ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តកោះកុងចែកដីសហគមន៍ ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិប្រលាន និងភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 28
រដ្ឋបាលខេត្តកោះកុងចែកដីសហគមន៍ ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិប្រលាន និងភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ រដ្ឋបាលខេត្តកោះកុងចែកដីសហគមន៍ ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិប្រលាន និងភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង តំណាងលោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញផ្សព្វផ្សាយ អំពីការបែងចែកដីសហគមន៍ ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិប្រលាន និងភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានការចូលរួមពីតំណាងប្រជាពលរដ្ឋប្រមាណ ៥០នាក់។ ប្រជាពលរដ្ឋដែលត្រូវទទួលបានដីឡូត៍ មានចំនួន ៦៦៤គ្រួសារ (ភូមិព្រលានចំនួន ២៨៣គ្រួសារ និងភូមិតាំងកន់ ចំនួន ៣៨១គ្រួសារ) ដែលមេភូមិ ឃុំ និងរដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំបញ្ជូនមក រដ្ឋបាលខេត្ត។

ទីតាំងដីដែលរដ្ឋបាលខេត្តនឹងយកមកបែងចែកជូនប្រជាពលរដ្ឋ មានទីតាំងស្ថិតនៅភូមិប្រលាន និងភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានទំហំ ៣១៨,៤៥ហិកតា បែងចែកជា ៩៦១ឡូត៍ ក្នុងមួយឡូត៍នីមួយៗមានទំហំ ក្រោម ២,០០០ម៉ែត្រការ៉េ ២,០០០ម៉ែត្រការ៉េ ២,៥០០ម៉ែត្រការ៉េ និងលើស ២,៥០០ម៉ែត្រការ៉េ ហើយដីដែលនៅសល់ពីការបែងចែកជូនប្រជាពលរដ្ឋ គឺទុកសម្រាប់សាងសង់សាលារៀន វត្តអារាម ផ្លូវ ផ្សារ និងកន្លែងសាធារណៈផ្សេងៗ។
បន្ទាប់ពីពិភាក្សាជាមួយតំណាងប្រជាពលរដ្ឋរួចមក តំណាងប្រជាពលរដ្ឋសប្បាយរីករាយក្នុងការចូល រួមជាកម្លាំងក្នុងការចុះបោះបង្គោលព្រំដីឡូត៍ ដែលកិច្ចការនេះដឹកនាំដោយរដ្ឋបាលស្រុកបូទុមសាគរ ហើយសកម្មភាពចុះបោះបង្គោលព្រំដីឡូត៍ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។ បន្ទាប់ពីការបោះបង្គោលព្រំដីឡូត៍រួចរាល់ រដ្ឋបាលស្រុកបូទូមសាគរនឹងរៀបចំពិធីឱ្យប្រជាពលរដ្ឋទាំង ៦៦៤គ្រួសារ ចាប់ឆ្នោតយកដីឡូត៍។

ជាមួយគ្នានេះដែរ ក្នុងឱកាស នៃការផ្សព្វផ្សាយការបែងចែកដីជូនប្រជាពលរដ្ឋនេះ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានបញ្ជាក់ជូនប្រជាពលរដ្ឋទាំងអស់ជ្រាបថា៖

  • ទីតាំងដីឡូត៍ដែលរដ្ឋបាលខេត្ត បានធ្វើការបែងចែកជូន បន្ទាប់ពីការចាប់ឆ្នោតរួចហើយ ម្ចាស់ទីតាំងអាចកាប់ឆ្ការដើម្បីបង្កបង្កើនផលបាន ប៉ុន្តែមិនត្រូវលក់ដីនេះជាដាច់ខាត រហូតដល់រយៈ ពេល៥ឆ្នាំ
  • ចំពោះដីចម្ការអំពៅ ស្ថិតនៅឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង គឺជាដីរបស់រដ្ឋ ដែលបានជួលរយៈពេលវែងឱ្យក្រុមហ៊ុនវិនិយោគ។ ដូច្នេះ ទីតាំងដីចម្ការអំពៅនេះ មិនអាចធ្វើការបែងចែកជូនប្រជាពលរដ្ឋបានទេ ហើយអ្នកទៅបោះតង់ ទន្ទ្រានកាន់កាប់ដីនេះ គឺជាទង្វើខុសច្បាប់៕

អត្ថបទទាក់ទង