ខ្មែរប៉ុស្ដិ៍ Close

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារអាយុចាប់ពី ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ និងដូសជំរុញដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ បានចាប់ផ្តើមក្នុងល្បឿនគួរឱ្យកត់សម្គាល់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 33
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារអាយុចាប់ពី ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ និងដូសជំរុញដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ បានចាប់ផ្តើមក្នុងល្បឿនគួរឱ្យកត់សម្គាល់ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារអាយុចាប់ពី ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ និងដូសជំរុញដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ បានចាប់ផ្តើមក្នុងល្បឿនគួរឱ្យកត់សម្គាល់

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ខណៈពេលដែលការចាក់វ៉ាក់សាំងដល់កុមារអាយុចាប់ពី ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ បាននិងកំពុងដំណើរការ ដោយសម្រេចចាក់បាន ២៩ ៧២៨ នាក់ ក្នុងរយៈពេលត្រឹមមួយថ្ងៃប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ យុទ្ធនាការចាក់ដូសជំរុញដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ក៏បានចាប់ផ្តើមផងដែរ ខណ:ដូសជំរុញសម្រាប់កុមារអាយុ ៥ឆ្នាំ នឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមីនា ខាងមុខនេះ។

នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

ពាក់ព័ន្ធនឹងការងារចាក់វ៉ាក់សាំងដូសជំរុញនេះផងដែរ សម្រាប់ក្រុមបុគ្គលដែលមានអាយុចាប់ពី១២ឆ្នាំឡើង សម្រេចបាន ៥ ៥០៨ ៦១៥ នាក់ ខណៈដូសជំរុញទី០៤ សម្រាប់ក្រុមជួរមុខ និងបងប្អូនប្រជាពលរដ្ឋសម្រេចបាន ៨៧៤ ៨៩៥ នាក់។

ដោយឡែកសម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានប្រជាពលរដ្ឋចំនួន ១០ ២៣០ ៩០២ នាក់ បានចាក់ដូសទី១ និងចំនួន ៩ ៨៨៦ ០៩១ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០២.៣១% នៃប្រជាជនគោលដៅសរុប ១០លាននាក់។

ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨២៣ ៤៩៥ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៥២ ៣៥៦ នាក់ ដែលស្មើនឹង ៩៩.៧៩% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។

ជាមួយគ្នានេះ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០១៩ ៤៧៣ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩៣៥ ៣៥១ នាក់ ដែលស្មើនឹង ១០៦.៤៣% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារ អាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣៣៥ ៣៥០ នាក់ សម្រាប់ដូសទី១ និងចំនួន ២៥៧ ៩៩៧ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១១០.២០%។

ជាសរុបរួម ប្រជាពលរដ្ឋកម្ពុជា ១៣ ៨៣១ ៧៩៥ នាក់ នៃចំនួនប្រជាជនសរុបប្រមាណ ១៦លាននាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋានរួចរាល់ ហើយស្ថិតិនៃការចាក់វ៉ាក់សាំងនៅកម្ពុជានេះ គឺស្ថិតក្នុងកម្រិតដ៏ខ្ពស់មួយនៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ទាំងការចាក់វ៉ាក់សាំង ដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤។

គួររម្លឹកថា បើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវភាពជោគជ័យក្តី ការបន្តចូលរួមអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ គឺជាកត្តាដ៏ចាំបាច់បំផុត រួមជាមួយនឹងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី របស់បុគ្គលគ្រប់រូប ដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសដ៏កាចសាហាវនេះ ជាពិសេសក្នុងបរិបទដែលវីរុសបំប្លែងថ្មីអូមីក្រុង បាននិងកំពុងឆ្លងរាលដាលនៅក្នុងសហគមន៍រស់នៅរបស់ប្រជាពលរដ្ឋក្នុងល្បឿនដ៏រហ័ស និងគួរឱ្យព្រួយបារម្ភបំផុត៕ AKP

អត្ថបទទាក់ទង