រុមដែលដឹកនាំដោយ ត្រាំ ដែលរួមមានទាំងលោក Tucker Carlson ដែលមកពី កាសែត Fox News បាននិងកំពុងកោត សសើររុស្ស៊ី និងបានរិះគន់លោក បៃឌិន ជុំវិញគោល នយោបាយជាច្រើន។ អ្នកវិភាគខ្លះបាននិយាយថា «លោក ពូទីន បានមើល ឃើញការបែកបាក់គ្នាផ្នែកនយោបាយនេះជាឱកាសយុទ្ធសាស្ត្រ»។

    ក្រសួងការ បរទេសបានបញ្ជូន បុគ្គលិករបស់ខ្លួនចេញពីប្រទេសអ៊ុយក្រែន ទៅកាន់ប៉ូឡូញ ខណៈដែលអ្នកការទូតមួយចំនួនបាននៅបន្តជួយរដ្ឋាភិបាលនៅទីក្រុង Kyiv និងដើម្បីផ្តល់ជំនួយកុងស៊ុលដល់ពលរដ្ឋអាមេរិក ដែលចង់ចាកចេញពីអ៊ុយក្រែន។

    សំណួរដ៏ធំសម្រាប់ពិភពលោកទាំងមូលនៅពេលនេះគឺ «តើការឈ្លានពានរបស់លោក ពូទីន បានធ្វើឱ្យបែកបាក់ប្រព័ន្ធអន្តរជាតិដែរឬទេ ខណៈដែលរុស្ស៊ីក៏ជាអ្នករួមចំណែកដ៏ស្របច្បាប់មួយនៅក្នុងប្រព័ន្ធនេះដែរ»។

    ប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយនៅក្នុងសុន្ទរកថានៅ ព្រឹកថ្ងៃព្រហស្បត្តិ៍ថា «ព្រឹត្តិការណ៍កាលពី យប់មិញគឺជាចំណុចរបត់មួយនៅក្នុងប្រវត្តិសាស្ត្ររបស់អឺរ៉ុប និងរបស់ប្រទេសរបស់យើង។ វានឹងបង្កផលវិបាកដ៍ធ្ងន់ធ្ងរនិង យូរអង្វែងដល់ការ រស់នៅរបស់យើង»។

    អ្នកការទូតមកពី ក្រុមប្រទេស G7 , NATO, ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនិងក្រុមប្រឹក្សាអឺរ៉ុប គ្រោងនឹងជួបប្រជុំគ្នា ដើម្បីដាក់ចេញនូវជំហានបន្ទាប់។ នៅក្រុមប្រឹក្សាសន្តិសុខ អាមេរិក បានជំរុញបណ្តាប្រទេសផ្សេងឱ្យចូលរួមថ្កោលទោសសកម្មភាពឈ្លានពានរបស់រុស្ស៊ី និងឱ្យមានការចូលរួមការពារអធិបតេយ្យរបស់អ៊ុយក្រែន បូករួមនឹងការអំពាវនាវឱ្យមាន ការផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសខ្លួនអ៊ុយក្រែន។ ប៉ុន្តែ រុស្ស៊ីមានសិទ្ធិវេតូនៅក្រុមប្រឹក្សាសន្តិសុខដែលមាន ន័យថា «វាអាចធ្វើឱ្យខូចដល់សេចក្តីសម្រេចណាមួយ ដែលស្ថាប័ននេះនឹងស្នើដាក់លើលោក ពូទីន»។

    រដ្ឋមន្ត្រីការ បរទេស Antony Blinken អាចនឹងធ្វើ ដំណើរទៅអឺរ៉ុបនៅសប្តាហ៍ក្រោយដើម្បីជួបជាមួយសម្ព័ន្ធមិត្ត និងដើម្បីធានានូវការរួមសាមគ្គីគ្នាប្រឆាំងនឹងរុស្ស៊ី។ លោកបានលុបចោលកិច្ចប្រជុំមួយជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ដែលគ្រោងធ្វើនៅទីក្រុង Geneva ដោយលោកបានលើកឡើងថា «វានឹងក្លាយជាជំនួបដែលគ្មានផ្លែផ្កា បន្ទាប់ពីទាហានរុស្ស៊ី បានបើកការ ឈ្លានពាន»។

    កាលពីយប់ថ្ងៃពុធ លោក Blinken បាន និយាយនៅលើបណ្តាញ ABC News ថា «ប្រសិន បើប្រទេសរុស្ស៊ីពិតជាបោះជំហានទៅមុខ លើរឿងនេះ ផ្ទុយពីអ្វីដែលយើងចង់បានមែន នោះយើងនឹងបន្តធ្វើវា ហើយយើង​បាន​ត្រៀម​ខ្លួនរួចជា ស្រេចហើយ សម្រាប់​ការដាក់ចេញនូវវិធានការ ប្រសិន​បើ​រុស្ស៊ី​សម្រេច​ចិត្ត​ជ្រើសរើស​ផ្លូវ​នៃ​ការ​ឈ្លានពាន»៕ The New York Times