ខ្មែរប៉ុស្ដិ៍ Close

របាយការណ៍របស់អង្គការ OECD ៖ ទស្សនវិស័យដ៏ខ្មៅងងឹតកំពុងបង្កការរំខានដល់សេដ្ឋកិច្ចពិភពលោក ខណៈដែលសង្រ្គាមនៅអ៊ុយក្រែននៅតែបន្ត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 62
របាយការណ៍របស់អង្គការ OECD ៖ ទស្សនវិស័យដ៏ខ្មៅងងឹតកំពុងបង្កការរំខានដល់សេដ្ឋកិច្ចពិភពលោក ខណៈដែលសង្រ្គាមនៅអ៊ុយក្រែននៅតែបន្ត របាយការណ៍របស់អង្គការ OECD ៖ ទស្សនវិស័យដ៏ខ្មៅងងឹតកំពុងបង្កការរំខានដល់សេដ្ឋកិច្ចពិភពលោក ខណៈដែលសង្រ្គាមនៅអ៊ុយក្រែននៅតែបន្ត

ខណៈពេលដែលត្រីមាសទី៣ នៃឆ្នាំ ២០២២ នឹងបញ្ចប់ទៅនៅក្នុងសប្តាហ៍នេះ ទស្សនវិស័យសេដ្ឋកិច្ចត្រូវបានរួមរឹតទៅដោយភាពងងឹត ដោយក្នុងនោះ សូចនាករបានប្រែទៅជាមានលក្ខណៈដ៏អាក្រក់បំផុត (យោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការ OECD)។ ពិភពលោកកំពុងទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយហានិភ័យចម្បងបំផុតគឺវិបត្តិថាមពល និងអតិផរណា។

អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច (OECD) បានលើកឡើងកាលពីថ្ងៃចន្ទថា «បញ្ហានេះអាចបង្កឱ្យមានការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសធំៗ»។ អគ្គលេខាធិការនៃអង្គការ OECD លោក Mathias Cormann បាននិយាយថា «សេដ្ឋកិច្ចពិភពលោកបានបាត់បង់សន្ទុះ និងបានបន្តជាប់គាំងបន្ទាប់ពីសង្រ្គាមឈ្លានពានដែលមិនសមហេតុផល និងខុសច្បាប់របស់រុស្ស៊ីនៅអ៊ុយក្រែន»។

អតិផរណាបានបង្កជាបញ្ហារួចជាស្រេចទៅហើយ ខណៈពេលដែលពិភពលោកបាននិងកំពុងព្យាយាមងើបចេញពីការរាតត្បាតនៃវីរុសកូវីដ-១៩។ សង្រ្គាមនៅអ៊ុយក្រែនបានបង្កើនសម្ពាធកាន់តែធ្ងន់ធ្ងរទៅលើតម្លៃទំនិញ។ នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចបណ្តោះអាសន្ន អង្គការ OECD បានឱ្យដឹងថា «ជាមួយនឹងផលប៉ះពាល់នៃវីរុសកូវីដ-១៩ ដែលនៅតែបន្តអូសបន្លាយ សង្គ្រាមបច្ចុប្បន្នកំពុងទាញទម្លាក់កំណើន និងបានបង្កើនសម្ពាធលើតម្លៃអាហារ និងថាមពល»។

GDP ពិភពលោក បាននៅទ្រឹងនៅក្នុងត្រីមាសទី២ នៃឆ្នាំ ២០២២ ហើយទិន្នផលសេដ្ឋកិច្ចក៏បានធ្លាក់ចុះផងដែរនៅក្នុងប្រទេស G20។ ជាមួយនឹងសូចនាករថ្មីៗដែលកំពុងវិវឌ្ឍទៅរកសភាពកាន់តែអាក្រក់ ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកបាននិងកំពុងរងនូវផលប៉ះទង្គិចកាន់តែធ្ងន់ធ្ងរ។ នៅក្នុងការព្យាករចុងក្រោយ «សេដ្ឋកិច្ចពិភពលោកនឹងកើនឡើងត្រឹមតែ ២,២% ប៉ុណ្ណោះនៅក្នុងឆ្នាំ ២០២៣ ជាមួយនឹងការប៉ាន់ប្រមាណ GDP សម្រាប់បណ្តាប្រទេស G20 ភាគច្រើន បានបង្ហាញអំពីការធ្លាក់ចុះ»។

