យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញទី៤ កំពុងបង្កើនល្បឿន ដោយសម្រេចបានជិត ១លាននាក់
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ជាពិសេសនោះគឺការងារចាក់វ៉ាក់សាំងដូសជំរុញទី៤ ដែលសម្រេចបាន ៩៣៩,០០៧ នាក់ ខណៈដូសជំរុញទី៣ សម្រេចបានចំនួន ៦,៩៨១,៤៣៥ នាក់។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។
ចំពោះការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះផងដែរ ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានប្រជាពលរដ្ឋចំនួន ១០,២៣៨,៨៨៦ នាក់ បានចាក់ដូសទី១ និងចំនួន ៩,៨៩០,៣១០នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០២.៣៩% នៃប្រជាជនគោលដៅសរុប ១០លាននាក់។
សម្រាប់ក្រុមកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១,៨២៥,០៨០ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១,៧៥៥,០០៤ នាក់ ដែលស្មើនឹង ៩៩.៨៨% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។
ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២,០២៥,៨៤៤ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១,៩៤០,៩៧៥ នាក់ ដែលស្មើនឹង ១០៦.៧៧% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។
សម្រាប់កុមារអាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣៤៨,០៩៦ នាក់ សម្រាប់ដូសទី១ និងចំនួន ២៦០,១៦៨ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១១៤.៣៩% ហើយនឹងចាក់ដូសជំរុញនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ខាងមុខនេះផងដែរ។
ជាមួយគ្នានេះ ក្រុមកុមារដែលមានអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ចាក់ដូសទី១ បានចំនួន ១២៥,៦០៦ នាក់ ដែលស្មើនឹង ២០.៥៧% នៃក្រុមគោលដៅសរុបប្រមាណ៦០ម៉ឺននាក់។
ជាសរុបរួម ប្រជាពលរដ្ឋកម្ពុជាសរុប ១៤,៥៦៣,៥១២ នាក់ នៃចំនួនប្រជាជនសរុបប្រមាណ ១៦លាននាក់ នៅកម្ពុជា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលស្មើនឹង ៩១.០២% ដែលនេះគឺជាស្ថិតិមួយដ៏ខ្ពស់មួយនៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក។
បើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវភាពជោគជ័យក្តី ការបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ និង០៣កុំ គឺជាកត្តាដ៏ចាំបាច់បំផុត រួមជាមួយនឹងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី របស់បុគ្គលគ្រប់រូប ដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសដ៏កាចសាហាវនេះ គឺជាកត្តារួមផ្សំគ្នាដែលមិនអាចខ្វះបាន ក្នុងបរិបទដែលវីរុសបំប្លែងថ្មីអូមីក្រុង បាននិងកំពុងឆ្លងរាលដាលនៅក្នុងសហគមន៍រស់នៅរបស់ប្រជាពលរដ្ឋក្នុងល្បឿនដ៏រហ័ស ដែលគួរឱ្យព្រួយបារម្ភបំផុត៕ AKP