សម្តេច ហ៊ុន សែន មានអ្នក Like ជាង១០លាននាក់ហើយលើបណ្តាញសង្គម Facebook
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា Facebook ផ្លូវការរបស់សម្ដេចមានអ្នកគាំទ្រចូលចិត្ត (Like) ជាង១០លាននាក់ហើយ គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ។ នេះបើតាមការបង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់សម្ដេច។
សូមបញ្ជាក់ថា ទំព័រ Facebook ផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន មានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister»។
ក្នុងសារដែលបង្ហោះនៅលើទំព័រ Facebook ខាងលើនោះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលនេះ គេហទំព័រ Facebook ផ្លូវការរបស់ខ្ញុំមានចំនួនអ្នកគាំទ្រចូលចិត្ត និងតាមដាន ១០លាននាក់ហើយ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ»។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា «តាមរយៈ Facebook ខ្ញុំមានការទំនាក់ទំនងកាន់តែជិតស្និទ្ធ និងកក់ក្ដៅបំផុតជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ន និងកូនក្មួយយុវជន ព្រមទាំងកូនក្មួយកម្មករ-កម្មការិនីទូទាំងប្រទេស។ ទន្ទឹមនឹងនេះតាមរយៈ Facebook គឺខ្ញុំបានដឹងពីសុខទុក្ខបងប្អូនជនរួមជាតិ និងបានទទួលនូវសំណូមពរផ្សេងៗពីបងប្អូន ហើយក៏បានដោះស្រាយនូវបញ្ហាមួយចំនួនធំជូនបងប្អូនប្រជាពលរដ្ឋ និងក្មួយៗរាល់ពេលកន្លងមក ប្រកបដោយជោគជ័យទៀតផង»។
ប្រមុខរាជរដ្ឋាភិបាល ក៏បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋ ជាពិសេសក្រុមយុវជនចូរប្រើប្រាស់ Facebook ឲ្យមានប្រយោជន៍ដល់ខ្លួនឯងផង និងដល់សង្គមជាតិផងជាមួយនឹងការទទួលខុសត្រូវខ្ពស់។
សម្ដេចតេជោក៏បានអរគុណជនរួមជាតិទាំងក្នុង និងក្រៅប្រទេស រួមទាំងមិត្តភក្តិបរទេសទាំងអស់ ដែលបានស្រឡាញ់រាប់អានរូបសម្ដេច ព្រមទាំងបានគាំទ្រ Facebook របស់សម្ដេច រហូតបានកើនឡើងជាង១០លាន នៅថ្ងៃអាទិត្យនេះ។
ទន្ទឹមនឹងនោះ សម្ដេចក៏បានជូនពរជនរួមជាតិ និងអ្នកគាំទ្រទាំងអស់ឲ្យសមប្រកបតែសេចក្ដីសុខ និងមានសំណាងល្អគ្រប់ៗគ្នាផងដែរ៕