តំបន់អឺរ៉ុបនឹងទទួលរងនូវផលប៉ះពាល់ខ្លាំងបំផុតនៅក្នុងឆ្នាំខាងមុខ ដោយក្នុងនោះប្រទេសអាល្លឺម៉ង់ត្រូវបានគេរំពឹងថា នឹងជួបប្រទះនឹងការធ្លាក់ចុះនៃកំណើនចំនួន ០,៧% នៅឆ្នាំ ២០២៣។ របាយការណ៍បានកត់សម្គាល់ថា «បញ្ហានេះអាចកាត់បន្ថយកំណើនសេដ្ឋកិច្ចនៅអឺរ៉ុប ប្រមាណ ១,២៥% នៅក្នុងឆ្នាំ ២០២៣ ហើយនឹងបង្កើនអត្រាអតិផរណាចំនួន ១,៥%»។ វានឹងជំរុញឱ្យប្រទេសជាច្រើនធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចសម្រាប់រយៈពេលពេញមួយឆ្នាំ ២០២៣។

ក្តីបារម្ភដ៏ធំសម្រាប់អឺរ៉ុបគឺកង្វះឧស្ម័ន ជាពិសេសនៅរដូវរងា។ អង្គការ OECD បានលើកឡើងថា «កម្រិតនៃការស្តុកទុកឧស្ម័នរបស់សហភាពអឺរ៉ុប ត្រូវបានបង្កើនយ៉ាងគួរឱ្យកត់សម្គាល់នៅក្នុងអំឡុងឆ្នាំនេះ ហើយឥឡូវនេះរដ្ឋជាសមាជិកភាគច្រើនមានឧស្ម័ននៅក្នុងស្តុកជាមធ្យម ៨០%-៩០%»។ ក៏ប៉ុន្តែ វាអាចនៅតែមិនគ្រប់គ្រាន់ដើម្បីបំពេញតាមតម្រូវការនោះទេ។

អង្គការ OECD ក៏បានគូសបញ្ជាក់ផងដែរអំពី «ភាពមិនច្បាស់លាស់» ជុំវិញការព្យាករណ៍របស់ខ្លួន ដោយសារវត្តមាននៃហានិភ័យពាក់ព័ន្ធផ្សេងៗទៀត។ របាយការណ៍បានអះអាងថា «ហានិភ័យរួមបញ្ចូលទាំងលទ្ធភាពនៃការកើនឡើងកាន់តែខ្លាំងនៃតម្លៃអាហារនិងថាមពល ដែលអាចរុញច្រានមនុស្សជាច្រើនឱ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រ ក៏ដូចជាលទ្ធភាពនៃការខ្វះខាតឧស្ម័ននៅក្នុងរដូវរងានៅអឌ្ឍគោលខាងជើង»។

ការកាត់បន្ថយការប្រើប្រាស់ថាមពល និងការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់នឹងមានសារៈសំខាន់ណាស់ដើម្បីកាត់បន្ថយកង្វះខាតដែលអាចជំរុញឱ្យតម្លៃថាមពលបន្តកើនឡើងនៅទូទាំងពិភពលោក, បង្កផលប៉ះពាល់ដល់ទំនុកចិត្ត និងអាចធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុវិវឌ្ឍទៅកាន់តែអាក្រក់។ អង្គការ OECD បានបន្តថា «វិធានការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាលនានានៅក្នុងពិភពលោក នៅមិនទាន់គ្រប់គ្រាន់ទេ ដោយក្នុងនោះ អត្រាការប្រាក់ការនឹងត្រូវការការដំឡើងបន្ថែមទៀត ជាពិសេសនៅក្នុងបណ្តាប្រទេសធំៗដើម្បីកាត់បន្ថយអត្រាអតិផរណា»។

អង្គការ OECD បានព្យាករណ៍ថា «កំណើននៅក្នុងប្រទេសចិននឹងថយចុះមកនៅត្រឹម ៣,២% នៅឆ្នាំ ២០២២ ហើយបន្ទាប់មកនឹងកើនឡើងដល់ ៤,៧% នៅឆ្នាំ ២០២៣»។ សេដ្ឋកិច្ចរបស់អាមេរិកនឹងកើនឡើងចំនួន ១,៥% នៅឆ្នាំនេះ ហើយនឹងកើនត្រឹមតែ ០,៥% ប៉ុណ្ណោះនៅឆ្នាំក្រោយ។

សន្តិសុខស្បៀងសកលគឺជាហានិភ័យដ៏សំខាន់មួយទៀត ហើយវានឹងតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិ ដើម្បីធានាថា «ទីផ្សារកសិកម្មនឹងនៅតែអាចមានដំណើរការ»។ របាយការណ៍នេះបានបន្ថែមថា «ផលប៉ះពាល់ពីសង្រ្គាមនឹងនៅតែជាការគំរាមកំហែងសម្រាប់សន្តិសុខស្បៀងពិភពលោក ជាពិសេសប្រសិនបើវាត្រូវបានរួមបញ្ចូលដោយព្រឹត្តិការណ៍អាកាសធាតុកាន់តែធ្ងន់ធ្ងរ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ»៕

Kito News

អត្ថបទទាក់ទង