ខ្មែរប៉ុស្ដិ៍ Close

លោក ជាវ តាយ បានអញ្ជើញជួបសំណេះសំណាល និងចែករង្វាន់ដល់បេក្ខជនជ័យលាភីប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តពោធិ៍សាត់ សម័យប្រឡង ២៧ ធ្នូ ២០២១

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 53
លោក ជាវ តាយ បានអញ្ជើញជួបសំណេះសំណាល និងចែករង្វាន់ដល់បេក្ខជនជ័យលាភីប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តពោធិ៍សាត់ សម័យប្រឡង ២៧ ធ្នូ ២០២១ លោក ជាវ តាយ បានអញ្ជើញជួបសំណេះសំណាល និងចែករង្វាន់ដល់បេក្ខជនជ័យលាភីប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តពោធិ៍សាត់ សម័យប្រឡង ២៧ ធ្នូ ២០២១

ពោធិ៍សាត់៖ លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងចែករង្វាន់ដល់បេក្ខជនជ័យលាភីប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តពោធិ៍សាត់ សម័យប្រឡង ២៧ ធ្នូ ២០២១ សម្រាប់ឆ្នាំសិក្សា២០២០-២០២១ ដើម្បីលើកទឹកចិត្ត និងតម្រង់ទិសដល់សិស្សានុសិស្សឱ្យក្លាយជាពលរដ្ឋល្អ ជាទំពាំងស្នងឬស្សី និងជាសសរទ្រូង ដ៏រឹងមាំ សម្រាប់ប្រទេសជាតិ នាពេល ខាងមុខ។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណវេទិកាក្នុងសាលាខេត្ត ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ និងបេក្ខជនជ័យលាភីប្រឡងជាប់យ៉ាងច្រើនកុះករ។

លោក លី សុគន្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានឱ្យដឹងថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ ក្នុងខេត្តពោធិ៍សាត់ មានសិស្សប្រឡងជាប់សរុប ១,៨៩១នាក់ ស្រី១,០៩៦នាក់ លើបេក្ខជនមកប្រឡងសរុប ៣,២៤០នាក់ ស្រី១,៦៩៣នាក់ ស្មើនឹង៥៨.៣៦% ស្រី៦៤,៧៤%។ សម្រាប់ឆ្នាំ២០២១នេះ លទ្ធផលនិទ្ទេសA ចំនួន២៨នាក់ ស្រី១៣នាក់, និទ្ទេសB ចំនួន១៤២នាក់ ស្រី៨០នាក់, និទ្ទេសC ចំនួន៣០៧នាក់ ស្រី១៧៧នាក់, និទ្ទេសD ចំនួន៥៨៦នាក់ ស្រី៣៦៥នាក់ និងនិទ្ទេសE ចំនួន៨២៨នាក់ ស្រី៤៦១នាក់។

លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានថ្លែងចូលរួមអបអរសាទរ ដល់ក្មួយៗសិស្សានុសិស្ស ដែលជាជ័យលាភីប្រឡងជាប់សញ្ញបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ សម្រាប់ឆ្នាំសិក្សា២០២០-២០២១កន្លងមកនេះ។ លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុត ជូនចំពោះអាជ្ញាធរពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្សទាំងអស់ ដែលបានខិតខំលះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី ក្នុងការជួយជំរុញ និងបង្ហាត់បង្រៀនកូនបន្ថែមនៅតាមផ្ទះ ការរៀននិងបង្រៀនពីចម្ងាយ តាមរយៈប្រព័ន្ធOnline និងការចុះបង្រៀនដល់ផ្ទះ ដែលទាំងនេះ ជាការលះបង់ដ៏ខ្លាំងក្លាបំផុត ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីធ្វើយ៉ាងណាឱ្យក្មួយៗសិស្សានុសិស្សបានក្លាយជាពលរដ្ឋល្អ ជាទំពាំងស្នងឬស្សី និងជាសសរទ្រូង ដ៏រឹងមាំ សម្រាប់ប្រទេសជាតិ ។

