ខ្មែរប៉ុស្ដិ៍ Close

លោក ទៀ បាញ់ អញ្ជើញបើកសិក្ខាសាលាស្តីពីចក្ខុវិស័យក្នុងការសាងសង់វិមានឈ្នះ-ឈ្នះ «ព្រឹត្តិការណ៍បង្កើតព្រឹត្តិការណ៍»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 29
លោក ទៀ បាញ់ អញ្ជើញបើកសិក្ខាសាលាស្តីពីចក្ខុវិស័យក្នុងការសាងសង់វិមានឈ្នះ-ឈ្នះ «ព្រឹត្តិការណ៍បង្កើតព្រឹត្តិការណ៍» លោក ទៀ បាញ់ អញ្ជើញបើកសិក្ខាសាលាស្តីពីចក្ខុវិស័យក្នុងការសាងសង់វិមានឈ្នះ-ឈ្នះ «ព្រឹត្តិការណ៍បង្កើតព្រឹត្តិការណ៍»

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការ​ពារជាតិ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាក្រោមប្រធាន​បទស្តីពីចក្ខុវិស័យក្នុងការសាងសង់វិមានឈ្នះ-ឈ្នះ «ព្រឹត្តិការណ៍បង្កើតព្រឹត្តិការណ៍» ដើម្បីរៀបចំពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ និងអបអរ​សាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

សិក្ខាសាលានេះ ធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី និងមានការអញ្ជើញចូលរួមពីសំណាក់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាយឧត្តម សេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ នាយឧត្តម សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក និងប្រធានក្រុមការងារសិក្សា ស្រាវជ្រាវសាងសង់វិមានឈ្នះ-ឈ្នះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ តំណាងក្រសួងពាក់ព័ន្ធ រួមទាំងថ្នាក់ដឹកនាំរាជធានី-ខេត្តយ៉ាងច្រើនកុះករផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីជួបសំណេះ សំណាលជាមួយកម្មករ កម្មការិនី នៅថ្ងៃទី៣១ ខែតុលាកន្លងទៅ បានប្រកាសជាសាធារណៈថា លោកនឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំ រយៈពេល៣យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ នៅវិមានឈ្នះ-ឈ្នះ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាមនយោបាយឈ្នះ-ឈ្នះ ដោយទទួលបានឯកភាពទឹកដីជា លើកដំបូង។

ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀតវិមាននេះ ក៏ជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។ ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕

អត្ថបទទាក់ទង