ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាល បញ្ចេញថវិកាបន្ថែម ១០០លានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទាន លើកស្ទួយវិស័យកសិកម្ម និងសហគ្រាសធុនតូចនិងមធ្យម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 50
រាជរដ្ឋាភិបាល បញ្ចេញថវិកាបន្ថែម ១០០លានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទាន លើកស្ទួយវិស័យកសិកម្ម និងសហគ្រាសធុនតូចនិងមធ្យម រាជរដ្ឋាភិបាល បញ្ចេញថវិកាបន្ថែម ១០០លានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទាន លើកស្ទួយវិស័យកសិកម្ម និងសហគ្រាសធុនតូចនិងមធ្យម

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានប្រកាសពីបញ្ចេញថវិកា១០០លានដុល្លារ ទៅឲ្យធនាគាររដ្ឋចំនួន២ ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និងវិស័យសហគ្រាសធុនតូច និងមធ្យម។

ថវិកា១០០លានដុល្លារនេះ ត្រូវផ្តល់ជូនដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចំនួន៥០លានដុល្លារ សម្រាប់ផ្តល់កម្ចីដល់វិស័យកសិកម្ម និងធនាគារសហគ្រាសធុនតូច និងធម្យ (SME Bank) សម្រាប់ផ្តល់កម្ចីសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាមួយនឹងអត្រាការប្រាក់ទាប។

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ចាត់ទុកការលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ពិសេសសហគ្រាស ដែលស្ថិតក្នុងវិស័យសំខាន់ៗមួយចំនួនដូចជា កសិកម្ម, កសិ-ឧស្សាហកម្ម, ការកែច្នៃម្ហូបអាហារ, កម្មន្តសាល, គ្រឿងបង្គុំ និងទេសចរណ៍ជាដើម ជាអាទិភាពគោលនយោបាយមួយដ៏សំខាន់។

លោកឧបនាយករដ្ឋមន្រ្តីបានបន្ថែមថា សហគ្រាសធុនតូច និងមធ្យម មិនត្រឹមតែចូលរួមដល់ការគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា និងការបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនភាពធន់របស់សេដ្ឋកិច្ចជាតិទៅនឹងវិបត្តិផងដែរ។ ជាក់ស្តែង សហគ្រាសធុនតូច និងមធ្យមមានប្រមាណ៩៨% នៃអាជីវកម្មទាំងអស់នៅកម្ពុជា បានចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ ៥៨% ព្រមទាំងផ្តល់ការងារប្រមាណ ៧៣% នៃចំនួនកម្លាំងពលកម្មសរុបនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ដើម្បីលើកស្ទួយសហគ្រាសធុនតូច និងមធ្យមជាពិសេស សហគ្រាសក្នុងវិស័យអាទិភាព រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការជាច្រើនដូចជា៖

១៖ ការដាក់ជាបន្ទុករបស់រដ្ឋនូវពន្ធនាំចូលឧបករណ៍, គ្រឿងម៉ាស៊ីន និង គ្រឿងចក្រ ជាដើម
២៖ ការបង្កើតឲ្យមានមូលនិធិអភិវឌ្ឍន៍ជំនាញ, មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និង សហគ្រិនខ្មែរ
៣៖ ការបង្កើតធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា (SME Bank)
៤៖ ការអនុវត្តកម្មវិធីសហហិរញ្ញប្បទាន តាមរយៈធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា (SME Bank) និងកម្មវិធីហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ឥណទានក្នុងអត្រាការប្រាក់សម្បទាន សម្រាប់ វិស័យកសិកម្ម និង កសិ-ឧស្សាហកម្ម តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម (ARDB)
៥៖ ការបង្កើតសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក្នុងការផ្តល់ការធានាឥណទាន ទៅសហគ្រាសដែលជួបនូវកង្វះខាតទ្រព្យបញ្ចាំ។

អត្ថបទទាក់ទង