យើងទាំងអស់គ្នាបានដឹងហើយថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាពេលកន្លងមកនេះ ត្រូវបាន បិទបញ្ចប់ដោយជោគជ័យ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពល រដ្ឋពេញផ្ទៃប្រទេស មានប្រព័ន្ធភាពស៊ាំគ្រប់ៗគ្នា និងបានប្រកាសបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី។ តែទោះជាយ៉ាងនេះក្តី កម្ពុជា ក៏ដូចជាពិភពលោកទាំងមូលនាពេលបច្ចុប្បន្ន កំពុងទទួលរងនូវការរាតត្បាតជាថ្មីម្តងទៀត នៃជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលតម្រូវឱ្យរាជរដ្ឋាភិបាល ដាក់ចេញវិធានការបន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជម្រុញ ជូនដល់ប្រជាជនកម្ពុជាគ្រប់ៗរូប ដើម្បីឆ្លងកាត់គ្រាដ៏លំបាកនេះបន្ថែមទៀត។

លោកអភិបាលខេត្ត បានថ្លែងទៀតថា ក្រសួងអប់រំ យុវជន និងកីឡា ក៏បាននិងកំពុងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង បង្ការ និងទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់សិស្សានុសិស្ស និងបុគ្គលិក អប់រំគ្រប់លំដាប់ថ្នាក់ តាមរយៈការដាក់ ចេញនូវវិធានការ ជាច្រើន ក៏ដូចជាការចេញសេចក្តីជូនដំណឹង និងសេចក្តីណែនាំផ្សេងៗទៀត ដែល ពាក់ព័ន្ធនឹងវិធានការសុខភាព, ការរៀបចំរដ្ឋបាលឌីជីថល, ការលើកកម្ពស់វិធានការគម្លាតសុវត្ថិភាព, ការរៀបចំប្រព័ន្ធអប់រំអេឡិចត្រូនិច និងការផ្តល់សេវារៀនសូត្រពីចម្ងាយ ក្នុងបរិបទបង្កើតទម្លាប់រស់នៅធម្មតា តាមគន្លងថ្មី។

លោកក៏បានណែនាំដល់ក្មួយៗ ក្នុងនាមជាសិស្សានុសិស្ស និងជាយុវជនបន្តវេន ត្រូវកសាងខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ និងយុវជនល្អ និងត្រូវខិតខំហាត់ពត់លត់ដំ ព្យាយាមតស៊ូរៀនសូត្រ ទើបមានអនាគតល្អ ដែលអាចក្លាយជាថ្នាក់ដឹកនាំទៅថ្ងៃអនាគត ដើម្បីជួយកសាង និងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងជៀសចាកឱ្យឆ្ងាយពីគ្រឿងញៀន កុំប្រព្រឹត្តនូវអំពើខុសច្បាប់នានា ដែលសង្គមស្អប់ខ្ពើម។

ជាការលើកទឹកចិត្តជូនដល់ក្មួយៗសិស្សានុសិស្សប្រឡងជាប់ លោកបានផ្តល់ជូនថវិកាដល់អ្នកដែលបានចូលរួមជាក់ស្តែង សម្រាប់និទ្ទេសA ចំនួន៧នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា២លានរៀល, និទ្ទេសB ចំនួន៣២នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា៤០ម៉ឺនរៀល, និទ្ទេសC D និងE ចំនួន២៦១នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា១០ម៉ឺនរៀល។ ដោយឡែកសម្រាប់លោកគ្រូ អ្នកគ្រូ ចំនួន៤៦នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា១០ម៉ឺនរៀល និងសិស្សបំពេញវិជ្ជា ចំនួន៨នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា១០ម៉ឺនរៀល សរុបជារួមថវិកាដែលត្រូវចំណាយ ចំនួន៥៨លាន និង៣សែនរៀល៕

អត្ថបទទាក់ទង